សេចក្តី​ប្រកាស​ព័ត៌មាន

ទីភ្នាក់ងារអង្គការសហប្រជាជាតិ ស្ថានទូត និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចុះទៅពិនិត្យទីកន្លែងស្នាក់នៅបណ្ដោះអាសន្នសម្រាប់ជនភៀសសឹកនៅខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប (០៦-០៧ សីហា ២០២៥)

07 August 2025

អំឡុងពេលជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន អ្នកសម្របសម្រួលស្តីទីអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា លោកសាដា អ៊ូម៉ាអាឡាម បានបញ្ចេញមតិអំពីដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ (០៦–០៧ សីហា ២០២៥) របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) ស្ថានទូត និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទៅកាន់ទីកន្លែងស្នាក់នៅបណ្ដោះអាសន្នសម្រាប់ជនភៀសសឹកនៅខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប។

រូបថត៖ ©UNCambodia/SreysrosKEO/2025

អង្គការសហប្រជាជាតិសូមស្វាគមន៍បទឈប់បាញ់ និងអំពាវនាវឲ្យប្រទេសកម្ពុជា និងប្រទេសថៃ គោរពបទឈប់បាញ់សំដៅសម្រេចបាននូវសន្តិភាពដែលស្ថិតស្ថេរយូរអង្វែង ។

 

ក្នុងអំឡុងពេលទស្សនកិច្ចនេះ ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) និងដៃគូនានា បានឃើញជាក់ស្តែងពីស្ថានភាពលំបាកដែលសហគមន៍ជនភៀសសឹកបាននឹងកំពុងជួបប្រទះ។ គ្រួសារជនភៀសសឹកមួយចំនួនកំពុងរងការលំបាកយ៉ាងខ្លាំង ហើយត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់។

យើងសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងការឆ្លើយតបយ៉ាងរហ័សរបស់ដៃគូជំនួយមនុស្សធម៌នានា រួមមានទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ព្រមទាំងអ្នកស្ម័គ្រចិត្តនានា ដែលបានធ្វើការដោយមិនខ្លាចនឿយហត់ ចាប់តាំងពីជម្លោះកើតឡើងមកម្ល៉េះ ដើម្បីផ្តល់ទីកន្លែងសុវត្ថិភាព ទីកន្លែងស្នាក់នៅបណ្ដោះអាសន្ន និងសេវាកម្មចាំបាច់ដល់អ្នករងផលប៉ះពាល់ទាំងនោះ។

កិច្ចខិតខំប្រឹងប្រែងបច្ចុប្បន្ន រួមមានដូចជា ការផ្តល់ទឹក អនាម័យ ទីកន្លែងស្នាក់នៅ អាហារ (រួមទាំងអង្ករ) សេវាថែទាំសុខភាព ការអប់រំ និងសេវាការពារ។

នៅក្នុងអំឡុងពេលជួបសំណេះសំណាលនោះ សហគមន៍ជនភៀសសឹកក៏បានអំពាវនាវឲ្យមានសន្តិភាព និងការត្រឡប់ទៅផ្ទះវិញប្រកបដោយសុវត្ថិភាព។ នេះជាបញ្ហាអាទិភាពដែលយើងទាំងអស់គ្នាត្រូវធ្វើការរួមគ្នាផ្តល់នូវការគាំទ្រ។

 

អង្គការសហប្រជាជាតិបន្តប្តេជ្ញាចិត្តក្នុងការធ្វើការជាមួយដៃគូទាំងអស់ ដើម្បីបន្តការគាំទ្រចំពោះការឆ្លើយតបមនុស្សធម៌ និងជួយសហគមន៍ជនភៀសសឹកស្ដារឡើងវិញនូវជីវភាពរស់នៅរបស់ពួកគេ។

umar

Sardar Umar Alam

UNESCO
អ្នកតំណាងប្រចាំប្រទេស

អង្គភាពរបស់អង្គការសហប្រជាជាតិដែលចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ

RCO
ការិយាល័យប្រធានអង្គការសហប្រជាជាតិ

គោលដៅប្រកបដោយចីរភាពដែលគាំទ្រតាមរយៈគំនិតផ្តួចផ្តើមនេះ