ការិយាល័យអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ

អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ(RC) គឺជាអ្នកដឹកនាំគ្រួសារអង្គការសហប្រជាជាតិនៅក្នុងប្រទេស និងដើរតួនាទីសំខាន់ក្នុងការធ្វើឱ្យមានការសម្របសម្រួលសកម្មភាពប្រតិបត្តិការរបស់អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍនៅកម្រិតប្រទេសក្នុងការគាំទ្រដល់អាទិភាពជាតិ និងការកសាងសមត្ថភាព។ ក្នុងនាមជាតំណាងដែលត្រូវបានចាត់តាំងរបស់ – និងរាយការណ៍ទៅ – អគ្គលេខាធិការ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ (RC) ធានានូវការតស៊ូមតិប្រកបដោយប្រសិទ្ធភាពចំពោះគុណតម្លៃស្នូល ស្តង់ដារ គោលការណ៍ និងសកម្មភាពនានារបស់ប្រព័ន្ធអង្គការសហប្រជាជាតិ។

អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា

លោក ចូ សូយ័រ ត្រូវបានតែងតាំងជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។ គាត់ចាប់ផ្តើមតួនាទីនេះចាប់តាំងពីថ្ងៃទី១ ខែតុលាឆ្នាំ២០២២។

លោក សូយ័រ មានបទពិសោធន៍ការងារជាង២៥ឆ្នាំក្នុងវិស័យអភិវឌ្ឍន៍អន្តរជាតិ។ លោកបានបម្រើការក្នុងប្រទេសមួយចំនួនដែមានបរិបទស្មុគស្មាញ និងមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការជួយគាំទ្រប្រទេសនានាដើម្បីឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

មុនពេលដែលលោកត្រូវបានតែងតាំងជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ លោក ចូ សូយ័រ បានបម្រើការជាអ្នកតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំប្រទេសម៉ាលី។ លោកបានដឹកនាំការចាប់ផ្តើម កម្មវិធីថ្មីថ្នាក់ប្រទេសក្នុងភាពជាដៃគូជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិផ្សេងៗទៀត ក្នុងការគាំទ្រនីតិរដ្ឋ កំណែទម្រង់ស្ថាប័ន និងការបោះឆ្នោត ស្ថេរភាព សន្តិសុខអាកាសធាតុ និងដំណោះស្រាយយូរអង្វែង។

លោក សូយ័រ បានកាន់តំណែងជាន់ខ្ពស់ជាច្រើនជាមួយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ជានាយកសម្រាប់ផ្នែកការប្រែប្រួលអាកាសធាតុ (២០១៥-២០១៩) និងអ្នកសម្របសម្រួលសកលសម្រាប់ការកាត់បន្ថយហានិភ័យពីគ្រោះមហន្តរាយ (២០១២-២០១៤) នៅទីស្នាក់ការកណ្តាលនៅទីក្រុងញូវយ៉ក។ គាត់បានបម្រើការជានាយកប្រចាំប្រទេសនៅកម្ពុជា (២០០៧-២០១០) នាយករងប្រចាំប្រទេសនៅប្រទេសឥណ្ឌា (២០០៤-២០០៧) និងជាអ្នកសម្របសម្រួលគោលនយោបាយ និងកម្មវិធីប្រចាំតំបន់សម្រាប់អាស៊ីខាងត្បូង ដែលមានមូលដ្ឋាននៅប្រទេសនេប៉ាល់ (២០០១-២០០៤)។ នៅដើមអាជីពរបស់គាត់ គាត់បានបម្រើការនៅទីស្នាក់ការកណ្តាល ប៉ាពួញូហ្គីណេ និងនីហ្សេរីយ៉ា (១៩៩៤-២០០១)។

មុនពេលចូលរួមជាមួយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ លោក សូយ័រ បានធ្វើការនៅប្រទេស Luxembourg សម្រាប់ក្រុមហ៊ុនប្រឹក្សាយោបល់លើបញ្ហាបរិស្ថាន។

លោក សូយ័រ ទទួលបានសញ្ញាបត្រផ្នែកភូមិសាស្ត្ររូបវិទ្យាពីសាកលវិទ្យាល័យ Trier ក្នុងប្រទេសអាល្លឺម៉ង់ ជាមួយនឹងជំនាញផ្នែកវិទ្យាសាស្ត្រអាកាសធាតុពី វិទ្យាស្ថានពហុបច្ចេកទេសសហព័ន្ធនៅទីក្រុង Zürich ប្រទេសស្វីស។

Jo Scheuer - new profile pic

Jo Scheuer

អ្នកសម្របសម្រួលប្រចាំប្រទេស