សេចក្តី​ប្រកាស​ព័ត៌មាន

សាកលវិទ្យាល័យជាតិបាត់ដំបង (NUBB) ទទួលភារៈជាស្ថាប័នសម្របសម្រួល និងដឹកនាំថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារ (FTRIP) ដើម្បីជំរុញ ការស្រាវជ្រាវ និងនវានុវត្តន៍ក្នុងវិស័យម្ហូបអាហារនៅកម្ពុជា

04 August 2025

បាត់ដំបង ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥៖ សាកលវិទ្យាល័យជាតិបាត់ដំបង​ (NUBB) បានទទួលភារៈថ្មីក្នុងការដឹកនាំ និងសម្របសម្រួលថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារ (FTRIP) ដែលជាយន្តការពហុភាគី បំពេញភារកិច្ចប្រកប ដោយប្រសិទិ្ធភាពលើ​ផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍  (R&D) ព្រមទាំងនវានុវត្តន៍ក្នុងអនុវិស័យជលផល​​ក្រោយ​ប្រមូលផល​​ និងក្នុងឧស្សាហកម្ម​កសិម្ហូបអាហារនៅកម្ពុជា។  ភារៈជាស្ថាប័នម្ចាស់ផ្ទះថ្មីនេះ គឺជាការបើកកាលានុវត្តភាពដ៏ស្រួចស្រាវមួយបន្ថែម​ទៀត ដើម្បីពង្រឹងសក្តានុពលរបស់ថ្នាល FTRIP ក្នុងការរួមចំណែកអភិវឌ្ឍឧស្សាហកម្មម្ហូបអាហារនៅកម្ពុជាប្រកបដោយនិរន្តរភាព។

បណ្ឌិត សេតធី ស៊ីថារ៉ាម៉ា ថមបាធូ ប្រធានទីប្រឹក្សាបច្ចេកទេស របស់អង្គការ UNIDO លើកឡើងថា «FTRIP ត្រូវបានបង្កើតក្រោមគំនិតផ្តួចផ្តើមរបស់គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប​ (EU)​ ​និងអនុវត្តរួមគ្នាដោយ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការ UNIDO សម្រេចបានសមិទិ្ធផលជាដុំកំភួនជាច្រើនឆ្លើយតប​ និងចូលរួមដោះស្រាយបញ្ហាប្រឈមរបស់សហគ្រាស​ជលផលពាក់ព័ន្ធនឹងផលិតកម្ម គុណភាព និង​សុវត្ថិភាពម្ហូបអាហារ។ យើងក៏សូមយកឱកាសនេះ ថ្លែងអំណរគុណដល់ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ដែលជាស្ថាប័នម្ចាស់ផ្ទះដឹកនាំថ្នាល FTRIP​ ប្រកបដោយភាពជោគជ័យនាពេលកន្លងមក ហើយក៏ជឿជាក់ថា NUBB ក៏នឹងបន្តដឹកនាំថ្នាលប្រកបដោយផ្លែផ្កាបន្ថែមទៀត។»

គម្រោងស្រាវជ្រាវអនុវត្តន៍ចំនួន ២៣ ត្រូវបានបញ្ចប់ដោយជោគជ័យ ក្រោមកិច្ចគាំទ្ររបស់ FTRIP ក្នុងតម្លៃទឹកប្រាក់ ជាង ៣៥០.០០០ ដុល្លារអាមេរិក ដែលជាប្រយោជន៍ដល់គ្រឹះស្ថានឧត្តមសិក្សាចំនួន​ ៥ ជាពិសេសអ្នកស្រាវជ្រាវ និង​សាស្រ្តាចារ្យចំនួន ៦៨រូប​ និងនិស្សិតចំនួន ៨៦ នាក់។ បន្ថែមលើនេះ គម្រោងស្រាវជ្រាវចំនួន ៧​ ផ្សេងទៀត បានទទួលកញ្ចប់ថវិកាបន្ថែមចំនួន ១៥០.០០០ ដុល្លារអាមេរិក ដើម្បីពង្រីកផលិតកម្មឈានចូលទៅកាន់ទីផ្សារ។ ម៉ូឌុលស្តីពីគុណភាពផលិតផល ការធ្វីពាណិជ្ជកម្ម និង HACCP  ក៏ត្រូវបានបង្កើត និងដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សារបស់សាកលវិទ្យាល័យសមាជិកផងដែរ បន្ថែមពីលើការអនុម័ត​គោលការណ៍ណែនាំស្តីពី សន្ទស្សន៍នវានុវត្តន៍សហគ្រាសកម្ពុជា (CEII) ការចុះបញ្ជីប្រហុក​សៀមរាបជាម៉ាកសម្គាល់ភូមិសាស្រ្ត​ទំនិញ និងបានគាំទ្រដល់សាកលវិទ្យាល័យចំនួន ៤ ក្នុងការបង្កើតក្របខ័ណ្ឌកម្មសិទ្ធិបញ្ញា។ មជ្ឈមណ្ឌលអភិវឌ្ឍន៍ ការវេចខ្ចប់កម្ពុជា (CPC) បានបើកដំណើរការក្នុងខែធ្នូ ឆ្នាំ២០២៤ និងបានក្លាយជាសមាជិកពេញសិទ្ធិរបស់ អង្គការវេចខ្ចប់ពិភពលោក (WPO)​ នាពេលថ្មីៗនេះ ដែលជាឧត្តមប្រយោជន៍សម្រាប់សហគ្រាសក្នុងស្រុក ទទួលបានជំនួយបច្ចេកទេសពីថ្នាក់ជាតិ តំបន់ និងសកល។ ទាំងនេះជាសមិទ្ធិផលរបស់ថ្នាល FTRIP កន្លងមក។

អំឡុងពេលកិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសរបស់ថ្នាល FTRIP​ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ NUBB បានទទួលភារៈជាស្ថាបន័ម្ចាស់ផ្ទះថ្មី  បង្ហាញពីការប្តេជ្ញាចិត្ត​ក្នុងការលើកកម្ពស់នវានុវត្តន៍ផ្អែកលើការស្រាវជ្រាវ និងពង្រីកកិច្ចសហការរវាងរដ្ឋ និងឯកជន។ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ នៃសកលវិទ្យាល័យបាត់ដំបង បានសន្យាថានឹងយកចិត្តទុកដាក់ខ្ពស់ធ្វើយ៉ាងណា​ឱ្យថ្នាលដំណើការទៅបានដោយរលូន និងជោគជ័យ​ដោយសង្កត់ធ្ងន់លើគំនិតផ្តួចផ្តើមថ្មីៗដើម្បីជាផលប្រយោជន៍ដល់វិស័យម្ហូបអាហារ អ្នកស្រាវជ្រាវ និងនិស្សិត និងការគៀងគរការគាំទ្រហិរញ្ញវត្ថុសម្រាប់គម្រោងស្រាវជ្រាវបន្ថែមទៀត។ NUBB ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧ ដោយមានការទទួលស្គាល់ទាំងថ្នាក់ជាតិ និងអន្តរជាតិលើឧត្តមភាពផ្នែកសិក្សាធិការ ការស្រាវជ្រាវប្រកបដោយភាពច្នៃប្រឌិត និងការរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសនៅបណ្តាខេត្តភាគពាយព្យនៃព្រះរាជាណាចក្រកម្ពុជា។​ ដូច្នេះ NUBB ជាសាកលវិទ្យាល័យដែលមានស្ថានភាពដ៏គាប់ប្រសើរ ក្នុងការជ្រោមជ្រែងកិច្ចខិតខំ​ប្រឹងប្រែងបន្តសម្របសម្រួល FTRIP ក្នុងការពង្រឹងគម្រោងស្រាវជ្រាវអនុវត្តនៅតាមគ្រឹះស្ថាន​ឧត្តមសិក្សានៅកម្ពុជា ថ្វីត្បិតតែផ្តើមចេញពីវិស័យជលផលនាពេលនេះក៏ដោយ តែវិសាលភាព និងផលជះនឹងត្រូវបានពង្រីកបន្ថែមឱ្យ បានកាន់តែទូលំទូលាយលើផលិតកម្មស្បៀងអាហារនាពេលដ៏ខ្លីខាងមុខ។

ក្នុងការបញ្ជាក់ និងលើកឡើងពីតួនាទីសំខាន់របស់ FTRIP ក្នុងផ្នែកនវានុវត្តន៍ ឯកឧត្តម បណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសង្កត់ធ្ងន់ថា «ដើម្បីធានាបាននូវនិរន្តរភាពរបស់  FTRIP សមាជិកនឹងបន្តគាំទ្រលើឯករាជ្យភាពផ្នែកហិរញ្ញវត្ថុរបស់ថ្នាល  ដែលមានភាពជាសារវ័ន្តដើម្បី​ដោះស្រាយបញ្ហាប្រឈមផ្នែកកសិម្ហូបអាហារ  ធានាបានអនុលោមភាពសុវត្ថិភាពម្ហូបអាហារ និងការទទួលបានតម្លៃបន្ថែម​ ឈានទៅលើកកម្ពស់ភាពប្រកួតប្រជែងក្នុងទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញ ជាពិសេសទីផ្សារអឺរ៉ុប។» 

ស្រដៀងគ្នានេះផងដែរ បណ្ឌិត ខូវ គួង អនុប្រធាន រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា «FTRIP ដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រការអភិវឌ្ឍគោលនយោបាយ និងលើកស្ទួយកិច្ចសហការផ្នែកឧស្សាហកម្មម្ហូបអាហារ ជាពិសេសផ្នែកជលផលក្រោយ​ប្រមូលផល។ ខ្ញុំជឿជាក់ថា ក្រោមការដឹកនាំរបស់ NUBB ថ្នាល​ស្រាវជ្រាវនេះនឹងសម្រេចបានបច្ចេកវិទ្យាថ្មីៗ គាំទ្រ និងផ្តល់តម្លៃបន្ថែមដល់ផលិតផលជលផល និងកសិម្ហូបអាហារនៅកម្ពុជា។»

 

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

១​. បណ្ឌិត ស្រ៊ាន ពៅ សាកលវិទ្យាធិការរង សាកលវិទ្យាល័យជាតិបាត់ដំបង៖ srean.pao@nubb.eddu.kh

២. លោក អឹម សំរួល ជំនាញការផ្នែកទំនាក់ទំនង និងផ្សព្វផ្សាយ៖​ S.Im@unido.org 

Samruol_UNDP

Samruol Im

UNIDO
មន្ត្រីទំនាក់ទំនង និងផ្សព្វផ្សាយ នៃគម្រោង CAPFISH-Capture

អង្គភាពរបស់អង្គការសហប្រជាជាតិដែលចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ

UNIDO
អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម

គោលដៅប្រកបដោយចីរភាពដែលគាំទ្រតាមរយៈគំនិតផ្តួចផ្តើមនេះ