អត្តបទពី UNIDO ប្រចាំប្រទេសកម្ពុជា
ជារៀងរាល់ថ្ងៃ គ្រួសារកម្ពុជា និយមទទួលទានត្រីដែលនេសាទបានពីទន្លេមេគង្គ ឬស្ទឹង បឹងបួរ ផ្សេងទៀត។ ប្រជាពលរដ្ឋកម្ពុជា ចូលចិត្តទទួលទានត្រីទីឡាព្យ៉ា ត្រីស្ពង់ ត្រីរ៉ស ត្រីកាប និងត្រីអណ្តែងជាដើម។ មុខម្ហូបអាម៉ុកត្រី ចម្ហុយជាមួយខ្ទិះដូងខ្ចប់ស្លឹកចេក ជាមុខអាហារដែលពេញនិយមសម្រាប់កម្មវិធីទទួលអាហារផ្សេងៗនៅកម្ពុជា។
មិនថាសម្រាប់មុខម្ហូបមួយណានោះទេ ត្រីដែលគេយកមកចម្អិន ភាគច្រើនជាប្រភេទត្រីងៀត ឬត្រីឆ្អើដែលត្រូវបានគេសម្ងួតដើម្បីរក្សាទុកប្រើប្រាស់។ ជាក់ស្តែង អ្នកកែច្នៃផលនេសាទ និងអ្នកលក់ត្រី ហាលសម្ងួតត្រីដើម្បីទុកលក់ ខណៈដែលប្រជាពលរដ្ឋនៅតាមគេហដ្ឋាន ហាលសម្ងួតត្រីទុកទទួលទានពេលក្រោយ។ ជាធម្មតា ពួកគេហាលសម្ងួតត្រីក្រោមកម្តៅថ្ងៃ ឬឆ្អើដោយដុតអុស ឬធ្យូង។ ជនជាតិខ្មែរគ្រប់រូប ដឹងយ៉ាងច្បាស់អំពីការឆ្អើ ឬហាលសម្ងួតត្រីបែបប្រពៃណីនេះ និងក្លិនរបស់វា។
នេះជាវិធីសម្ងួតត្រី ដែលបានបន្សល់ទុកពីពីដូនតាខ្មែរជាយូរលង់ណាស់មកហើយ ដែលមើលទៅហាក់ដូចជាពុំសូវសមប្រកប ហើយពិបាកនឹងផ្លាស់ប្តូរណាស់។ ប៉ុន្តែយើងអាចឆ្ងល់ថា ហេតុអ្វីបាន ជាយើងចាំបាច់យកចិត្តទុកដាក់ចំពោះរឿងនេះ?
ចំណុចនៅត្រង់ថា វិធីសាស្រ្តហាលសម្ងួតត្រីតាមបែបប្រពៃណីនេះ គឺពុំសូវមានប្រសិទ្ធភាព អនាម័យ និងនិរន្តរភាពទេ។ ការហាលសម្ងួតត្រីក្រោមកម្តៅថ្ងៃមានលក្ខណៈបើកចំហរ ធ្វើឲ្យត្រីងៀតអាចឆ្លងមេរោគ ស្ងួតមិនស្មើសាច់ល្អ និងខូចរសជាតិជាដើម។ ត្រីងៀតដែលហាលសម្ងួតបែបនេះ ក៏អាចប្រឡាក់ជាប់ធូលី ប្រឈមនឹងសត្វល្អិត ឬលាមកសត្វបក្សីផ្សេងៗ។ បន្ថែមលើនេះ ការប្រើអុស ធ្យូង ឬឥន្ធនៈហ្វូស៊ីលដុតកម្តៅឆ្អើសម្ងួតត្រី បញ្ចេញផ្សែងដែលអាចប៉ះពាល់ដល់សុខភាពផ្លូវដង្ហើមរបស់មនុស្ស ហើយវាក៏ចូលរួមធ្វើឲ្យមានការប្រែប្រួលអាកាសធាតុបន្ថែមទៀត និងការបាត់បង់ទីជម្រកសត្វផងដែរ។
ឈរលើមូលដ្ឋាននេះ អ្នកកែច្នៃផលនេសាទកាន់តែច្រើនឡើង បានផ្លាស់ប្តូរមកប្រើប្រាស់វិធីសាស្ត្រទំនើបក្នុងការហាលសម្ងួតត្រី ដោយប្រើប្រាស់បច្ចេកវិទ្យាសូឡាដើម្បីលមានឈ្មោះថា «ទូសម្ងួតពន្លឺព្រះអាទិត្យ»។ ទូសម្ងួតពន្លឺព្រះអាទិត្យនេះ មានរូបរាងដូចផ្ទះកញ្ចក់ សង់ឡើងនៅលើកម្រាលបេតុង ដោយប្រើគ្រោងដែកស្រាលៗ ប្រក់ដោយវត្ថុធាតុប៉ូលីកាបូណាតដែលអាចឲ្យពន្លឺព្រះអាទិត្យឆ្លងកាត់បាន។ នៅក្នុងទូសម្ងួតនេះ គេដាក់ត្រីហាលលើធ្នើរដែលអាចរៀបចំលៃតម្រូវតាមទីតាំងបាន។ កម្តៅ និងពន្លឺព្រះអាទិត្យអាចឆ្លងកាត់ចេញចូលទៅក្នុងទូសម្ងួតនេះបានយ៉ាងងាយស្រួលដើម្បីហាលសម្ងួតត្រីបានយ៉ាងល្អ ហើយវាជួយការពារត្រីងៀតពីធូលី និងសត្វល្អិតផ្សេងៗ។ កង្ហារបឺតខ្យល់ដើរដោយថាមពលពន្លឺព្រះអាទិត្យក្នុងទូសម្ងួត ជួយរក្សាសីតុណ្ហាភាពខាងក្នុងទូសម្ងួតនេះបានយ៉ាងល្អបំផុត។
ការហាលសម្ងួតត្រីក្នុងទូសម្ងួតពន្លឺព្រះអាទិត្យនេះមានសុវត្ថិភាពខ្ពស់ និងឆាប់ស្ងួតជាងការហាលសម្ងួតតាមបែបប្រពៃណី។ វាធ្វើឲ្យត្រីងៀតនៅមានរសជាតិកាន់តែឆ្ងាញពិសារផងដែរ។
ការផ្លាស់ប្តូមកប្រើប្រាស់ទូសម្ងួតពន្លឺព្រះអាទិត្យ គឺជាការផ្លាស់ប្តូរតូចមួយក្នុងរបៀបហាលសម្ងួតត្រី ដែលត្រូវបានប្រើប្រាស់ដ៏ទូលំទូលាយ ហើយកិច្ចការនេះត្រូវបានជំរុញ និងគាំទ្រដោយ រដ្ឋបាលជលផលកម្ពុជា (FiA) ក្រោមជំនួយបច្ចេកទេសពីអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) និងការគាំទ្រថវិកាពី សហភាពអឺរ៉ុប (EU)។ មកទល់ពេលនេះ មានសហគ្រាសកែច្នៃផល ផលិតផលជលផលចំនួន ១០ បានទទួលយក និងប្រើប្រាស់បច្ចេកវិទ្យានេះ ក្រោមជំនួយបច្ចេកទេស និងការគាំទ្រជាសម្ភារ បរិក្ខារពីស្ថាប័នខាងលើ។ ពួកគេក៏នឹងបន្តគាំទ្រទៅដល់សហគ្រាសកែច្នៃផល ផលិតផលជលផលផ្សេងទៀតផងដែរ។
ភាពខុសប្លែកគ្នា គឺមានទំហំធំគួរឱ្យកត់សម្គាល់។ ការហាលសម្ងួតត្រីតាមប្រពៃណី ពឹងផ្អែកខ្លាំងលើលក្ខខណ្ឌអាកាសធាតុ ហើយត្រូវការពេលពី ៣ ទៅ ៧ ថ្ងៃ ខណៈដែលទូសម្ងួតពន្លឺព្រះអាទិត្យត្រូវការពេលប្រមាណពី ៨ ទៅ ១២ ម៉ោងតែប៉ុណ្ណោះ និងអាចនៅតែដំណើរការបានទោះជាមានភ្លៀងធ្លាក់ ឬមិនមានពន្លឺថ្ងៃគ្រប់គ្រាន់ក៏ដោយ។ ទូសម្ងួតពន្លឺព្រះអាទិត្យ ពុំមានបញ្ចេញសារធាតុបំពុល ដូចការដុតអុស ឬធ្យូងដែលបង្កឱ្យមនជំងឺរក្អក ឬរលាកបំពង់ករនោះទេ។ ខ្យល់បរិសុទ្ធ និងសុខភាពល្អសម្រាប់អ្នកបរិភាគ គឺជាផលជះ រយៈពេលវែងនៃវិធីសាស្ត្រទំនើបនេះ។
នវានុវត្តន៍ថ្មីប្រកបដោយប្រជាប្រីយភាពនេះ ពិតជានឹងរួមចំណែកតម្រង់ទិស បង្កើនផលិតភាព និងអភិវឌ្ឍជលផលក្រោយប្រមូលផលរបស់កម្ពុជាប្រកបដោយចីរភាពជាក់ជាមិនខាន។ ជាមួយផលិតផលដែលមានគុណភាព និងសុវត្ថិភាព អនុវិស័យជលផលក្រោយប្រមូលផលរបស់កម្ពុជា ពិតជាមានលទ្ធភាពខ្ពស់ក្នុងការប្រកួតប្រជែងជាមួយផលិតផលនាំចូល និងនាំចេញទៅកាន់ទីផ្សារនៅអាស៊ី អឺរ៉ុប និងទីផ្សារមួយចំនួនច្រើនទៀតបានយ៉ាងល្អប្រសើរផងដែរ។ ការផ្លាស់ប្តូរនេះ ទោះបីជាមានទំហំតូច តែប្រាកដណាស់នឹងរួមចំណែកដល់សេដ្ឋកិច្ចកម្ពុជាតាមរយៈការបង្កើតការងារ និងឱកាសវិនិយោគបន្ថែមទៀត។ ការវិនិយោគកាន់តែច្រើនលើបច្ចេកវិទ្យាសាមញ្ញនេះ នឹងផ្តល់ផលត្រលប់កាន់តែច្រើន។
ពោលគឺមិនមែនត្រឹមតែអត្ថប្រយោជន៍សេដ្ឋកិច្ចមួយមុខនោះទេ។ ការប្រើប្រាស់បច្ចេកវិទ្យាដ៏សាមញ្ញនេះ ប្រជាពលរដ្ឋកម្ពុជា នឹងទទួលបានផលិតផលជលផលដែលមានសុវត្ថិភាព និងរសជាតិឆ្ងាញ់។ លទ្ធផលដ៏មោទនៈនេះ គឺជាអ្វីដែលយើងមិនអាចនឹងមិនអបអរសាទរបាននោះទេ។