អត្ថបទសរសេររួមគ្នាដោយលោកស្រី Alice Wairimu Nderitu និងលោក Jo Scheuer
អនុសញ្ញាស្តីពីអំពើប្រល័យពូជសាសន៍ មានឈ្មោះផ្លូវការ “អនុសញ្ញាស្តីពីការបង្ការ និងការផ្តន្ទាទោសចំពោះបទឧក្រិដ្ឋប្រល័យពូជសាសន៍”គឺជាលិខិតុបឧបករណ៍នៃច្បាប់អន្តរជាតិលើកដំបូងមិនធ្លាប់មានពីមុនមក ចែងអំពីបទឧក្រិដ្ឋប្រល័យពូជសាសន៍។ អនុសញ្ញានេះបញ្ជាក់យ៉ាងមុតមាំអំពីការប្តេជ្ញាចិត្តរបស់បណ្តាប្រទេសនានានៅលើសាកលលោក ក្នុងការទប់ស្កាត់ “មិនឲ្យកើតឡើងសាជាថ្មី” នូវបទឧក្រិដ្ឋ ដូចបានប្រព្រឹត្តក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។ អនុសញ្ញានេះត្រូវបានមហាសន្និបាតរបស់អង្គការសហប្រជាជាតិអនុម័តកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ១៩៤៨ ហើយរហូតមកទល់ពេលនេះមានរដ្ឋចំនួន ១៥៣ បានផ្តល់សច្ចាប័ន ហើយវាជាសន្ធិសញ្ញាស្តីពីសិទ្ធិមនុស្សដំបូងបំផុត ដែលត្រូវបានមហាសន្និបាតបានអនុម័តទទួលស្គាល់។
ការផ្តល់សច្ចាប័នលើអនុសញ្ញា គឺជាការទទួលស្គាល់នូវការទទួលខុសត្រូវរបស់រដ្ឋចំពោះប្រជាពលរដ្ឋរបស់ខ្លួន។ ឆ្នាំមុន គឺជាខួបអនុស្សាវរីយ៍លើកទី៧៥ នៃការអនុម័តអនុសញ្ញានេះ និងជាឱកាសឆ្លុះបញ្ចាំងអំពីកេរតំណែលដ៏សំខាន់ និងបញ្ហាប្រឈមនៃអនុសញ្ញា ដែលនៅបន្តកើតមានក្នុងការបង្ការ និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍។ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ១៩៥០ ប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសដំបូងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដែលបានបង្ហាញការប្តេជ្ញាចិត្តទទួលយកកាតព្វកិច្ចទប់ស្កាត់ និង ផ្តន្ទាទោស ចំពោះបទឧក្រិដ្ឋប្រល័យពូជសាសន៍ សំដៅ “មិនឲ្យ[បទឧក្រិដ្ឋនេះ] កើតឡើងសាជាថ្មី”។
គិតមកដល់ពេលនេះមានរយៈពេល ៧៤ឆ្នាំហើយ ក៏ប៉ុន្តែ ជាអកុសល នៅចន្លោះឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩ ប្រជាជនកម្ពុជាបានហែលឆ្លងកាត់របបខ្មែរក្រហមដ៏ឃោរឃៅបំផុតមួយនៅក្នុងពិភពលោក និងអំពើកាចសាហាវយង់ឃ្នងជាច្រើនរាប់មិនអស់។ បទពិសោធដ៏គួរព្រឺខ្លាចនៅកម្ពុជា បង្ហាញអំពីភាពចាំបាច់ត្រូវប្រុងប្រយ័ត្ន និងតម្រូវឲ្យមានវិធានការបង្ការទប់ស្កាត់អំពើប្រល័យពូជសាសន៍នេះ។ ដូច្នេះ យើងចាំបាច់ត្រូវបង្កើតឲ្យមានឱកាស ដើម្បីគិតគូររក្សាកេរដំណែល នៃអនុសញ្ញាស្តីពីអំពើប្រល័យពូជសាសន៍ សំដៅបន្តពង្រឹងនូវការប្តេជ្ញាចិត្តជាសាកលក្នុងការបង្ការ និងទប់ស្កាត់អំពើប្រល័យពូជសាសន៍ ជាពិសេស ក្នុងពេលបណ្តាប្រទេសនានាកំពុងប្រឈមខ្លាំងឡើងចំពោះហានិភ័យនៃបទឧក្រិដ្ឋនេះនៅ ទូទាំងពិភពលោក។ យើងត្រូវសួរខ្លួនឯងថា តើសព្វថ្ងៃនេះ យើងពិតជាបានប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្ត “មិនឲ្យ[បទឧក្រិដ្ឋនេះ]កើតឡើងសាជាថ្មី” ឬ យើងចាំបាច់ចាត់វិធានការផ្សេងទៀត ដើម្បីពង្រឹងការបង្ការទប់ស្កាត់បទឧក្រិដ្ឋដូចបានប្រព្រឹត្តចំពោះប្រជាជនកម្ពុជា?
ដូច្នេះ យើងមានសេចក្តីសោមនស្សារីករាយទទួលយកការអញ្ជើញចូលរួមសន្និសីទរយៈពេលបីថ្ងៃ នៅរាជធានីភ្នំពេញ ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា និងមជ្ឈមណ្ឌលឯកសារកម្ពុជា ដើម្បីពិភាក្សាអំពីបទពិសោធកម្ពុជា។ តាមរយៈកិច្ចសន្ទនានេះទើបយើងអាចពង្រឹងការប្តេជ្ញាចិត្តរបស់ពិភពលោកបង្ការទប់ស្កាត់ “មិនឲ្យ[បទឧក្រិដ្ឋនេះ]កើតឡើងសាជាថ្មី”។ យើងត្រៀមចូលរួមសន្និសីទនេះ ដើម្បីស្តាប់សម្លេងរបស់ជនរងគ្រោះ និងអ្នកនៅរស់រានមានជីវិតពីរបបនោះ ក៏ដូចជាផ្លាស់ប្តូរយោបល់លើប្រធានបទដ៏មានសារៈសំខាន់នេះជាមួយនឹងមន្ត្រីនៃរាជរដ្ឋាភិបាល និងសង្គមស៊ីវិល នៅប្រទេសកម្ពុជា ។
ប្រទេសកម្ពុជា មានបទពិសោធពិសេសប្លែកពីបណ្តាប្រទេសនានាពាក់ព័ន្ធនឹងយន្តការនៃការទទួលខុសត្រូវ ដែលបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម ពោលគឺ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.)។ យើងទទួលស្គាល់កិច្ចខិតខំអស់ពីកម្លាំងកាយចិត្តរបស់កម្ពុជា និង អ.វ.ត.ក. ដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួនដោយផ្ទាល់ស្របតាមអនុសញ្ញាស្តីពីអំពើប្រល័យពូជសាសន៍។ ការផ្តន្ទាទោសអតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ ខៀវ សំផន និង “បងធំទីពីរ” នួន ជា ចំពោះបទប្រល័យពូជសាសន៍ មានលក្ខណៈពិសេសគួរឲ្យកត់សម្គាល់ក្នុងចំណោមការផ្តន្ទាទោសផ្សេងទៀតចំពោះការទទួលខុសត្រូវលើឧក្រិដ្ឋកម្មដ៏សាហាវយង់ឃ្នងបំផុត។ អ.វ.ត.ក. ក៏បានចេញសាលដីកាដ៏មានសារៈសំខាន់ចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងការរំលោភបំពានធ្ងន់ធ្ងរបំផុតនៃអនុសញ្ញាទីក្រុងហ្សឺណែវ។ ការបង្កើត អ.វ.ត.ក. និងការអនុវត្តអនុសញ្ញា ស្តីពីអំពើប្រល័យពូជសាសន៍ គឺសមិទ្ធផលដ៏សំខាន់សម្រាប់កម្ពុជា និងពិភពលោក ហើយវាជាគំរូនៃវិធីអនុវត្តអនុសញ្ញា ស្របតាមស្ថានភាពជាក់ស្តែង។ យើងសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងទាំងនេះ និងចំពោះជនរងគ្រោះ និងអ្នកនៅរស់រានមានជីវិតពីរបបខ្មែរក្រហម ដោយហេតុថា សក្ខីកម្ម និងការចូលរួមទាំងជាមួយតុលាការ មានភាពចាំបាច់ចូលរួមចំណែកសម្រេចបាននូវសមិទ្ធផលទាំងនេះ និងជួយប្រទេសកម្ពុជាក្នុងការបន្តដំណើរផ្លូវឆ្ពោះទៅអនាគត។ ជនរងគ្រោះនិងអ្នកនៅរស់រានមានជីវិតជាច្រើននាក់ រួមជាមួយយុវជនជំនាន់ក្រោយនៅក្នុងប្រទេសកម្ពុជា កំពុងបន្តរក្សាការងារអប់រំ និងលើកកម្ពស់ការយល់ដឹងអំពីអនាគតកាលដ៏មានសារៈសំខាន់នេះ សំដៅធ្វើយ៉ាងណាអាចឲ្យយើងទាំងអស់គ្នារៀនសូត្រដកពិសោធជាមួយគ្នា។ ការងារទាំងនេះនៅបន្តមានសារៈសំខាន់ ដូច្នេះ យើងទាំងអស់គ្នាត្រូវទទួលស្គាល់ និងផ្តល់ការគាំទ្រទាំងអស់គ្នា។ យើងនឹងយកឱកាសនៃដំណើរទស្សនកិច្ចនេះ ជួបពិភាក្សា និងស្តាប់បទពិសោធរបស់ អ.វ.ត.ក. ជាពិសេស សម្លេងរបស់ជនរងគ្រោះ។
ការបង្ការទប់ស្កាត់ អាចជាកាតព្វកិច្ចដ៏សំខាន់បំផុតស្របតាមអនុសញ្ញាស្តីពីប្រល័យពូជសាសន៍។ ហើយវារឹតតែសំខាន់ជាងនេះទៅទៀតនោះ គឺ ក្នុងពេលមានសន្តិភាព។ ក្រោយពេលកិច្ចដំណើរការនីតិវិធីតុលាការនៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញបានបិទបញ្ចប់ជាស្ថាពរ ការបង្ការទប់ស្កាត់ ពិតណាស់ គឺជាកាតព្វកិច្ចចាំបាច់បំផុត ដែលប្រទេសកម្ពុជាត្រូវអនុវត្តស្របតាមអនុសញ្ញានេះ ទាំងនៅកម្រិតជាតិ និងអន្តរជាតិ។ ដើម្បីអាចអនុវត្តការបង្ការទប់ស្កាត់ឲ្យស្របតាមគោលបំណង និងប្រកបដោយប្រសិទ្ធភាព ប្រទេសកម្ពុជាត្រូវបន្តយកចិត្តទុកដាក់សំខាន់លើការចែករំលែកចំណេះដឹងការអប់រំ និងការផ្សព្វផ្សាយព័ត៌មាន នៅគ្រប់កម្រិត និងគ្រប់ទិដ្ឋភាពសង្គមកម្ពុជា។ យើងសូមអំពាវនាវដល់ស្ថាប័នរដ្ឋ អចិន្ត្រៃយ៍ ដែលបានយកចិត្តទុកដាក់លើការងារនេះនាពេលកន្លងមក សូមបន្តគាំទ្រឲ្យបានទាន់ពេលវេលា និងស្របតាមជំនាញពាក់ព័ន្ធ ដល់កម្ពុជាដែលបានបំពេញការងារដ៏គួរឲ្យស្ញប់ស្ញែងរហូតមកដល់បច្ចុប្បន្ន។
ប្រវត្តិសាស្ត្របង្ហាញដដែលៗឲ្យយើងឃើញថា អំពើមហាឃោរឃៅ រួមទាំង អំពើប្រល័យពូជសាសន៍ មិនមែនកើតឡើងដោយចៃដន្យ ឬ គ្មានហេតុផលដាច់តែឯងនោះទេ។ វាតែងតែលេចចេញជាសញ្ញាព្រមានទុកជាមុនណាមួយ។ ដូច្នេះ ជំហានដំបូងដ៏ចាំបាច់ក្នុងការបង្ការទប់ស្កាត់អំពើនេះបាន គឺ តាមរយៈការបង្កើតឧបករណ៍គោលនយោបាយ និងបទដ្ឋានគតិយុត្តិនៅថ្នាក់ជាតិ ក៏ដូចជារចនាសម្ព័ន្ធដែលអាចកំណត់ និងទប់ស្កាត់សញ្ញាព្រមានទុកជាមុនទាំងនេះ រួមជាមួយនឹងការអប់រំ និងការផ្សព្វផ្សាយព័ត៌មាន ជាដើម។
ប្រទេសកម្ពុជា ទើបមានបទពិសោធថ្មីៗដ៏គួរយកជាគម្រូតាមលើការងារស្ថាបនាសន្តិភាព និងការអភិវឌ្ឍ ដោយបានប្រែក្លាយមុខមាត់កម្ពុជាពីប្រទេសមានជម្លោះប្រដាប់អាវុធ តាមរយៈការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងការកសាងរដ្ឋ ទៅជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនក្នុងរយៈពេលបួនទសវត្សរ៍ចុងក្រោយ បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ។ ប្រទេសកម្ពុជាបានក្លាយជាប្រទេសមាន កងកម្លាំងរឹងមាំ ចូលរួមចំណែកឥតងាករេក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បានជួយសម្រួលដល់យុត្តិធម៌អន្តរកាលតាមរយៈអង្គជំនុំជម្រះវិសាមញ្ញ និងរក្សាបានភាពជាដៃគូរឹងមាំជាមួយប្រព័ន្ធអង្គការសហប្រជាជាតិនៅកម្ពុជា សំដៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
បទពិសោធកម្ពុជាតាមរយៈ អ.វ.ត.ក. ក៏ជាឱកាសពិសេសមួយសម្រាប់ប្រទេសកម្ពុជា ក្នុងការបន្តពង្រឹងសន្តិភាព និងការអភិវឌ្ឍ។ ប្រទេសកម្ពុជាក៏អាចចែករំលែកបទពិសោធនេះនៅថ្នាក់តំបន់ និងពិភពលោកផងដែរ រួមទាំងតាមរយៈការប្រមូលផ្តុំស្ថាប័នក្នុងស្រុក និងក្នុងតំបន់ ចូលរួមក្នុងក្របខណ្ឌហេដ្ឋារចនាសម្ព័ន្ធរួមមួយ សំដៅលើកកម្ពស់កិច្ចការងារទាំងនេះ និងកម្មវិធីពាក់ព័ន្ធផ្សេងទៀត។ ដូច្នេះ យើងចូលរួមគាំទ្រសេចក្តីប្រាថ្នាចង់របស់ប្រជាជនកម្ពុជាចង់បានសន្តិភាព។ យើងក៏សូមលើកទឹកចិត្តដល់សង្គមស៊ីវិលបន្តអនុវត្តការងារប្រកបដោយអត្ថន័យរបស់ខ្លួនបន្តទៀត។ យើងសូមគូសបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងឥតងាករេរបស់អង្គការសហប្រជាជាតិ ដែលនៅតែបន្តរួបរួមជាមួយប្រទេសកម្ពុជា និងគាំទ្រការងារ និងបំណងប្រាថ្នាដ៏មានសារៈសំខាន់របស់ប្រទេសកម្ពុជា ក្នុងការរក្សាសន្តិភាព និងវិបុលសុខជូនប្រជាជនកម្ពុជាគ្រប់រូបសំដៅធ្វើយ៉ាងណា “មិនឲ្យ[បទឧក្រិដ្ឋនេះ]កើតឡើងសាជាថ្មី”។
ការបោះពុម្ភផ្សាយដំបូងនៃអត្តបទនេះគឺនៅលើកាសែតខ្មែរថាមស៍ បោះពុម្ពជាភាសាខ្មែរថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៤
៖ https://shorturl.at/L4Ovl