សេចក្តី​ប្រកាស​ព័ត៌មាន

សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ នៅកម្ពុជា ដើម្បីរៀបចំផែនការបន្ទាប់របស់អាស៊ាន ក្នុងការបញ្ចប់អំពើហិង្សាលើស្ត្រី និងពង្រឹងបរិយាបន្នពិការភាពទៅក្នុងគោលនយោបាយនិងកម្មវិធីទាក់ទងនឹងអំពើហិង្សាលើស្ត្រី និងក្មេងស្រី

22 August 2025

រាជធានីភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥

ក្រសួងកិច្ចការនារី នឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ រយៈពេលពីរថ្ងៃ នាថ្ងៃទី២៥-២៦ ខែសីហា ឆ្នាំ២០២៥ ដើម្បីចូលរួមរៀបចំផែនតំបន់អាស៊ានថ្មី ក្នុងដើម្បីលុបបំបាត់អំពើហិង្សាលើស្ត្រី។ កិច្ចខិតខំប្រឹងប្រែងនេះ គឺជាផ្នែកមួយ នៃដំណើរការអភិវឌ្ឍន៍ផែនការសកម្មភាពតំបន់អាស៊ាន ស្តីពីការលុបបំបាត់អំពើហិង្សាលើស្រ្តី (ASEAN RPA EVAW)  ឆ្នាំ២០២៦–២០៣៥

សិក្ខាសាលានេះនឹងនាំយកទស្សនៈក៏ដូចជាបទពិសោធន៍របស់កម្ពុជា ដើម្បីដាក់បញ្ចូលទៅក្នុងផែន​ការថ្មីរបស់អាស៊ាន ដោយផ្តោតសំខាន់លើការបន្តកិច្ចសហប្រតិបត្តិការក្នុងតំបន់។ លទ្ធផលរំពឹងទុកចំបងមួយ គឺសេចក្តីព្រាងនៃជំពូករួមមួយ ស្តីពី ចំណុចប្រសព្វនៃ អំពើហិង្សាលើស្រ្តី និងអំពើហិង្សាលើ កុមារ ដែលនឹងក្លាយជាឯកសារដំបូងបង្អស់នៅក្នុងតំបន់។

សិក្ខាសាលាពិគ្រោះយោបល់នេះ ក៏មានគោលបំណងប្រមូលមតិយោបល់លើ សេចក្តីព្រាងថ្មី នៃគោលការណ៍ណែនាំរបស់អាស៊ាន ស្តីពី បរិយាបន្នពិការភាព នៅក្នុងគោលនយោបាយ និងកម្មវិធី ទាក់ទងនឹងអំពើហិង្សាលើស្ត្រី និងក្មេងស្រី (VAWG)។ ឯកសារនេះ គឺជាឧបករណ៍សំខាន់មួយ ដើម្បី   ជម្រុញកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសសមាជិកអាស៊ាន ក្នុងការលុបបំបាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រីគ្រប់រូប ហើយធានាថា សេវាសម្រាប់ឆ្លើយតបនឹងអំពើហិង្សាលើស្ត្រី និងក្មេងស្រី គឺប្រកាន់ភ្ជាប់នូវសិទ្ធិស្ត្រី និងក្មេងស្រីដែលមានពិការភាពយ៉ាងពេញលេញ។ សិក្ខាសាលាពិគ្រោះយោបល់រួមគ្នានេះ នឹងជួយធានាថា ផែនការថ្នាក់តំបន់បន្ទាប់ មានបរិយាបន្នពិការភាព និងផ្អែកលើវិធីសាស្រ្តផ្តោតការយកចិត្តទុកដាក់លើរងគ្រោះ។

ជម្រុញផែនការសកម្មភាពសម្រាប់ទសវត្សរ៍បន្ទាប់

ដោយផ្អែកលើសមិទ្ធផលនៃ ASEAN RPA EVAW (២០១៦–២០២៥) សិក្ខាសាលាពិគ្រោះយោបល់នេះ នឹងពិនិត្យវាយតម្លៃលើសមិទ្ធផល និងកំណត់នូវបទពិសោធន៍ល្អៗ ដើម្បីត្រួសត្រាយផែនការសកម្មភាពនៅដំណាក់កាលបន្ទាប់។ ផែនការថ្មីនេះ មានគោលដៅធ្វើឱ្យកាន់តែមានបរិយាបន្ន និងប្រសិទ្ធ​ភាព​ជាងមុន ជាមួយនឹងកិច្ចខំប្រឹងប្រែងទប់ស្កាត់ខ្លាំងក្លាជាងមុន ការត្រួតពិនិត្យប្រសើរជាងមុន និងសេវា ដែលឆ្លើយតបទៅនឹងតម្រូវការជាក់លាក់របស់ស្ត្រី និងកុមារ ដែលមានពិការភាព។

សិក្ខាសាលាពិគ្រោះយោបល់នេះនឹងមានអ្នកចូលរួមប្រហែល ៦៥នាក់ ដែលក្នុងនោះ រួមមាន    មន្ត្រី រដ្ឋាភិបាល អង្គការសង្គមស៊ីវិល អង្គការដែលធ្វើការពាក់ព័ន្ធនឹងជនមានពិការ និងតំណាងមកពីវិស័យឯកជនផងដែរ។ សិក្ខាសាលាពិគ្រោះយោបល់នេះ នឹងក្លាយជាវេទិកាមួយ សម្រាប់ចែករំលែកការឆ្លុះ​បញ្ចាំង និងកំណត់នូវអនាគត ដែលស្ត្រី និងក្មេងស្រីគ្រប់រូប នៅក្នុងតំបន់ អាចរស់នៅដោយគ្មានអំពើហិង្សា។

សិក្ខាសាលាពិគ្រោះយោបល់នេះ រៀបចំឡើងដោយ ក្រសួងកិច្ចការនារី គណៈកម្មាធិការអាស៊ាន ស្តីពីការលើកកម្ពស់ និងការការពារសិទ្ធិស្ត្រី និងកុមារ (ACWC)និង គណៈកម្មការអាស៊ានស្ដីពីស្ត្រី(ACW) ដោយទទួលបានការគាំទ្រផ្នែកបច្ចេកទេសដោយ ការិយាល័យភ្នាក់ងារសហប្រជាជាតិលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្ត្រី (UN Women) និង UNFPA និងការគាំទ្រថវិកាដោយ ដ្ឋាភិបាលប្រទេសអូស្ត្រាលី (DFAT) និង សហភាពអឺរ៉ុប (EU) តាមរយៈកម្មវិធីរួម របស់អង្គការសហប្រជាជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាផ្អែកលើយេនឌ័រ នៅតំបន់អាស៊ីអាគ្នេយ៍ និងគម្រោង PROTECT។

សម្រង់សម្តីសម្រាប់សារព័ត៌មាន៖

លោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការ នៃក្រសួងកិច្ចការនារី
«កម្ពុជា បន្តប្តេជ្ញាប្រើប្រាស់នូវ យុទ្ធសាស្ត្រសម្របសម្រួល ផ្អែកលើភស្តុតាង ដើម្បីបញ្ចប់អំពើហិង្សាលើស្ត្រី។ សិក្ខាសាលាពិគ្រោះយោបល់នេះ នឹងជួយឱ្យយើងកំណត់នូវអ្វី ដែលមានប្រសិទ្ធភាព បំពេញគម្លាតដែលនៅសល់ ហើយធានាថា គ្មានស្ត្រី និងក្មេងស្រីណាម្នាក់ ត្រូវបានគេទុកចោលឡើយ។»

លោកស្រី Maria Holtsberg, អគ្គនាយិការង (Deputy Regional Director) ការិយាល័យភ្នាក់ងារសហប្រជាជាតិលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី (UN Women) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក៖

«តាមរយៈការរៀបចំនូវសិក្ខាសាលាពិគ្រោះយោបល់នេះ កម្ពុជា កំពុងតែចូលរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ដើម្បីបញ្ចប់អំពើហិង្សាលើស្ត្រី។ ធាតុចូលដែលប្រមូលបានពីការពិគ្រោះយោបល់នេះ នឹងត្រូវបានយកទៅបង្កើតជាផែនការថ្នាក់តំបន់ឲ្យកាន់តែរឹងមាំ ដោយផ្សាភ្ជាប់អំពើហិង្សាលើស្ត្រី និងកុមារ ហើយធានាឲ្យមានបរិយាបន្នពិការភាពនៅគ្រប់ប្រទេសសមាជិកទាំងអស់។»

លោកស្រី Sandra Bernklau តំណាងប្រចាំប្រទេសរបស់មូលនិធិអង្គការសហប្រជាជាតិសម្រាប់ប្រជាជនប្រចាំកម្ពុជា (UNFPA Cambodia)៖

«នៅក្នុងសង្គមមួយ ដែលការទទួលបាននូវសេវាឆ្លើយតបនឹងអំពើហិង្សាផ្អែកលើយេនឌ័រ នៅតែមានកម្រិត ដោយសារការភ័យខ្លាច និងការមាក់ងាយ ស្ត្រី និងក្មេងស្រី ដែលមានពិការភាព កាន់តែប្រឈមមុខនឹងបញ្ហាច្រើនជាងមុន។ ប្រទេសសមាជិកអាស៊ាន បានបោះជំហានយ៉ាងសំខាន់ និងច្បាស់លាស់ មួយ ក្នុងការលើកកម្ពស់សេវាឆ្លើយតបនឹងអំពើហិង្សាលើស្ត្រី និងក្មេងស្រី ។»

ព័ត៌មានលម្អិតអំពីកម្មវិធី៖

  • កាលបរិច្ឆេទ៖ ថ្ងៃច័ន្ទ ទី២៥ និង ថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ២០២៥
  • កន្លែង៖ សណ្ឋាគារ Sunway ភ្នំពេញ

ទំនាក់ទំនងសារព័ត៌មាន៖ 

Diego De La Rosa

អ្នកជំនាញសម្របសម្រួល និងទំនាក់ទំនងផ្នែកបញ្ឈប់អំពើហិង្សាលើស្ត្រី

ការិយាល័យភ្នាក់ងារសហប្រជាជាតិលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី 

(UN Women) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក

Diego.delarosa@unwomen.org 

 

អំពីក្រសួងកិច្ចការនារី៖

ក្រសួងកិច្ចការនារី គឺជាយន្តការជាតិមួយ សម្រាប់លើក​កម្ពស់​​​​​​ស្ថានភាពស្ត្រី​​ នៅក្នុង​ប្រទេសកម្ពុជា។ ក្រសួងកិច្ចការនារី ត្រូវបានបង្កើតឡើង ដើម្បីធ្វើការដឹកនាំ សម្របសម្រួល និងជម្រុញកិច្ចខិតខំប្រឹងប្រែងទាំងឡាយ ដើម្បីសមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី នៅក្នុងប្រទេសកម្ពុជា។ ក្រសួងកិច្ចការនារី ដើរតួនាទីជាអ្នកជំរុញ (កាតាលីករ) និងស្វែងរកការគាំទ្រមតិ ដើម្បីលើកទឹកចិត្តក្រសួង ស្ថាប័នរដ្ឋ សង្គមស៊ីវិល ព្រមទាំងវិស័យឯកជន ក្នុងការបញ្ចូលសមភាពយេនឌ័រ ទៅក្នុងគោលនយោបាយ និងកម្មវិធីនានារបស់ខ្លួន។ ក្រសួងកិច្ចការនារី ក៏ទទួលខុសត្រូវ ក្នុងការត្រួតពិនិត្យ តាមដាន និងវាយតម្លៃ អំពីប្រសិទ្ធភាពនៃការអនុវត្ត​គោលនយោបាយ និងកម្មវិធីនានារបស់រដ្ឋាភិបាល សំដៅធ្វើឱ្យសម្រេចបាននូវសមភាពយេនឌ័រ។

ស្វែងយល់បន្ថែម៖ https://demo.mowa.gov.kh/ ឬតាមបណ្ដាញផ្សព្វផ្សាយសង្គម @mowa.gov.kh

 

អំពីភ្នាក់ងារសហប្រជាជាតិលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី (UN Women)៖ 

UN Women ត្រូវបានបង្កើតឡើង ដើម្បីលើកកម្ពស់សិទ្ធិស្រ្តី សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីគ្រប់រូប។ UN Women ជាភ្នាក់ងារអង្គការសហប្រជាជាតិ ដែលផ្តោតលើការលើកកម្ពស់សមភាពយេនឌ័រ យើងចូលរួមកែលម្អច្បាប់ ស្ថាប័ន អាកប្បកិរិយាសង្គម និងសេវា ដើម្បីលុបបំបាត់គម្លាតយេនឌ័រ និងកសាង ពិភពលោកមួយ ដែលមានសមភាព សម្រាប់ស្ត្រី និងក្មេងស្រីគ្រប់រូប។ យើងផ្តោតសំខាន់លើសិទ្ធិស្ត្រី និងក្មេងស្រី នៃវឌ្ឍនភាពសកល គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ សមភាពយេនឌ័រ មិនមែនគ្រាន់តែជាអ្វីដែលយើងធ្វើនោះទេ ប៉ុន្តែសមភាពយេនឌ័រ គឺជាយើង។

ស្វែងយល់បន្ថែម៖ http://asiapacific.unwomen.org ឬតាមបណ្ដាញផ្សព្វផ្សាយសង្គម @unwomenasia

 

អំពីមូលនិធិអង្គការសហប្រជាជាតិសម្រាប់ប្រជាជនប្រចាំកម្ពុជា (UNFPA)៖

UNFPA ជាទីភ្នាក់ងារសុខភាពផ្លូវភេទ និងបន្តពូជ របស់អង្គការសហប្រជាជាតិ គឺជាដៃគូរដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩៣។ បេសកកម្មរបស់យើង គឺធានាថា ស្រ្តីគ្រប់រូបមានផ្ទៃពោះតាមបំណងប្រាថ្នា ការសម្រាលកូនមានសុវត្ថិភាពសម្រាប់ម្តាយគ្រប់រូប ស្ត្រី និងក្មេងស្រីទាំងអស់មានសេរីភាពពីអំពើហិង្សា ហើយយុវជនគ្រប់រូបសម្រេចនូវសក្តានុពលរបស់ខ្លួន។ នៅកម្ពុជា UNFPA សហការជាមួយរដ្ឋាភិបាល ក្នុងការបន្តពន្លឿនវឌ្ឍនភាព ឆ្ពោះទៅរក គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងគោលដៅ នៃសន្និសីទអន្តរជាតិ ស្តីពីប្រជាជន និងការអភិវឌ្ឍ។ ភាពជាដៃគូនេះ ផ្តោតលើវិស័យសំខាន់ៗ រួមមាន ការសម្រេចឱ្យបាននូវ លទ្ធភាពទទួល បានជាសកលនូវសេវា និងព័ត៌មានស្តីពីសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ ការកាត់បន្ថយអត្រាមរណភាពមាតា និងការបញ្ចប់គ្រប់ទម្រង់នៃអំពើហិង្សាផ្អែកលើយេនឌ័រ។

ស្វែងយល់បន្ថែម៖  https://cambodia.unfpa.org/en ឬតាមបណ្ដាញផ្សព្វផ្សាយសង្គម  @unfpacambodia

អង្គភាពរបស់អង្គការសហប្រជាជាតិដែលចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ

UN Women
ការិយាល័យភ្នាក់ងារសហប្រជាជាតិលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្រ្តី
UNFPA
មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន

គោលដៅប្រកបដោយចីរភាពដែលគាំទ្រតាមរយៈគំនិតផ្តួចផ្តើមនេះ