សេចក្តី​ប្រកាស​ព័ត៌មាន

រាជរដ្ឋាភិបាលកម្ពុជា អង្គការសហប្រជាជាតិ និងប្រទេសស្វ៊ីស បង្កើនការខិតខំដើម្បីពង្រីកឱកាសការងារសមរម្យសម្រាប់យុវជន

19 May 2026

សេចក្តីប្រកាសព័ត៌មានរួម

បាត់ដំបង ប្រទេសកម្ពុជា ថ្ងៃទី១៩ ខែឧសភា៖ រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយអង្គការសហប្រជាជាតិ      ទីភ្នាក់ងារស្វ៊ីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC) វិស័យឯកជន និងតំណាងយុវជន បានធ្វើទស្សនកិច្ចរួមកម្រិតខ្ពស់មួយទៅកាន់ខេត្តបាត់ដំបង នៅថ្ងៃទី១៨-១៩ ខែឧសភា ឆ្នាំ២០២៦ដើម្បីតាមដានត្រួតពិនិត្យវឌ្ឍនភាព និងពង្រឹងកិច្ចសហការ នៅក្រោមកម្មវិធីការងារសមរម្យសម្រាប់យុវជនក្នុងប្រទេសកម្ពុជា ដំណាក់កាលទី 3 (DEY III)

ដំណើរទស្សនកិច្ចនេះត្រូវបានដឹកនាំរួមគ្នាដោយ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង លោកស្រី វ៉្លាដានកា អាន់ដ្រេវ៉ា អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា រួមជាមួយនឹងសមាជិកគណៈក្រុមប្រឹក្សាភិបាល និងអង្គភាពអនុវត្តនានាមួយចំនួនទៀត។

បេសកកម្មនេះបង្ហាញអំពីកិច្ចខិតខំរួមបន្ត ដើម្បីបង្កើនជំនាញកម្លាំងពលកម្មគាំទ្រដល់សហគ្រាសខ្នាតតូច និងមធ្យម (SMEs) និងបង្កើនប្រសិទ្ធភាពការផ្លាស់ប្តូរទីផ្សារការងារ ដែលជាគន្លងសំខាន់ក្នុងយុទ្ធសាស្ត្ររបស់  កម្ពុជា ដើម្បីធានាឲ្យបានការងារសមរម្យ និងប្រកបដោយបរិយាប័នសម្រាប់យុវជន។

នៅវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង គណៈប្រតិភូបានសង្កេតមើលការធ្វើតេស្តវាយតម្លៃការទទួលស្គាល់ជំនាញពីមុន អនុញ្ញាតឱ្យកពលករចំណាកស្រុកត្រឡប់មកវិញទទួលស្គាល់ជំនាញដែលពួកគេទទួលបានពីការងារនៅក្រៅប្រទេស។ គណៈប្រតិភូក៏បានទៅមណ្ឌលរៀនថ្នាក់ BEEP ដែលគាំទ្រដល់សិស្សដែលបោះបង់ការសិក្សានៅថ្នាក់បឋមសិក្សាតាមរយៈផ្លូវសិក្សាបត់បែន ដើម្បីជួយពួកគេបន្តទៅការអប់រំនិងបណ្ដុះបណ្ដាលជំនាញបន្ថែម។

នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង គណៈប្រតិភូបានពិភាក្សាជាមួយអាជ្ញាធរមូលដ្ឋាន អ្នកបណ្ដុះបណ្ដាល និងនិស្សិតក្មេងៗនៅក្រោមកម្មវិធីTVET 1.5លាន ដោយផ្តោតលើការពង្រីកការចូលរួមកម្មវិធីនេះសម្រាប់យុវជនមកពីស្ថានភាពងាយរងគ្រោះ រួមមានយុវជនមានពិការភាពផងដែរ។

ទស្សនកិច្ចទៅកាន់សហគ្រាសតាកាឌា និងសហគ្រាសមួយចំនួនទៀត បានបង្ហាញថា សហគ្រាសខ្នាតតូចនិងមធ្យម ដើរតួនាទីសំខាន់ក្នុងការបង្កើត និង/ឬបង្កើនការងារសមរម្យ និង ផលិតភាព ជាពិសេសសម្រាប់      យុវជន និងជួយកសាងសេដ្ឋកិច្ចក្នុងស្រុកឲ្យមានភាពរឹងមាំ ប្រសិនបើពួកគេទទួលបានការគាំទ្របច្ចេកទេស និងការសហការត្រឹមត្រូវក្នុងការបង្កើនផលិតភាព សមត្ថភាពប្រកួតប្រជែង និងការអនុលោមតាមស្តង់ដារត្រឹមត្រូវ។

ដំណើរទស្សនកិច្ចនេះ ក៏បានផ្តោតលើការលើកកម្ពស់ការចូលរួមប្រកបដោយបរិយាប័ន្ន ជាពិសេសសម្រាប់ស្ត្រី យុវជនមានពិការភាព និងក្រុមងាយរងគ្រោះផ្សេងៗទៀត ស្របទៅតាមការប្តេជ្ញាចិត្តរបស់កម្មវិធី គឺគោលការណ៍ «មិនទុកនរណាម្នាក់ចោល»

ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានមានប្រសាសន៍ថា៖ «ដំណើរទស្សនកិច្ចនេះបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកការអភិវឌ្ឍជំនាញ និងឱកាសការងារសម្រាប់យុវជន   កម្ពុជា។ គំនិតផ្តួចផ្តើមដូចជាកម្មវិធី RPL, BEEP និងTVET 1.5លាន មានសារៈសំខាន់ក្នុងការធានាថា ពលករ     ចំណាកស្រុកដែលបានត្រឡប់មកវិញ និងក្រុមដែលមានភាពខ្វះខាត អាចទទួលបានការទទួលស្គាល់ជំនាញយ៉ាងផ្លូវការ ការចូលទៅកាន់ការអប់រំ និងបណ្ដុះបណ្ដាលផ្លូវការ និងអាចផ្លាស់ប្តូរទៅរកការងារល្អប្រសើរឡើង។ ជាមួយគ្នានេះ ការគាំទ្ររបស់យើងចំពោះសហគ្រាសធុនតូចនិងមធ្យម មានសារៈសំខាន់ក្នុងការបង្កើតការងារដែលមានគុណភាព បង្កើនផលិតភាព និងពង្រឹងការអនុលោមតាមស្តង់ដារការងារ។ ការពង្រឹងការសម្របសម្រួលរវាងរាជ    រដ្ឋាភិបាល ដៃគូអភិវឌ្ឍ និងវិស័យឯកជន នៅតែជាចំណុចសំខាន់ក្នុងការសម្រេចបានលទ្ធផលទីផ្សារការងារដែលមាននិរន្តរភាព និងប្រកបដោយបរិយាប័ន្ន»

លោកស្រី វ៉្លាដានកា អាន់ដ្រេវ៉ា បានបន្ថែមថា៖ «អង្គការសហប្រជាជាតិ មានមោទនភាពក្នុងការគាំទ្រកម្ពុជា ជំរុញល្បើនគន្លងប្រកបដោយបរិយាប័ន្នឆ្ពោះទៅការងារសមរម្យ។ អ្វីដែលយើងបានឃើញនៅខេត្តបាត់ដំបង បង្ហាញពីថាមពលនៃដំណោះស្រាយចម្រុះ ​គឺការតភ្ជាប់ការអភិវឌ្ឍជំនាញ សេវាកម្មការងារ និងការគាំទ្រ    សហគ្រាស​ ដើម្បីផ្តល់លទ្ធផលជាក់ស្តែងដល់យុវជន រួមទាំងអ្នកដែលត្រូវបានគេទុកចោលជាញឹកញាប់»

លើសពីនេះ លោក Christian Disler អនុប្រធានការិយាល័យ SDC ប្រចាំនៅកម្ពុជា បានកត់សំគាល់ថា៖ «ការវិនិយោគលើជំនាញ មានន័យថាជាការវិនិយោគទៅលើអនាគតរបស់កម្ពុជា។ កិច្ចសហការដ៏រឹងមាំបង្កើត      កាលានុវត្តភាពជាក់ស្តែង សម្រាប់យុវជន និងរួចចំណែកពង្រឹងសេដ្ឋកិច្ចក្នុងស្រុក។ ប្រទេសស្វ៊ីស បានប្តេជ្ញាគាំទ្រកម្ពុជាក្នុងការកសាងកម្លាំងពលកម្មដែលមានជំនាញ និងសមត្ថភាពប្រកួតប្រជែង។ តាមរយៈកម្មវិធី DEY III យើងឃើញមានវឌ្ឍនភាពដ៏មានអត្ថន័យក្នុងការពង្រឹងប្រព័ន្ធអភិវឌ្ឍន៍ជំនាញនិងការងារ ដែលបង្កើនឱកាសការងារមាននិរន្តរភាពសម្រាប់យុវជនកម្ពុជា។ »

សម្រាប់ការការមើលឆ្ពោះទៅពេលអនាគត គណៈក្រុមប្រឹក្សាភិបាល និងដៃគូ បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្ត ក្នុងការពង្រីកការបណ្តុះបណ្តាលជំនាញ ការអភិវឌ្ឍសហគ្រាធុនតូចនិងមធ្យម ការពង្រឹងការតភ្ជាប់       ទីផ្សារការងារ និងការបង្កើតឱកាសការងារសមរម្យបន្ថែមសម្រាប់យុវជនកម្ពុជា ក្រោមកម្មវិធី DEY III និងក្រោយកម្មវិធីនេះតទៅទៀត។

 

អំពី DEY III

កម្មវិធីការងារសមរម្យសម្រាប់យុវជនក្នុងប្រទេសកម្ពុជា ដំណាក់កាលទី III (DEY III) ជាគំនិតផ្តួចផ្តើមរួមរវាងរាជរដ្ឋាភិបាលកម្ពុជា អង្គការសហប្រជាជាតិ និង SDC ដែលទទួលបានការផ្តល់មូលនិធិពីរដ្ឋាភិបាលស្វ៊ីស។     កម្មវិធីនេះមានគោលបំណងគាំទ្រយុវជនជាង 30,000 នាក់ ជាពិសេសអ្នកមកពីក្រុមងាយរងគ្រោះ ឱ្យមានឱកាសអភិវឌ្ឍជំនាញ ការងារ និងសហគ្រិនភាព ខណៈពេលដែលពង្រឹងគោលនយោបាយនិងប្រព័ន្ធ ដែលជួយលើកកម្ពស់ការងារសមរម្យ។

Sreysros Keo_Photo Profile

Sreysros Keo

RCO
មន្រ្តីទំនាក់ទំនង និងស្វែងរកការគាំទ្រ

អង្គភាពរបស់អង្គការសហប្រជាជាតិដែលចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ

ILO
អង្គការអន្តរជាតិសខាងការងារ
UNESCO
អង្គការអប់រំ វិទ្យាសាស្រ្ត និង វប្បធម៌ នៃសហប្រជាជាតិ
អង្គការយូនីសេហ្វ
មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ
UNIDO
អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម

គោលដៅប្រកបដោយចីរភាពដែលគាំទ្រតាមរយៈគំនិតផ្តួចផ្តើមនេះ