បង្កើនផលិតភាព និងភាពប្រកួតប្រជែងរបស់សហគ្រាសកែច្នៃផល ផលិតផលជលផល ខ្នាតតូច និងមធ្យមនៅកម្ពុជា តាមរយៈការពង្រឹងការប្រើប្រាស់បច្ចេកវិទ្យាសម្ងួតដោយថាមពលព្រះអាទិត្យ
09 January 2024
រាជធានីភ្នំពេញ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤៖ គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) បានរៀបចំចងក្រង និងផ្សព្វផ្សាយជាសាធារណៈនូវសៀវភៅមគ្គទេសក៍ណែនាំបែប សាមញ្ញជាជំហានៗដើម្បីបង្កើនប្រសិទ្ធភាពនៃការហាលសម្ងួតត្រី និងបង្គា ដោយប្រើប្រាស់បច្ចេកវិទ្យាថាមពលព្រះអាទិត្យ។
បច្ចេកវិទ្យាហាលសម្ងួតដោយថាមពល ព្រះអាទិត្យ ឬទូសម្ងួតពន្លឺព្រះអាទិត្យ (SDD) ផ្តល់លទ្ធភាពដល់សហគ្រាសកែច្នៃជលផលក្នុងការហាលសម្ងួតត្រី និងបង្គាបានកាន់តែប្រសើរ នៅកគ្រប់លក្ខខណ្ឌអាកាសធាតុ និងបរិស្ថានស្អាតល្អ កាត់បន្ថយការបាត់បង់ក្រោយប្រមូលផលនិងលើកកម្ពស់គុណភាពផលិតផល។ ឈរលើ ទិដ្ឋភាពនេះ គម្រោងបាន នឹងកំពុងជម្រុញយ៉ាងសកម្មឱ្យសហគ្រាសកែច្នៃជលផលនៅកម្ពុជា ប្រើប្រាស់បច្ចេកវិទ្យាហាលសម្ងួតដោយថាមពល ព្រះអាទិត្យឱ្យបានកាន់តែទូលំទូលាយ ក្នុងគោលដៅបង្វែរពីការហាលសម្ងួតបែបនៅទីវាលក្រោមពន្លឺព្រះអាទិត្យមកប្រើប្រាស់បច្ចេកវិទ្យាសម្ងួតថ្មីនេះវិញ។ គម្រោងនេះ គាំទ្រថវិកាដោយ សហភាពអឺរ៉ុប(EU)។
បច្ចេកវិទ្យាទូសម្ងួតពន្លឺព្រះអាទិត្យ (SDD) ជួយសម្រួលដល់សហគ្រាសកែច្នៃជលផលដើម្បីដោះស្រាយនូវបញ្ហាប្រឈមជាច្រើនដូចជាការហាលស្ងួតពេក ឬស្រពាប់ពេក ហានិភ័យនៃការចម្លងរោគ លក្ខខណ្ឌអាកាសធាតុ មិនអំណោយផល និងការប្រើប្រាស់កម្លាំងពលកម្មច្រើន។ តាមរយៈកម្មវិធីគាំទ្រសហគ្រាសជលផលខ្នាតតូច និងមធ្យម (VCIS) គម្រោងផ្តល់ការគាំទ្រដល់សហគ្រាសកែច្នៃជលផលចំនួន ១០ ក្នុងខេត្តក្រុងចំនួន ៦ ជាមួយនឹងទូសម្ងួតពន្លឺព្រះអាទិត្យដើម្បីប្រើប្រាស់ក្នុងគោលដៅបង្កើនភាពប្រកួតប្រជែងជាមួយផលិតផលនាំចូល តាម រយៈការបង្កើនផលិតភាព កែលម្អការអនុវត្តអនាម័យល្អ ជួយឱ្យផលិតផលត្រីងៀត និងបង្គាក្រៀមមានគុណភាព និងសុវត្ថិភាពល្អ។
ក្នុងគោលដៅចែករំលែក និងផ្សព្វផ្សាយចំណេះដឹងលើការប្រើប្រាស់បច្ចេកវិទ្យាហាលសម្ងួតដោយថាមពល ព្រះអាទិត្យ គម្រោងបានសហការជាមួយភាគីពាក់ព័ន្ធរៀបចំផលិតសៀវភៅមគ្គទេសក៍ណែនាំបែបសាមញ្ញជាជំហានៗក្នុងការហាលសម្ងួតត្រី និងបង្គាដោយប្រើប្រាស់ទូសម្ងួតពន្លឺព្រះអាទិត្យ។ សៀវភៅមគ្គទេសន៍នេះត្រូវបានផ្តល់ជូន និងចែករំលែកជាមួយសហគ្រាសកែច្នៃជលផល និងតួអង្គក្នុងខ្សែចង្វាក់តម្លៃជលផលក្រោយប្រមូល ផល ដើម្បីមានលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យានេះប្រកបដោយប្រសិទ្ធភាព និងទទួលបានផលិតផលដែលមាន គុណភាព និងប្រកបដោយអនាម័យខ្ពស់។
លោកស្រី សុខ ឃីម ម្ចាស់សហគ្រាសផលិតត្រីងៀត ហេង ហ៊ត (សុខ ឃីម) នៅខេត្តសៀមរាបបាន បញ្ជាក់ថា «សៀវភៅមគ្គទេសក៍នេះងាយយល់ និងងាយអនុវត្តតាម។ ខ្ញុំអាចប្រើប្រាស់បច្ចេកវិទ្យាហាលសម្ងួត ដោយថាមពលព្រះអាទិត្យបានយ៉ាងងាយស្រួល និងមានប្រសិទ្ធភាពក្នុងការបង្កើនគុណភាពផលិតផលត្រីងៀត ដែលជាលទ្ធផលវាបង្កើនទំនុកចិត្តរបស់អតិថិជន និងការលក់ផងដែរ។»
បន្ថែមលើសនេះទៀត តាមរយៈកិច្ចសហការ និងភាពជាដៃគូជាមួយគម្រោង SWITCH to Solar គម្រោង CAPFISH-Capture រួមជាមួយតួអង្គសំខាន់ៗដូចជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត (PDAFFs) ខណ្ឌរដ្ឋបាលជលផលនៅតាមបណ្តាខេត្ត គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ (MFIs) ក្រុមហ៊ុនថាមពលពន្លឺព្រះអាទិត្យ និងសហគ្រាសកែច្នៃជលផល បាន និងកំពុងខិតខំ ជម្រុញគំនិតផ្តួចផ្តើមនេះ ធ្វើយ៉ាងណាឱ្យសហគ្រាសកែច្នៃផល ផលិតផលជលផល និងផលិតផល កសិកម្មផ្សេងៗទៀតនៅកម្ពុជាទទួលយក និងប្រើប្រាស់បច្ចេកវិទ្យានេះឱ្យបានកាន់តែទូលំទូលាយ ក្រោមរូបភាពនៃការបណ្តាក់ ទុនរួមគ្នា និងផ្សារភ្ជាប់ទំនាក់ទំនងអាជីវកម្មផងដែរ។
សៀវភៅមគ្គទេសន៍៖ https://cambodia.un.org/en/257402-simplified-step-step-guide-fish-and-shrimp-drying-process-solar-dryer-dome