យុវជនរក្សាសន្តិភាពកម្ពុជាបំផុសឱ្យមានការផ្លាស់ប្តូរ៖ ត្រួសត្រាយផ្លូវទៅកាន់សន្តិភាពយូរអង្វែង ចំពេលមានជំងឺរាតត្បាត
នៅឆ្នាំនេះ បញ្ហាប្រឈម និងការគំរាមកំហែងដែលប្រឈមមុខដោយកងរក្សាសន្តិភាពគឺធំជាងពេលណាៗទាំងអស់។ អ្នករក្សាសន្តិភាពត្រូវទប់ទល់នឹងជំងឺរាតត្បាតកូវីដ-១៩ ពេលកំពុងបំពេញការងារ
នៅប្រទេសស៊ូដង់ខាងត្បូង អ៊ីម៉ាម ម៉ាលីកូ ជាកងរក្សាសន្តិភាពកម្ពុជាអាយុ ២៩ ឆ្នាំ ស្ថិតក្នុងចំណោមកងរក្សាសន្តិភាពកម្ពុជាចំនួន ៧០ នាក់ ដែលត្រូវធ្វើការងារកាន់តែច្រើនបន្ថែមទៀតជារៀងរាល់ថ្ងៃ ដើម្បីការពារជនស៊ីវិលពីជម្លោះផង និងពីជំងឺរាតត្បាតផង។ សូម្បីតែនៅពេលដែលកូវីដ-១៩ កើនឡើងនៅក្នុងប្រទេសស៊ូដង់ខាងត្បូងក៏ដោយ បេសកកម្មប្រតិបត្តិការសន្តិភាពសម្រាប់ប្រទេសស៊ូដង់នៅតែបន្តដដែល។
ក្នុងនាមជានគរបាលកម្ពុជាក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ តួនាទីរបស់ពួកគេរួមមានការពង្រឹងបទប្បញ្ញត្តិចរាចរណ៍របស់បេសកកម្មអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង (UNMISS) ការធានានូវច្បាប់ និងសណ្តាប់ធ្នាប់ក្នុងចំណោមជនស៊ីវិល និងយោធា ការដើរតួជាមន្រ្តីនគរបាល និងការស៊ើបអង្កេតឧបទ្ទវហេតុផ្សេងៗ។ ក្នុងអំឡុងពេលវេលាដែលមិនធ្លាប់មានពីមុនមកបែបនេះ ការងាររបស់នគរបាលកម្ពុជាក្នុងក្របខណ្ឌអង្គការសហប្រជាជាតិក៏ពាក់ព័ន្ធនឹងការលើកកម្ពស់វិធានការសុខាភិបាល និងសុវត្ថិភាពពីកូវីដ-១៩ ផងដែរ។ ឥឡូវនេះ ម៉ាលីកូ និងកងរក្សាសន្តិភាពដូចគ្នាដទៃទៀតដែរគឺកំពុងស្ថិតនៅជួរមុខប្រឈមនឹងគ្រោះមហន្តរាយធំៗចំនួនពីរ៖ តំបន់ជម្លោះ និងជំងឺរាតត្បាតកូវីដ-១៩។
ទោះបីជាត្រូវប្រឈមដោះស្រាយភាពតានតឹងដែលបណ្តាលមកពីជំងឺរាតត្បាតក៏ដោយ ក៏ម៉ាលីកូ និងក្រុមការងាររបស់គាត់មានភាពធន់គ្រប់គ្រាន់ដើម្បីសម្របខ្លួនទៅនឹងប្រក្រតីភាពថ្មី ហើយគាត់មិនដែលមានអារម្មណ៍ភ័យតក់ស្លុតឡើយ។ ម៉ាលីកូ បានពន្យល់ថា មានបញ្ហាប្រឈមជាច្រើន ជាពិសេសចំពេលមានជំងឺរាតត្បាតនេះ ដែលកងរក្សាសន្តិភាពជាស្រ្តីដូចគាត់ត្រូវតែត្រៀមខ្លួនដោះស្រាយ។
ម៉ាលីកូ និយាយដោយជឿជាក់ក្នុងចិត្តថា «នៅកម្ពុជា គេប្រកាន់ផ្នត់គំនិតថាស្ត្រីត្រូវនៅផ្ទះ ហើយត្រូវតែធ្វើកិច្ចការផ្ទះ និងត្រូវធ្វើជាកូនស្រីដែលចេះស្តាប់បង្គាប់។ ប៉ុន្តែនៅពេលដែលខ្ញុំនៅទីនេះក្នុងប្រទេសស៊ូដង់ខាងត្បូង ខ្ញុំមានទំនួលខុសត្រូវរបស់ខ្ញុំ ខ្ញុំធ្វើការនៅក្រោមកម្តៅព្រះអាទិត្យ ដែលអាកាសធាតុមានសីតុណ្ហភាពជិត ៤០°C។ ប៉ុន្តែនៅពេលដែលយើងស្រឡាញ់ការងារដែលយើងធ្វើ យើងនឹងធ្វើវាដោយក្តីស្រឡាញ់»
ដោយជម្នះរាល់មតិជំទាស់ទាំងអស់ ម៉ាលីកូបានចូលបម្រើការងារនៅមជ្ឈមណ្ឌលរក្សាសន្តិភាពជាតិក្នុងនាមជាពលទាហាននៅក្នុងឆ្នាំ២០១០។ មិត្តភក្តិ និងសាច់ញាតិរបស់គាត់បានប្រាប់គាត់ថា ការថែរក្សាសន្តិភាពគឺជាការងារដ៏មានគ្រោះថ្នាក់សម្រាប់ស្ត្រីដូចគាត់ ហើយថាអនាគតអាជីពការងាររបស់គាត់មិនបានវែងឆ្ងាយទេ។ ទោះបីគ្មានសមាជិកគ្រួសាររបស់គាត់ណាម្នាក់ជាទាហានក៏ដោយ ឪពុកម្ដាយរបស់គាត់នៅតែគាំទ្រគាត់យ៉ាងខ្លាំង។ ពួកគេបានលើកទឹកចិត្តគាត់ឱ្យក្លាហាន និងធ្វើដំណើរឆ្ពោះទៅមុខជាមួយនឹងគោលដៅរបស់គាត់។ គាត់បានចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពនៅស៊ូដង់ខាងត្បូងក្នុងឆ្នាំ២០១៧។
ម៉ាលីកូបានបន្ថែមថា «នៅស៊ូដង់ខាងត្បូង យើងជាកងអង្គភាពតូចមួយ ដែលមានបុគ្គលិកត្រឹមតែ ៧០នាក់ប៉ុណ្ណោះ។ ប៉ុន្តែជាផ្នែកមួយនៃធម្មនុញ្ញអង្គការសហប្រជាជាតិ អ្នកគ្រប់គ្នាសុទ្ធតែទទួលស្គាល់ពួកយើង។ យើងមានទំនាក់ទំនងល្អ និងបានប្រាស្រ័យទាក់ទងយ៉ាងល្អជាមួយបុគ្គលិកផ្សេងទៀត។ យើងស្រឡាញ់ ហើយយើងមានមោទនភាពណាស់ចំពោះការងាររបស់យើង»។
គាត់បានបន្ថែមថា «ខ្ញុំចង់ចែករំលែកសារមួយទៅកាន់ស្ត្រីនៅក្នុងប្រទេសរបស់ខ្ញុំ [ប្រទេសកម្ពុជា]។ ខ្ញុំចង់ឃើញស្ត្រីខ្មែរកាន់តែច្រើនថែមទៀតចូលរួមក្នុងបេសកកម្មរក្សាសន្តិភាព។ ខ្ញុំចង់ឃើញស្ត្រីកាន់តែច្រើនធ្វើការនៅក្នុងមុខតំណែងខ្ពស់ៗ។ ខ្ញុំចង់ប្រាប់មិត្តនារីទាំងអស់ថា យើងអាចធ្វើបានច្រើនជាងអ្វីដែលយើងធ្លាប់គិត។ នៅថ្ងៃណាមួយអ្នកនឹងដឹងថាអ្នកកំពុងធ្វើអ្វីដែលលើសពីជួយខ្លួនឯង មានន័យថាអ្នកធ្វើវាដើម្បីជួយអ្នកដទៃដែរ។ នៅពេលអ្នកជួយអ្នកដទៃ វានឹងធ្វើឱ្យអ្នកមានអារម្មណ៍ថាអ្នកកើតមកដើម្បីជួយអ្នកដទៃ។ នេះហើយជាអត្ថន័យរបស់ជីវិត»។
ការចូលរួមរបស់យុវជន និងស្ត្រីមានសារៈសំខាន់ណាស់សម្រាប់សន្តិភាព សន្តិសុខ និងសិទ្ធិមនុស្ស។
ម៉ាលីកូ បានសង្កត់ធ្ងន់ថា សន្តិភាពមានសារៈសំខាន់ណាស់សម្រាប់សង្គមនីមួយៗ ដែលសម្រាប់គាត់ សន្តិភាពមានន័យថា ពេលភ្ញាក់ពីគេង មានអាហារទទួលទាន មានអារម្មណ៍ថាមានសុវត្ថិភាព និងមិនចាំបាច់ផ្លាស់ទីទៅកន្លែងផ្សេងដើម្បីមានសុវត្ថិភាពនោះទេ។
ក្នុងនាមជាមនុស្សម្នាក់ដែលមានចិត្តចង់ជួយអ្នកដទៃ ម៉ាលីកូ បានចូលរួមក្នុងសកម្មភាពសប្បុរសធម៌ជាច្រើនតាំងពីក្មេង រួមទាំងការធ្វើជាអ្នកបកប្រែសម្រាប់ក្រុមដោះមីនអន្តរជាតិ នៅពេលដែលពួកគេបានបោសសម្អាតមីនពីដីដែលនៅជិតស្រុកកំណើតរបស់គាត់។ ម៉ាលីកូ មានអារម្មណ៍ថាបានទទួលការជំរុញទឹកចិត្ត និងចង់ឱ្យដូចពួកគេ។
ម៉ាលីកូ បាននិយាយថា «ដើម្បីទទួលបានសន្តិភាព យុវជនត្រូវតែទទួលបានការអប់រំប្រកបដោយគុណភាព និងគោរពចំពោះភាពចម្រុះ»។
ការលើកកម្ពស់ការចូលរួមរបស់យុវជនក្នុងការកសាងសន្តិភាពគឺជាគន្លឹះក្នុងការសម្រេចបាននូវសន្តិភាពយូរអង្វែង និងលើកកម្ពស់សិទ្ធិមនុស្ស។ រាប់ចាប់ពីការងារជាកងរក្សាសន្តិភាព រហូតដល់ការងារជាអ្នកស្ម័គ្រចិត្តក្នុងសង្គម យុវជននឹងជួយប្រមូលផ្ដុំគំនិត និងការច្នៃប្រឌិតថ្មីៗនៅក្នុងបេសកកម្មដែលពួកគេបំពេញ និងនៅក្នុងសង្គមដែលពួកគេរស់នៅ។ ប្រៀបដូចជា ម៉ាលីកូ ដែលស្រមៃចង់ក្លាយជាកងរក្សាសន្តិភាព និងជួយសង្គមរបស់គាត់ឱ្យទទួលបានសន្តិភាពនោះ គ្រាប់ពូជនេះបានដុះពន្លកតាំងពីគាត់នៅក្មេងម្ល៉េះ។
ទោះបីជាការចូលរួមរបស់ស្ត្រីក្នុងការងារកសាងសន្តិភាពបានកើនឡើងក៏ដោយ នៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ។ ជាញឹកញាប់ស្រ្តីត្រូវបានគេមើលរំលង ប៉ុន្តែពួកគេពិតជាភ្នាក់ងារដ៏មានប្រសិទ្ធភាពបំផុតក្នុងការនាំមកនូវសន្តិភាពយូរអង្វែងនៅក្នុងបេសកកម្មប្រតិបត្តិការសន្តិភាព។ ម៉ាលីកូ ក៏ជឿដែរថា ការងាររបស់គាត់ជាកងរក្សាសន្តិភាពស្រ្តីបាននាំមកនូវការផ្លាស់ប្តូរដ៏សំខាន់ដល់សហគមន៍ដែលគាត់ដាក់ខ្លួនបម្រើ ដោយធ្វើជាគំរូដល់ស្ត្រី និងកុមារីក្នុងការតស៊ូមតិដើម្បីសិទ្ធិផ្ទាល់ខ្លួនរបស់ពួកគេ។
ម៉ាលីកូ បាននិយាយថា «ប្រជាជនសប្បាយចិត្តណាស់ពេលឃើញមនុស្សស្រីពាក់ឯកសណ្ឋាន ព្រោះពួកគេធ្លាប់តែឃើញមនុស្សប្រុសពាក់ឯកសណ្ឋានប៉ុណ្ណោះ។ រាល់ពេលដែលខ្ញុំទៅដល់សហគមន៍ ស្ត្រីជាច្រើនតែងតែមកជួប និងនិយាយជាមួយខ្ញុំ ពួកគេនិយាយថាពួកគេចង់ឱ្យកូនៗរបស់ពួកគេធំឡើងធ្វើជាអ្នករក្សាសន្តិភាពដូចខ្ញុំដែរ»។
ស្របពេលដែលយើងនាំគ្នាប្រារព្ធទិវារក្សាសន្តិភាពអន្តរជាតិ ម៉ាលីកូ និងកងរក្សាសន្តិភាពវ័យក្មេងដទៃទៀតដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកគំនិត និងការច្នៃប្រឌិតថ្មីៗ ដល់កិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាព ដែលមានសារៈសំខាន់ជាងពេលណាៗទាំងអស់ ចំពេលមានការផ្ទុះជំងឺរាតត្បាតនេះ។ ពួកគេកំពុងត្រួសត្រាយផ្លូវឆ្ពោះទៅរកសន្តិភាព និងដើម្បីឱ្យយុវជនដទៃទៀតចូលរួមក្នុងការកសាងពិភពលោកនាពេលអនាគតរបស់ពួកគេ។
គិតត្រឹមខែមីនា ឆ្នាំ២០២១ ប្រទេសកម្ពុជាគឺជាអ្នករួមចំណែកច្រើនជាងគេបំផុតលំដាប់ទី ២៧ ក្នុងការផ្តល់បុគ្គលិកឯកសណ្ឋានសម្រាប់ការរក្សាសន្តិភាពក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។ បច្ចុប្បន្ននេះ កម្ពុជាបានដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពចំនួន ៧៦៧ នាក់ ក្នុងនោះស្រី ៩៥ នាក់ ទៅកាន់ប្រតិបត្តិការសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅទីក្រុង Abyei សាធារណរដ្ឋអាហ្វ្រិកកណ្តាល លីបង់ ម៉ាលី ស៊ូដង់ និងស៊ូដង់ខាងត្បូង។