សេចក្តី​ប្រកាស​ព័ត៌មាន

វេទិកាជាតិលើកទី២ ស្តីពី “ទីក្រុងនិងលំនៅឋាន”

03 June 2024

រាជធានីភ្នំពេញ ថ្ងៃទី ៣០-៣១ ខែឧសភា ឆ្នាំ២០២៤៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងកិច្ចសហការជាមួយធនាគារពិភពលោក និងកម្មវិធីអង្គការសហប្រជាជាតិសម្រាប់លំនៅឋានមនុស្សជាតិ (UN-Habitat) បានរៀបចំវេទិកាជាតិលើកទី២ ស្តីពីទីក្រុងនិងលំនៅឋាន ក្រោមមូលបទ “ទីក្រុង​ឆ្លាត បៃតង មានភាពធន់ និង​ប្រកប​ដោយបរិយាបន្ន”។ 

 

វេទិកានេះបានប្រមូលផ្តុំនូវជំនាញការទីក្រុងនិងលំនៅឋានជាតិនិងអន្តរជាតិ និងមានការចូលរួមពីតំណាងស្ថាប័នជាតិ វិស័យឯកជន​ ស្ថាប័នអប់រំសិក្សាធិការ អ្នកជំនាញវ័យក្មេង និងតួអង្គមកពីអង្គការសង្គមស៊ីវិល សរុបជាង ២០០រូប ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងនគរូបនីយកម្មនិងការអភិវឌ្ឍលំនៅឋាន សម្រាប់តម្រង់ទិសការអភិវឌ្ឍទីក្រុងនាអនាគតរបស់យើងតាមរបៀបមួយដែលកាន់តែឆ្លាត ចីរភាព មានបរិយាបន្ន និងឆ្លើយតបនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋគ្រប់វ័យ។ 

 

វេទិកានេះបានធ្វើឡើងក្រោមអធិបតីភាពរបស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា «យើងត្រូវរៀបចំទីក្រុងរបស់យើងប្រកបដោយចីរភាព និងបរិយាបន្ន​សម្រាប់ប្រជាពលរដ្ឋគ្រប់គ្នារស់នៅដោយរីករាយដែលក្នុងនោះរក្សាបាននូវវប្បធម៌ អរិយធម៌ និងទំនៀមទំលាប់» ។ លើសពីនេះ ឯកឧត្ដមបានបន្ថែមថាកម្ពុជាត្រូវបញ្ចូលគំនិតឆ្នៃប្រឌិតផ្សេងៗពីគ្រប់ភាគីពាក់ពន្ធ័ដើម្បីរួមគ្នាកសាងកម្ពុជាឲ្យស្មើមុខស្មើមាត់នៅក្នុងតំបន់ និងឲ្យក្លាយទៅជាទីលំនៅឋានសម្រាប់ប្រជាជននៅក្នុងតំបន់និងពិភពលោកអាចមករស់នៅបានដោយសុខដុមរមនានៅកម្ពុជា។

 

គួរបញ្ជាប់ផងដែរថា ប្រទេសកម្ពុជាបាន និងកំពុងជួបប្រទះកំណើននគរូបនីយកម្មយ៉ាងឆាប់រហ័ស ហើយតាមការព្យាករណ៍បង្ហាញថា ជាង 40ភាគរយនៃចំនួនប្រជាជននឹងរស់នៅក្នុងតំបន់ទីក្រុងនៅឆ្នាំ 2050 ។ ការអភិវឌ្ឍទីក្រុងដែលមិនមានផែនការជាមុន រួមមានដូចជាលំនៅឋានបណ្ដោះអាសន្ន អាចបង្កឱ្យមានបញ្ហាបរិស្ថាន និងសង្គមផ្សេងៗ ដូចជាការប្រើប្រាស់ ឬយន្តការគ្រប់គ្រងដីធ្លីមិនសមស្រប និងមិនបានគ្រោងទុក។ ដូច្នេះ ការរៀបចំផែនការជាមុន និងអន្តរាគមន៍របស់រដ្ឋាភិបាល សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការផ្ដល់សេវាកម្មកាន់តែប្រសើរ នឹងក្លាយជាគន្លឹះក្នុងការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព និងបរិយាបន្ន ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋគ្រប់រូប។

ជាមួយគ្នានេះ ឯកឧត្ដម បណ្ឌិត ឯកឧត្តម បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយក នៃអគ្គនាយកដ្ឋានគ្រប់គ្រងដែនដី និងនគរូបនីយកម្ម បានសង្កត់ធ្ងន់ថា អគ្គនាយកដ្ឋានគ្រប់គ្រងដែនដី និងនគរូបនីយកម្ម និងអគ្គនាយកដ្ឋានលំនៅឋាន នឹងគាំទ្រក្រុង និងទីប្រជុំជននានា ក្នុងការរៀបចំប្លង់គោលសំដៅសម្រេចឱ្យបានការអភិវឌ្ឍន៍ប្រកបដោយចីរភាពនាពេលអនាគត ដើម្បីបញ្ចៀសផលប៉ះពាល់អវិជ្ជមាននៃនគរូបនីយកម្ម ​ស្រប​តាម​ការ​ណែនាំ​របស់ ឯកឧត្តម លោក សាយ សំអាល់ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច បវរ​ធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

តាមរយៈបទបង្ហាញរបស់លោក Andre A. Bald អ្នកជំនាញនគរូបនីយកម្មរបស់ធនាគារពិភពលោក បានបានសង្កត់ធ្ងន់ថា នគរូបនីយកម្មអាចដើរតួនាទីវិជ្ជមានក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ប្រសិនបើមានការគ្រប់គ្រងល្អ និងការចូលរួមពីភាគីពាក់ព័ន្ធគ្រប់គ្រាន់។

លោក សុខ វណ្ណា ប្រធានកម្មវិធី UN-Habitat នៅកម្ពុជា ក៏បានចែករំលែកបទពិសោធន៍ និងការប្តេជ្ញាចិត្តរបស់របស់ UN-Habitat ក្នុងការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីដោះស្រាយបញ្ហានគរូបនីយកម្ម និងការអភិវឌ្ឍលំនៅឋាន តាមរយៈការផ្តល់ជំនួយបច្ចេកទេស ដើម្បីធានាឱ្យបានទីក្រុង​ឆ្លាត បៃតង មានភាពធន់ និង​ប្រកប​ដោយបរិយាបន្ន ។ សារៈសំខាន់នៃវិធីសាស្រ្តនៃការអភិវឌ្ឍដោយផ្តោតលើប្រជាពលរដ្ឋក៏ត្រូវបានគូសបញ្ជាក់ផងដែរ ដើម្បីបង្កើនការចូលរួម​ និងឆ្លើយតបនឹងតម្រូវការដែលបានកំណត់។

ក្នុងការបិទវេទិកា លោកJoseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាពដែលផ្តោតលើប្រជាជន តាមរយៈការពង្រឹងប្រសិទ្ធភាពភាពជាដៃគូភាគីពាក់ព័ន្ធផ្សេងៗ ដើម្បីប្រែក្លាយទីក្រុង និងលំនៅឋានរបស់ប្រជាពលរដ្ឋមានការរីកចម្រើនជាដរាបសម្រាប់ទាំងអស់គ្នា។ លោកក៏បានចែករំលែកយុទ្ធសាស្ត្រចំនួនបួនសំខាន់ៗដើម្បីលើកកម្ពស់ទីក្រុងឆ្លាតវៃ បៃតង និរន្តរភាព និងរួមបញ្ចូលៈ (1) អភិបាលកិច្ច ការរៀបចំផែនការ និងការគ្រប់គ្រង (2) ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មដែលធន់នឹងការប្រែប្រួលអាកាសធាតុ (3) ដីធ្លី និងលំនៅឋានដែលមានតម្លៃសមរម្យ និង (4) ទីក្រុងប្រកបដោយភាពច្នៃប្រឌិត និងទិន្នន័យឆ្លាតវៃ។

ឯកឧត្ដម តឹករ៉េត សម្រេច រដ្ឋលេខាប្រចាំការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសង្កត់ធ្ងន់ថា វេទិកាជាតិលើកទីពីរ ស្ដីពី«ទីក្រុង និងលំនៅឋាន» គឺជាឱកាសដ៏សំខាន់ក្នុងការជំរុញការពិភាក្សារវាងភាគីពាក់ព័ន្ធនានា ដើម្បីពិចារណា និងកំណត់ដំណោះស្រាយសមស្រប និងមានសក្តានុពល ឆ្លើយតបនឹងបញ្ហាប្រឈមដែលប្រទេសកំពុងជួបប្រទះ ។ 

អង្គភាពរបស់អង្គការសហប្រជាជាតិដែលចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ

UN-Habitat
កម្មវិធីអង្គការសហប្រជាជាតិសម្រាប់លំនៅដ្ឋានមនុស្សជាតិ

គោលដៅប្រកបដោយចីរភាពដែលគាំទ្រតាមរយៈគំនិតផ្តួចផ្តើមនេះ