ទីភ្នាក់ងារអង្គការសហប្រជាជាតិនៅប្រទេសកម្ពុជា

FAO
អង្គការស្បៀងអាហារ និងកសិកម្ម គឺជាទីភ្នាក់ងារឯកទេសរបស់អង្គការសហប្រជាជាតិ ដែលដឹកនាំកិច្ចការងារអន្តរជាតិ កម្ចាត់ភាពអត់ឃ្លាន សម្រេចឲ្យបាននូវសន្តិសុខស្បៀងសម្រាប់ប្រជាជនគ្រប់រូប និងធានាថាប្រជាជនមានលទ្ធភាពទទួលបានស្បៀងអាហារមានគុណភាពគ្រប់គ្រាន់ និងជាប្រចាំ ដើម្បីមានភាពសកម្ម និងសុខុមាលភាពក្នុងជីវិតរស់នៅ។
IAEA
ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) គឺជាវេទិកាអន្តររដ្ឋាភិបាលកណ្តាលរបស់ពិភពលោកសម្រាប់កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកទេសក្នុងវិស័យនុយក្លេអ៊ែរ។
IFAD
មូនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍វិស័យកសិកម្ម (IFAD) បានធ្វើការងារដោយផ្តោតទៅលើប្រជាជននៅតាមជនបទអស់រយៈពេល ៤០ ឆ្នាំមកហើយ ធ្វើយ៉ាងណាដើម្បីផ្តល់សិទ្ធិអំណាចដល់ពួកគេក្នុងការកាត់បន្ថយភាពក្រីក្រ បង្កើនសន្តិសុខស្បៀង ធ្វើឱ្យប្រសើរឡើងនូវអាហារូបត្ថម្ភ និងពង្រឹងភាពធន់។
ILO
អង្គការអន្តរជាតិខាងការងារ (ILO) ប្តេជ្ញាក្នុងការលើកកម្ពស់យុត្តិធម៌សង្គម និងសិទ្ធិមនុស្ស និងសិទ្ធិការងារដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ដោយបន្តបេសកកម្មបង្កើតរបស់ខ្លួនថា យុត្តិធម៌សង្គមមានសារៈសំខាន់ចំពោះសន្តិភាពសកល និងយូរអង្វែង។
IOM
IMF ធ្វើការដើម្បីសម្រេចបាននូវវឌ្ឍភាពប្រកបដោយនិរន្តរភាព និងវិបុលភាពសម្រាប់ប្រទេសសមាជិកទាំង ១៩០ របស់ខ្លួន។ IMF គាំទ្រគោលនយោបាយសេដ្ឋកិច្ចដែលលើកកម្ពស់ស្ថិរភាពហិរញ្ញវត្ថុ និងកិច្ចសហប្រតិបត្តិការរូបិយវត្ថុ ដែលមានសារៈសំខាន់ក្នុងការបង្កើនផលិតភាព ការបង្កើតការងារ និងសុខុមាលភាពសេដ្ឋកិច្ច។
ITC
បេសកកម្មរបស់ ITC គឺដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចដែលមានបរិយាប័ន្ន និងមាននិរន្តរភាព និងរួមចំណែកក្នុងការសម្រេចបាននូវគោលដៅសកលរបស់អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ITC ធ្វើការឆ្ពោះទៅរកការបង្កើត 'ផលប៉ះពាល់វិជ្ជមានលើពាណិជ្ជកម្ម' ។
UN-OHCHR
បេសកកម្មរបស់ OHCHR គឺធ្វើការដើម្បីការពារសិទ្ធិមនុស្សសម្រាប់ប្រជាជនទាំងអស់។ ដើម្បីផ្តល់អំណាចដល់ប្រជាជនឱ្យដឹងពីសិទ្ធិរបស់ពួកគេ និងជួយអ្នកដែលទទួលខុសត្រូវក្នុងការរក្សាសិទ្ធិបែបនេះក្នុងការធានាថាសិទ្ធិត្រូវបានអនុវត្ត។
UNEP
កម្មវិធីបរិស្ថានសហប្រជាជាតិ គឺជាអាជ្ញាធរបរិស្ថានឈានមុខគេលើពិភពលោក ដែលកំណត់របៀបវារៈបរិស្ថានពិភពលោក ជំរុញការអនុវត្តយ៉ាងស៊ីសង្វាក់គ្នានូវវិមាត្របរិស្ថាននៃការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងប្រព័ន្ធនៃអង្គការសហប្រជាជាតិ។
UN-Habitat
UN-Habitat គឺជាកម្មវិធីរបស់អង្គការសហប្រជាជាតិ ដែលធ្វើការឆ្ពោះទៅរកអនាគតទីក្រុងកាន់តែប្រសើរ។ បេសកកម្មរបស់UN-Habitat គឺ ដើម្បីលើកកម្ពស់ការអភិវឌ្ឍ នៃការតាំងទីលំនៅរបស់មនុស្សប្រកបដោយនិរន្តរភាពសង្គម និងបរិស្ថាន និងការសម្រេចបាននូវការមានទីជំរកគ្រប់គ្រាន់សម្រាប់ទាំងអស់គ្នា។
UN Women
UN Women គឺជាអង្គភាពរបស់អង្គការសហប្រជាជាតិ ដែលប្តេជ្ញាចំពោះបុព្វហេតុសមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី។ ក្នុងនាមជាអ្នកលើកកម្ពស់ស្ត្រី និងក្មេងស្រីក្នុងក្របខណ្ឌសាកលលោក អង្គការ UN Women ត្រូវបានបង្កើតឡើងដើម្បីពន្លឿនវឌ្ឍនភាពលើការបំពេញតម្រូវការរបស់ពួកគេនៅទូទាំងពិភពលោក។
UNAIDS
UNAIDS កំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីបញ្ចប់ជំងឺអេដស៍ដែលជាការគំរាមកំហែងសុខភាពសាធារណៈ នៅត្រឹមឆ្នាំ ២០៣០ ដែលជាផ្នែកមួយនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
UNODC
មូលនិធិអភិវឌ្ឍន៍មូលធនរបស់អង្គការសហប្រជាជាតិ បង្កើតឲ្យមានការងារហិរញ្ញវត្ថុសាធារណៈ និងឯកជន សម្រាប់ជនក្រីក្រនៅក្នុងប្រទេសអភិវឌ្ឍន៍តិចបំផុតចំនួន ៤៧ នៅលើពិភពលោក (LDCs) ។
UNCTAD
UNCTAD គឺជាស្ថាប័នរបស់អង្គការសហប្រជាជាតិ ដែលទទួលខុសត្រូវក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយផ្តោតលើពាណិជ្ជកម្ម ហិរញ្ញវត្ថុ ការវិនិយោគ និងបច្ចេកវិទ្យា។ UNCTAD ​ជួយប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការចូលរួម ប្រកបដោយសមធម៌ក្នុងសេដ្ឋកិច្ចពិភពលោក។
យូអិនឌីភី
UNDP ធ្វើការនៅក្នុងប្រទេស និងដែនដីចំនួន ១៧០ ដើម្បីលុបបំបាត់ភាពក្រីក្រ និងកាត់បន្ថយវិសមភាព។ យើងជួយប្រទេសនានាក្នុងការអភិវឌ្ឍគោលនយោបាយ ជំនាញភាពជាអ្នកដឹកនាំ សមត្ថភាពដៃគូ សមត្ថភាពស្ថាប័ន និងដើម្បីកសាងភាពធន់ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
UNESCO
បេសកកម្មរបស់អង្គការយូណេស្កូ (UNESCO) គឺរួមចំណែកដល់ការកសាងសន្តិភាព ការលុបបំបាត់ភាពក្រីក្រ ការអភិវឌ្ឍប្រកបដោយចីរភាព និងការសន្ទនាអន្តរវប្បធម៌ តាមរយៈការអប់រំ វិទ្យាសាស្ត្រ វប្បធម៌ ទំនាក់ទំនង និងព័ត៌មាន។
UNFPA
មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) គឺជាទីភ្នាក់ងារសុខភាពផ្លូវភេទ និងបន្តពូជរបស់អង្គការសហប្រជាជាតិ។ បេសកកម្មរបស់យើងគឺដើម្បីកសាងពិភពលោកមួយដែលស្រ្តីគ្រប់រូបមានផ្ទៃពោះតាមបំណងប្រាថ្នា ការសម្រាលកូនមានសុវត្ថិភាពសម្រាប់ម្តាយគ្រប់រូប ហើយយុវជនគ្រប់រូបសម្រេចនូវសក្តានុពលរបស់ខ្លួន។
UNHCR
ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ដែលជាទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ គឺជាអង្គការពិភពលោកមួយដែលប្តេជ្ញាក្នុងការជួយសង្គ្រោះជីវិត ការពារសិទ្ធិ និងកសាងអនាគតល្អប្រសើរសម្រាប់ជនភៀសខ្លួន សហគមន៍ដែលត្រូវបានផ្លាស់ទីលំនៅដោយបង្ខំ និងប្រជាជនដែលគ្មានរដ្ឋ។
អង្គការយូនីសេហ្វ
អង្គការយូនីសេហ្វ (UNICEF) ធ្វើការនៅក្នុងបណ្តាប្រទេស និងដែនដីជាង ១៩០ ដើម្បីជួយសង្គ្រោះជីវិតកុមារ ការពារសិទ្ធិរបស់ពួកគេ និងជួយពួកគេក្នុងការបំពេញសក្តានុពលរបស់ខ្លួន តាំងពីកុមារភាពរហូតដល់វ័យជំទង់។ ហើយយើងមិនដែលបោះបង់ឡើយ។
UNIDO
អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) គឺជាទីភ្នាក់ងារឯកទេសរបស់អង្គការសហប្រជាជាតិ ដែលជំរុញការអភិវឌ្ឍឧស្សាហកម្មសម្រាប់ការកាត់បន្ថយភាពក្រីក្រ សាកលភាវូបនីយកម្មប្រកបដោយបរិយាបន្ន និងនិរន្តរភាពបរិស្ថាន។
UNODC
ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) គឺជាអ្នកឈានមុខក្នុងសាកលលោកក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ និងឧក្រិដ្ឋកម្មអន្តរជាតិ។ UNODC ធ្វើប្រតិបត្តិការនៅគ្រប់តំបន់នៃពិភពលោក តាមរយៈបណ្តាញការិយាល័យវាលដ៏ធំទូលាយ។
UN Volunteers
UNV ធ្វើការក្រោមអាណត្តិពីរ - កៀរគរអ្នកស្ម័គ្រចិត្តឱ្យបម្រើការក្នុងបណ្តាទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ទាំងក្នុងកម្មវិធីអភិវឌ្ឍន៍ និងប្រតិបត្តិការរក្សាសន្តិភាព។
WFP
កម្មវិធីស្បៀងអាហារពិភពលោកសហប្រជាជាតិ គឺជាអ្នកទទួលពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២០ និងជាអង្គការមនុស្សធម៌ធំបំផុតរបស់ពិភពលោក។ តាមរយៈស្បៀងអាហារ យើងជួយសង្គ្រោះជីវិត និងកសាងមាគ៌ាឆ្ពោះទៅកាន់សន្តិភាព ស្ថិរភាព និងវិបុលភាពសម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយសារជម្លោះ គ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ។
WHO
អង្គការសុខភាពពិភពលោក ដឹកនាំកិច្ចការងារជាសាកលក្នុងផ្នែកសុខភាពសាធារណៈ សម្របសម្រួលការឆ្លើយតបភាពអាសន្នផ្នែកសុខាភិបាល គាំទ្រផ្នែកបច្ចេកទេសដើម្បីពង្រីកវិសាលភាពនៃការថែទាំសុខភាពជាសាកល បម្រើជាប្រយោជន៍ដល់ជនងាយរងគ្រោះ ដើម្បីឱ្យមនុស្សគ្រប់រូប នៅគ្រប់ទីកន្លែងអាចទទួលបានឱកាសស្មើគ្នាក្នុងការរស់នៅប្រកបដោយសុខុមាលភាព។