ការបន្តឡើងវិញនៃកិច្ចសន្ទនាប្រចាំឆ្នាំរវាងអង្គការសហប្រជាជាតិ និងសម្តេចនាយករដ្ឋមន្ត្រី៖ ការប្តេជ្ញាចិត្តក្នុងការពង្រឹងការអភិវឌ្ឍធនធានមនុស្ស និងភាពធន់នៅប្រទេសកម្ពុជា
សរសេរដោយ ការិយាល័យអ្នកសម្របសម្រួលអង្គការសហប្រជាជាតិនៅកម្ពុជា
នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៣ រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបើកកិច្ចសន្ទនាប្រចាំឆ្នាំលើកទី៦ ជាមួយប្រព័ន្ធអង្គការសហប្រជាជាតិ ដឹកនាំដោយអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា លោក ចូ សូយ័រ ។
កិច្ចសន្ទនាប្រចាំឆ្នាំរវាងអង្គការសហប្រជាជាតិ និងសម្តេចនាយករដ្ឋមន្ត្រី គឺជាវេទិកាកម្រិតខ្ពស់មួយ ដើម្បីពិនិត្យ និងឆ្លុះបញ្ចាំងពីការរួមចំណែករួមគ្នារវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាពិភាក្សាអំពីអាទិភាពនៃការអភិវឌ្ឍជាតិនានា រួមទាំងវឌ្ឍនភាពឆ្ពោះទៅរកការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា(CSDGs) និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងប្រព័ន្ធអង្គការសហប្រជាជាតិ។
ក្នុងកិច្ចសន្ទនានេះ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានធ្វើបច្ចុប្បន្នភាពជូនលោកនាយករដ្ឋមន្ត្រីអំពីវឌ្ឍនភាពរួមគ្នាក្នុងការអនុវត្តក្របខ័ណ្ឌជំនួយអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិក្នុងពេលបច្ចុប្បន្ន(UNDAF2019–2023) និងការបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាពអង្គការសហប្រជាជាតិថ្មី (UNSDCF 2024-2028) ដើម្បីគាំទ្រដល់ផែនការអភិវឌ្ឍន៍យុទ្ធសាស្ត្រជាតិ និងដើម្បីដោះស្រាយបញ្ហាអាទិភាពរបស់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព រួមទាំងគម្លាតនានា។
កិច្ចសន្ទនាប្រចាំឆ្នាំ ២០២៣ បានផ្តោតលើប្រធានបទចំនួន ២៖ (១) ការពង្រឹងប្រព័ន្ធសុខភាពដែលមានភាពធន់ឆ្ពោះទៅរកការធានារ៉ាប់រងសុខភាពជាសកល (UHC) និងទី (២) ការពង្រីកការគ្របដណ្តប់ និងវិសាលភាពនៃការគាំពារសង្គម។ កិច្ចពិភាក្សាបានផ្តោតលើអាទិភាពរបស់រាជរដ្ឋាភិបាល និងទិសដៅយុទ្ធសាស្ត្រសម្រាប់ប្រព័ន្ធសុខភាពដែលមានភាពធន់រឹងមាំឆ្ពោះទៅរកការធានារ៉ាប់រងសុខភាពជាសកល (UHC) និងការធ្វើឱ្យប្រសើឡើង ក៏ដូចជាពង្រីកការគ្របដណ្តប់ប្រព័ន្ធគាំពារសង្គមដែលការពារប្រជាពលរដ្ឋទាំងអស់ក្នុងប្រទេសកម្ពុជា ជាពិសេសជនក្រីក្រ និងជនងាយរងគ្រោះពី ហានិភ័យ និងគ្រោះថ្នាក់ផ្សេងៗ។
អង្គការសហប្រជាជាតិនៅកម្ពុជាបានប្តេជ្ញាជាថ្មីក្នុងការជួយដល់អាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងប្រព័ន្ធសុខភាពដែលមានភាពធន់ និងការធានារ៉ាប់រងសុខភាពជាសកល (UHC) នៅក្នុងតំបន់យុទ្ធសាស្ត្រ រួមទាំងការរៀបចំប្រព័ន្ធសុខភាពសម្រាប់គ្រោះអាសន្នសុខភាពនៅថ្ងៃមុខ ជំងឺរាតត្បាត និងការពង្រឹងការថែទាំសុខភាពបឋមដែលជាមាគ៌ាដ៏មានប្រសិទ្ធភាព និងសមធម៌បំផុតសម្រាប់ការឆ្ពោះទៅរកការធានារ៉ាប់រងសុខភាពជាសកល (UHC) ។
ជុំវិញកិច្ចគាំពារសង្គមវិញ អង្គការសហប្រជាជាតិបានគូសបញ្ជាក់ពីអភិក្រមយុទ្ធសាស្ត្រ និងការប្តេជ្ញាក្នុងការគាំទ្រដល់ការពង្រីកបន្តិចម្តងៗ នៃការគ្របដណ្តប់ វិសាលភាព និងគុណភាពនៃការគាំពារសង្គម ដើម្បីសម្រេចបាននូវប្រព័ន្ធគាំពារសង្គមប្រកបដោយសុខដុមរមនា។ អង្គការសហប្រជាជាតិផ្តល់ជំនួយបច្ចេកទេសដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍គោលនយោបាយ ក៏ដូចជាគាំទ្រដល់ការពង្រីកប្រព័ន្ធគាំពារសង្គម រួមទាំងការការពារជនងាយរងគ្រោះបំផុតរួមបញ្ចូលទាំងកម្មករទាំងក្នុងសេដ្ឋកិច្ចក្រៅផ្លូវការ និងក្រៅប្រព័ន្ធ និងការការពារសុខភាពផងដែរ ។
អង្គការសហប្រជាជាតិមានក្តីសោមនស្សក្នុងការបន្តកសាងភាពជាដៃគូជាមួយរដ្ឋាភិបាលកម្ពុជា និងដើម្បីកៀរគរកិច្ចខិតខំប្រឹងប្រែងរួមគ្នា គាំទ្រដល់អាទិភាពរបស់រដ្ឋាភិបាលក្នុងការពន្លឿនគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ អង្គការសហប្រជាជាតិនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសមភាគីពាក់ព័ន្ធក្នុងរាជរដ្ឋាភិបាលកម្ពុជាក្នុងការទទួលយកអនុសាសន៍ និងសកម្មភាពនានាដែលបានពិភាក្សាក្នុងកិច្ចសន្ទនានេះ។
សុន្ទរកថាដោយ លោក ចូ សូយ័រ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា