សេចក្តី​ប្រកាស​ព័ត៌មាន

ឯកសារព័ត៌មានរបស់អង្គការសហប្រជាជាតិទី ១៧៖ ការចូលរួមរបស់សង្គមស៊ីវិល

20 June 2022

ការអំពាវនាវឱ្យមានការគោរពសិទ្ធិមនុស្ស របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បានបញ្ចូលការចូលរួមជាសាធារណៈនិងលំហសម្រាប់ពលរដ្ឋ ជាប្រធានបទមួយ ក្នុងចំណោមប្រធានបទចំនួន ៧ ដែលទាមទារឱ្យមានការចាត់វិធានការ ដោយលើកឡើងថា «សង្គមកាន់តែរឹងមាំ និងកាន់តែមានភាពធន់ នៅពេលដែលស្ត្រី និងបុរសអាចបំពេញតួនាទីប្រកបដោយអត្ថន័យក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច និងសង្គម រួមចំណែកដល់ការតាក់តែងគោលនយោបាយដែលមានឥទ្ធិពលលើជីវិតរបស់ពួកគេ រួមទាំងការទទួលបានព័ត៌មាន ការចូលរួមក្នុងកិច្ចពិគ្រោះយោបល់ ការលើកឡើងពីមតិជំទាស់ និងការរួមគ្នាសំដែងមតិ ជាដើម។»

លំហសម្រាប់ពលរដ្ឋ គឺជាគន្លឹះ ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ប្រជាជនដែលមានឱកាសតិចតួច គឺជាក្រុមដែលប្រឈមមុខខ្ពស់ជាងគេ នឹងត្រូវបានគេទុកចោល។ តាមរយៈការធានាឱ្យសង្គមស៊ីវិលចូលរួមប្រកបដោយអត្ថន័យ ប្រទេសនានាអាចកាត់បន្ថយវិសមភាព ធានាបរិយាប័ន្ន និងធ្វើឲ្យប្រសើរឡើងនូវចីរភាព។ នៅប្រទេសកម្ពុជា សង្គមស៊ីវិលចូលរួមក្នុងការផ្តល់សេវាជាច្រើន ដូចជា លើវិស័យអភិវឌ្ឍន៍ និង មនុស្សធម៌ ការលើកកម្ពស់អភិបាលកិច្ចល្អ ការអភិរក្ស ការកសាងសន្តិភាព និងសិទ្ធិមនុស្សជាដើម។ សង្គមស៊ីវិលមានវត្តមាននៅគ្រប់ខេត្តទាំងអស់នៃប្រទេសកម្ពុជា នៅក្នុងគ្រប់វិស័យ និងមានបុគ្គលិក និងអ្នកស្ម័គ្រចិត្តជាច្រើនមកពីសាវតារចម្រុះ។

រដ្ឋធម្មនុញ្ញកម្ពុជាដែលត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ ១៩៩៣ ផ្តោតការយកចិត្តទុកដាក់លើតួនាទីរបស់បុគ្គលក្នុងជីវភាពសាធារណៈ ដូចដែលមានចែងនៅក្នុងមាត្រា ៣៥ ពាក់ព័ន្ធនឹងសិទ្ធិ «ចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ»។ ទោះជាយ៉ាងនេះក្តី ការសន្យានៅក្នុងរដ្ឋធម្មនុញ្ញដែលចែងថា «សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងម៉ត់ចត់» ពីអាជ្ញាធរមិនត្រូវអនុវត្តន៍ឲ្យបានពេញលេញ។ ចាប់តាំងពីឆ្នាំ២០១៧ មក លំហសម្រាប់ពលរដ្ឋ និងការអនុវត្តសេរីភាពជាមូលដ្ឋានត្រូវបានរឹតបន្តឹង ដូចដែលបានរៀបរាប់នៅក្នុងរបាយការណ៍ជាបន្តបន្ទាប់ របស់អង្គការសហប្រជាជាតិ។[1]

ការគាំទ្ររបស់អង្គការសហប្រជាជាតិ

ចាប់តាំងពីទសវត្សរ៍ ១៩៩០ មក អង្គការសហប្រជាជាតិបានសហការយ៉ាងជិតស្និទ្ធជាមួយសង្គមស៊ីវិលនៅកម្ពុជា ដើម្បីចូលរួមលើកកម្ពស់ និងការពារសិទ្ធិមនុស្ស។ អង្គការសហប្រជាជាតិបានផ្តល់ការបណ្តុះបណ្តាល និងការកសាងសមត្ថភាពដល់អង្គការសង្គមស៊ីវិលអំពីស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ បានធ្វើការជាមួយដៃគូសង្គមស៊ីវិលក្នុងការស៊ើបអង្កេតលើ ករណីរំលោភបំពានសិទ្ធិមនុស្ស និងការរំលោភបំពានផេ្សងៗទៀត បានលើកកម្ពស់ការចូលរួមរបស់សង្គមស៊ីវិលក្នុងកិច្ចការសាធារណៈ និងបានគាំទ្រដល់ការងារ តស៊ូមតិរបស់សង្គមស៊ីវិលនៅកម្រិតជាតិ និងកម្រិត អន្តរជាតិ។

នាពេលបច្ចុប្បន្ននេះ អង្គការសហប្រជាជាតិនៅកម្ពុជាបន្តលើកកម្ពស់ភាពអង់អាចរបស់សង្គមស៊ីវិល ក្នុងនាមពួកគេជាអ្នកការពារសិទ្ធិមនុស្ស ចលករបង្កើនល្បឿនសម្រាប់ការអភិវឌ្ឍ និងការស្វែងរកការគាំទ្រសម្រាប់ការគោរពសិទ្ធិមនុស្ស ដើម្បីពង្រីក និងការពារលំហសម្រាប់ប្រតិបត្តិការការងាររបស់ពួកគេ។ ភាពជាដៃគូរបស់អង្គការសហប្រជាជាតិជាមួយនឹងសង្គមស៊ីវិលបានផ្តល់លទ្ធភាពឱ្យសង្គមស៊ីវិលដើរតួនាទីយ៉ាងសំខាន់ធ្វើជាអ្នកការពារសិទ្ធិយ៉ាងមានប្រសិទ្ធភាពចាប់តាំងពីពេលកកើតស្ថាប័ននេះមកម្ល៉េះ។

សិទ្ធិមានសេរីភាពនៃការបញ្ចេញមតិ ៖ តាមរយៈការសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា អ្នកសារព័ត៌មាន និងសង្គមស៊ីវិល អង្គការសហប្រជាជាតិកំពុងផ្តល់ជំនួយបច្ចេកទេស ការកសាងសមត្ថភាព និងការគាំទ្រផ្នែកច្បាប់ ក៏ដូចជាពង្រឹងបណ្តាញលើកកម្ពស់សេរីភាពនៃការបញ្ចេញមតិ សិទ្ធិទទួលបានព័ត៌មាន និងសេរីភាពសារព័ត៌មានឱ្យបានកាន់តែទូលំទូលាយ ដែលទាំងនេះ គឺជាសិទ្ធិមនុស្សជាមូលដ្ឋាន និងជាសសរស្តម្ភដ៏សំខាន់សម្រាប់ទ្រទ្រង់លទ្ធិប្រជាធិបតេយ្យ។ ជាផ្នែកមួយនៃការអនុវត្តផែនការសកម្មភាពរបស់អង្គការសហប្រជាជាតិស្តីពីសុវត្ថិភាពរបស់អ្នកសារព័ត៌មាន និងការិយាល័យផ្តល់ការគាំទ្រផ្នែកច្បាប់មួយត្រូវបានបង្កើតឡើងដែលសមាសភាពជាមេធាវីឯកទេសខាងសេរីភាពនៃការបញ្ចេញមតិ ដើម្បីផ្តល់ការគាំទ្រ និងដំបូន្មានអំពីច្បាប់របស់កម្ពុជាដល់អ្នកជំនាញខាងប្រព័ន្ធផ្សព្វផ្សាយជាង ៣០ នាក់។ លើសពីនេះ បន្ទាប់ពីរៀបចំផែនការសកម្មភាពនេះ មានតំណាងជាង ៣០០ នាក់ មកពីប្រព័ន្ធផ្សព្វផ្សាយ ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន និងក្រសួងយុត្តិធម៌បានចូលរួមក្នុងកិច្ចពិគ្រោះយោបល់ដែលរៀបចំឡើយជាស៊េរី ដោយអង្គការសហប្រជាជាតិ ដើម្បីកសាងការយល់ដឹងឱ្យបានកាន់តែប្រសើរអំពីតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការផ្តល់ព័ត៌មានដល់សាធារណៈជន ក្នុងអំឡុងពេលនៃការរាតត្បាតជាសាកល និងលើកកម្ពស់កិច្ចសហការរវាងអាជ្ញាធរ និងអ្នកសារព័ត៌មាន ដើម្បីកសាងបរិយាកាសអំណោយផលសម្រាប់សេរីភាពនៃការបញ្ចេញមតិ និងសិទ្ធិទទួលបានព័ត៌មាន។

សិទ្ធិមានសេរីភាពក្នុងការបង្កើតសមាគម៖ អង្គការសហប្រជាជាតិបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការសង្គមស៊ីវិល រួមទំាងក្រុមសិទ្ធិមនុស្ស សហជីព និងស្ថាប័នដទៃទៀត ដើម្បីកសាងចំណេះដឹង និងសមត្ថភាពរបស់ពួកគេ ឈ្វេងយល់ពីការគំរាមកំហែងដែលពួកគេកំពុងជួបប្រទះ និងពិនិត្យតាមដានការអភិវឌ្ឍនានា ពាក់ព័ន្ធនឹងបរិយាកាសប្រតិបត្តិការការងាររបស់ពួកគេ។ អង្គការសហប្រជាជាតិបានសហការយ៉ាងជិតស្និទ្ធជាមួយសង្គមស៊ីវិល ដើម្បីស្វែងរកការគាំទ្រប្រឆាំងនឹងការរួមតូចនៃលំហសម្រាប់ពលរដ្ឋ ដូចជាតាមរយៈការកំណត់ពីបទបញ្ញត្តិដែលបង្កជាបញ្ហានៅក្នុងច្បាប់ដែលធ្វើនិយ័តកម្មលើអង្គការមិនមែនរដ្ឋាភិបាល សមាគម និងសហជីព និងការងារដែលអនុវត្តដោយស្ថាប័នទំាងនេះ។ កាលពីខែកុម្ភៈឆ្នាំនេះ អង្គការសហប្រជាជាតិនៅកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តនូវគម្រោងមួយ ដែលមានគោលបំណងលើកកម្ពស់លំហសម្រាប់ពលរដ្ឋ។

សិទ្ធិមានសេរីភាពប្រមូលផ្តុំដោយសន្តិវិធី៖ អង្គការសហប្រជាជាតិតាមដានការអនុវត្តសិទ្ធិនេះ រួមទាំងតាម រយៈការតាមដានការធ្វើបាតុកម្ម និងការសហការជាមួយអាជ្ញាធរ ដើម្បីធានាឱ្យមានការគោរពសិទ្ធិនេះ។ រយៈពេលជាច្រើនឆ្នាំមកហើយ ដែលអង្គការសហប្រជាជាតិមានវត្តមាននៅពេលដែលមានបាតុកម្មនៅក្នុងទីក្រុងភ្នំពេញ និងនៅខេត្តដទៃទៀតនៅក្នុងប្រទេស ជួយអាជ្ញាធរ ដើម្បីធានាថាអាជ្ញាធរបានបង្កភាពងាយស្រួលចៀសជាងរឹតត្បិត ឬធ្វើឱ្យរាំងស្ទះដល់សិទ្ធិក្នុងការតវ៉ាទាមទាររបស់គេ។ នេះរួមមានទាំងការធ្វើការងារទំនាក់ទំនងជាមួយនឹងអាជ្ញាធរនៅពេលដែលភាពតានតឹងខ្លាំងជាដើម។

         សិទ្ធិចូលរួមក្នុងកិច្ចការសាធារណៈ៖ អង្គការសហប្រជាជាតិអភិវឌ្ឍន៍សមត្ថភាពអង្គការសង្គមស៊ីវិល និងបង្កើតលំហ ដើម្បីឱ្យពួកគេអាចចូលរួមក្នុងការធ្វើគោលនយោបាយ និងការធ្វើមូលដ្ឋាននីយកម្មគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើម្បីឱ្យការសម្រេចចិត្តកាន់តែផ្អែកលើព័ត៌មានត្រឹមត្រូវ មានប្រសិទ្ធភាព មានចីរភាព និងពេញដោយបរិយាប័ន្ន ដូចជាការសម្រេចចិត្តពាក់ព័ន្ធនឹងកុមារ និងយុវជន ស្រ្តី និងជនជាតិដើមភាគតិចជាដើម។ ការរីកចម្រើននីមួយៗក្នុងការការពារលំហសម្រាប់ពលរដ្ឋមានផល ជាវិជ្ជមានដល់សហគមន៍ និងបុគ្គលម្នាក់ៗ ព្រមទំាងសិទ្ធិរបស់ពួកគេ។ វាក៏មានសារៈសំខាន់ផងដែរសម្រាប់ការអភិវឌ្ឍ សន្តិភាព និងសន្តិសុខយ៉ាងទូលំទូលាយ។ នៅក្នុងវិស័យយុវជនវិញ គណៈកម្មាធិការប្រឹក្សាយុវជនរបស់អង្គការសហប្រជាជាតិ (UNYAP) នៅកម្ពុជាត្រូវ​បានបង្កើតឡើងកាលពីឆ្នំា ២០០៧ ជាវេទិកាសម្រាប់ធ្វើការទំនាក់ទំនង និងពិគ្រោះយោបល់ជាមួយយុវជន ក្រោមការដឹកនាំរបស់យុវជនដោយផ្ទាល់​ក្នុងគោលដៅឈ្វេងយល់ពីអាទិភាពនៃការអភិវឌ្ឍ និងទស្សនៈយល់ឃើញរបស់ពួកគេ និងធានាថាសំឡេងរបស់យុវជនកម្ពុជាត្រូវបានស្តាប់ឮក្នុងប្រព័ន្ធអង្គការសហប្រជាជាតិ។ ក្នុងឆ្នាំ ២០២១  UNYAP ដោយមានការគាំទ្រពីអង្គការសហប្រជាជាតិ និងដៃគូនានា អាចកៀរគរកម្លាំងយុវជនប្រកបដោយជោគជ័យ តាមរយៈការរៀបចំព្រឹត្តិការណ៍ធំៗ​ដូចជាទិវាយុវជនអន្តរជាតិ កម្មវិធីសន្ទនារបស់យុវជន យុទ្ធនាការលើកកម្ពស់ការងារសមរម្យសម្រាប់យុវជន និង កម្មវិធីតាមដានប្រព័ន្ធផ្សព្វផ្សាយ ដើម្បីកសាងសមត្ថភាពជំរុញការចូលរួមរបស់ពលរដ្ឋ។

 

            នៅក្នុងយន្កការនៃការពិនិត្យឡើងវិញតាមកាលកំណត់ជាសាកល (UPR) នៅឆ្នាំ ២០១៩ រាជរដ្ឋាភិបាលកម្ពុជាបានស្ម័គ្រចិត្តប្តេជ្ញា «ធានាឱ្យមានសេរីភាពសម្រាប់ពលរដ្ឋ ដោយអនុញ្ញាតឱ្យអ្នកការពារសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានអាចបញ្ចេញមតិខ្លួនដោយសេរី ទាំងនៅក្រៅប្រព័ន្ធ ទាំងនៅលើប្រព័ន្ធអនឡាញ ដោយមិនមានការភ័យខ្លាចទទួលរងការបៀតបៀន ឬការសងសឹក និងមិនធ្វើការចោទប្រកាន់ទោសដោយសារតែការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ពួកគេនោះឡើយ»។ កាលពីខែកញ្ញា ឆ្នាំ ២០២១ អគ្គលេខាធិកាអង្គការសហប្រជាជាតិបានអំពាវនាវឱ្យប្រទេសកម្ពុជា  «ពង្រឹងលំហសម្រាប់ពលរដ្ឋ និងលំហប្រជាធិបតេយ្យ [និង] បញ្ចប់ការបៀតបៀនលើតួអង្គនយោបាយ និងអ្នកការពារសិទ្ធិមនុស្ស»។ អង្គការសហប្រជាជាតិបានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដូចជា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដើម្បីអនុវត្តន៍អនុសាសន៍របស់យន្តការ UPR​ និងបង្កើនកិច្ចពិគ្រោះយោបល់ជាមួយសង្គមស៊ីវិល។ ឧទាហរណ៍ កិច្ចពិគ្រោះយោបល់ស្តីពីរបាយការណ៍ UPR ពាក់កណ្តាលអាណត្តិ  ត្រូវបានរៀបចំរួមគ្នា កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២ នៅសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយ៉ាល់។   

            ខណៈពេលដែលប្រទេសកម្ពុជាទើបតែបានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ កាលពីពេលថ្មីៗនេះ និងឈានទៅរកការរៀបចំការបោះឆ្នោតជាសាកលនៅ ឆ្នាំ ២០២៣ខាងមុខ ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល រួមទាំងអង្គការស្ត្រីផងដែ ត្រូវតែមានលទ្ធភាពរួមចំណែក និងចូលរួមឱ្យបានពេញលេញលើការរៀបចំគោលនយោបាយដែលមានផលប៉ះពាល់មកលើលើជីវិតរបស់ពួកគេ។ សេចក្តីអំពាវនាវឱ្យមានការអនុវត្តវិធានការលើកកម្ពស់ការគោរពសិទ្ធិមនុស្ស របស់អគ្គលេខាធិការគូសបញ្ជាក់ថា ការចូលរួមយ៉ាងសកម្មពីអង្គការសង្គមស៊ីវិល មានសារៈសំខាន់យ៉ាងខ្លាំង ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា។ បើទោះជាមិនមានអាណត្តិចូលរួម រៀបចំ ឬសង្កេតមើលការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ឆ្នាំ ២០២២ ក៏ដោយ ក៏អង្គការសហប្រជាជាតិនៅតែបន្តតាមដានយ៉ាងជិតស្និទ្ធលើស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលកិច្ចការនេះនឹងនៅតែបន្តធ្វើក្នុងកំឡុងពេលបោះឆ្នោត[2]។ អង្គការសហប្រជាជាតិត្រៀមខ្លួនជានិច្ច ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចាត់វិធានការណ៍ជាជំហានៗ ដើម្បីជួយធ្វើឲ្យលំហសម្រាប់ពលរដ្ឋកាន់តែល្អប្រសើរឡើង តាមរយៈការចូលរួមជួយផ្តល់យោបល់លើការធ្វើវិសោធនកម្មច្បាប់ដែលពាក់ព័ន្ធសំខាន់ៗ ដើម្បីជួយ ឲ្យច្បាប់ទាំងនោអនុលោមទៅតាមកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិរបស់កម្ពុជា តួយ៉ាងដូចជា ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងច្បាប់ស្តីពីសហជីព ជាដើម។

            របៀបវារៈអភិវឌ្ឍន៍ដោយចីរភាពឆ្នាំ ២០៣០ ចាត់ទុកសិទ្ធិមនុស្ស ជាចំណុចស្នូលដ៏សំខាន់នៃកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ និងជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ជាមួយនឹងគោលការណ៍ដ៏សំខាន់ គឺការមិនទុកនរណាម្នាក់ចោល និងការផ្តល់ភាពអង់អាចដល់ប្រជាពលរដ្ឋ ឱ្យធ្វើជាភ្នាក់ងារដ៏សកម្មក្នុងការសម្រេចការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងនាមជាដៃគូអភិវឌ្ឍន៍មួយនៅប្រទេសកម្ពុជា អង្គការសហប្រជាជាតិ នឹងបន្តបង្ហាញពីភាពពឹងអាស្រ័យគ្នាទៅវិញទៅមកនៃគ្រប់សិទ្ធិមនុស្សទាំងអស់ និងបន្តកិច្ចសហការជាមួយរដ្ឋាភិបាល ដើម្បីធ្វើឱ្យស្ថានភាពលំហសម្រាប់ពលរដ្ឋកាន់ តែល្អប្រសើរឡើង និងធានាថា ការអភិវឌ្ឍរបស់កម្ពុជា គឺជាការអភិវឌ្ឍសម្រាប់ទាំងអស់គ្នា ហើយជាការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ព្រមទាំងប្រើប្រាស់នូវជំនាញ និងការរួមចំណែករបស់សង្គមទាំងមូល ព្រមទាំងសង្គមស៊ីវិលរបស់ប្រទេសនេះផងដែរ។

###

ឯកសារព័ត៌មានស្តីពីការឆ្លើយតបចំពោះជំងឺកូវីដ ១៩ របស់អង្គការសហប្រជាជាតិនៅកម្ពុជា គឺជាឯកសារផ្លូវការរបស់អង្គការសហប្រជាជាតិ ដែលមានគោលបំណងផ្សព្វផ្សាយជូនប្រព័ន្ធផ្សព្វផ្សាយ និងដៃគូដទៃទៀត។ ឯកសារទាំងនេះត្រូវបានរៀ​បចំដោយការិយាល័យប្រធានអង្គការសហប្រជាជាតិប្រចំាប្រទេសកម្ពុជា។

 

[1]      សូមមើល ឧទាហរណ៍ របាយការណ៍របស់អគ្គលេខាធិការអង្គការសហប្រជាជាតិដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្ស ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២១។

[2] https://cambodia.un.org/en/183273-united-nations-not-involved-assisting-organizing-or-observing-2022-commune-elections

 

Sreysros Keo_Photo Profile

Sreysros Keo

RCO
មន្រ្តីទំនាក់ទំនង និងស្វែងរកការគាំទ្រ

អង្គភាពរបស់អង្គការសហប្រជាជាតិដែលចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ

ILO
អង្គការអន្តរជាតិសខាងការងារ
UN-OHCHR
បេសកកម្មរបស់ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទិ្ធមនុស្ស
យូអិនឌីភី
កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ
UNESCO
អង្គការអប់រំ វិទ្យាសាស្រ្ត និង វប្បធម៌ នៃសហប្រជាជាតិ
UNFPA
មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន

គោលដៅប្រកបដោយចីរភាពដែលគាំទ្រតាមរយៈគំនិតផ្តួចផ្តើមនេះ