ការបង្កើតឱ្យមានសន្តិភាពសម្រាប់គ្រប់គ្នា៖ លើកកម្ពស់របៀបវារៈ ស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខ នៅប្រទេសកម្ពុជា
ការបង្កើតឱ្យមានសន្តិភាពសម្រាប់គ្រប់គ្នា៖ លើកកម្ពស់របៀបវារៈ ស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខ នៅប្រទេសកម្ពុជា
ស្ត្រី គឺមានសារៈសំខាន់ណាស់ ក្នុងការទប់ស្កាត់ជម្លោះ កសាងសន្តិភាព និងជម្រុញការស្តារឡើងវិញ។ ប៉ុន្តែ សំឡេងរបស់ស្ត្រី នៅតែមានចំនួនតិចតួច នៅក្នុងដំណើរការសន្តិភាព និងការធ្វើសេចក្តីសម្រេចចិត្តជាផ្លូវការ។ ដើម្បីលើកអំពីបញ្ហានេះ ការិយាល័យភ្នាក់ងារសហប្រជាជាតិលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់ភាព អង់អាចដល់ស្ត្រី (UN Women) សហការជាមួយក្រសួងកិច្ចការនារី ក្រោមជំនួយហិរញ្ញវត្ថុពី រដ្ឋាភិបាល ប្រទេសកាណាដា ចក្រភពអង់គ្លេស និងប្រទេសអូស្ត្រាលី បានរៀបចំវគ្គបណ្តុះបណ្តាលមួយ ដែលប្រព្រឹត្តទៅ នាថ្ងៃទី ១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងបង្កើនការយល់ដឹងបន្ថែមអំពី របៀបវារៈស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខ (WPS) ដល់អ្នកពាក់ព័ន្ធសំខាន់ៗរបស់កម្ពុជា។
ក្របខណ្ឌសកល ជាមួយនឹងមូលដ្ឋានីយកម្ម
ទោះបីជានៅក្នុងពេលមានសន្តិភាព របៀបវារៈស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខ នៅតែមានសារៈសំខាន់ ដើម្បី ជម្រុញឱ្យមានសង្គមមួយ ប្រកបដោយបរិយាបន្ននិងយុត្តិធម៌។ កម្ពុជា បានក្លាយជាប្រទេសឈានមុខគេ ក្នុងតំបន់ ក្នុងការលើកកម្ពស់ក្របខណ្ឌ នៃរបៀបវារៈស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខ។ ភាគីពាក់ព័ន្ធរបស់កម្ពុជា បានមើលឃើញថា របៀបវារៈនេះ គឺជាឧបករណ៍មួយ សម្រាប់កសាងអនាគតដែលមានសមធម៌ និងសុវត្ថិភាព សម្រាប់ទាំងអស់គ្នា។
លោកបណ្ឌិត កែវ រតនៈ អនុប្រធានការិយាល័យ នៃនាយកដ្ឋានគោលនយោបាយ នៃក្រសួងអប់រំ យុវជន និងកីឡា បានសង្កត់ធ្ងន់ថា “ប្រទេសកម្ពុជា គឺជាប្រទេសសន្តិភាព ដែលមានមូលដ្ឋានគ្រឹះរឹងមាំ ហើយ តាមរយៈការដោះស្រាយបញ្ហា ដូចជា អំពើហិង្សាទាក់ទងនឹងយេនឌ័រ ការចំណាកស្រុក និងលើកកម្ពស់ការ យល់ដឹងអំពីសិទ្ធិនិងតួនាទីរបស់ស្ត្រី យើងអាចបង្កើតសង្គមមួយ ដែលកាន់តែមានបរិយាបន្ន សមធម៌ និង ភាពសុដុមរមនា។”
លោកស្រី ស្រី សុធាវី នាយកប្រតិបត្តិនៃ អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT) ដែលជាអង្គការ កសាងសន្តិភាពមួយ សង្កត់ធ្ងន់ពីសារៈសំខាន់នៃការផ្លាស់ប្តូរប្រព័ន្ធ ដោយឆ្លុះបញ្ចាំងថា “នៅពេលដែលយើង និយាយពី សន្តិភាព និង អំពើហិង្សា យើងត្រូវប្រឈមនឹងបញ្ហារចនាសម្ព័ន្ធសង្គម ដែលបង្កឱ្យមាន ផលប៉ះពាល់អវិជ្ជមាននៅក្នុងសង្គម។ ការដោះស្រាយបញ្ហាទាំងនេះ ចាប់ពីឬសគល់របស់វា គឺជារឿងចាំបាច់ ហើយរបៀបវារៈនេះ ត្រូវតែមានការផ្សព្វផ្សាយ និងយកទៅអនុវត្តឱ្យបានទូលំទូលាយ ។”
ស្វែងយល់ពីប្រធានបទថ្មី ក្នុងការកសាងសន្តិភាព
វគ្គបណ្តុះបណ្តាលនេះ បានផ្តល់នូវការស្វែងយល់ស៊ីជម្រៅអំពី ក្របខណ្ឌសកល និងថ្នាក់តំបន់ នៃរបៀបរវារៈ ស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខ ដោយបានបង្ហាញនូវប្រធានបទថ្មីៗ ដូចជា សន្តិសុខអាកាសធាតុ និងការរក្សា សន្តិភាពឌីជីថល។ លោកជំទាវ រុន សុវណ្ណទេវី អនុរដ្ឋលេខាធិការ នៃក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា “វគ្គស្តីពី បញ្ញាសិប្បនិម្មិត (AI) និងព័ត៌មានក្លែងបន្លំ ពិតជាមានអត្ថប្រយោជន៍ណាស់។ ការសិក្សាពីប្រទេស ជាសមាជិកអាស៊ានផ្សេងៗ គឺជាបទពិសោធន៌ដ៏មានតម្លៃ សម្រាប់ការអភិវឌ្ឍផែនការសកម្មភាពជាតិ ស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខ។”
លោកស្រីវរសេនីយឯក ប៉ិច សុភាលក្ខ៍ អនុប្រធាននាយដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជន បាន លើកពីសារៈសំខាន់នៃការលើកឡើងពីក្តីកង្វល់ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខតាមប្រព័ន្ធបច្ចេកវិទ្យារបស់ស្រ្តី ថា “វា មិនមែនត្រឹមតែជាបញ្ហារបស់ប្រទេសមួយនោះទេ
ស្ត្រីក្នុងតួនាទីជាអ្នករក្សាសន្តិភាព
របៀបវារៈស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខ បានលើកកម្ពស់ការចូលរួមដ៏មានអត្ថន័យរបស់ស្ត្រី ក្នុងគ្រប់ទិដ្ឋភាព នៃការកសាងសន្តិភាព រួមទាំងការរក្សាសន្តិភាពផងដែរ។ ស្រ្តីអ្នករក្សាសន្តិភាព ជាញឹកញាប់ តែងមាន សមត្ថភាពពិសេស នៅក្នុងការភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍ និងដើរតួនាទីជាជនគំរូ ដែលជម្រុញចិត្ត ស្ត្រីដទៃ ឱ្យចូលរួមក្នុងដំណើរការសន្តិភាព។ នៅប្រទេសកម្ពុជា ការប្តេជ្ញាចិត្តនេះ គឺបានឆ្លុះបញ្ចាំង តាមរយៈ ក្រុមស្ត្រីរក្សាសន្តិភាពដ៏ខ្លាំងក្លា គឺក្រុមស្រ្តីពាក់មួកខៀវ ។ លោកជំទាវ គង់ សូរីតា រដ្ឋលេខាធិការ នៃក្រសួង កិច្ចការនារី បានលើកសរសើរអំពី ភាពជាអ្នកដឹកនាំរបស់កម្ពុជា ក្នុងការបញ្ជូនកងកម្លាំងស្រ្តីរក្សាសន្តិភាព ថា “យើងទទួលបានចំណាត់ថ្នាក់ល្អ នៅក្នុងតំបន់អាស៊ាន ប៉ុន្តែយើងត្រូវការការសហការដែលខ្លាំងជាងនេះ ដើម្បី លើកកម្ពស់ការងារនេះ។”
ស្ត្រី គឺមានសារៈសំខាន់ណាស់ ក្នុងសន្តិសុខរបស់ប្រទេស។ លោកស្រីវរសេនីយឯក ប៉ិច សុភាលក្ខ៍ បានលើក ឡើងថា “ស្រ្តីនៅក្នុងនគរបាលជាតិកម្ពុជា មានសារៈសំខាន់ណាស់ ក្នុងការធានាបាននូវសុវត្ថិភាព និង សណ្តាប់ធ្នាប់ សម្រាប់ប្រជាពលរដ្ឋ។ ការចូលរួមយ៉ាងសកម្មរបស់ស្ត្រី គឺជាអំណាងមួយ ដែលបង្ហាញពីការ រួមចំណែកយ៉ាងសំខាន់ របស់ស្ត្រី ក្នុងសន្តិភាព និងសន្តិសុខ នៅក្នុងប្រទេសកម្ពុជា។ ”
ការឆ្ពោះទៅផែនការសកម្មភាពជាតិ
វគ្គបណ្តុះបណ្តាលនេះ គឺជាសកម្មភាពគន្លឹះមួយ សម្រាប់វឌ្ឍនភាពរបស់កម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍផែនការ សកម្មភាពជាតិស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខ។ ផែនការសកម្មភាពជាតិ គឺជាឧបករណ៍ដ៏ចាំបាច់ ក្នុងការ ធ្វើបរិវត្តកម្មការបេ្តជ្ញាចិត្តជាសកល ទៅជាគោលនយោបាយជាតិ ដើម្បីធានាថា រដ្ឋាភិបាលបានគៀងគរធនធាន និងបង្កើតនូវក្របខណ្ឌគណនេយ្យភាព ដើម្បីលើកឡើងពីផលប៉ះពាល់យេនឌ័រ ដោយសារជម្លោះនិងវិបត្តិ។
លោកជំទាវ គង់ សូរីតា រដ្ឋលេខាធិការ នៃក្រសួងកិច្ចការនារី និងជាប្រធាន នៃក្រុមប្រឹក្សាអាស៊ាន ទទួលបន្ទុក របៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ បានលើកឡើងពី វិធីសាស្ត្ររបស់កម្ពុជា ក្នុងការអភិវឌ្ឍផែនការសកម្មភាព ជាតិរបស់ខ្លួន ថា “យើងបានកំណត់របៀបវារៈ ស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខ ជាអាទិភាព នៅក្នុងផែនការ យុទ្ធសាស្រ្តនារីរតនៈទី៦ ក្នុងអណត្តិថ្មីរបស់ក្រសួងកិច្ចការនារី ដោយផ្តោតលើការពង្រឹងភាពអង់អាចដល់ស្ត្រី និងក្មេងស្រី ទៅក្នុងគោលនយោបាយ និងកម្មវិធីជាតិ នៅគ្រប់វិស័យ និងគ្រប់កម្រិត។ ប៉ុន្តែទោះជាយ៉ាងណា វាមិនមែនជាការងារមួយ ដែលយើងអាចធ្វើបានតែម្នាក់ឯងនោះទេ វាត្រូវការការសហការពីភាគីពាក់ព័ន្ធ ជាពិសេសស្ថាប័នអន្តរក្រសួង អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ផងដែរ។ ”
ការសហការដើម្បីផ្លូវឆ្ពោះទៅមុខ
អង្គការសង្គមស៊ីវិល ដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់របៀបវារៈស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខ ដោយសារតែពួកគេមានទំនាក់ទំនងជិតស្និទ្ធជាមួយសហគមន៍ និងយល់ច្បាស់ពីបញ្ហាប្រឈមនៅមូលដ្ឋាន។ លោកស្រី Norul Mohamed Rashid បានកត់សម្គាល់ថា “អង្គការសង្គមស៊ីវិល គឺចាំបាច់ សម្រាប់ការលើកកម្ពស់របៀបវារៈស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខ ដោយពួកគេបង្ហាញពីបញ្ហាជាក់លាក់ដែល ស្ត្រីនិងក្មេងស្រីជួបប្រទះ តាមរយៈការចូលរួមនៅមូលដ្ឋានផ្ទាល់។”
លោកស្រី ស្រី សុធាវី បានបន្ថែមពីសារៈសំខាន់នៃការសហការថា “គ្មានអង្គភាពណា អាចសម្រេចបាននូវ របៀបវារៈស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខ តែម្នាក់ឯងនោះទេ។ ការសហការប្រកបដោយនិរន្តរភាព រវាង រដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ គឺចាំបាច់ណាស់។”
ការបេ្តជ្ញាចិត្តរបស់កម្ពុជា ដើម្បីសម្រេចនូវរបៀបវារៈស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខ បានឆ្លុះបញ្ចាំងពីទស្សនៈ វិស័យរបស់កម្ពុជា ឆ្ពោះទៅរកសន្តិភាពមួយ ដែលប្រកបដោយនិរន្តរភាព និងបរិយាបន្ន។ តាមរយៈការកំណត់ ការចូលរួមរបស់ស្ត្រី និងការបង្ហាញពីឧបសគ្គជាប្រព័ន្ធ ជាអាទិភាពរបស់ខ្លួន ប្រទេសកម្ពុជាកំពុងរៀបចំ មូលដ្ឋានគ្រឹះ ដើម្បីបង្កើតនូវអនាគតមួយ ដែលមានសន្តិសុខ និងសមធម៌។
ដូចដែល លោកបណ្ឌិត កែវ រតនៈ បាននិយាយថា “សន្តិភាព គឺជាទស្សនៈដ៏ធំមួយ ប៉ុន្តែនៅពេលដែល យើងគោរព និងអនុវត្តនូវគោលការណ៍ទាំងនោះ យើងអាចសម្រេចបាននូវសង្គមមួយ ដែលកាន់តែមាន សន្តិភាព និងសមធម៌ ។”