សេចក្តី​ប្រកាស​ព័ត៌មាន

ការបិទបញ្ចប់គម្រោងអភវឌ្ឍន៍ជលផលក្រោយប្រមូលផល ដែលគាំទ្រដោយ សហភាពអឺរ៉ុប បន្សល់ទុកនូវកេរតំណែល និងផលជះយូរអង្វែងដល់ការរីកចម្រើនរបស់ វិស័យជលផលនៅកម្ពុជា

13 October 2025

រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ជាមួយប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា (EUD) និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ប្រារព្ធពិធី បិទបញ្ចប់គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប (EU) នាថ្ងៃនេះក្រោមប្រធានបទ «បរិវត្តកម្មជលផល ដើម្បីកំណើនប្រកបដោយចីរភាព និងបរិយាប័ន្ន»។ ជាមួយសមិទ្ធផលដែលគម្រោងសម្រេចបាន ការបិទបញ្ចប់របស់គម្រោងគឺជាមូលដ្ឋានគ្រឹះនៃដំណើរឆ្ពោះទៅរកាន់ការធ្វើទំនើបកម្ម និងការអភិវឌ្ឍអនុវិស័យជលផលនៅកម្ពុជាប្រកបដោយចីរភាព បង្កើនភាពប្រកួតប្រជែង និងសហគមន៍ជាម្ចាស់ ជាមួយនឹងសក្តានុពលនៃការពង្រីកការអភិវឌ្ឍបែបនេះក្នុងខ្សែច្រវាក់តម្លៃកសិអាហារផ្សេងៗទៀត។

ចាប់តាំងពីការចាប់ផ្តើមអនុវត្ត រហូតមកដល់ពេលនេះ គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល បានបង្កើនផលិតភាពផលជលផលក្នុងស្រុកដោយគិតគូរជាចម្បងលើគុណភាព សុវត្ថិភាព​ និងនវានុវត្តន៍ និងបង្កើនភាពប្រកួតប្រជែងលើទីផ្សារបានកាន់តែទូលំទូលាយ។ គិតមកត្រឹមពេលនេះ សហគ្រាសចំនួន ២២ ទទួលបានវិញ្ញាបនប័ត្រនិមិត្តសញ្ញាបញ្ជាក់គុណភាពកម្ពុជា (CQS) និងសហគ្រាសចំនួន ៤ ទទួលបានវិញ្ញាបនប័ត្រ HACCP ហើយសហគ្រាសចំនួន ៤២ បានអនុវត្តអនុលោមភាពសុវត្ថិភាពម្ហូបអាហារ ហើយពួកគេទាំងអស់បានបង្កើនប្រតិបត្តិអាជីវកម្ម ដោយសារពួកគេមានលទ្ធភាពប្រកួតប្រជែងលើទីផ្សារបានល្អប្រសើរជាងមុន ហើយអាចផលិត និងផ្គត់ផ្គង់ផលិតផលទៅកាន់ទីផ្សារបានច្រើនមុខជាងមុន។ សមិទិ្ធផលនេះមានន័យថាអតិថិជន និងអ្នក បរិភោគទទួលបានផលិតផល ជលផលដែល មាន គុណភាពសុវត្ថិភាព និងជីវជាតិ បានច្រើនជាងមុន ដែលអាចរកបានតាមទីផ្សារនានា។  លើសពីនេះ សហគ្រាសទាំងនោះក៏បានចូលរួមក្នុងការបង្កើនការងារ ប្រាក់ចំណូល ក្នុងសហគមន៍មូលដ្ឋាន។

គម្រោងក៏បានការពង្រីកឱកាសការងារយ៉ាងច្រើន ជាពិសេសសម្រាប់ស្រ្តីនៅក្នុងផ្នែកជលផលក្រោយប្រមូលផល។ សហគ្រាសជលផលខ្នាតតូច និងនៅតាមទីជនបទដែលទទួលបានការគាំទ្រមានលទ្ធភាពអាច ប្រើប្រាស់បច្ចេកវិទ្យាទំនើប ការបណ្តុះបណ្តាលការការស្រាវជ្រាវនិងអភិវឌ្ឍន៍ផលិតផល និងឱកាសចូលរួមការតាំងបង្ហាញផលិតផលបានច្រើនជាងមុន ទាំងនេះបានជួយឱ្យពួកគេអាចប្រកួតប្រជែងលើទីផ្សារ និងរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចថា្នក់មូលដ្ឋាន​ និងថ្នាក់ជាតិប្រកបដោយចីរភាព

លោក Dejene TEZERA ប្រធានផ្នែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងកសិពាណិជ្ជកម្ម អគ្គនាយកដ្ឋានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការ​ UNDIO ស្នាក់ការកណ្តាល  បានមានប្រសាសន៍ថា៖ 
«គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល បានចូលរួមបង្កើតនូវផលជះជាវិជ្ជមានដល់សេដ្ឋកិច្ចសង្គមតាម រយៈការចូលរួមពង្រីកចំណែកទីផ្សារ លើកកម្ពស់សុវត្ថិភាពម្ហូបអាហារ  កែលម្អជីវភាពរស់នៅ និងការបង្កើ
ឱកាសការងារក្នុងតំបន់ ដោយមានការចូលរួមបានទូលំទូលាយជាងមុន។ លទ្ធផលប្រកបដោយចីរភាព​ និងបរិយាប័ន្ននេះ បានគូសបញ្ជាក់យ៉ាងច្បាស់​អំពីតួនាទី ជំនាញបច្ចេកទេស និងបេសកម្មរបស់អង្គការ UNIDO ក្នុងការអភិវឌ្ឍឧស្សាហកម្ម ប្រកបដោយចីរភាព និងបរិយាប័ន្ន។

និរន្តរភាព និងបរិយាប័ន្ន ជាមូលដ្ឋានគ្រឹះសម្រាប់បេសកកម្មរបស់គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល។ គម្រោងបានចូលរួមលើកកម្ពស់ការកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានដល់បរិស្ថានតាមរយ:ការជំរុញឱ្យប្រើប្រាស់រោងហាលសម្ងួតដោយប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ និងការលើកទឹកចិត្តឱ្យសហគ្រាស និងក្រុមអ្នកកែច្នៃជលផល អោយគោរពតាមគោលការណ៍ជាមូលដ្ឋាន នៃកិច្ចគាំពារបរិស្ថាន។ សហគ្រាសចំនួន ៤៦ ក្នុងចំណោម ៦៤  ដឹកនាំដោយស្ត្រី និងមានសហគ្រាសចំនួន ៣  គ្រប់គ្រងដោយជនមានពិការភាព ។ ​
ទាំងនេះឆ្លុះបញ្ចាំងអំពីការគិតគូរគ្រប់ជ្រុងជ្រោយ ​ដើម្បីធានាឱ្យបានការគាំទ្រប្រកបដោយបរិយាប័ន្ន  និងធានាក្រមសីលធម៌ការងារសម្រាប់អនុវិស័យជលផលនេះទាំងមូល

តាមរយៈការពង្រឹងផលិតកម្មក្នុងស្រុក និងការលើកកម្ពស់ការប្រើប្រាស់ផលិតផលផលិតក្នុងស្រុក គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល បានរួមចំណែកកាត់បន្ថយការពឹងផ្អែក លើការប្រើប្រាស់ផលិតផលនាំចូល ទន្ទឹមនឹងបង្កើនភាពប្រកួតប្រជែងនៅលើទីផ្សារក្នុង និងក្រៅស្រុកបានល្អជាងមុន។   កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានគាំទ្រ​ និងជំរុញការអនុវត្តអនុលោមភាពសុវត្ថិភាពម្ហូបអាហារថ្នាក់ជាតិដោយផ្ទាល់ និងរួមចំណែកដល់សន្តិសុខស្បៀងថ្នាក់តំបន់បានកាន់តែទូលំទូលាយ

«លើសពីលទ្ធផលរំពឹងទុក និងផលជះជាវិជ្ជមានសំខាន់ៗ គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល នៃកម្មវិធី​ CAPFISH-Capture ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប បានកសាងនូវទំនុកចិត្តពីសំណាក់អ្នក
ពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃជលផល។​ ការជឿទុកចិត្តនេះបានជំរុញឱ្យមានកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ សង្គមស៊ីវិល និងវិស័យឯកជន។ លទ្ធផលទាំងនេះបានគូសបញ្ជាក់យ៉ាងច្បាស់ថា រាល់គម្រោងដែលគាំទ្រថវិកាដោយម្ចាស់ជំនួយ គឺមិនអាចខ្វះបាននូវភាពជាម្ចាស់របស់ប្រទេសសាម៉ី និងស្ថាប័ន ទទួលបន្ទុក និងសហគ្រិនភាពដើម្បីធ្វើឲ្យគម្រោងមានផលជះជាវិជ្ជមាន។ ខ្ញុំមានជំនឿជាក់ថា សហគ្រាសក្នុងស្រុកនឹងនៅតែបន្តស្មារតី និងកិច្ចខិតខំប្រឹងប្រែងក្នុងភាពមោះមុតដូចគ្នា នារយៈពេលប៉ុន្មានឆ្នាំតទៅមុខទៀតក្នុងភាពជាម្ចាស់ ជាភ្នាក់ងារជំរុញវឌ្ឍនភាពឆ្ពោះទៅអនាគតដ៏ត្រចះត្រចង់មួយ។» ប្រសាសន៍របស់ ឯកឧត្តម អ៊ីហ្គ័រ ឌ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា

 

គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផលនៃកម្មវិធី CAPFISH-Capture គឺជាឧទាហរណ៍ដ៏មានប្រសិទ្ធភាព ស្តីពីកិច្ចសហការជាយុទ្ធសាស្ត្រ នវានុវត្តន៍ និងឆន្ទ:ខ្ពស់ ដើម្បីសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។ ទោះបីជាគម្រោងបញ្ចប់ លទ្ធផលនិងផលជះនៅតែបន្ត​ ដើម្បីតម្រង់ទិសអនុវិស័យជលផលកម្ពុជា នាពេលអនាគត ក៏ដូចជាលើកទឹកចិត្តឱ្យមានការអនុវត្តស្រដៀងគ្នាក្នុងវិស័យដទៃទៀតផងដែរ

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា៖ 
«ភាពជោគជ័យនៃគម្រោង CAPFISH-Capture ឆ្លុះបញ្ចាំងឱ្យឃើញអំពីការវិវឌ្ឍនៃការកែច្នៃផលិតផលជលផលក្រោយប្រមូលផល ដោយផ្ដោតលើគុណភាព និរន្ដរភាព និងបរិយាប័ន្ន។ សមិទ្ធផលដែលក្រសួងនិងអង្គការដៃគូរបស់យើងសម្រេចបានរួមគ្នាកន្លងមក មិនត្រឹមតែជួយឱ្យវិស័យជលផលលូតលឿនទៅមុខតែម្យ៉ាងទេ តែវាបានរួមចំណែកលើកកម្ពស់ជីវភាពប្រជាជន និងសេដ្ឋកិច្ចជាតិឱ្យប្រសើរឡើងបានមួយកម្រិត។ ក្រសួងកសិកម្ម 
រុក្ខាប្រមាញ់ និងនេសាទ បន្តការប្ដេជ្ញាចិត្តរបស់ខ្លួនដើម្បីធ្វើការជាមួយប្រជានេសាទ អ្នកកែច្នៃ និងសហគ្រាសនានា ដើម្បីឱ្យពួកគាត់អាចទទួលផលពីការធ្វើទំនើបកម្ម ប្រកបដោយការប្រកួតប្រជែង និងការទទួលខុសត្រូវចំពោះបរិស្ថាន។» 

 

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

  1. បណ្ឌិត ឈួន ចំណាន ប្រធាននាយកដ្ឋានបច្ចេកវិទ្យាកែច្នៃ និងគុណភាព​ (DFPTQ) រដ្ឋបាលជលផលchhounchamnan@gmail.com
  2. លោក អឹម សំរួល ជំនាញការជាតិផ្នែកទំនាក់ទំនង និងផ្សព្វផ្សាយ គម្រោង​ CAPFISH-Capture

S.IM@unido.org 

 

Samruol_UNDP

Samruol Im

UNIDO
មន្ត្រីទំនាក់ទំនង និងផ្សព្វផ្សាយ នៃគម្រោង CAPFISH-Capture

អង្គភាពរបស់អង្គការសហប្រជាជាតិដែលចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ

UNIDO
អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម

គោលដៅប្រកបដោយចីរភាពដែលគាំទ្រតាមរយៈគំនិតផ្តួចផ្តើមនេះ