សេចក្តី​ប្រកាស​ព័ត៌មាន

កម្ពុជាទទួលការគាំទ្រពីមូលនិធិ Elsie Initiative (the Elsie Initiative Fund) ក្នុងការកំណត់កត្តាប្រឈមសម្រាប់ការបញ្ជូនស្រ្តីកងកម្លាំងនៅក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

28 April 2022

ទីក្រុងញូវយ៉ក ថ្ងៃទី 28 ខែមេសា ឆ្នាំ 2022 - ថ្ងៃនេះមូលនិធិសម្រាប់ស្ត្រីកងកម្លាំង​​ក្នុងប្រតិបត្តិការ​រក្សាសន្តិភាព​ប្រកាសថា កម្ពុជានឹងទទួលបានមូលនិធិគាំទ្រសម្រាប់អនុវត្តការសិក្សាស្រាវជ្រាវមួយ ក្នុងគោលបំណងកំណត់កត្តាប្រឈម ឬកត្តារារាំងទាំងឡាយ សម្រាប់ការបញ្ជូនស្រ្តីនៅក្នុងកងយោធពលខេមរភូមិន្ទចូលរួមនៅក្នុងប្រតិបត្តិការ​រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ប្រទេសកម្ពុជា គឺស្ថិតនៅក្នុងលំដាប់ទី២៥ ដែលបានបញ្ជូនកងកម្លាំងចូលរួមច្រើនជាងគេបង្អស់នៅក្នុងការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយនាពេលបច្ចុប្បន្នកម្ពុជា​ មានកងកម្លាំងចំនួន​៧៦៦​រូប ដែលក្នុងនោះមាន១៤​ភាគរយ​​​ ជាស្រ្តីស្ថិតនៅក្នុង​​កិច្ចប្រតិបត្តិការ។​

ក្នុងស្មារតីបេ្តជ្ញាចិត្តខ្ពស់ដើម្បីឈានឆ្ពោះឲ្យសម្រេចបាននូវសមភាពយេនឌ័រ កម្ពុជាគ្រោងបង្កើនភាគរយស្រ្តីកងកម្លាំងចូលរួមនៅក្នុងដំណើរការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ឲ្យបាន២០ភាគរយ គិតត្រឹមឆ្នាំ ២០២៤។​ គម្រោងគាំទ្រដោយមូលនិធិ Elsie Initiative គូសបញ្ជាក់នូវជំហានមួយសំខាន់នៅក្នុងការប្រែក្លាយការប្តេជ្ញាចិត្តឲ្យទៅជាសកម្មភាព។ តាមរយៈការប៉ាន់ប្រមាណប្រកប ដោយលក្ខណៈវិទ្យាសាស្ត្រ និងគ្រប់ជ្រុងជ្រោយ គម្រោងនឹងកំណត់កត្តាប្រឈម ឬកត្តារារាំង ក៏ដូចជា ឱកាសជាក់លាក់សម្រាប់ការចូលរួមពេញលេញប្រកបដោយអត្ថន័យរបស់ស្រ្តីនៅក្នុងជួរកងយោធពលខេមរភូមិន្ទ។ លទ្ធផល ក៏ដូចជាអនុសាសន៍ទទួលបានពីគម្រោងនឹងចូលរួមចំណែកនៅក្នុងការចងក្រងរៀបចំគោលនយោបាយ និងផ្តល់ជាមគ្គុទេសន៍គន្លឹះនៅក្នុងការធ្វើឲ្យប្រសើរឡើងសមត្ថភាពស្ថាប័នដើម្បីឆ្លើយតបទៅនឹងកត្តារារាំងដែលបានរកឃើញ ឬកំណត់បាន និងលើកកម្ពស់ការចូលរួមពេញលេញរបស់ស្រ្តីប្រកបដោយអត្ថន័យ។​

«ចេញពីប្រទេសមួយដែលមានអាជ្ញាធរអន្តរកាលនៃអង្គការសហប្រជាជាតិ (អ៊ុនតាក់) កម្ពុជាបានប្រែក្លាយទៅជាប្រទេសមួយ ដែលសកម្មក្នុងការបញ្ជូនកងកម្លាំងចូលរួមនៅក្នុងបេសកកម្មរក្សា  សន្តិភាពរបស់អង្គការសហប្រជាជាតិនៅអាហ្រ្វិក មជ្ឈឹមបូព៌ា និងអឺរ៉ុប។ ចាប់តាំងពីឆ្នាំ ២០០៦ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពចំនួន ៨៣០២រូប ក្នុងនោះស្រ្តីមានចំនួន ៥៨០រូប នៅក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិចំនួន​ប្រាំបួនប្រទេស។​ នៅក្នុងចំណោមវិស័យអាទិភាព ព្រះរាជាណាចក្រកម្ពុជាលើកកម្ពស់តួនាទីស្រ្តីនៅក្នុងភាពជាដឹកនាំ ការរក្សាសន្តិសុខ និងសន្តិភាព។ កម្ពុជាប្តេជ្ញាចិត្តខ្ពស់លើរបៀបវារៈស្តីពីស្រ្តី សន្តិភាព និងសន្តិសុខ ដែលជាផ្នែកដ៏ធំមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់យើងនៅក្នុងការរក្សាសន្តិសុខ សន្តិភាពជាសកល ក៏ដូចជាការលើកកម្ពស់ការចូលរួមរបស់ស្ត្រីនៅក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច និងសង្គមក្រោយការបញ្ចប់ជម្លោះ”​» ប្រសាសន៍របស់ឯកឧត្តម ​ប្រាក់​ សុខុនឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។  

តាមរយៈការប្រើយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ  កងយោធពលខេមរភូមិន្ទនឹងបង្កើតក្រុមការងារចម្រុះដែលមានភាគីពាក់ព័ន្ធសំខាន់ៗ ក្នុងការធានាឲ្យសម្រេចបានការអនុវត្តគម្រោងប្រកបដោយជោគជ័យ និងធានាឲ្យមានភាពជាម្ចាស់លើលទ្ធផលរបស់គម្រោងផងដែរ។ ក្រុមការងារចម្រុះនឹងមានសមាសភាពចូលរួមមកពីមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព (NPMEC) ក្រសួងការពារជាតិ ក្រសួងការបរទេស​​ និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងកិច្ចការនារី និងដៃគូសំខាន់ៗដទៃទៀតនៅក្នុងរដ្ឋាភិបាល។ ពេលស្ថិតនៅក្នុងដំណាក់កាលបញ្ចប់គម្រោង ក្រុមការងារចម្រុះនឹងធានាថា ​​​អនុសាសន៍ដែលទាញចេញពីការសិក្សាស្រាវជ្រាវ ត្រូវបានដាក់បញ្ចូលនៅក្នុងគោលនយោបាយ ផែនការសកម្មភាពជាតិ និងកម្មវិធីដែលពាក់ព័ន្ធរបស់ក្រសួងស្ថាប័ននៅក្នុងរដ្ឋាភិបាល។​

ស្ថិតក្នុងភាពជាដៃគូយ៉ាងជិតស្និទ្ធជាមួយនឹងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព (NPMEC)  និង​កងយោធពលខេមរភូមិន្ទ គម្រោងនឹងត្រូវសម្របសម្រួលដោយការិយាល័យទីភា្នក់ងារសហប្រជាជាតិ UN​ Women នៅកម្ពុជា ដែលជាដៃគូដ៏យូរអង្វែងមួយគាំទ្ររដ្ឋាភិបាលកម្ពុជានៅក្នុងការបង្កើនភាពអង់អាចដល់ស្រ្តី និងពន្លឿនឲ្យមានសមភាពយេនឌ័រ។ ការិយាល័យទីភា្នក់ងារសហប្រជាជាតិ UN Women នៅកម្ពុជានឹងសម្របសម្រួលការអនុវត្តគម្រោង រួមទាំងការជ្រើស​រើសវិទ្យាស្ថានស្រាវជ្រាវឯករាជ្យនៅក្នុងការធ្វើការប៉ាន់ប្រមាណកត្តារារាំងដោយប្រើប្រាស់វិធីសាស្ត្រ ក៏ដូចជាឧបករណ៍ដែលហៅថា​ ការវាស់វែងនូវឱកាសសម្រាប់ស្រ្តីនៅក្នុងប្រតិបត្តិការរក្សាសន្តិភាព​ Measuring Opportunities for Women in Peace Operations (MOWIP)​ ដែលចងក្រងបង្កើតឡើង ដោយមជ្ឈមណ្ឌល ​​សម្រាប់អភិបាលកិច្ចវិស័យសន្តិសុខនៅទីក្រុង​ហ្សឺណែវ (DCAF)។​

លោកស្រី Sarah Knibbs  ប្រធានស្តីទីនៃការិយាល័យតំបន់របស់ទីភ្នាក់ងារសហប្រជាជាជាតិ UN Women​​ សម្រាប់អាស៊ីប៉ាស៊ីហ្វិច​ បានលើកឡើងថា គម្រោងគឺជាចំនុចគោលមួយក្នុងការគាំទ្រកិច្ច​ខិតខំប្រឹងប្រែងរបស់កម្ពុជា បង្កើននូវការចូលរួមរបស់ស្ត្រីប្រកបដោយអត្ថន័យនៅក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នេះក៏ជាឧទាហរណ៍យ៉ាងសំខាន់មួយអំពីភាពជាពហុភាគីនៅក្នុងការធ្វើសកម្មភាព។ «នេះគឺបង្ហាញភាពជាអ្នកដឹកនាំរបស់កម្ពុជានៅក្នុងការប្រែក្លាយស្មារតីបេ្តជ្ញាចិត្ត ឲ្យទៅជាសកម្មភាពជំហានដំបូងយ៉ាងរឹងម៉ាំដែលនាំឆ្ពោះទៅទទួលបានគោលដៅ។ នេះក៏ស្របពេលផងដែរជាមួយតួនាទី និងអាទិភាពរបស់កម្ពុជា​ ក្នុងនាមជាប្រធានអាស៊ាននៅក្នុងឆ្នាំនេះ ដែល​​ផ្តោតលើការពន្លឿនរបៀបវារៈស្តីពីស្រ្តី សន្តិភាព និងសន្តិសុខនៅក្នុងអាស៊ាន។ នាងខ្ញុំមានជំនឿថា គម្រោងនឹងធ្វើឲ្យមានការសាយភាយលទ្ធផលជាវិជ្ជមានផងដែរនៅក្នុងតំបន់អាស៊ាន និងសង្ឃឹមថាគម្រោងជំរុញលើកទឹកចិត្តដល់បណ្តាសមាជិកអាស៊ានផ្សេងទៀត» លោកស្រី ​ Sarah Knibbs  បានបន្ថែម។

តាមរយៈការដឹកនាំដោយបង្ហាញនូវភាពជាគម្រូ កម្ពុជាគឺស្ថិតនៅក្នុងលំដាប់ទី២ នៃប្រទេសដែលបានបញ្ជូនស្រ្តីកងកម្លាំងរក្សាសន្តិភាពនៅក្នុងចំណោមបណ្តាប្រទេសសមាជិកអាស៊ាន។​ ជាមួយនឹងការអនុវត្តគម្រោងនេះ កម្ពុជាមានគោលបំណងលើសពីការសម្រេចបាននូវគោលដៅយេនឌ័រ ១១ ភាគរយគិតត្រឹមឆ្នាំ២០២៤ ដែលកំណត់នៅក្នុងយុទ្ធសាស្រ្តកាត់បន្ថយគម្លាតយេនឌ័រនៅក្នុងកងកម្លាំងរបស់អង្គការសហប្រជាជាតិ ២០១៨ - ២០២៨។​

***

អំពីមូលនិធិ  Elsie Initiative (EIF)

បង្កើតឡើងដោយអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលប្រទេសកាណាដានៅក្នុងឆ្នាំ ២០១៩ ហើយមូលនិធិ គឺមានលក្ខណៈច្នៃប្រឌិត ជាមូលនិធិពហុភាគី ដែលមានគោលបំណងបង្កើនល្បឿន វឌ្ឍនភាពឆ្ពោះទៅទទួលគោលដៅសូចនាករយេនឌ័រ ដែលស្របជាមួយសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​ និង​យុទ្ធសាស្រ្តកាត់បន្ថយគម្លាតយេនឌ័រនៅក្នុងកងកម្លាំងរបស់អង្គការសហប្រជាជាតិ ២០១៨ - ២០២៨ Uniformed Gender Parity Strategy 2018-2028។ ​​        មូលនិធិនេះ ចូលរួមចំណែកដោយរដ្ឋាភិបាលប្រទេសអូស្ត្រាលី កាណាដា ដាណឺម៉ាក ហ្វាំងឡង់   អាល្លឺម៉ង់ ន័រវែស សាធារណៈរដ្ឋកូរ៉េ និងអង់គ្លេស។  មូលនិធិ  Elsie Initiative (EIF) គាំទ្រឲ្យមាននិរន្តភាពនៃការបញ្ជូន និងចូលរួមពេញលេញប្រកបដោយអត្ថន័យ​របស់ស្រ្តីកងកម្លាំងរក្សាសន្តិភាព តាម​រយៈការផ្តល់ការគាំទ្រមូលនិធិ។ សម្រាប់ព័ត៌មានបន្ថែមអំពីមូលនិធិ សូមស្វែងយល់តាម​បណ្តាញសង្គមធ្វីតធើ Twitter @ElsieFund និង តាមរយៈគេហទំព័រ https://elsiefund.org

ទំនាក់ទំនងព័ត៌មានៈ

Elsie Initiative Fund: Shuyu Luo shuyu.luo@unwomen.org

UN Women: Montira Narkvichien montira.narkvichien@unwomen.org; Yoomi Jun yoomi.jun@unwomen.org

 

អង្គភាពរបស់អង្គការសហប្រជាជាតិដែលចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ

UN Women
ការិយាល័យភ្នាក់ងារសហប្រជាជាតិលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្រ្តី

គោលដៅប្រកបដោយចីរភាពដែលគាំទ្រតាមរយៈគំនិតផ្តួចផ្តើមនេះ