សូមកោតសរសើរចំពោះកិច្ចសហការដ៏យូរអង្វែងរបស់ អ.វ.ត.ក.
គិតត្រឹមថ្ងៃនេះ មានរយៈពេលជាង ២៦ ឆ្នាំហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់សំណើជាផ្លូវការទៅកាន់អង្គការសហប្រជាជាតិ ឱ្យជួយបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ដែលគេស្គាល់ថាជា តុលាការកូនកាត់ ដើម្បីកាត់សេចក្តីឧក្រិដ្ឋកម្មធ្ងន់ធ្ងរ និងការរំលោភសិទ្ធិមនុស្សក្នុងរបបខ្មែរក្រហម (១៧ មេសា ១៩៧៥ ដល់ ៦ មករា ១៩៧៩)។ រយៈពេល ១៧ ឆ្នាំ បានកន្លងទៅ ចាប់តាំងពីចៅក្រម និងព្រះរាជអាជ្ញាជាតិ និងអន្តរជាតិដំបូង បានស្បថចូលកាន់តំណែង ហើយ រយៈពេល ១៣ ឆ្នាំ បានកន្លងទៅចាប់តាំងពីតុលការបានសម្រេចផ្តន្ទាទោស ជាលើកដំបូង។
ក្នុងអំឡុងពេលនោះ អង្គការសហប្រជាជាតិបានធ្វើការដើម្បីគាំទ្ររដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងការបង្កើត ប្រតិបត្តិការ និងការបន្តកិច្ចដំណើរការរបស់ អ.វ.ត.ក. ដោយទទួលស្គាល់តួនាទីដ៏សំខាន់ដែល អ.វ.ត.ក. មានកន្លងមក ក៏ដូចជា តទៅមុខទៀត ក្នុងការផ្សះផ្សាសោកនាដកម្មដែលកើតឡើងនៅកម្ពុជាក្នុងអតីតកាល។
ទោះជាយ៉ាងណា អ.វ.ត.ក. មិនមែនជាស្ថាប័នអង្គការសហប្រជាជាតិ ឬជាតុលាការរបស់អង្គការសហប្រជាជាតិនោះទេ។ វាគឺជា និងនៅតែជា ស្ថាប័ន និងសមិទ្ធិផលរបស់កម្ពុជា និងជាស្ថាប័នមួយដែលអង្គការសហប្រជាជាតិបានគាំទ្រដោយប្តេជ្ញាចិត្ត។ ការគាំទ្រ និងកិច្ចសហការនោះ គឺជាសក្ខីភាពបញ្ជាក់អំពីទំនាក់ទំនងដ៏រឹងមាំរវាងអង្គការសហប្រជាជាតិ និង ប្រជាជាតិកម្ពុជា ហើយក៏ជា ការគាំទ្រដែលកំពុងបន្តក្នុងការបើកមជ្ឈមណ្ឌលធនធាននេះ នៅថ្ងៃនេះ។
ការងារផ្សព្វផ្សាយជាសាធារណៈដែលមិនធ្លាប់មានពីមុនមក
គេមិនអាចយល់ដឹងអំពីការងាររបស់តុលាការ ដោយដឹងតែពីសំណុំរឿង និងការផ្តន្ទាទោស នោះទេ។ មុខងារសំខាន់របស់តុលាការនេះ បង្ហាញអត្ថន័យជ្រាលជ្រៅជាងនេះ គឺ ការចងចាំ និងការផ្សះផ្សាអតីតកាលដ៏លំបាកមួយ។ មុខងាររបស់ អ.វ.ត.ក. សម្រាប់ការអប់រំប្រវត្តិសាស្រ្តខ្មែរក្រហម មិនអាចវាយតម្លៃទាបបានទេ ព្រោះវាបម្រើផលប្រយោជន៍ការពារឧក្រិដ្ឋកម្មធ្ងន់ធ្ងរបែបនេះមិនឲ្យកើតឡើងម្តងទៀត ទាំងនៅក្នុងប្រទេសកម្ពុជា ឬកន្លែងផ្សេងទៀត។
មានមនុស្សប្រមាណជិត ២៥០.០០០ នាក់ បានចូលរួមសវនាការជំនុំជម្រះ និងសវនាការលើបណ្តឹងសាទុក្ខរបស់តុលាការ ខណៈដែលមនុស្សជាង ៤00.000 នាក់បានដឹងអំពីនឹងការងាររបស់ អ.វ.ត.ក. តាមរយៈសកម្មភាពផ្សព្វផ្សាយ។
វាមានសារៈសំខាន់ណាស់ដែលមេរៀនពីអតីតកាលមិនត្រូវបានបំភ្លេចចោល ហើយដែលមេរៀនទាំងនេះបង្កើតបានជាផ្នែកមួយនៃរឿងរ៉ាវរបស់កម្ពុជា ដោយបង្ហាញពីតួនាទីដ៏សំខាន់នៃសិទ្ធិមនុស្ស និងតម្លៃនៃការអត់អោន ភាពធន់ និងសន្តិភាព។
សមិទ្ធកម្មដែលសម្រេចបានស្របតាម គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព
ការងាររបស់ អ.វ.ត.ក. ក៏អាចចាត់ទុកថាជាភ័ស្តុតាងនៃការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ហើយការធ្វើដូច្នេះ គឺដើម្បី ធានាថាគ្មានប្រជាជនកម្ពុជាណាម្នាក់ត្រូវបានទុកចោលឡើយ។ ការកសាងទំនុកចិត្តលើស្ថាប័នសាធារណៈ ការពង្រឹងនីតិរដ្ឋ និងប្រព័ន្ធតុលាការ និងការលើកកម្ពស់សិទ្ធិអំណាចរបស់ប្រជាពលរដ្ឋតាមរយៈការចូលរួមនិងការចែករំលែកចំណេះដឹងនៅក្នុងដំណើរការយុត្តិធម៌ ទាំងអស់នេះសុទ្ធតែស្របតាមការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ទាំងនេះបគឺជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី ១៦ ហើយបង្កើតជាមូលដ្ឋានគ្រឹះដែលគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាច្រើនផ្សេងទៀតអាចត្រូវបានបង្កើតឡើង។
ឆ្ពោះទៅមុខ
ទោះបីជាការងារក្នុងបន្ទប់សវនាការរបស់ អ.វ.ត.ក. បានបញ្ចប់ហើយក៏ដោយ ក៏តម្លៃនៃតុលាការនេះ និងកេរដំណែលរបស់វា រួមទាំងបណ្ណសារ និងធនធានដ៏ទូលំទូលាយ នឹងបន្តទៅមុខ ដោយផ្តល់អត្ថប្រយោជន៍មិនត្រឹមតែសម្រាប់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សជាតិទាំងមូល ផងដែរ។ វាមានសារៈសំខាន់ណាស់ដែលការងារសំខាន់ដែលតុលាការបានធ្វើ ហើយវិធីដែលខ្លួនបានធ្វើនោះ មិនត្រូវបានកប់ចោលក្នុងអតីតកាល។ ផ្ទុយទៅវិញ វាគួរតែនៅតែមានសារៈសំខាន់ និងរស់រវើក ដោយបញ្ចូលទៅក្នុងប្រព័ន្ធអប់រំនៅវិទ្យាល័យ សាកលវិទ្យាល័យ និងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្រាវជ្រាវ។
សម្រាប់អ្នកដែលប្រកបអាជីពផ្នែកច្បាប់ មិនថាជានិស្សិតច្បាប់ មេធាវី ចៅក្រម ព្រះរាជអាជ្ញា ឬអ្នកបង្កើតគោលនយោបាយនោះទេ ការងាររបស់ អ.វ.ត.ក. គឺជាចំណុចសំខាន់នៃយុត្តិសាស្រ្ត និងគោលនយោបាយសាធារណៈរបស់កម្ពុជា។ ភាពពាក់ព័ន្ធ និងឧត្តមនុវត្តគតិយុត្តិ នៃ អ.វ.ត.ក. នឹងជួយដល់អ្នកដែលធ្វើកំណែទម្រង់ និងកែលម្អប្រព័ន្ធយុត្តិធម៌កម្ពុជា ឱ្យមានវឌ្ឍនភាព។
ហើយ នេះជាការពិតដូចគ្នាដែរ សម្រាប់អ្នកដែលនៅក្រៅវិស័យច្បាប់។ មានមេរៀន និងប្រធានបទ ដែលនឹងផ្តល់ប្រយោជន៍សម្រាប់អ្នកប្រវត្តិសាស្រ្ត បុគ្គលិកសុខាភិបាល អ្នកនរវិទ្យា និងអ្នកស្រាវជ្រាវពីគ្រប់វិស័យទាំងផ្នែកសិក្សាជាន់ខ្ពស់ និងគោលនយោបាយ។ ការធ្វើឱ្យប្រាកដថា ការងារនេះទាំងមូល ទាំងនីតិវិធី និងទាំងបញ្ហាសារធាតុ មិនត្រូវបានបាត់បង់នោះ ហើយផ្ទុយទៅវិញត្រូវបានបើកចំហជាសាធារណៈឱ្យទូលាយតាមដែលអាចធ្វើទៅបាន សម្រាប់ប្រជាជនកម្ពុជា និងសហគមន៍អន្តរជាតិ នោះ នឹងធានាបានថា កេរ្តិ៍ដំណែលនៃភាពក្លាហានរបស់ជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ អាចទទួលបានការគោរព ហើយដំណើរការនៃការផ្សះផ្សាជាតិ អាចបន្តទៅមុខបាន។
កម្ពុជា មានឱកាសក្នុងការចែករំលែកបទពិសោធន៍ និងមេរៀនរបស់ខ្លួន ហើយដែលប្រទេសផ្សេងមិនអាចមានឱកាសនេះ
អ.វ.ត.ក. គឺជាតុលាការមួយក្នុងចំណោមតុលាការវិសាមញ្ញស្រដៀងគ្នាមួយចំនួនតូចប៉ុណ្ណោះ។ ឆន្ទៈនយោបាយដ៏ខ្ជាប់ខ្ជួនក្នុងការស្វែងរកយុត្តិធម៌ និងការផ្សះផ្សា ផ្តល់ជាមេរៀនដល់ប្រជាជាតិដទៃ។ កម្ពុជាកំពុងមានឱកាសពិសេសមួយក្នុងការចែករំលែកបទពិសោធន៍នេះ នៅក្នុងតំបន់អាស៊ាន និង ពិភពលោក។ កេរ្តិ៍ដំណែលរបស់ អ.វ.ត.ក. ដូចដែលមជ្ឈមណ្ឌលធនធានបានបង្ហាញនេះ បានប្រមូលចងក្រង និង ធ្វើកាតាឡុក គឺជាពន្លឺនៃក្តីសង្ឃឹម ដែលកើតចេញពីដំណាក់កាលដ៏ងងឹត និងដ៏គួរឱ្យភ័យខ្លាច។
មិនថាជាទ្វេភាគី ឬតាមរយៈអាស៊ាន គំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍ ឬតាមរយៈគណៈកម្មការកសាងសន្តិភាពរបស់អង្គការសហប្រជាជាតិ ខ្ញុំសូមលើកទឹកចិត្តឱ្យអ្នកថែរក្សាកេរ្តិ៍ដំណែលរបស់ អ.វ.ត.ក. បន្តធានាថា ការងារនេះ និងសារៈប្រយោជន៍របស់វា នឹងបានចែករំលែក។
“អង្គជំនុំជម្រះវិសាមញ្ញតុលាការកម្ពុជា បានទាមទារឱ្យមេដឹកនាំខ្មែរក្រហម ទទួលខុសត្រូវចំពោះអំពើព្រៃផ្សៃទាំងនេះ និងបានផ្តល់ជាសំឡេង ដល់ជនរងគ្រោះ និងអ្នកដែលនៅរស់ពីរបបនេះ។ សំឡេងរបស់ពួកគេមានសារៈសំខាន់ជាងពេលណាៗទាំងអស់ នៅចំពេល ការនិយាយដែលនាំឱ្យមានការស្អប់គ្នា ការរំលោភបំពាន ការរើសអើង និងការយាយី កំពុងកើតឡើងនៅគ្រប់តំបន់នៃពិភពលោក។ តាមរយៈការរៀនទទួលស្គាល់ពីសញ្ញាព្រមានដំបូងៗ នៃអំពើប្រល័យពូជសាសន៍ និងឧក្រិដកម្មឃោរឃៅដទៃទៀត និង តាមរយៈការទទួលស្គាល់ពីតម្លៃនៃបរិយាប័ន្ន និងសេចក្តីថ្លៃថ្នូរ យើងអាចកសាងមូលដ្ឋានគ្រឹះ សម្រាប់អនាគតមួយដែលភាពរន្ធត់បែបនេះ នឹងមិនអាចកើតឡើងម្តងទៀត”។ [ការដកស្រង់ប្រសាសន៍ លោកអគ្គលេខាធិការ ពេលគាត់ទៅទស្សកិច្ចនៅទួលស្លែងឆ្នាំ២០២២]