សេចក្តី​ប្រកាស​ព័ត៌មាន

ពិធីចុះហត្ថលេខាលើក្របខណ្ឌសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព នៃប្រព័ន្ធអង្គការសហប្រជាជាតិសម្រាប់កម្ពុជា ឆ្នាំ២០២៤-២០២៨

10 November 2023

នារសៀលថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែវិចិ្ឆកា ឆ្នាំ ២០២៣ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្ដម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) បានចុះហត្ថលេខាលើក្របខណ្ឌ សហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃប្រព័ន្ធអង្គការសហប្រជាជាតិសម្រាប់កម្ពុជាឆ្នាំ២០២៤-២០២៨ ជាមួយ លោក ចូ សូយ័រ ប្រធានសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា ។ ពិធីចុះហត្ថលេខានេះមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គលេខាធិការ ជាតំណាងជាន់ខ្ពស់ក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល និងតំណាងជាន់ខ្ពស់នៃប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជាសរុបប្រមាណ ៦០ រូប។

ក្របខណ្ឌសហប្រតិបត្តិការនេះ គឺជាឯកសារ​យុទ្ធសាស្ត្រដែលនឹងផ្តល់មគ្គុទេសដល់ប្រព័ន្ធអង្គការសហ ប្រជាជាតិទាំងអស់ដែលកំពុងប្រតិបត្តិការក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់ការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តគោលដៅអាទិភាពជាតិ ដែលបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ និងគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព, ការគាំទ្រដល់ការត្រៀមចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍន៍តិចតួច និងការឈានទៅបានចុក្ខវិស័យកម្ពុជាឆ្នាំ២០៥០ ។ ក្របខណ្ឌសហប្រតិបត្តិការ ត្រូវបានរៀបចំឡើងដោយមានការពិគ្រោះយោបល់យ៉ាងទូលំទូលាយរវាងតំណាងក្រសួង សា្ថប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល, បណ្តាភ្នាក់ងារនៃអង្គការ សហប្រជាជាតិ, ដៃគូអភិវឌ្ឍន៍, អង្គការសង្គមស៊ីវិល,វិស័យឯកជន និងតំណាងក្រុម​យុវជន ។​ ក្របខណ្ឌសហប្រតិបត្តិការនេះ ត្រូវបានអនុម័តជាគោលការណ៍ បន្ទាប់ពីបានពិនិត្យ និងពិគ្រោះយោបល់លើកចុងក្រោយកាលពីថ្ងៃទី២១​ ខែកញ្ញា ឆ្នាំ២០២៣ ។​

គណៈកម្មាធិការដឹកនាំការងារមួយ ដែលមានអនុប្រធានទី ២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងប្រធានសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិ ជាសហប្រធាន នឹងត្រូវបង្កើតឡើង ដើម្បីត្រួតពិនិត្យការអនុវត្តក្របខណ្ឌសហប្រតិបត្តិការនេះ, ផ្តល់ទិសដៅជាយុទ្ធសាស្រ្ត និងផ្តល់កិច្ចសម្របសម្រួលរវាងរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ ។ ពិធីចុះហត្ថលេខានេះជា​ការ​សម្រេចបាននូវសមិទ្ធផលរួមគ្នាមួយ ខណៈប្រសិទ្ធភាព ​នៃក្របខណ្ឌសហប្រតិបត្តិការនេះអាស្រ័យទៅលើការអនុវត្ត ដែលចាំបាច់ឱ្យមាន​ការចូលរួមយ៉ាងសកម្ម និងភាពជាម្ចាស់របស់់រាជរដ្ឋាភិបាល និងភាពជាដៃគូប្រកបដោយចីរភាព និងបរិយាប័ន្នជាមួយដៃគូ​អភិវឌ្ឍន៍, អង្គការសង្គមស៊ីវិល និងវិស័យឯកជន ហើយការអនុវត្តនឹងត្រូវបានវាយតម្លៃតាមរយៈក្របខណ្ឌតាមដាន និងវាយតម្លៃ មួយ ។ តាមរយៈការផ្តោតលើកិច្ចការទាំងនេះ និងការពង្រឹងកិច្ចសហការរវាងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ លទ្ធផលប្រកបដោយផ្លែផ្កានឹងអាចសម្រេចបានដែលឆ្ពោះទៅសម្រេចបានចុក្ខវិស័យរួមគ្នា និងការអភិវឌ្ឍន៍នៅកម្ពុជា ។

ថ្លែងក្នុងពិធីចុះហត្ថលេខាលើក្របខណ្ឌសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃអង្គការសហប្រជាជាតិសម្រាប់កម្ពុជា ឆ្នាំ២០២៤-២០២៨ ឯកឧត្ដមទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះក្របខណ្ឌសហប្រតិបត្តិការនេះ និងបានសម្តែងនូវការជឿជាក់យ៉ាងមុតមាំថា ការអនុវត្តក្របខណ្ឌសហប្រតិបត្តិការនេះនឹងរួម ចំណែកយ៉ាងសំខាន់ដល់កិច្ចអភិវឌ្ឍន៍កម្ពុជា និងពន្លឿននូវការសម្រេចបាននូវគោលដៅអាទិភាពរបស់រាជរដ្ឋា- ភិបាល ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ។ ឯកឧត្ដមទេសរដ្ឋមន្រ្តី ក៏បានកោតសរសើរពីកិច្ចប្រឹងប្រែងរបស់ប្រព័ន្ធអង្គការសហប្រជាជាតិ ដែលសម្រេចបាននូវសមិទ្ធផលជាទីមោទនៈកន្លងមក និងការបេ្តជ្ញាបន្តគាំទ្រ និងសហការយ៉ាងជិតសិ្នទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជានាពេលអនាគត  ក្រោមការដឹកនាំ របស់ សមេ្តចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

ជាមួយគ្នានេះ លោក ចូ សូយ័រ ប្រធានសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានថ្លែង  ថា “ក្របខណ្ឌសហប្រតិបត្តិការដែលត្រូវបានចុះហត្ថលេខាថ្ងៃនេះ ឆ្លុះបញ្ចាំងពីភាពជាដៃគូដ៏រឹងមាំ និងមានប្រសិទ្ធភាព រវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរួមចំណែកគាំទ្រដល់ប្រជាជនគ្រប់រូបនៅប្រទេសកម្ពុជា ដើម្បីសម្រេចបាននូវអនាគតប្រកបដោយវិបុលភាព សមភាព និងបៃតង និងសំដៅ​ធានាថាពុំមាននរណាម្នាក់ត្រូវបានទុកចោល”។

ជាចុងបញ្ចប់ ឯកឧត្ដមទេសរដ្ឋមន្រ្តី បានបញ្ជាក់ពីគោលជំហររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការបន្តសហការជាមួយប្រព័ន្ធអង្គការសហប្រជាជាតិ, ក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ទាំងអស់ ដើម្បីធានាការសម្រេចបាននូវលទ្ធផលដែលបានគ្រោងទុក ក្នុងការអនុវត្តក្របខណ្ឌសហប្រតិបត្តិការ អភិវឌ្ឍន៍ប្រកបដោយចីរភាពនៃអង្គការសហប្រជាជាតិសម្រាប់កម្ពុជា ឆ្នាំ២០២៤-២០២៨ ។

សម្រាប់ព័ត៌មានបន្ថែម

  1. លោក គ្រី សិរីរិទ្ធ ប្រធានស្តីទីនាយកដ្ឋានសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយប្រព័ន្ធអង្គការ​សហប្រជាជាតិ តាមរយៈអ៊ីម៉ែលkry.sereirith@crdb.gov.kh ឬ លេខទូរស័ព្ទ ០១០ ៦៨៦ ១៦៩
  2. កញ្ញា កែវ ស្រីស្រស់ មន្ត្រីទំនាក់ទំនង និងតស៊ូមតិនៃការិយាល័យប្រធានសម្របសម្រួល​អង្គការសហ​ប្រជាជាតិប្រចាំកម្ពុជា តាមរយៈអ៊ីម៉ែលsreysros.keo@un.org ឬ លេខទូរស័ព្ទ ០១១ ៨៨៥ ៧៦៦
Sreysros Keo_Photo Profile

Sreysros Keo

RCO
មន្រ្តីទំនាក់ទំនង និងស្វែងរកការគាំទ្រ

អង្គភាពរបស់អង្គការសហប្រជាជាតិដែលចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ

FAO
អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ
IFAD
មូនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍វិស័យកសិកម្ម
ILO
អង្គការអន្តរជាតិសខាងការងារ
IOM
អង្គការទេសន្តរប្រវេសន៍អន្តរជាតិ
ITC
បេសកកម្មរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ
UN-OHCHR
បេសកកម្មរបស់ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទិ្ធមនុស្ស
UN Women
ការិយាល័យភ្នាក់ងារសហប្រជាជាតិលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្រ្តី
UN-Habitat
កម្មវិធីអង្គការសហប្រជាជាតិសម្រាប់លំនៅដ្ឋានមនុស្សជាតិ
UNAIDS
កម្មវិធីសហប្រជាជាតិរួមគ្នា ស្តីពីមេរោគអេដស៍/ជំងឺអេដស៍
UNODC
មូលនិធិអភិវឌ្ឍន៍មូលធនសហប្រជាជាតិ
UNCTAD
សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ
យូអិនឌីភី
កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ
UNDRR
UN Office for Disaster Risk Reduction
UNEP
កម្មវិធីបរិស្ថានសហប្រជាជាតិ
UNESCO
អង្គការអប់រំ វិទ្យាសាស្រ្ត និង វប្បធម៌ នៃសហប្រជាជាតិ
UNFPA
មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន
UNHCR
ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន
អង្គការយូនីសេហ្វ
មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ
UNIDO
អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម
UNODC
ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម
UNOPS
United Nations Office for Project Services
UN Volunteers
អ្នកស្ម័គ្រចិត្តរបស់អង្គការសហប្រជាជាតិ
WFP
កម្មវិធីស្បៀងអាហារពិភពលោកសហប្រជាជាតិ
WHO
អង្គការសុខភាពពិភពលោក

គោលដៅប្រកបដោយចីរភាពដែលគាំទ្រតាមរយៈគំនិតផ្តួចផ្តើមនេះ