សេចក្តី​ប្រកាស​ព័ត៌មាន

ពីការកែច្នៃតាមបែបប្រពៃណី ប្រហុកសៀមរាប ត្រូវបានចុះបញ្ជីជា ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដើម្បីជំរុញញកំណើនសេដ្ឋកិច្ច

05 May 2025

សៀមរាប ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥៖ ដើម្បីអបអរសាទរទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៥ កម្ពុជាបានសម្ពោធ​ ប្រហុកសៀមរាប ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ។ នេះជាជំហានដ៏សំខាន់មួយក្នុងការអភិរក្សការអនុវត្តបែបប្រពៃណី និងលើកកម្ពស់សហគមន៍មូលដ្ឋាន ដែលគំាទ្រដល់កំណើនសេដ្ឋកិច្ចជាតិ។ សមិទ្ធផលនេះកើតចេញលទ្ធផលនៃកិច្ចសហការយ៉ាងជិតស្និទ្ធពីក្រសួង ស្ថាប័នទទួលបន្ទុក តាមរយៈគម្រោងអភិវឌ្ឍន៍ក្រោយប្រមូលផលជលផល (CAPFISH-Capture) ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប (EU) និងអនុវត្តដោយអង្គការអភិវឌ្ឍឧស្សាហកម្មសហប្រជាជាតិ (UNIDO) សហការជាមួយរដ្ឋបាលជលផល និងក្រសួងពាណិជ្ជកម្ម។ 

ទិវាកម្មសិទ្ធិបញ្ញា ត្រូវបានចូលរួមជាអធិបតីដោយ លោកជំទាវ​ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងសិទ្ធិបញ្ញា (NCIP) ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីតំណាងដៃគូអភិវឌ្ឍន៍អន្តរជាតិ វិស័យឯកជន អ្នកសិក្សាស្រាវជ្រាវ សង្គមស៊ីវិល និងសិស្សនិស្សិត។ កាន់តែពិសេសថែមទៀតនោះ គឺមានការអានសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៥ ។

លោកជំទាវ ចម និម្មល បានគូសបញ្ជាក់ពីតួនាទីយ៉ាងសំខាន់របស់ក្រសួងពាណិជ្ជកម្មក្នុងការលើកកម្ពស់ប្រព័ន្ធម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) នៅកម្ពុជា ដែលជាឧបករណ៍សម្រាប់ជំរុញពាណិជ្ជកម្ម ឱ្យមាននិរន្តរភាព និងការអភិវឌ្ឍជនបទ។ លោកជំទាវរដ្ឋមន្រ្តី បានមានប្រសាសន៍ថា៖ «ការទទួលស្គាល់ជាផ្លូវការនូវប្រហុកសៀមរាបជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ បានឆ្លុះបញ្ចាំងពីការបន្តខិតខំប្រឹងប្រែងក្នុងការការពារ និងលើកកម្ពស់ទ្រព្យសម្បត្តិវប្បធម៌ដ៏ពិសេសរបស់កម្ពុជា តាមរយៈក្របខ័ណ្ឌកម្មសិទ្ធិបញ្ញាដ៏រឹងមាំ។ សមិទ្ធផលដ៏សំខាន់នេះ មិនត្រឹមតែជាការការពារចំណេះដឹងប្រពៃណីប៉ុណ្ណោះទេ ថែមទាំងអាចពង្រឹងបាននូវទីផ្សារ និងភាពប្រកួតប្រជែងនៃផលិតផលក្នុងស្រុក ទាំងក្នុង និងក្រៅប្រទេស។ ក្រសួងពាណិជ្ជកម្មប្តេជ្ញាបន្តពង្រឹងប្រព័ន្ធម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ (GI) ឱ្យក្លាយជាឧបករណ៍យុទ្ធសាស្ត្រសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន និងការបន្ថែមតម្លៃលើពាណិជ្ជកម្ម។»

សហភាពអឺរ៉ុបក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) សម្រាប់ការអភិវឌ្ឍជនបទ និងលើកកម្ពស់សេដ្ឋកិច្ច។ ឯកឧត្តម Igor Driesmans បានលើកឡើងថា៖ «ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI)  គឺជាឧបករណ៍ដ៏មានឥទ្ធិពលសម្រាប់ផ្តល់អំណាចដល់ផលិតកករខ្នាតតូចក្នុងការអភិរក្សប្រពៃណី និងលើកកម្ពស់ការគ្រប់គ្រងធនធានប្រកបដោយទំនួលខុសត្រូវ ដែលចូលរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព។» ឯកឧត្តម បានបន្ថែមទៀតថា៖ «ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) មានតួនាទីយ៉ាងសំខាន់នៅអឺរ៉ុប ដែលមានការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញជាង ៣៥00 ហើយ EU បានគាំទ្រការអភិវឌ្ឍកសម្គាល់ភូមិសាស្ត្រទំនិញ (GI) កម្ពុជា ជាងមួយទសវត្សន៍មកហើយតាមរយៈការបណ្តុះបណ្តាល និងជំនួយបច្ចេកទេស។ កិច្ចខិតខំប្រឹងប្រែងរបស់ EU ផ្តោតទៅលើច្រវាក់តម្លៃជលផលប្រកបដោយនិរន្តរភាព និងស្ដង់ដារគុណភាព ដើម្បីលើកកម្ពស់នវានុវត្តន៍ក្នុងការបង្កើនតម្លៃសេដ្ឋកិច្ច និងវប្បធម៌របស់ផលិតផលក្នុងស្រុក។»

ប្រហុកសៀមរាប គឺជាផលិតផលដែលមានលក្ខណៈពិសេសដាច់ដោយឡែករបស់កម្ពុជា ដែលមានលក្ខណៈពិសេសដូចទៅនឹង ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ និងទឹកឃ្មុំព្រៃមណ្ឌលគិរីផងដែរ។ ការលើកកម្ពស់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ​ គឺជាការប្តេជ្ញារបស់កម្ពុជាក្នុងការលើកកម្ពស់អត្តសញ្ញាណផលិតផលនិងគំាទ្រដល់ការប្រកបរបរចិញ្ចឹមជីវិតនៅតាមជនបទ។  ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា៖ «ប្រហុកសៀមរាបគឺជាតំណាងនៃការផ្សារភ្ជាប់គ្នារវាងប្រពៃណីនិងការអភិវឌ្ឍប្រកបដោយចីរភាព ធានាគុណភាពសម្រាប់អ្នកបរិភោគ និងជំរុញភាពប្រកួតប្រជែងក្នុងវិស័យកសិកម្មនៅកម្ពុជា។»

បន្ទាប់ពីត្រូវបានចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញថ្មី ប្រហុកសៀមរាប មិនត្រឹមតែអាចរួមចំណែកជួយជំរុញកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជួយការពារទំនៀមទម្លាប់ប្រពៃណី​​​ និងបរិស្ថានផងដែរ។ ផ្អែកលើតួនាទីដ៏សំខាន់នៃវិស័យកសិកម្មសម្រាប់សន្តិសុខស្បៀងកម្ពុជា ឯកឧត្តម ឌិត ទីណា បានសង្កត់ធ្ងន់បន្ថែមថា៖ «ក្រសួងប្តេជ្ញាពង្រឹងវិស័យនេះ តាមរយៈការកែលម្អខ្សែច្រវាក់តម្លៃ លើកកម្ពស់ការអនុវត្តប្រកបដោយនិរន្តរភាព និងភាពធន់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០២២-២០៣០»។ ការប្តេជ្ញាចិត្តនេះ នឹងជួយបង្កើនឱកាសទីផ្សារសម្រាប់អ្នកផលិត និងផ្តល់ជូនអ្នកបរិភោគនូវផលិតផលដែលគុណភាព និងរសជាតិដើមពិតប្រាកដរបស់ខ្មែរ។»

ប្រហុកសៀមរាប គឺជាការអបអរសាទរដ៏សំខាន់នៃប្រពៃណីម្ហូបអាហារជាតិកម្ពុជា ដែលមានប្រភពដើមពីសម័យអាណាចក្រអង្គរ ដែលពោរពេញទៅដោយគ្រឿងផ្សំក្នុងស្រុកប្រកបដោយឱជារស។ ជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ប្រហុកសៀមរាប នឹងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ផលិតករក្នុងស្រុក ដែលអាចជួយលើកស្ទួយកេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើទីផ្សារពិភពលោក និងជួយឱ្យពិភពលោកទទួលស្គាល់នូវមរតកម្ហូបអាហារដ៏សម្បូរបែបរបស់ខ្មែរ។

Samruol_UNDP

Samruol Im

UNIDO
មន្ត្រីទំនាក់ទំនង និងផ្សព្វផ្សាយ នៃគម្រោង CAPFISH-Capture

អង្គភាពរបស់អង្គការសហប្រជាជាតិដែលចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ

UNIDO
អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម

គោលដៅប្រកបដោយចីរភាពដែលគាំទ្រតាមរយៈគំនិតផ្តួចផ្តើមនេះ