សេចក្តី​ប្រកាស​ព័ត៌មាន

វិស័យយុត្តិធម៌ប្ដេជ្ញាចិត្តក្នុងការជម្នះផ្នត់គំនិតយេនឌ័រ

19 October 2023

ភ្នំពេញ (ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣) – អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជាបានបិទ​បញ្ចប់វគ្គបណ្ដុះបណ្ដាល​ចំនួន ២ថ្ងៃ រៀបចំជូនដល់ចៅក្រម និង​ព្រះរាជអាជ្ញា ដែលបាន​រៀបចំឡើងនៅថ្ងៃទី​១៨ និង​ ១៩ ខែតុលា ឆ្នាំ២០២៣​ ក្រោម​ប្រធានបទ «ការកាត់បន្ថយ​ការលម្អៀង​ដោយផ្អែកលើយេនឌ័រក្នុងវិស័យ​តុលាការ» ក្រោមកិច្ចសហប្រតិបត្តិ​ការ​ជាមួយ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌​កម្ពុជា។

រូបថត៖ ©OHCHR Cambodia

វគ្គបណ្ដុះបណ្ដាល​រយៈពេលពីរថ្ងៃនេះ មាន​ការ​សម្របសម្រួលពី​អ្នកជំនាញ និង​ចៅក្រមអន្តរជាតិ ហើយមាន​អ្នកចូលរួមចំនួន ៣៥នាក់ (ស្រ្តី២១នាក់ និង​បុរស ១៤នាក់)​ រួមមាន តំណាងពី​សាលាឧទ្ធរណ៍ថ្នាក់តំបន់ ចៅក្រម និង​ព្រះរាជាអាជ្ញា​ពី​ខេត្តនានា ក៏ដូចជា វត្តមានរបស់​មន្រ្តី​មកពីបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និង​ក្រសួងយុត្តិធម៌​ ផងដែរ។ វគ្គបណ្ដុះបណ្ដាលនេះ ជា​វគ្គសាកល្បងដែល​មាន​គោលបំណង បកស្រាយពីបទដ្ឋាន​ច្បាប់សិទ្ធិមនុស្ស​អន្តរជាតិ ស្ដីពី​ផ្នត់គំនិត​យេនឌ័រ និង​ទស្សនៈ​ដើម្បី​លើកកម្ពស់ការការពារ​សិទ្ធិមនុស្ស និង​ការទទួលបានយុត្តិធម៌​សម្រាប់ស្រ្តី និងបុគ្គលដទៃ​ទៀត​ដែលស្ថិត​ក្នុងក្រុមដែល​ត្រូវបានផាត់ចេញ​ ដោយផ្អែក​លើ​មូលហេតុ​នៃភេទ អត្តសញ្ញាណ​យេនឌ័រ​ និង​​/ឬ​និន្នាការភេទ។​

នៅក្នុងសុន្ទរកថា​បើកវគ្គបណ្ដុះបណ្ដាល ប្រធាន​ បណ្ឌិត្យសភា​ភូមិន្ទ​យុត្តិធម៌​កម្ពុជា ឯកឧត្ដម បណ្ឌិតរដ្ឋ ឈន ព្រលឹង មានប្រសាសន៍ថា «វគ្គបណ្ដុះបណ្ដាលនេះ​ នឹងផ្ដោតជាសំខាន់ទៅលើ​ការ​ពង្រឹងសមត្ថភាព​បន្ថែម​របស់ចៅក្រម និង​ការ​ចែករំលែកបទពិសោធន៍ជាមួយអ្នកជំនាញការអន្តរជាតិ តំបន់ និង​ជាតិ ​ក្នុងវិស័យ​តុលាការ​ ដើម្បី​ចេះ​កត់សម្គាល់​ និង​ជម្នះ​ផ្នត់គំនិត​យេនឌ័រ​ក្នុង​វិស័យ​តុលាការ​»។

ដោយបញ្ជាក់បន្ថែមលើ​សារៈសំខាន់ នៃយុត្តិសាស្រ្ត​ក្នុង​តុលាការ​កម្ពុជាដើម្បីអាចអនុលោម​ទៅ​​នឹង​ច្បាប់សិទ្ធិ​មនុស្ស​អន្តរជាតិ អ្នកស្រី រួអេដា អិល ហាច តំណាង​ប្រចាំ​ប្រទេស​នៃ​ការិយាល័យ​​សហប្រជាជាតិ​ទទួលបន្ទុកសិទ្ធិ​មនុស្ស​នៅកម្ពុជា បានសង្កត់ធ្ងន់ថា «វគ្គបណ្ដុះបណ្ដាលសាកល្បងនេះ គឺជា​ចំណុច​គោលមួយទៀត​ឆ្ពោះទៅ​រក​កិច្ច​សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ជាមួយក្រសួង​យុត្តិធម៌ និងបណ្ឌិត្យសភាភូមិន្ទ​យុត្តិធម៌កម្ពុជា​»។​ អ្នកស្រីរំពឹងថា «ខ្លឹមសារនៃវគ្គបណ្ដុះបណ្ដាល នឹងអាចត្រូវបាន​បញ្ចូលទៅ​ក្នុងកម្មវិធីសិក្សារបស់ បណ្ឌិត្យសភាភូមិន្ទ​យុត្តិធម៌កម្ពុជា​ ដើម្បីនិរន្តភាពនៃ​ការ​ផ្ទេរចំណេះដឹង។»​

យោងតាម​បទដ្ឋានសិទ្ធិមនុស្ស​អន្តរជាតិ វិស័យ​យុត្តិធម៌​ មានកាតព្វកិច្ច​ក្នុងការធានាថានីតិវិធីច្បាប់​ ក្នុងសំណុំរឿងពាក់ព័ន្ធ​នឹងអំពើហិង្សាផ្អែកលើយេនឌ័រ មានភាពមិនលម្អៀង​ យុត្តិធម៌​ និងមិនរងឥទ្ធិពលពីផ្នត់គំនិតយេនឌ័រ ឬ​ការបកស្រាយបទប្បញ្ញត្តិច្បាប់ដោយរើសអើង។ កាតព្វកិច្ច​នេះ មិនត្រឹមតែសម្រាប់ចៅក្រមនោះទេ ប៉ុន្តែ​​ មានវិសាលភាព​ចំពោះ​ព្រះរាជអាជ្ញា មេធាវី មន្រ្តី​អនុវត្ត​ច្បាប់​ និង​តួអង្គនានាដែលពាក់ព័ន្ធ​ក្នុងវិស័យច្បាប់។

អ្នកចូលរួម​ក្នុងវគ្គបណ្ដុះបណ្ដាលសាកល្បងនេះ​ បានបង្ហាញពីតម្រូវការ​ក្នុងការ​ចែករំលែកព័ត៌មាន​ទៅកាន់អ្នកមានកាតព្វកិច្ច​ផ្សេងទៀត រួម​មាន មន្រ្តី​ប៉ូលីស ថ្នាក់ដឹកនាំ​សហគមន៍ បុគ្គលិ​កតុលាការ បុគ្គលិកផ្នែកស៊ើបអង្កេត និងភាគីផ្សេងៗទៀត​​ ដើម្បី​លើកកម្ពស់​ការយល់ដឹងរបស់ពួកគេ និងធ្វើ​ឱ្យ​ការ​គ្រប់គ្រង​ការ​ទទួលបានយុត្តិធម៌សម្រាប់បុគ្គលគ្រប់រូប ជាពិសេស អ្នករស់រានមានជីវិតពី​ការរំលោភបំពានផ្អែកលើយេនឌ័រ កាន់តែ​ប្រសើរ​ឡើង។

អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ប្ដេជ្ញាចិត្ត​ក្នុងការគាំទ្រ​កម្ពុជា​ក្នុងការបំពេញកាតព្វកិច្ច​សិទ្ធិ​មនុស្ស​អន្តរជាតិ​ និង​កាត់បន្ថយ​ការអនុវត្ត​ក្នុងវិស័យ​តុលាការ​ដែលរងឥទ្ធិពលពីផ្នត់គំនិតយេនឌ័រ។

Hammad AHMAD

UN-OHCHR
Public Information Officer

អង្គភាពរបស់អង្គការសហប្រជាជាតិដែលចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ

UN-OHCHR
បេសកកម្មរបស់ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទិ្ធមនុស្ស

គោលដៅប្រកបដោយចីរភាពដែលគាំទ្រតាមរយៈគំនិតផ្តួចផ្តើមនេះ