សេចក្តី​ប្រកាស​ព័ត៌មាន

ការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង (UNOPS) និងក្រសួងចំនួនបីរបស់កម្ពុជា ធ្វើការងារក្រោម ភាពជាដៃគូ ដើម្បីជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយចីរភាព

21 January 2025

រាជធានីភ្នំពេញ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ - ​ការិយាល័យ​អង្គការសហប្រជាជាតិ​សម្រាប់សេវាកម្មគម្រោង (UNOPS) បានចុះហត្ថលេខាលើ​អនុស្សារណៈនៃការយោគយល់គ្នា (MOU) ជាមួយ​ក្រសួងសំខាន់ៗចំនួនបីរបស់​រាជរដ្ឋាភិបាលកម្ពុជា ជាអាទិ៍ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) ក្រសួង​សាធារណការ និងដឹកជញ្ជូន (MPWT) និងក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (MLMUPC)។ ភាពជាដៃគូទាំងនេះ ជួយជម្រុញបន្ថែមដល់ការសម្រេចបាននូវចក្ខុវិស័យ​របស់កម្ពុជា​លើហេដ្ឋារចនាសម្ព័ន្ធ​ និងការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ និង​បរិយាបន្ន ​​ដោយសារប្រទេសកម្ពុជាកំពុងបោះជំហានក្លាយ​ទៅ​ជា​​ប្រទេស​មានចំ​ណូល​ម​ធ្យម​ កម្រិតខ្ពស់​នៅត្រឹមឆ្នាំ២០៣០ និង​ប្រទេសមានចំណូលខ្ពស់​នៅត្រឹមឆ្នាំ២០៥០។

កិច្ចសហការជាយុទ្ធសាស្រ្តនេះគូសបញ្ជាក់​នូវសមិទ្ធផលដែលគួរឱ្យកោតសរសើរ​របស់រាជរដ្ឋាភិបាល​កម្ពុជាលើ​វិស័យ​ហេដ្ឋា​រចនាសម្ព័ន្ធ នគរូបនីយកម្ម និងនវានុវត្តន៍ ហើយកិច្ចសហការនេះ​ក៏មានគោលបំណង​ពង្រឹង​បន្ថែមទៀតចំពោះ​កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល​ដើម្បីធានាអោយបាននូវផលប្រយោជន៍​នៃការអភិវឌ្ឍ​ទៅដល់​សហគមន៍​ទាំងអស់។

ចំណងជើង៖ Photo courtesy of the Ministry of Land Management, Urban Planning and Construction, Cambodia.

ការជំរុញ​ចក្ខុវិស័យ​កម្ពុជា​សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយចីរភាព

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំ​របស់រាជរដ្ឋាភិបាល​កម្ពុជា ប្រទេសកម្ពុជា​បានបង្ហាញនូវវឌ្ឍនភាព គួរឱ្យកត់សម្គាល់​ ស្របទៅនឹង​គោលដៅអភិវឌ្ឍន៍​ប្រកបដោយចីរភាព (SDGs)។ លោកស្រី Eda Kraja ប្រធានគ្រប់គ្រង​ការិយាល័យ​អង្គការសហប្រជាជាតិ​សម្រាប់សេវាកម្មគម្រោង (UNOPS) ប្រចាំប្រទេស​កម្ពុជា មានប្រសាសន៍ឱ្យដឹងថា “ដំណើរការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា គឺជា​សក្ខីកម្ម​នៃ​ការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាល ​ក្នុង​ការជំរុញ​ការអភិវឌ្ឍប្រកបដោយចីរភាព។ តាមរយៈភាពជាដៃគូទាំងនេះ​ ការិយាល័យ​អង្គការសហប្រជាជាតិ​សម្រាប់ សេវាកម្មគម្រោង (UNOPS) មានមោទនភាព​ក្នុងការគាំទ្រ​ចក្ខុវិស័យ និងការដឹកនាំ​របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួង​ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍​នៅក្នុង​ការដឹកនាំ​ការអភិវឌ្ឍភាពធន់នឹងបម្រែបម្រួលអាកាសធាតុ ប្រកបដោយ​ចីរភាព។”

 

ការប្ដេជ្ញាចិត្តរួម​នៅក្នុង​ចំណោម​ក្រសួងសំខាន់ៗ

ការចុះអនុស្សារណៈនៃការយោគយល់គ្នា ជាមួយ​ក្រសួងទាំងបីនេះ​នឹងផ្ដល់អាទិភាពទៅលើ​ការផ្ដល់​ជំនួយបច្ចេកទេស និងការពង្រឹង​សមត្ថភាពស្ថាប័ន ដែលជាការកំណត់នូវវេទិកា​សម្រាប់​កិច្ចខិតខំប្រឹងប្រែងរួមគ្នានាពេលអនាគត។

កិច្ចព្រមព្រៀងនេះគូសបញ្ជាក់អំពី​ កិច្ចសហការ​ទៅលើអាទិភាពដូចខាងក្រោម៖

  • ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI)​៖ ការជំរុញ​ការអនុម័ត ប្រើប្រាស់​បច្ចេកវិទ្យាបៃតង និងការដោះស្រាយភាពបន្ស៊ាំទៅនឹង​ការប្រែប្រួលអាកាសធាតុ​សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ ​ទឹក និងអនាម័យ។
  • ក្រសួង​សាធារណការ និងដឹកជញ្ជូន (MPWT)៖​ ការពង្រឹងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយភាពធន់ និងចីរភាព ព្រមទាំងការលើកកម្ពស់​បណ្ដាញដឹកជញ្ជូន​ប្រកបដោយប្រសិទ្ធភាព និងបរិយាបន្ន។
  • ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (MLMUPC)៖ ការជំរុញ​ការអភិវឌ្ឍទីក្រុង/ ទីប្រជុំជន​ប្រកបដោយចីរភាព ការដោះសា្រយ​បញ្ហាប្រឈមផ្នែកបរិស្ថាន​ដើម្បីផ្ដល់ប្រយោជន៍ដូចគ្នា​ទៅ ដល់សហគមន៍​នានានៅទីជនបទ និងទីក្រុង/ទីប្រជុំជន។

ភាពជាដៃគូ​ដើម្បីបង្កើតឱ្យមាននូវផលជះ

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា          “​ការទទួល​បានសេវាទឹកស្អាត​មិនត្រឹមតែជា​សិទ្ធិមនុស្សជាមូលដ្ឋានប៉ុណ្ណោះទេ តែវាមានសារៈសំខាន់ចំពោះ​សុខភាពសាធារណៈ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងនិរន្តរភាពបរិស្ថាន។ កិច្ចសហការនេះ​ គឺជាគំរូមួយដែលបង្ហាញថា ​ការវិនិយោគចំគោលដៅ​អាចជំរុញ​ការផ្លាស់ប្ដូរជាដុំកំភួន ពិសេស សម្រាប់សហគមន៍ដែល​​ងាយរងគ្រោះ។”

ចំណងជើង៖ Photo courtesy of the Ministry of Industry, Science, Technology & Innovation, Cambodia.

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តី​ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានគូសបញ្ជាក់​អំពីសមិទ្ធផល និងគោលដៅ​នាពេលអនាគតរបស់កម្ពុជា៖ “តាមរយៈគំនិតផ្ដួចផ្ដើម​ប្រកបដោយ​ចក្ខុវិស័យ ដូចជា CITLS​ ២០២៣-២០៣៣ និង​ភាពរីកចម្រើន​នៅក្នុងនគរូបនីយកម្ម ប្រទេស​កម្ពុជា​បានចាក់គ្រឹះរឹងមាំ​សម្រាប់វឌ្ឍនភាព។ ភាពជាដៃគូរបស់យើង ជាមួយអង្គការ UNOPS នឹងនាំមកនូវ​ជំនាញបច្ចេកទេស និងការគាំទ្រលើការសាងសមត្ថភាព ដែលជំរុញគាំទ្រ​ដល់​ការវិនិយោគលើ​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីផ្ដល់​ផលប្រយោជន៍​ប្រកបដោយ​អត្ថន័យ និងរយៈពេលវែង​សម្រាប់ ពលរដ្ឋកម្ពុជាទាំងអស់។”

ចំណងជើង៖ Photo courtesy of the Ministry of Public Works and Transport, Cambodia.

ឯកឧត្តម រស់ សាលីន រដ្ឋលេខាធិការ​នៃ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសង្កត់ធ្ងន់​​លើសារសំខាន់​នៃ​ភាពរីកចម្រើន​នៅតំបន់ទីក្រុង​/ទីប្រជុំជនប្រកបដោយចីរភាព៖ “ជាពិសេស យើងត្រៀមខ្លួន រួចជាស្រេចក្នុងការសហការលើជំនួយបច្ចេកទេសដោយផ្ទាល់ពីអង្គការ UNOPS ឬក្រោមក្របខណ្ឌនៃ កិច្ចសហប្រតិបត្តិការត្បូង-ត្បូង កិច្ចសហប្រតិបត្តិការជើង-ត្បូង ឬសហការរៀបចំគម្រោងរួមគ្នារវាង អង្គការ UNOPS និងក្រសួង។ កិច្ចសហការនេះនឹងគាំទ្រដល់ ការអនុវត្តគោលនយោបាយអាទិភាពចំនួន ១៥ របស់ក្រសួង ដែលរួមមានការអភិវឌ្ឍន៍ទីក្រុងប្រកបដោយនិរន្តរភាព លំនៅដ្ឋាន ដែលមានតម្លៃសមរម្យ និងទីក្រុងឆ្លាតវៃ។” 

កិច្ចសហការរបស់ ការិយាល័យ​អង្គការសហប្រជាជាតិ​សម្រាប់សេវាកម្មគម្រោង (UNOPS)​ ជាមួយនឹង​ក្រសួងទាំងនេះ​គូស បញ្ជាក់​អំពី ការប្ដេជ្ញាចិត្តរួមក្នុង​ការដោះស្រាយបញ្ហាប្រឈមនៃវិស័យនគរូបនីយកម្ម ការប្រែប្រួលអាកាសធាតុ និងកំណើនសេដ្ឋកិច្ច។ តាមរយៈការធ្វើការងារ​រួមគ្នា ភាពជាដៃគូទាំងនេះ​មានគោលបំណងផ្ដល់ភាពអង់អាច ជូនប្រទេសកម្ពុជា​ក្នុងការអនុវត្តគម្រោង​ប្រកបដោយបរិវត្តកម្ម ដែលស្របទៅនឹង SDGs ក្នុងការបង្កើតអោយបាន នូវអនាគតមួយ​ប្រកបដោយចីរភាព និងបរិយាបន្ន សម្រាប់មនុស្សគ្រប់រូប។

ចប់

កំណត់សម្គាល់សម្រាប់​អ្នកពិនិត្យអត្ថបទ៖

រូបថតនៃព្រឹត្តិការណ៍នេះមាននៅទីនេះ 

 

 

អំពី UNOPS៖

បេសកកម្ម​របស់ ការិយាល័យ​អង្គការសហប្រជាជាតិ​សម្រាប់សេវាកម្មគម្រោង (UNOPS)​ គឺដើម្បីជួយ​កសាងជីវិតរស់នៅ របស់ប្រជាជនអោយកាន់តែល្អប្រសើរ និងជួយជម្រុញប្រទេសនានាអោយសម្រេចបាន​ការអភិវឌ្ឍប្រកបដោយសន្តិភាព និងចីរភាព។ យើង​ផ្ដល់ដំណោះស្រាយជាក់ស្ដែង​ដើម្បីជួយអង្គការសហប្រជាជាតិ រដ្ឋាភិបាល និង​ដៃគូនានា នៅ​ក្នុងការគ្រប់គ្រងគម្រោង និង​ផ្ដល់​ហេដ្ឋារចនាសម្ព័ន្ធ និង​លទ្ធកម្ម​ប្រកបដោយចីរភាព​ក្នុងលក្ខខណ្ឌមួយ​ប្រកបដោយ ប្រសិទ្ធភាព។ 

Ffion Conlon

UNOPS
Partnerships Specialist for South East Asia and Pacific

អង្គភាពរបស់អង្គការសហប្រជាជាតិដែលចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ

UNOPS
United Nations Office for Project Services

គោលដៅប្រកបដោយចីរភាពដែលគាំទ្រតាមរយៈគំនិតផ្តួចផ្តើមនេះ