អង្គការសហប្រជាជាតិមិនពាក់ព័ន្ធ ជួយគាំទ្រ ក៏ដូចជារៀបចំ ឬសង្កេតការណ៍ការបោះឆ្នោតជ្រើសរើសឃុំសង្កាត់ឆ្នាំ២០២២នេះឡើយ
អង្គការសហប្រជាជាតិមិនពាក់ព័ន្ធ ជួយគាំទ្រ ក៏ដូចជារៀបចំ ឬសង្កេតការណ៍ការបោះឆ្នោតជ្រើសរើសឃុំសង្កាត់ឆ្នាំ២០២២នេះឡើយ។
អង្គការសហប្រជាជាតិអាចធ្វើការផ្តល់ជំនួយ ឬការគាំទ្រទៅលើការបោះឆ្នោតបានដោយផ្អែកលើកត្តាមួយចំនួនដូចជា៖ (i) សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ ឬមហាសន្និបាត ដែលផ្តល់អាណត្តិឲ្យអង្គការសហប្រជាជាតិផ្តល់ជំនួយលើការបោះឆ្នោត និង/ឬ (ii) សំណើជាលាយលក្ខណ៍អក្សរជាផ្លូវការសុំជំនួយលើការបោះឆ្នោតពីអាជ្ញាធរជាតិសមស្របណាមួយ។ បន្ទាប់មក គឺការវាយតម្លៃលើតម្រូវការ បោះឆ្នោតដោយផ្នែកទទួលបន្ទុកជំនួយការបោះឆ្នោតនៃនាយកដ្ឋានកិច្ចការនយោបាយ និងកសាងសន្តិភាព (DPPA)។ បន្ទាប់មកការអនុម័តរបស់ជនបង្គោលទទួលបន្ទុកជំនួយការបោះឆ្នោត (អគ្គលេខាធិការរងនៃនាយកដ្ឋានកិច្ចការនយោបាយ និងកសាងសន្តិភាព DPPA) ដែលត្រូវការជាចាំបាច់មុនពេលដែលប្រព័ន្ធអង្គការសហប្រជាជាតិផ្តល់ ឬធ្វើការប្តេជ្ញាលើគម្រោងជំនួយលើការបោះឆ្នោត។
សំណើសុំជំនួយការបោះឆ្នោតត្រូវតែធ្វើឡើងដោយរដ្ឋសមាជិកទៅកាន់អង្គការសហប្រជាជាតិ។ សំណើនេះមិនអាចធ្វើឡើងដោយគណបក្សនយោបាយ សង្គមស៊ីវិល ឬអង្គការផ្សេងទៀតនោះទេ។
ដោយសារតម្រូវការខាងលើ ពេលបច្ចុប្បន្ននេះមិនទាន់មានការផ្តល់ជំនួយលើការបោះឆ្នោតណាមួយរបស់អង្គការសហប្រជាជាតិនៅកម្ពុជា នោះទេ។
ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទិ្ធមនុស្សរបស់អង្គការសហប្រជាជាតិ តាមដានស្ថានភាពសិទ្ធិមនុស្សជាទូទៅនៅប្រទេសកម្ពុជា ហើយកិច្ចការនេះក៏នឹងបន្តក្នុងអំឡុងពេលបោះឆ្នោតផងដែរ។ អង្គការសហប្រជាជាតិនឹងនៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើដំណើរការវិវត្តន៍នានានៅក្នុងប្រទេសកម្ពុជា។