អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រគល់សារតាំងជូនរាជរដ្ធាភិបាលកម្ពុជា
21 January 2026
| ភ្នំពេញ, ២១ មករា ២០២៦ - បន្ទាប់ពីទទួលបានការតែងតាំងជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាដោយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា បានជួបសម្តែងការគួរសម និងប្រគល់សារតាំងជូនឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីចាប់ផ្តើមភារកិច្ចជាផ្លូវការនៃអាណត្តិរបស់លោកស្រីនៅព្រះរាជាណាចក្រកម្ពុជា។ |
|
ក្នុងជំនួបនេះ លោកស្រី អាន់ឌ្រេវ៉ា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាចំពោះកិច្ចសហប្រតិបត្តិការយូរអង្វែងជាមួយអង្គការសហប្រជាជាតិ។ លោកស្រីបានបង្ហាញនូវការប្តេជ្ញាចិត្តរបស់អង្គការសហប្រជាជាតិក្នុងការគាំទ្រអាទិភាពជាតិ និងជួយពន្លឿនគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពតាមរយៈការលើកកម្ពស់ភាពជាដៃគូអភិវឌ្ឍន៍។
តាមរយៈក្របខ័ណ្ឌកិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃអង្គការសហប្រជាជាតិសម្រាប់កម្ពុជា (ឆ្នាំ២០២៤-២០២៨) លោកស្រី អាន់ឌ្រេវ៉ា បានលើកឡើងពីអាទិភាពយុទ្ធសាស្ត្រ ដែលរួមមានការអភិវឌ្ឍមូលធនមនុស្ស ការគាំពារសង្គមជាសកល ភាពធន់នឹងអាកាសធាតុ និងបរិវត្តកម្មឌីជីថល។ សសរស្តម្ភទាំងនេះត្រូវបានកំណត់ឡើងដើម្បីជំរុញការអភិវឌ្ឍប្រទេសកម្ពុជា និងជាផែនទីបង្ហាញផ្លូវគាំទ្រដល់កម្ពុជាសម្រាប់ការចាកចេញពីក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួច។
លោកស្រីបានលើកឡើងថា អង្គការសហប្រជាជាតិបានពង្រឹងតួនាទីជាដៃគូយុទ្ធសាស្ត្រសម្រាប់កម្ពុជា ដោយអនុលោមតាមការកែទម្រង់ជាសកលក្នុងការផ្តល់យោបល់ផ្នែកគោលនយោបាយកម្រិតខ្ពស់ និងនវានុវត្តន៍ដែលសមស្របតាមបរិបទជាក់លាក់ដើម្បីគាំទ្រដល់ចក្ចុវិស័យនិងមហិច្ឆតានៃការអភិវឌ្ឍរបស់ប្រទេសនីមួយៗ។
ដោយគូសបញ្ជាក់ពីតួនាទីរបស់អង្គការសហប្រជាជាតិ លោកស្រី អាន់ឌ្រេវ៉ា បានលើកឡើងថា៖
ទាក់ទងនឹងការដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន លោកស្រី អាន់ឌ្រេវ៉ា ក៏បានពិភាក្សាអំពីការគាំទ្រផ្នែកមនុស្សធម៌ និងការស្តារឡើងវិញរបស់អង្គការសហប្រជាជាតិដល់គ្រួសារដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែននាពេលថ្មីៗនេះ។ លោកស្រីបានសង្កត់ធ្ងន់ថា សន្តិភាព និងស្ថេរភាពនៅតែជាមូលដ្ឋានគ្រឹះដែលមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
អង្គការសហប្រជាជាតិនៅតែជាដៃគូរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដោយបន្តធ្វើការរួមគ្នាដើម្បីកសាងនូវអនាគតប្រកបដោយបរិយាបន្ន ភាពធន់ និងចីរភាពសម្រាប់ទាំងអស់គ្នា។
អំពីលោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា៖
លោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា មានបទពិសោធន៍ជាអ្នកដឹកនាំជាង២៥ឆ្នាំក្នុងការអភិវឌ្ឍអន្តរជាតិ ការសម្របសម្រួលមនុស្សធម៌ និងការតស៊ូមតិជាយុទ្ធសាស្ត្រ។ ថ្មីៗនេះ លោកស្រីបានជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំប្រទេសអាស៊ែបៃហ្សង់ (Azerbaijan) ដែលលោកស្រីបានដឹកនាំក្រុមការងារអង្គការសហប្រជាជាតិក្នុងបរិបទនៃការស្តារឡើងវិញក្រោយជម្លោះ និងបានផ្តល់ចក្ខុវិស័យជាយុទ្ធសាស្រ្តសម្រាប់ការចូលរួមរបស់អង្គការសហប្រជាជាតិនៅក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៩ (COP29) ដែលផ្តោតលើរបៀបវារៈការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងគិតគូរពីអាកាសធាតុ។
លោកស្រី អាន់ឌ្រេវ៉ា មានបទពិសោធន៍នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក។ លោកស្រីធ្លាប់ជានាយិកាកម្មវិធីសហប្រជាជាតិរួមគ្នាស្តីពីមេរោគអេដស៍/ជំងឺអេដស៍ (UNAIDS) ប្រចាំនៅកម្ពុជា និងធ្លាប់បំពេញតួនាទីជាន់ខ្ពស់ នៅការិយាល័យអង្គការ UNAIDS ប្រចាំតំបន់ អាស៊ីនិងប៉ាស៊ីហ្វិក និង នៅការិយាល័យ UNAIDS វៀតណាមផងដែរ។
លោកស្រីក៏មានបទពិសោធន៍ បម្រើការងារជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ជាទីប្រឹក្សាគោលនយោបាយសម្រាប់ទ្វីបអឺរ៉ុប និង CIS ព្រមទាំងតួនាទីដឹកនាំនៅអង្គការសុខភាពពិភពលោក (WHO) ការិយាល័យអង្គការសហប្រជាជាតិសម្រាប់សម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) និងអង្គការគ្រូពេទ្យគ្មានព្រំដែន។ |
លោកស្រី អាន់ឌ្រេវ៉ា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសុខភាពសាធារណៈ និងបរិញ្ញាបត្រវិទ្យាសាស្រ្តទន្តសាស្ត្រ។