UNIDO: ការបញ្ជ្រាបយេនឌ័រត្រួសត្រាយផ្លូវដើម្បីបរិវត្តកម្មដ៏មហស្ចារ្យ
28 May 2024
ខេត្តសៀមរាប ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤៖ ក្រោមកិច្ចគាំទ្រហិរញ្ញវត្ថុពីរដ្ឋាភិបាលនៃប្រទេសណ័រវេ អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) បានរៀបចំសិក្ខាសាលាត្រួសត្រាយផ្លូវថ្នាក់តំបន់នៅខេត្តសៀមរាប ប្រទេសកម្ពុជា ពីថ្ងៃទី២១ ដល់ទី២៣ ខែឧសភា ក្រោមប្រធានបទ «ប្រសិទិ្ធភាពនៃការបញ្រ្ជាបយេនឌ័រដើម្បីបរិវត្តកម្មដ៏មហស្ចារ្យ»។
សិក្ខាសាលាមានគោលបំណងបង្កើនសមត្ថភាពតំណាងប្រចាំប្រទេសរបស់អង្គការ UNIDO និងក្រុមការងារគ្រប់ គ្រងគម្រោងមកពី តំបន់អាស៊ី និងប៉ាស៊ីភិច ដើម្បីសម្រេចលទ្ធផលផ្នែកសមភាពយេនឌ័រ និងផ្តល់ភាពអង់អាច ដល់ស្រ្តីបានកាន់តែប្រសើរ។
ការប្តេជ្ញាចិត្តរបស់អង្គការ UNIDO ក្នុងការជំរុញកំណើនឧស្សាហកម្មប្រកបដោយចីរភាពនិងបរិយាប័ន្ន (ISID) ត្រូវ បានគូសបញ្ជាក់នៅក្នុងការផ្តោតចិត្តទុកដាក់របស់ខ្លួនលើសមភាពយេនឌ័រ និងភាពអង់អាចរបស់ស្រ្តី ដែលជាគោល ការណ៍គ្រឹះរបស់ខ្លួន។ តាមរយៈភាពជាដៃគូជាមួយអង្គភាពរដ្ឋ និងឯកជន UNIDO ទទួលស្គាល់ និងឱ្យតម្លៃខ្ពស់លើ តួនាទីរបស់ស្រ្តីក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រ ស្វះស្វែងឱ្យមានមតិគាំទ្រសម្រាប់វិនិយោគិន និងសហគ្រិន ជាស្រ្តី និងការគិតគូរពីអ្នកតាក់តែងគោលនយោបាយអំពីភាពប្រទាក់ក្រឡារវាងសមភាពយេនឌ័រ និងនិរន្តភាពនៃ ឧស្សាហកម្ម។
បន្ថែមលើនេះ អង្គការ UNIDO យល់ដឹងច្បាស់អំពីការរំពឹងទុកខ្ពស់របស់ម្ចាស់ជំនួយដូចជា មូលនិធិបរិស្ថានសាកល
(GEF) និងសហភាពអឺរ៉ុប (EU) លើគំនិតផ្តួចផ្តើមនានាដែលចាំបាច់ត្រូវតែគិតគូរអំពីយេនឌ័រ។ សិក្ខាសាលានេះ សហការរៀបចំដោយអង្គការ UNIDO GEF និង UN Women ផ្អែកលើបទពិសោធន៍ជាក់ស្តែងរបស់កម្មវិធីដ៏ ទូលំទូលាយមួយដែលបានអនុវត្តសាកល្បងនៅស្នាក់ការកណ្តាលរបស់អង្គការ UNIDO នៅទីក្រុងវីយ៉ែន។ កម្មវិធីត្រូវបានរៀបចំជាពិសេសសម្រាប់ថ្នាក់ដឹកនាំអង្គការ UNIDO និងក្រុមការងារគ្រប់គ្រងគម្រោង ក្នុងគោលដៅផ្តល់នូវឧបករណ៍ និងចំណេះដឹងចុងក្រោយបង្អស់ក្នុងការរៀបចំតាក់តែង និងបង្កើតគម្រោងផ្អែកលើ បរិវត្តកម្មយេនឌ័រ ជួយយ៉ាងណាឱ្យទទួលបានលទ្ធផលល្អបំផុត។
ដោយប្រើប្រាស់ជំនាញសម្បូរបែប និងធនធានរបស់ខ្លួន អង្គការ UNIDO បានដឹកនាំគំនិតផ្តួចផ្តើមជាច្រើនគាំទ្រ ទៅដល់សហគ្រិនស្រ្តីនៅក្នុងផ្នែកឧស្សាហកម្ម តាមរយៈការបណ្តុះបណ្តាលលើមុខរបរ ទីផ្សារ និងកសាងបណ្តាញ ធុរកិច្ចស្រ្តីដ៏រឹងម៉ាំ។ លោកស្រី សែស៊ីលៀ អ៊ូហ្គា អេស្រ្តាដា ប្រធាននាយកដ្ឋានសមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្រ្តី របស់អង្គការ UNIDO បានសង្កត់ធ្ងន់ថា «ការដោះស្រាយវិសមភាពយេនឌ័រនៅក្នុង ផ្នែកឧស្សាហកម្ម គឺជាកិច្ចការចំពោះមុខដែលត្រូវចាត់វិធានការភ្លាមៗ ដើម្បីផ្តល់លទ្ធភាពឱ្យស្រ្តីបញ្ចេញសមត្ថភាព ឱ្យអស់សក្តានុពលក្នុងនាមជា ថ្នាក់ដឹកនាំនិងភ្នាក់ងារជំរុញឱ្យមានការផ្លាស់ប្តូរនិងនវានុវត្តន៍ផ្នែកសេដ្ឋកិច្ច។»
សូមបញ្ជាក់ផងដែរ ក្នុងសិក្ខាសាលានេះគម្រោងដ៏ធំមួយរបស់អង្គការ UNIDO ពោលគឺគម្រោងអភិវឌ្ឍន៍ជលផល ក្រោយប្រមូលផល CAPFISH-Capture ត្រូវបានជ្រើសរើសធ្វើជាគម្រោងសម្រាប់ចែករំលែកបទពិសោធន៍ជោគជ័យក្នុងការលើកកម្ពស់សមភាពយេនឌ័រជូនដល់សិក្ខាកាមទាំងអស់គ្នាផងដែរ។ ផ្អែកលើ ជំនាញឯកទេសក្នុងការអភិវឌ្ឍសេដ្ឋកិច្ច គម្រោងដែលទទួលបានការគាំទ្រថវិកាពី សហភាពអឺរ៉ុប (EU) នេះ បានជួយគាំទ្រដល់សហគ្រាសជលផលដែលមានស្ត្រីជាម្ចាស់លើច្រើនទិដ្ឋភាព ទាំងការអភិវឌ្ឍជំនាញ អនុលោម ភាពផ្នែកសុវត្ថិភាពម្ហូបអាហារ ការពង្រីកទីផ្សារក្នុងស្រុក និងបោះជំហានចូលទីផ្សារអន្តរជាតិ។
សម្រាប់ព័ត៌បន្ថែម សូមទំនាក់ទំនង៖
- លោកស្រី Thuy Thu LE, Rational Gender Officer, UNIDO, Vienna៖ T.LE@unido.org
- លោក អឹម សំរួល៖ អ្នកជំនាញការផ្នែកទំនាក់ទំនង និងផ្សព្វផ្សាយនៃគម្រោង CAPFISH-Capture៖ S.IM@unido.org