សេចក្តីប្រកាសព័ត៌មាន
26 July 2024
ពី ដំណើរទស្សនកិច្ចរបស់លោកសាស្ត្រាចារ្យ វីធិត ម៉ាន់តាផន
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា
មកកាន់ព្រះរាជាណាចក្រកម្ពុជា, ថ្ងៃទី ២១-២៦ ខែកក្កដា ឆ្នាំ២០២៤
មានចំណុចជាច្រើនដែលត្រូវកោតសរសើរអំពីប្រទេសកម្ពុជា។ ប្រាសាទអង្គរវត្ត ជាស្ថាបត្យកម្មមហស្ចារ្យនិងជាអច្ឆរិយៈប្រវត្តិសាស្ត្រ ល្បីល្បាញទូទាំងពិភពលោក។ ការចាក់វ៉ាក់សាំងយ៉ាងទូលំទូលាយប្រឆាំងនឹងជំងឺកូវីដ-១៩, ជំនាញដោះមីន និងការរួមចំណែករក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ទទួលបាននូវការកោតសរសើរយ៉ាងខ្លាំង។ ក៏សូមស្វាគមន៍ចំពោះការវិវត្តន៍ឆ្ពោះទៅទទួលបានកិច្ចគាំពារសង្គមគ្រប់ជ្រុងជ្រោយសម្រាប់ប្រជាជន។ កម្ពុជា ជាប្រទេសមួយដែលងើបចេញពីជម្លោះប្រដាប់អាវុធក្នុងទសវត្សឆ្នាំ១៩៨០ ក្នុងដំណើរដើម្បីទទួលបានសន្តិភាពដូចសព្វថ្ងៃ។
ទោះយ៉ាងណាក៏ដោយ នៅតែមានសំណួរថា៖ តើប្រទេសកម្ពុជាអាចបំពេញតាមការសន្យាយ៉ាងទូលំទូលាយ អំពី សិទ្ធិមនុស្ស, លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលដើរទន្ទឹមគ្នាជាមួយនឹងការប្រាថ្នាចង់បានសន្តិភាពដែរឬទេ? ក្នុងបរិបទបែបនេះ ចាប់តាំងពីខែសីហា ឆ្នាំ២០២៣ មក អ្នកនយោបាយជំនាន់ថ្មី បានចូលកាន់អំណាច។ តើរដ្ឋបាលនេះអាចធានាឲ្យមានការផ្លាស់ប្តូរពិតប្រាកដ ឲ្យហួសពីចំការមីនក្នុងអតីតកាល និងកសាងគោលគោលព្រឹត្តិការណ៍សំខាន់ៗឆ្ពោះទៅអនាគតដែរឬទេ? ភាគច្រើនត្រូវអាស្រ័យទៅលើរបៀបដែលប្រទេសកម្ពុជា អាចធ្វើឱ្យមានបរិយាកាសពហុភាពនិយម ជាមួយអ្នកពាក់ព័ន្ធផ្សេងៗ ជាពិសេសគឺការបញ្ឈប់ភាពផ្តាច់មុខ ដើម្បីចែករំលែកនិងគោរពឲ្យបានកាន់តែច្រើន ចំពោះសំឡេងនិងជម្រើសនានាដែលមានអន្តរទំនាក់ទំនងគ្នាជាមួយនឹងការសន្យាដ៏ទូលំទូលាយនោះ។ នាឡិកាចេះតែដើរទៅមុខហើយ ប៉ុន្តែយើងនៅតែរង់ចាំម៉ោងដែលបញ្ជាក់អំពីភាពអាចជឿទុកចិត្តបាននៅឡើយ។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា លោកសាស្ត្រាចារ្យ វីធិត ម៉ាន់តាផន បានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ចំនួនពីរដង (លើកទី១ និងលើកទី២) ចាប់ពីថ្ងៃទី៤-៨ ខែធ្នូ ឆ្នាំ២០២៣ និងថ្ងៃទី២១-២៦ ខែកក្កដា ឆ្នាំ២០២៤។ ដំណើរទស្សនកិច្ចលើកទី១ គឺដើម្បីជួបជាមួយរដ្ឋាភិបាលថ្មី និងភាគីពាក់ព័ន្ធផ្សេងទៀតក្នុងរាជធានីភ្នំពេញ ហើយដំណើរទស្សនកិច្ចលើកទី២ គឺការចុះទៅដោយផ្ទាល់តាមតំបន់នានា ជាពិសេសខេត្តរតនគិរី និងខេត្តដែលនៅក្បែរៗនោះ ដោយផ្តោតការយកចិត្តទុកដាក់ជាពិសេសចំពោះស្ថានភាពជនជាតិដើមភាគតិច។ លោកសាស្ត្រាចារ្យ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអាជ្ញាធររដ្ឋាភិបាល, អង្គការសហប្រជាជាតិ និងសមាជិកសង្គមស៊ីវិលនានា សម្រាប់ការជួយជ្រោមជ្រែងប្រកបដោយភាពសប្បុរស។ ហេតុដូច្នេះហើយ សេចក្តីថ្លែងការណ៍សារព័ត៌មាននេះ គឺជាការឆ្លុះបញ្ចាំងអំពីបញ្ហានិងរបកគំហើញសំខាន់ៗ ដែលជាប់ទាក់ទងជាមួយនឹងដំណើរទស្សនកិច្ចទាំងពីរនោះ ព្រមទាំងស្ថានភាពដែលបានវិវត្តន៍ក្នុងអំឡុងពេលនេះ។ ដំណើរទស្សនកិច្ចទាំងពីរនេះ ផ្តោតទៅលើការរៀបចំរចនាសម្រាប់ការអនុវត្តសិទ្ធិមនុស្ស ដែលមានសារៈសំខាន់ខ្លាំងសម្រាប់ប្រទេសកម្ពុជា ដូចខាងក្រោម៖
១. ការតាមដានបន្ថែម
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បានរំលឹកថា នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចលើកទីមួយ មកកាន់ប្រទេសកម្ពុជា ក្នុងឆ្នាំ២០២២ គាត់បានដាក់ចេញរបៀបវារៈសកម្មភាពសិទ្ធិមនុស្សកម្ពុជា ដែលរំលេចឡើងអំពីតម្រូវការក្នុងការអនុវត្តអនុសាសន៍នានា ពីប្រព័ន្ធអង្គការសហប្រជាជាតិប្រកបដោយប្រសិទ្ធភាព, បើកលំហពលរដ្ឋនិងនយោបាយ, ធានានូវពហុភាពនិយមក្នុងការបោះឆ្នោតជាតិ, បញ្ឈប់ការកាត់ទោសគណបក្សនយោបាយនិងអ្នកជំទាស់, ដោះស្រាយបញ្ហាដីធ្លីតាមវិធីដែលមានការចូលរួមពីភាគីពាក់ព័ន្ធ, ឆ្លើយតបទៅនឹងភាពងាយរងគ្រោះនៃក្រុមសំខាន់ៗ,កែលម្អគុណភាពមន្ត្រីអនុវត្តច្បាប់និងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ, ធានាឲ្យបានកិច្ចគាំពារសង្គមទូលំទូលាយ, ជម្នះភាពអយុត្តិធម៌ដែលបង្កឡើងដោយបំណុលនិងមីក្រូហិរញ្ញវត្ថុ, គូសបញ្ជាក់អំពីការឆ្លើយតបយេនឌ័រ ដើម្បីប្រឆាំងទប់ទល់នឹងការរើសអើងនិងអំពើហិង្សា ព្រមទាំងសំយោគបញ្ចូលគ្នានៃទំនាក់ទំនងនានាជាមួយនឹងស្តង់ដារអន្តរជាតិ។
ធាតុផ្សំទាំងនេះជាច្រើន មិនទាន់ត្រូវបានបំពេញនៅឡើយទេ ដូច្នេះហើយ សកម្មភាពតាមដានបន្ថែម គួរត្រូវបានបន្តអនុវត្តប្រកបដោយភាពរឹងមាំនិងពោរពេញដោយការប្តេជ្ញាចិត្ត ដោយមានភស្តុតាងបញ្ជាក់អំពីសកម្មភាពទាំងនោះ។
២. ឧបករណ៍អន្តរជាតិ និងដំណើរការត្រួតពិនិត្យឡើងវិញជាសាកលតាមកាលកំណត់ (UPR)
ថ្មីៗនេះ ប្រទេសកម្ពុជាបានបង្ហាញខ្លួននៅចំពោះមុខគណៈកម្មាធិការស្តីពីការបាត់ខ្លួនដោយបង្ខំ ជាលើកដំបូងក្រោមអនុសញ្ញាស្តីពីការការពារមនុស្សគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ។ គណៈកម្មាធិការនេះ បានផ្តល់អនុសាសន៍, ក្នុងចំណោមអនុសាសន៍ទាំងឡាយ, អំពីតម្រូវការឲ្យមានច្បាប់និងប្រព័ន្ធស៊ើបអង្កេតដែលមានប្រសិទ្ធភាពជាងមុន, អំពីការគាំទ្រសម្រាប់ជនរងគ្រោះនិងគ្រួសារដែលទទួលរងផលប៉ះពាល់, ការកែសម្រួលអាជ្ញាយុកាល, និងការបង្កើតមជ្ឈមណ្ឌលសម្រាប់ជនបាត់ខ្លួន។ មានករណីក្នុងប្រទេសនិងករណីឆ្លងដែនមួយចំនួន កំពុងរង់ចាំដំណោះស្រយ។
ប្រទេសកម្ពុជា ក៏បានចូលរួមជុំទីបួននៃការត្រួតពិនិត្យឡើងវិញជាសាកលតាមកាលកំណត់ (UPR) ក្រោមក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ យើងអាចរំលឹកថា ប្រទេសនេះបានទទួលយកអនុសាសន៍ចំនួន ១៧៣ នៅក្នុងពេលនៃការត្រួតពិនិត្យឡើងវិញកាលពីជុំមុន (ជុំទីបីនៃ UPR) ។ ប៉ុន្តែ ប្រទេសកម្ពុជា បានគ្រាន់តែកត់សម្គាល់ និងមិនទទួលយកអនុសាសន៍សំខាន់ៗចំនួនប្រហែល ២៥ ពីសហគមន៍ពិភពលោក ដែលភាគច្រើនទាក់ទងនឹងនឹងវិស័យជះផលប៉ះពាល់ខ្លាំង ដែលត្រូវការកំណែទម្រង់ ជាពិសេសដើម្បីបើកចំហលំហពលរដ្ឋនិងនយោបាយ ព្រមទាំងដោះលែងអ្នកជាប់ឃុំឃាំងផ្នែកនយោបាយ/សិទ្ធិមនុស្ស។
យើងសង្ឃឹមថា សម្រាប់ជុំទីបួននេះ នឹងមានការទទួលស្គាល់តម្រូវការក្នុងការដោះស្រាយបញ្ហាទាំងនោះប្រកបដោយប្រសិទ្ធភាព។
៣. ការបោះឆ្នោត
ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ មានការបោះឆ្នោតចំនួនបីលើកនៅកម្រិតផ្សេងគ្នា ក្នុងប្រទេសកម្ពុជា។ មានការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភានៅខែកក្កដា ឆ្នាំ២០២៣, ការបោះឆ្នោតព្រឹទ្ធសភានៅខែកុម្ភៈ ឆ្នាំ២០២៤, និងការបោះឆ្នោតក្រុមប្រឹក្សារាជធានី/ខេត្ត/ក្រុង/ស្រុក/ខណ្ឌ នៅខែឧសភា ឆ្នាំ២០២៤។ អាសនៈភាគច្រើនបានទៅគណបក្សកាន់អំណាច ដែលមានសិទ្ធិផ្តាច់មុខចាប់តាំងពីឆ្នាំ២០១៧មក។ ពាក្យពេចន៍យ៉ាងច្បាស់ដែលចេញពីស្ថាប័នកំពូលនៃប្រព័ន្ធសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ពិពណ៌នាអំពីស្ថានភាពនេះយ៉ាងត្រឹមត្រូវ (តាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការសហប្រជាជាតិ) ថា៖
“ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស… បានសម្តែងការសោកស្ដាយដែលការបោះឆ្នោតសាកលនៅកម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដា (ឆ្នាំ២០២៣) បានរៀបចំឡើងក្នុងស្ថានភាពរឹតត្បឹតយ៉ាងធ្ងន់ធ្ងរ ដែលជះឥទ្ធិពលអវិជ្ជមាន ទៅលើសិទ្ធិនានារបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការចូលរួមឲ្យបានពេញលេញ និងដោយស្មើភាពគ្នា នៅគ្រប់ដំណាក់កាលនៃដំណើរការបោះឆ្នោត។ ច្បាប់និងគោលនយោបាយដែលមានលក្ខណៈរឹតបន្តឹង បានប៉ះពាល់យ៉ាងខ្លាំង ដល់ការចុះឈ្មោះនិងការចូលរួមរបស់គណបក្សនយោបាយនិងបេក្ខជនគណបក្សប្រឆាំង។ សហជីព, អង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយ ត្រូវបានផ្តោតជាគោលដៅ តាមរយៈដំណើរការព្រហ្មទណ្ឌ និងដំណើរការផ្លូវច្បាប់, ការគំរាមកំហែង, ការបំភិតបំភ័យ និង ជួនកាល តាមរយៈការវាយប្រហារលើរាងកាយទៀតផង។
ឧត្តមស្នងការ មានប្រសាសន៍ថា «នេះជាការព្រួយបារម្ភមួយ ដែលប្រទេសកម្ពុជាបានទទួលរងពីការរួញខើចនៃលំហប្រជាធិបតេយ្យជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលធ្វើឲ្យចុះខ្សោយដល់សេរីភាពជាមូលដ្ឋាន និងសិទ្ធិក្នុងការចូលរួមនៅក្នុងកិច្ចការសាធារណៈ»។
“គណបក្សនយោបាយប្រឆាំង, សកម្មជន, សមាជិកប្រព័ន្ធផ្សព្វផ្សាយ និងអ្នកផ្សេងទៀត បានប្រឈមមុខនឹងការរឹតបន្តឹងនិងការសងសឹកជាច្រើន ដែលហាក់ដូចជាមានបំណងទប់ស្កាត់ការរៀបចំយុទ្ធនាការនយោបាយ និងរារាំងដល់ការប្រើប្រាស់សេរីភាពជាមូលដ្ឋាន ដែលចាំបាច់សម្រាប់ការបោះឆ្នោតដោយសេរីនិងមានការចូលរួមពេញលេញ។
នៅពេលការបោះឆ្នោតជិតចូលមកដល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដកសិទ្ធិគណបក្សនយោបាយឈានមុខគេចំនួនពីរ ដែលរួមមានទាំងគណបក្សភ្លើងទៀនដែរ។ នៅមុនថ្ងៃបោះឆ្នោត និយ័តករទូរគមនាគមន៍របស់រដ្ឋាភិបាល បានបញ្ជាអ្នកផ្តល់សេវាអ៊ីនធឺណិតឲ្យបិទខ្ទប់គណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយចំនួនបី ដែលគេចាត់ទុកថារិះគន់រដ្ឋាភិបាល»។
ជាការខកចិត្តយ៉ាងខ្លាំងនោះ គឺថា ការបោះឆ្នោតទាំងនោះ ស្ថិតនៅឆ្ងាយពីភាពសេរីនិងយុត្តិធម៌ ហើយរដ្ឋបាលដឹកនាំថ្មី ចាំបាច់ត្រូវដោះស្រាយបញ្ហានេះដោយបើកចំហនិងដោយប្រសិទ្ធភាព។ នាឡិកាមួយទៀតកំពុងដើរទៅមុខដែរនោះ គឺថា រដ្ឋបាលថ្មីនេះ មានរយៈពេល(ជាង)បីឆ្នាំ មុនឈានដល់ការបោះឆ្នោតឃុំ/សង្កាត់ឆ្នាំ២០២៧ ដើម្បីបញ្ជាក់ថាតើរដ្ឋបាលនេះ អាចធ្វើឲ្យមានពហុភាពនិយម ក្នុងការអនុលោមតាមតម្រូវការនៃលទ្ធិប្រជាធិបតេយ្យដែរឬទេ។
ចំណុចគួរឱ្យចាប់អារម្មណ៍ ចេញពីទិដ្ឋភាពសិទ្ធិស្ត្រីនោះ គឺថា ការចូលរួមរបស់ស្ត្រីនៅមានកម្រិតទាបខ្លាំងណាស់។ បច្ចុប្បន្ននេះ មានស្ត្រីតែ១៦នាក់ប៉ុណ្ណោះ ក្នុងចំណោមសមាជិករដ្ឋសភាសរុបចំនួន១២៥រូប។ នៅក្នុងការបោះឆ្នោតថ្នាក់ខេត្តនាពេលថ្មីៗនេះ តាមព័ត៌មានទទួលបាន នៅក្នុងក្រុមប្រឹក្សារាជធានី/ខេត្ត ក្នុងចំណោមសមាជិកក្រុមប្រឹក្សាសរុបចំនួន ៥៥៩ នាក់ មានសមាជិកក្រុមប្រឹក្សាស្ត្រី ប្រហែល ១៧%។ នៅក្នុងក្រុមប្រឹក្សាស្រុក/ខណ្ឌ ក្នុងចំណោមសមាជិកក្រុមប្រឹក្សាសរុបចំនួន ៣,៦៤១ រូប មានសមាជិកក្រុមប្រឹក្សាស្ត្រី តែ១៩.២២% ប៉ុណ្ណោះ។
ដូច្នេះ មានការងារជាច្រើន ដែលចាំបាច់ត្រូវធ្វើ ដើម្បីបង្កើនការចូលរួមយ៉ាងសំខាន់របស់ស្ត្រី នៅក្នុងគ្រប់ទិដ្ឋភាពទាំងអស់នៃជីវិតរស់នៅ ជាពិសេសក្នុងវិស័យនយោបាយ។
៤. ជនជាតិដើមភាគតិច
ដំណើរទស្សនកិច្ចរបស់អ្នករាយការណ៍ពិសេស ទៅជួបជាមួយក្រុមជនជាតិដើមភាគតិចមួយចំនួន បានបង្ហាញអំពីស្ថានភាពដូចខាងក្រោម។ ប្រទេសកម្ពុជា គួរទទួលបានការកោតសរសើរចំពោះការទទួលស្គាល់សញ្ញាណជំនឿនិងសិទ្ធិអំពីជនជាតិដើមភាគតិច នៅក្នុងច្បាប់។ ក៏ប៉ុន្តែ ឧបសគ្គជាច្រើននៅបន្តកើតមាន ក្នុងការសម្រេចឲ្យបាននូវសិទ្ធិទាំងនោះ។ ក្នុងកម្រិតមួយនោះ, ទោះបីជាមានលទ្ធភាពនៃការកំណត់ស្វ័យអត្តសញ្ញាណ សម្រាប់ក្រុមជនជាតិដើមភាគតិចក៏ដោយ ក៏មានក្រុមជនជាតិដើមភាគច្រើនមួយចំនួន មិនទាន់ទទួលបានការចុះបញ្ជីដោយអាជ្ញាធរនៅឡើយទេ ហើយរយៈពេលរង់ចាំ អាចមានរយៈពេលវែង។ កង្វល់សំខាន់មួយទៀតគឺការទាមទារដីដូនតា។ ខណៈដែលច្បាប់ចែងអំពីលទ្ធភាពទទួលបានបណ្ណកម្មសិទ្ធិសមូហភាពសម្រាប់ដីសហគមន៍នោះ ដំណើរការចុះបញ្ជីប្រើរយៈពេលវែងខ្លាំងពេក ហើយដំណើរការនេះចាំបាច់ត្រូវការពន្លឿន។ ទន្ទឹមគ្នានេះ ជនជាតិដើមភាគតិច ត្រូវប្រឈមមុខនឹងផលប៉ះពាល់អវិជ្ជមាននៃសម្បទានដីសេដ្ឋកិច្ច និងការទន្ទ្រានយកដី ដោយក្រុមដែលបានផលប្រយោជន៍ពីការទន្ទ្រានទាំងនេះ ដែលជារឿយៗ គឺតួអង្គធុរជន និងអ្នកមកពីខាងក្រៅ ហើយជួនកាលមានការឃុបឃិតជាមួយមន្ត្រីអាជ្ញាធរជាន់ខ្ពស់ទៀតផង។
សហគមន៍ជាច្រើនរងគ្រោះដោយសារបំណុល ដែលមួយផ្នែកបង្កឡើងដោយការផ្តល់ប្រាក់កម្ចីបែបជញ្ជក់ឈាម ទៅលើអ្នកខ្ចីប្រាក់ទាំងឡាយ។ បញ្ហាទាំងនេះ កាន់តែធ្ងន់ធ្ងរឡើងដោយសារការប្រើប្រាស់ដីសហគមន៍ជាវត្ថុបញ្ចាំ សម្រាប់ប្រាក់កម្ចីដែលសមាជិកមួយចំនួនក្នុងសហគមន៍បានប្រើប្រាស់ ទោះបីជាទង្វើបែបនេះ មិនគួរយកមកប្រើក៏ដោយ។ ការប្រើប្រាស់ប័ណ្ណកម្មសិទ្ធិដីសមូហភាព ក្នុងទម្រង់ជាប្រភេទបណ្ណ "ទន់" ធ្វើឲ្យចុះខ្សោយដល់ចំណងសម្ព័ន្ធភាពសហគមន៍ ដែលមិនគួរប្រើសម្រាប់ផលប្រយោជន៍បុគ្គល។
កង្វល់សំខាន់មួយ គឺទាក់ទងនឹងភាពមិនគ្រប់គ្រាន់នៃការពិគ្រោះយោបល់និងការចូលរួម ពីប្រជាជនទាំងនេះ។ គោលការណ៍ “ការយល់ព្រមដោយសេរី, ជាមុន និងមានព័ត៌មានគ្រប់គ្រាន់” មានជាប់ទាក់ទងយ៉ាងខ្លាំងសម្រាប់ការចរចានានា ដែលគួរតែធ្វើឡើងរវាងអាជ្ញាធរ និងក្រុមទាំងនេះ ដើម្បីទប់ស្កាត់សម្ពាធដែលអាចបណ្តាលឱ្យមានការផ្លាស់ទីលំនៅ។ ត្រូវមានការចូលរួមពាក់ព័ន្ធពីជនជាតិដើមភាគតិច នៅក្នុងដំណើរការគូសផែនទីដីធ្លីរបស់ពួកគេ ជាជាងការពឹងផ្អែកលើរូបភាពពីផ្កាយរណប សម្រាប់កំណត់ព្រំដែន ដែលមិនស៊ីចង្វាក់គ្នាទៅនឹងព្រំដែនសហគមន៍ជាក់ស្តែង។ ការសាកសួរជាសាធារណៈគួរត្រូវបានរៀបចំឡើងដោយមានការចូលរួមពាក់ព័ន្ធពីជនជាតិដើមភាគតិច និងក្រុមផ្សេងទៀត មុនពេលផ្តួចផ្តើមគម្រោង ដែលប៉ះពាល់ដល់ការរស់នៅនិងបរិស្ថានរបស់ពួកគេ។ ចំណុចនេះកាន់តែមានការជាប់ទាក់ទងខ្លាំងទៀត ដោយសារតែក្នុងបរិបទនៃការកើនឡើងកម្តៅផែនដីនិងការប្រែប្រួលអាកាសធាតុក្រោមអនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុនោះ សន្និសីទរដ្ឋភាគី (COP) ទទួលស្គាល់តួនាទីរបស់ជនជាតិដើមភាគតិច ជាអ្នកការពារព្រៃឈើនិងបរិស្ថានដែលជាប់ទាក់ទង។
អ្នករាយការណ៍ពិសេស ក៏មានការព្រួយបារម្ភដែរថា នៅតំបន់មួយ មានក្រុមហ៊ុនមួយបានមកបោះបង្គោលធ្វើរបងលើដីសហគមន៍ ដោយសហគមន៍ជនជាតិដើមភាគតិចមិនបានដឹង។ ក្រុមហ៊ុនក៏បានគំរាមចាត់វិធានការចំពោះសហគមន៍ជនជាតិដើមភាគតិច ប្រសិនបើព្យាយាមរុះរើបង្គោលទាំងនោះ។ នៅក្នុងស្ថានភាពមួយទៀត អ្នករាយការណ៍ពិសេសបានដឹងថា គេប្រាប់ឱ្យសហគមន៍ទទួលយកដីសហគមន៍ក្នុងទំហំតូចខ្លាំងជាងការទាមទារ ដើម្បីទទួលបានកម្មសិទ្ធិសមូហភាព ជាថ្នូរនឹងការបញ្ចប់ការចោទប្រកាន់ព្រហ្មទណ្ឌលើសមាជិករបស់ខ្លួន។ ការដោះដូរបែបនេះ ហួសហេតុពេកហើយ!
ក្រមបរិស្ថាននិងធនធានធម្មជាតិថ្មី ត្រូវបានក្រុមជាច្រើនធ្វើការរិះគន់ ចំពោះការលុបចោលជនជាតិដើមភាគតិចនិងសិទ្ធិរបស់ពួកគេ។ ច្បាប់នេះក៏ត្រូវបានភ្ជាប់ជាមួយនឹងតំបន់ការពារធម្មជាតិ ដែលអាចត្រួតស៊ីគ្នាជាមួយនឹងដីដូនតារបស់សហគមន៍ទាំងនេះ។ សហគមន៍មួយបានបន្ថែមថា ពួកគេបានស្ថិតនៅក្រោមកិច្ចព្រមព្រៀង ឬ "កិច្ចសន្យា" ជាមួយអាជ្ញាធរ ដែលបានដាក់កំហិតទៅលើសកម្មភាពរបស់ពួកគេនៅក្នុងតំបន់ការពារធម្មជាតិ ដែលត្រួតស៊ីគ្នាជាមួយដីដូនតា ហើយសហគមន៍ចង់បានការចរចាឡើងវិញចំពោះការរៀបចំនេះ ដោយមានការទទួលស្គាល់សិទ្ធិរបស់ពួកគេឲ្យបានពេញលេញ។
នៅកន្លែងដែលពួកគេព្យាយាមអះអាងទាមទារសិទ្ធិរបស់ខ្លួន ដូចជាតាមរយៈការធ្វើបាតុកម្មនោះ គួរឱ្យសោកស្តាយណាស់ ដែលពួកគេត្រូវបានកាត់ទោសពីបទញុះញង់ក្រោមច្បាប់ព្រហ្មទណ្ឌ និងការចោទប្រកាន់ជាប់ទាក់ទងផ្សេងទៀត។ ក្នុងដំណើរការនៃការអនុវត្តសិទ្ធិរបស់ខ្លួន សមាជិកជនជាតិដើមភាគតិច បែរជាត្រូវបានចោទពីបទឧក្រិដ្ឋទៅវិញ។ តាមសម្ដីរបស់សមាជិកសហគមន៍៖ «បើយើងលើកឡើងអំពីបញ្ហាដីធ្លីរបស់យើង គេហៅយើងថាជា “បក្សប្រឆាំង”»។
អ្នករាយការណ៍ពិសេស ទទួលបានព័ត៌មានសង្ខេបអំពីសំណុំរឿងតុលាការនានា ដែលតំណាងសហគមន៍ជនជាតិដើមភាគតិចត្រូវប្រឈមមុខជាមួយ ហើយដំណោះស្រាយដែលពួកគាត់ពេញចិត្តចង់បាន គឺការទម្លាក់សំណុំរឿងនោះចោល ដើម្បីធានាបាននូវយុត្តិធម៌ ដោយផ្អែកលើការគោរពយ៉ាងទូលំទូលាយចំពោះសេរីភាពបញ្ចេញមតិ និងការជួបប្រជុំដោយសន្តិវិធី។
ទាក់ទងនឹងការលេចឡើងនូវច្បាប់ភូមិបាលថ្មី យើងសង្ឃឹមថា នឹងមានការលើកឡើងបញ្ជាក់ឲ្យបានច្បាស់អំពីជនជាតិដើមភាគតិចនិងសិទ្ធិរបស់ពួកគេ។
សហគមន៍ទាំងឡាយក៏ត្រូវផាត់ចេញពីការទទួលបានការអប់រំ, ការថែទាំសុខភាព និងឱកាសការងារដែរ។ ទោះបីជាការអប់រំពហុភាសាដែលមានលំហសម្រាប់ភាសាជនជាតិដើមភាគតិច ក្នុងកម្រិតខ្លះក៏ដោយ ក៏ការផ្តល់នេះបានត្រឹមតែដើម្បីបញ្ចូលភាសាទាំងនោះនៅក្រោមភាសាជាតិ ជាជាងដើម្បីអភិរក្សភាសាជនជាតិដើមទាំងនោះសម្រាប់កូនចៅជំនាន់ក្រោយ។
ជាការសំខាន់ចាំបាច់ណាស់ដែលប្រជាជនជនជាតិដើមភាគតិច ទទួលបានតួនាទីធ្វើសេចក្តីសម្រេចកាន់តែច្រើន។ ពួកគេគួរមានលំហកាន់តែច្រើន ក្នុងការធ្វើជាអ្នកតស៊ូមតិដោយខ្លួនឯងផ្ទាល់ ដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរមួយ នៅក្នុងការទទួលបានយុត្តិធម៌ តម្រូវការចាំបាច់សម្រាប់ជីវិតរបស់ខ្លួន។ គួរមានលំហកាន់តែច្រើនសម្រាប់ជនជាតិដើមភាគតិច នៅក្នុងវិស័យពង្រឹងការអនុវត្តច្បាប់និងវិស័យនយោបាយ ចាប់តាំងពីថ្នាក់មូលដ្ឋានដល់ថ្នាក់ជាតិ។ អ្នកផ្តល់មតិម្នាក់បានលើកឡើងថា “ឧទ្យាននុរក្ស គួរជ្រើសរើសចេញពីសហគមន៍ជនជាតិដើមភាគតិច ជាជាងជ្រើសរើសមនុស្សពីខាងក្រៅសហគមន៍ក្នុងការល្បាតព្រៃនិងធនធាននានា”។ ម្នាក់ទៀតបន្ថែមថា “ជនជាតិដើមភាគតិចគួរក្លាយទៅជាមន្ត្រីឃុំ, ចៅក្រម និងសមាជិកគណបក្សនយោបាយ”។
ទោះបីជាមានគោលនយោបាយស្តីពីជនជាតិដើមភាគតិចក៏ដោយ ក៏កម្ពុជានៅមិនទាន់មានផែនការសកម្មភាពជាតិស្តីពីសិទ្ធិជនជាតិដើមភាគតិចនៅឡើយដែរ។ គួរតែមានសេវាច្រកចេញចូលតែមួយ ដើម្បីជួយសហគមន៍ក្នុងការទទួលសិទ្ធិជនជាតិដើមភាគតិចរបស់ខ្លួន។ គួរតម្រូវឲ្យមានវេទិកាឬក្រុមការងារថ្នាក់ជាតិ ដើម្បីជំរុញឱ្យពួកគេពិភាក្សាសន្ទនាជាមួយអាជ្ញាធរ ដោយមានការផ្តល់ថវិការៀបចំមកជាមួយដែរ។ ការប្រមូលទិន្នន័យនិងជំរឿនតាមកាលកំណត់ មានសារៈសំខាន់ចាំបាច់ក្នុងការក្តាប់ស្ថានភាពទាក់ទងនឹងជនជាតិដើមភាគតិច និងដើម្បីជំរុញឲ្យមានធនធានដែលឆ្លើយតបទៅនឹងតម្រូវការរបស់ពួកគេ។ ការយល់ដឹងរបស់សង្គមទៅលើជនជាតិដើមភាគតិច ក៏អាចបណ្តុះឡើងតាមរយៈការអប់រំកាន់តែច្រើនអំពីវប្បធម៌របស់ពួកគេ ក៏ដូចជាការរៀបចំពិធីបុណ្យជាតិឬអន្តរជាតិស្តីពីសិល្បៈ និងវប្បធម៌ជនជាតិដើមភាគតិច។ ចម្រុះភាពនៃវប្បធម៌ដែលចេញមកពីសហគមន៍ជនជាតិដើមភាគតិច ក្រោមឆ័ត្រច្បាប់អន្តរជាតិ គួរតែជាផ្នែកមួយនៃការអប់រំឆ្លងវប្បធម៌ ជាគុណតម្លៃបន្ថែម។
៥. ប្រព័ន្ធពន្ធនាគារ
អ្នករាយការណ៍ពិសេសបានដឹងអំពីកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ ក្នុងការគាំទ្រវិធីសាស្ត្រនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក៏ដូចជាកាត់បន្ថយភាពចង្អៀតណែននៅក្នុងពន្ធនាគារដែរ។ ក៏ប៉ុន្តែ ភាពជាប់គាំងភាគច្រើន គឺដោយសារតែទំនោរក្នុងការឃុំខ្លួនចំពោះសំណុំរឿងមុនការជំនុំជម្រះ ខណៈដែលជម្រើសជាទីពេញចិត្ត គួរតែធានាឲ្យមានការនៅក្រៅឃុំនិងវិធានការមិនឃុំខ្លួន។ ករណីជាច្រើនក៏មានជាប់ទាក់ទងទៅនឹងបទល្មើសគ្រឿងញៀន ដែលគួរត្រូវដោះស្រាយបានល្អប្រសើរ តាមរយៈការស្តារនីតិសម្បទាផ្អែកលើសហគមន៍ ជាជាងការដាក់ឃុំឃាំងខ្លួន។
ការប្រើប្រាស់កម្លាំងច្បាប់និងបទបញ្ជាដោយសភាពខ្លាំងក្លា ជារឿយៗ នាំឲ្យមានការចាប់ខ្លួនមនុស្សដោយងាយស្រួលពេក ក្រោមរូបភាពចាក់ស្រេះស្មុគ្រស្មាញរបស់ច្បាប់ ដែលធ្វើឲ្យជនក្រីក្រនិងជនមិនសូវមានការអប់រំ ទទួលរងយុត្តិធម៌បែបសង្ខេបនិងកំបុត្រឆ្កុយ តាមរយៈការបញ្ជូនពួកគេឱ្យជាប់ពន្ធនាគាររយៈពេលវែង ដោយមិនទទួលបានជំនួយផ្នែកច្បាប់និងការការពារសុវត្ថិភាពពេញលេញ ទៅលើសិទ្ធិទទួលបានការជំនុំជម្រះក្តីដោយយុត្តិធម៌ និងសិទ្ធិក្នុងការដាក់បណ្តឹងសារទុក្ខ។
ស្ត្រីស័ក្តិសមនឹងទទួលបានភាពថ្លៃថ្នូរកាន់តែប្រសើរ។ ជារឿយៗ កម្មវិធីដែលមាននៅក្នុងពន្ធនាគារ មិនបានគិតគូរដល់យេនឌ័រនោះទេ ដោយទម្លាក់អ្នកជាប់ឃុំឃាំងជាស្ត្រី ឲ្យទទួលបានត្រឹមតែការបណ្ដុះបណ្ដាលផ្នែកកាត់ដេរ និងសេដ្ឋកិច្ចផ្ទះសម្បែង ជាជាងទទួលបានសកម្មភាពពេញលេញដែលមានសម្រាប់មនុស្សប្រុស ដូចជាការបណ្តុះបណ្តាលផ្នែកវិស្វកម្ម និងការជួសជុលគ្រឿងម៉ាស៊ីន រួមជាមួយនឹងមុខវិជ្ជាជាច្រើនផ្សេងទៀត ដើម្បីជំរុញឱ្យមានអក្ខរកម្មប្រកបដោយនិរន្តរភាពនៅក្នុងពិភពឌីជីថលដែលកំពុងតែកើនឡើងឡើង។
ទាក់ទងនឹងកុមារ គោលការណ៍ទូទៅគឺថា កុមារគួរតែត្រូវញែកចេញពីនីតិជន ប្រសិនបើដាក់ពួកគេនៅទីតាំងជាមួយគ្នា លើកលែងតែមានទំនាក់ទំនងជាឪពុកម្តាយនិងកូន។ ជាការប្រសើរ ពួកគេគួរតែស្ថិតនៅក្នុងទីតាំងដាច់ដោយឡែកពីគ្នា ដោយមានបុគ្គលិកទទួលបានការបណ្តុះបណ្តាលជាពិសេស ដើម្បីចាត់ចែងកិច្ចការជាមួយកុមារ។ ទីតាំងសម្រាប់កុមារ មិនគួរគ្រប់គ្រងដោយបុគ្គលដេលគ្រប់គ្រង់ពន្ធនាគារសម្រាប់នីតិជននោះទេ។ អភិក្រមស្តារនីតិសម្បទាតាមសហគមន៍ គួរដាក់បញ្ចូលទៅក្នុងការត្រៀមរៀបចំ មុនពេលដែលទីតាំងនោះ បើកប្រតិបត្តិការ ជាជាងការបន្ថែមតាមក្រោយ។ ការលាយបញ្ចូលគ្នាដែលកាន់តែល្អជាងនេះ គឺត្រូវមានការចូលរួមពីក្រសួងសុខាភិបាល សហការជាមួយក្រសួងសង្គមកិច្ច ជាជាងស្ថាប័នដែលស៊ាំនឹងការប្រើដៃធ្ងន់ ក្នុងការគ្រប់គ្រងទីតាំងបែបនេះ។ ការដាក់ទណ្ឌកម្មលើរាងកាយនិងការដាក់ទណ្ឌតាមរយៈការដាក់ឃុំខ្លួនដាច់ដោយឡែកពីគេ ត្រូវតែហាមឃាត់ ហើយគួរតែមានការតាមដានប្រកបដោយភាពស៊ីចង្វាក់ទៅលើលក្ខខណ្ឌស្ថានភាពនៅក្នុងទីតាំងបែបនេះ។ ចំណុចនេះ គឺជាកម្មវត្ថុនៃគោលការណ៍សិទ្ធិកុមារទូទៅ ដែលថា ការឃុំខ្លួនកុមារ គួរអនុវត្តតែជាវិធានការចុងក្រោយប៉ុណ្ណោះ។
គេមិនគួរមើលរំលងដោយគ្មានការកត់សម្គាល់ទេថា ស្ថាប័នបិទជិតបែបនេះ ទំនងជាមានអនុវប្បធម៌ដែលមានលក្ខណៈអវិជ្ជមាន ភ្ជាប់ជាមួយនឹងការបំពានអំណាច។ ស្ថាប័នទាំងនេះ ក៏អាចជាកន្លែងបង្កាត់ពូជអំពើពុករលួយនិងកេងប្រវ័ញ្ចលើអ្នកជាប់ឃុំឃាំងដែរ។ ដូច្នេះ ប្រទេសកម្ពុជា គួរតែមានគោលបំណងឱ្យកាន់តែខ្លាំងក្លាថែមទៀត ក្នុងការអនុលោមតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិលើបញ្ហានេះ និងឆ្ពោះទៅរកវិធានការមិនឃុំខ្លួន និងវិធានការតាមសហគមន៍បន្ថែមទៀត រួមជាមួយនឹងកំណែទម្រង់ប្រព័ន្ធពង្រឹងការអនុវត្តច្បាប់ និងការកែលម្អគុណភាពប្រព័ន្ធតុលាការ និងមន្ត្រីអនុវត្តច្បាប់ដែលជាប់ទាក់ទង។ គួរតែមានលទ្ធភាពទទួលបានជំនួយផ្នែកច្បាប់កាន់តែច្រើន និងមានសមាជិកសង្គមស៊ីវិលជាអ្នកជួយ ដើម្បីបើកលំហសម្រាប់ជនត្រូវចោទ និងអ្នកជាប់ឃុំ ដោយមានការគាំទ្រដែលផ្តោតលើការយល់ចិត្តជាជាងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរ។
៦. លំហស៊ីវិលនិងនយោបាយ
ជាមួយនឹងការបង្កើតរដ្ឋបាលថ្មីនៅឆ្នាំ២០២៣ អ្នករាយការណ៍ពិសេសកំពុងតាមឃ្លាំមើលដោយចាប់អារម្មណ៍យ៉ាងខ្លាំង ដើម្បីមើលថាតើនឹងមានសេរីភាវូបនីយកម្មនៃលំហស៊ីវិលនិងនយោបាយឬទេ។ គួរឲ្យស្ដាយ រហូតមកដល់ពេលនេះ រឿងនេះមិនទាន់បានកើតឡើងនៅឡើយទេ។ អ្នកជាប់ឃុំនយោបាយនៅតែបន្តត្រូវឃុំខ្លួន ហើយអ្នកតស៊ូមតិសិទ្ធិមនុស្សនិងជនបរិស្ថាន បន្តត្រូវបានកាត់ទោសពីបទញុះញង់ និងបទល្មើសដែលជាប់ទាក់ទងក្នុងការប្រើប្រាស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ, ការជួបប្រជុំដោយសន្តិវិធី និងការស្វែងរកយុត្តិធម៌របស់ពួកគេទៅវិញ។ សូម្បីតែក្នុងអំឡុងពេលមានវត្តមានអ្នករាយការណ៍ពិសេសនៅក្នុងប្រទេសនេះក៏ដោយ ក៏មានការរាយការណ៍ថាក្រុមមួយចំនួន ទទួលរងការបំភិតបំភ័យ ដែលជាការរំលោភសិទ្ធិរបស់ពួកគេទៅវិញដែរ។
នៅពេលដែលមានការអំពាវនាវឱ្យបញ្ឈប់ភាពឥតត្រាប្រណីនៃច្បាប់នោះ ការឆ្លើយតបតាមរូបមន្ត ពីក្រុមមន្ត្រី មួយចំនួន ទំនងជាឆ្លើយថា "អ្វីៗគ្រប់យ៉ាង ធ្វើឡើងស្របតាមច្បាប់ជាតិទាំងអស់"។ ដូច្នេះហើយ យើងសង្ឃឹមថា ជនជំនាន់ថ្មីអាចចាកចេញពីការប្រើប្រាស់ពាក្យពេចន៍បែបនេះ ហើយជ្រើសរើសភាសាដែលកាន់តែជំរុញទឹកចិត្តបន្ថែមទៀត ពោលគឺ “អ្វីៗគ្រប់យ៉ាង ត្រូវតែធ្វើឡើងស្របតាមច្បាប់ជាតិ ដែលអនុលោមតាមច្បាប់អន្តរជាតិ”។
៧. ធុរកិច្ច និងសិទ្ធិមនុស្ស
នៅពេលប្រទេសកម្ពុជាកំពុងធ្វើដំណើរឆ្ពោះទៅរកចក្ខុវិស័យរបស់ខ្លួន ក្នុងការក្លាយទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០នោះ ការមកដល់នៃធុរកិច្ចថ្មីៗទាំងក្នុងស្រុកនិងឆ្លងដែន គឺជាការអញ្ជើញឲ្យមានការត្រៀមរៀបចំនិងការបង្ការប្រុងប្រយ័ត្ន ចំពោះផលប៉ះពាល់នៃធុរកិច្ចទៅលើសិទ្ធិមនុស្ស។ ដើម្បីណែនាំដល់សហគមន៍ក្នុងសាកលលោកលើប្រធានបទនេះ គោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិស្តីពីធុរកិច្ចនិងសិទ្ធិមនុស្ស ដែលគូសបញ្ជាក់ពីភារកិច្ចពង្រឹងគ្នាទៅវិញទៅមកចំនួនបី គឺកាតព្វកិច្ចរបស់រដ្ឋក្នុងការការពារ, កាតព្វកិច្ចរបស់វិស័យធុរកិច្ចក្នុងការគោរព និងទំនួលខុសត្រូវរួមគ្នាក្នុងការដោះស្រាយទៅលើការខូចខាត។ ភាគីពាក់ព័ន្ធសំខាន់មួយដែលគួរតែនាំមកចូលរួមដោយផ្ទាល់បន្ថែមទៀតនោះ គឺធុរកិច្ចទាំងឡាយនៅក្នុងប្រទេសគួរតែអនុម័តវិធានការត្រួតពិនិត្យដ៏ត្រឹមត្រូវនៅក្នុងប្រតិបត្តិការរបស់ខ្លួន ដូចជាការវាស់វែងផលប៉ះពាល់ទៅលើសិទ្ធិមនុស្ស។ ប្រការនេះជាការបើកទ្វារឱ្យមានការភ្ជាប់គ្នាជាមួយសិទ្ធិការងារ, ច្បាប់វិនិយោគ, ច្បាប់បរិស្ថាន និងអ្នកការពារសិទ្ធិមនុស្ស ដោយរួមទាំងក្រុមផ្សេងៗដែលបានកត់សម្គាល់ខាងលើ ដូចជាជនជាតិដើមភាគតិចជាដើម។
ការរក្សាការវិវត្តទៅមុខ គឺជាតម្រូវការដើម្បីបង្កើនល្បឿនគោលនយោបាយនិងការអនុវត្ត ទៅលើបញ្ហានេះ ដែលជាការបើកទ្វារឈានទៅរកតម្លាភាព ដែលក៏អាចជួយក្នុងការប្រឆាំងអំពើពុករលួយទៀតផង។ យើងសង្ឃឹមថាអាចមានការចាប់យកចំណុចនេះក្នុងពេលឆាប់ៗខាងមុខ ខណៈដែលអ្នករាយការណ៍ពិសេសបានលើកឡើងអំពីចំណុចនេះ ជាមួយនឹងថ្នាក់ដឹកនាំកំពូលៗរបស់រដ្ឋាភិបាល ក្នុងអំឡុងពេលដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០២៣។
៨. ភាពជាភាគីពាក់ព័ន្ធ
មជ្ឈដ្ឋានផ្លូវការបញ្ជាក់ថា មានប្រព័ន្ធផ្សព្វផ្សាយនិងអង្គការមិនមែនរដ្ឋាភិបាលជាច្រើននៅក្នុងប្រទេស។ អ្នកឃ្លាំមើល គួរប៉ាន់ប្រមាណទៅលើវិសាលភាពគុណភាព ជាជាងវិសាលភាពបរិមាណ។ ប្រសិនបើគេមើលឃើញថា ប្រព័ន្ធផ្សព្វផ្សាយ ឬអង្គការមិនមែនរដ្ឋាភិបាលនានា ជាអ្នកប្រឆាំងនឹងឥស្សរជនកាន់អំណាចនោះ ការងាររបស់ពួកគេច្រើនតែទទួលរងការរារាំងបន្ទុចបង្អាក់ដោយមន្ត្រីថ្នាក់ខ្ពស់ ហើយមានទម្លាប់គួរឱ្យសោកស្ដាយក្នុងការប្រើប្រាស់ច្បាប់ផ្សេងៗ ដូចជាបទប្បញ្ញត្តិស្តីពីការញុះញង់ក្នុងក្រមព្រហ្មទណ្ឌ និង/ឬច្បាប់ជាច្រើនដែលមានលក្ខណៈឥតត្រាប្រណី ដើម្បីរឹតត្បិតសេរីភាពសារព័ត៌មាន និងបណ្តាញអ៊ីនធឺណិតដែលជាប់ទាក់ទង។ ច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ដែលមានកេរ្តិ៍ឈ្មោះមិនល្អក្នុងពេលនេះ ដែលដាក់លក្ខខណ្ឌរឹតបន្តឹងលើការងាររបស់សង្គមស៊ីវិល ដូចជាត្រូវបង្ហាញថាពួកគេមានអព្យាក្រឹតភាព និងដាក់ឱ្យពួកគេទទួលរងនូវការធ្វើសវនកម្មហួសហេតុនោះ មិនទាន់បានបានកែទម្រង់ឲ្យបានឆាប់នៅឡើយនោះទេ។ .
តាមពិតទៅ មានច្បាប់, គោលនយោបាយ និងការអនុវត្តជាច្រើន ដែលជាប្រភេទរឹតត្បឹតទៅលើភាពជាភាគីពាក់ព័ន្ធ ដែលជាសញ្ញាណឥទ្ធិពលយ៉ាងសំខាន់នៃសង្គមប្រជាធិបតេយ្យ ហើយនៅក្នុងដំណើរស្វែងរកកំណែទម្រង់ទាំងនោះ អាជ្ញាធរគួរតែបញ្ឈប់ការអនុវត្តច្បាប់ប្រភេទរឹតត្បិតទាំងនេះឱ្យបានឆាប់រហ័ស។
៩. ទស្សនៈអន្តរជំនាន់
នៅពេលនេះ មានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាននៅក្នុងប្រទេសជិតខាងក្នុងតំបន់ ហើយនៅចុងឆ្នាំនេះ នឹងមានកិច្ចប្រជុំកំពូលសាកលស្តីពីអនាគត។ កិច្ចប្រជុំកំពូលសាកលស្តីពីអនាគត មានបំណងមិនត្រឹមតែជាតឹកតាងសាកលសម្រាប់អនាគតប៉ុណ្ណោះទេ ប៉ុន្តែក៏មានបំណងសម្រេចឲ្យមានសេចក្តីប្រកាសស្តីពីជំនាន់អនាគត និងបណ្តុំឌីជីថលសកល (Global Digital Compact) ដែរ។
ដោយសារតែប្រទេសកម្ពុជាមានការតាំងចិត្តសម្រាប់តំបន់នេះ ក៏ដូចជាសម្រាប់ពហុភាគីនិយម ដូចដែលបានឃើញនៅក្នុងការប្តេជ្ញាចិត្តចំពោះគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលគាំទ្រដោយអង្គការសហប្រជាជាតិដែរនោះ នេះជាការសំខាន់ខ្លាំងដែលត្រូវចងចាំថា អភិក្រមផ្អែកលើប្រជាជនជាស្នូល គឺជាធាតុផ្សំដ៏សំខាន់មួយនៃទេសភាពទាំងមូល ខណៈពេលដែលធាតុផ្សំសំខាន់នៃកិច្ចប្រជុំកំពូលស្តីពីអនាគត គឺអំពីការចូលរួមរបស់យុវជននៅក្នុងទស្សនវិស័យអន្តរជំនាន់។
ហេតុដូច្នេះហើយ សម្រាប់ប្រទេសកម្ពុជា នៅតែមានបញ្ហាប្រឈមក្នុងការសំយោគចូលគ្នារវាងសន្តិភាព, សិទ្ធិមនុស្ស, លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ពីព្រោះទាំងនេះ គឺជាសសរស្តម្ភពិតប្រាកដនៃការផ្លាស់ប្តូរពិតប្រាកដ។
ជាមួយនឹងនាឡិកាកំពុងតែដើរទៅមុខនេះ គេរង់ចាំការឆ្លើយតបដែលអាចជឿជាក់បាន និងមានលក្ខណៈអន្តរជំនាន់ ពីថ្នាក់ដឹកនាំកំពូល។
សូមអរគុណ។