ស្រ្តី និងជំនួញ៖ ការចូលរួមចំណែករបស់ក្រុមស្ត្រីកែច្នៃផលិតផលជលផលក្នុងការពង្រឹងសមភាពយេនឌ័រ
ស្រ្តី និងជំនួញ៖ ការចូលរួមចំណែករបស់ក្រុមស្ត្រីកែច្នៃផលិតផលជលផលក្នុងការពង្រឹងសមភាពយេនឌ័រ
នៅក្នុងសហគមន៍នេសាទដ៏មមាញឹកមួយក្នុងខេត្តកោះកុង យើងអាចមើលឃើញមានក្រុមស្ត្រីកែច្នៃផលិតផលជលផលមួយក្រុម រួមជាមួយអ្នកស្រី ប៊ុន វ៉ាង ជាប្រធានក្រុម ដែលនេះជាសញ្ញាណនៃការផ្តល់ភាពអង់អាចដល់ស្ត្រី និងការបំពេញការងារជាក្រុមដ៏គួរឲ្យកត់សម្គាល់។
កាលនៅវ័យជំទង់ អ្នកស្រី ប៊ុន វ៉ាង បានរៀនសូត្រពីម្តាយរបស់គាត់នូវរូបមន្តសម្ងាត់នៃការចម្អិនអាហារសមុទ្រប្រកបដោយរសជាតិឆ្ងាញ់ពិសារ។ ក្រោយមក ម្តាយក្មេករបស់អ្នកស្រី ក៏បានបង្ហាត់បង្ហាញគាត់នូវរូបមន្ត និងវិធីសាស្រ្តក្នុងការចម្អិនអាហារដ៏សម្បូរបែបផ្សេងទៀតផងដែរ។
ដោយបន្តជីវភាពរស់នៅក្នុងសហគមន៍ពាមក្រសោបក្នុងខេត្តកោះកុង អ្នកស្រី ប៊ុន វ៉ាង បានបន្តអនុវត្តនូវវិធីសាស្ត្រចម្អិនអាហារទាំងនេះ ដោយបន្ថែមគ្រឿងផ្សំពិសេសផ្ទាល់ខ្លួន។ អ្នកស្រី ក៏បានចាប់ផ្តើមប្រកបអាជីវកម្មកែច្នៃបង្គាក្រៀមជាលក្ខណៈគ្រួសារ។
ក្នុងអំឡុងពេលនេះ បន្ថែមលើជំនាញ និងបទពិសោធន៍ទទួលបានពីប្រទេសថៃ និងវគ្គបណ្តុះបណ្តាលផ្សេងៗជាច្រើន អ្នកស្រី ប៊ុន វ៉ាង ប្រែក្លាយអាជីវកម្មលក្ខណៈគ្រួសារដែលអ្នកស្រីបានខំប្រឹងប្រែងកសាងអស់កាលជាយូរនោះឲ្យ ឱ្យទៅជាអាជីវកម្មកែច្នៃបង្គាក្រៀមកាន់តែធំជាងមុន។ ដោយមានគោលបំណង់ជួយ និងផ្តល់ភាពអង់អាចទៅដល់ស្រ្តីនៅក្នុង សហគមន៍ខ្លួន អ្នកស្រីបានបង្កើតក្រុមស្រ្តីកែច្នៃផលិតផលជលផលនៅក្នុងសហគមន៍ ពាមក្រសោប ក្នុងឆ្នាំ ២០១៤។
រឿងរ៉ាវក្រោយឆាកជាច្រើន បានជំរុញទឹកចិត្តឱ្យអ្នកស្រីចងក្រងបង្កើតក្រុមនេះឡើង។ ស្រ្តីនៅក្នុងសហគមន៍ ពឹងផ្អែកទាំងស្រុងលើប្រាក់ចំណូលពីរបរនេសាទរបស់ប្តីប្រឈមនឹងបញ្ហាហិរញ្ញវត្ថុដែលពេលខ្លះវាជាមូលហេតុបង្កឲ្យមានជាអំពើហិង្សាក្នុងគ្រួសារ។ ជាចក្ខុវិស័យ អ្នកស្រី ប៊ុន វ៉ាង យល់ឃើញថា ការចងក្រងជាក្រុម គឺជាមធ្យោបាយមួយក្នុងការបង្កើតឱកាសរកប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅ និងកសាងឯករាជ្យភាពសម្រាប់ស្រ្តី។
នៅក្នុងក្រុមរបស់អ្នកស្រី មានសមាជិកសកម្មចំនួន ០៩ រូប ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួចសេដ្ឋកិច្ចក្នុងសហគមន៍។ ពួកគេម្នាក់ៗ មានការទទួលខុសត្រូវ និងភារកិច្ចជាក់លាក់នៅក្នុងខ្សែច្រវាក់ផលិតកម្ម ចាប់ផ្តើមពីការលាងសម្អាត ការស្ងោរ ការវេចខ្ចប់ និងការផ្សព្វផ្សាយទីផ្សារ។ ផលិតផលត្រូវបានសម្រិតសម្រាំង និងកែច្ចៃដោយយកចិត្តទុកដាក់ ប្រើប្រាស់បង្គាធម្មជាតិក្នុងស្រុកពិសេសដើម្បីទទួលបានគុណភាពខ្ពស់ និងរសជាតិឆ្ងាញ់ពិសារ មានដូចជាបង្គាក្រៀម យីហ៊ឺ កាពិឬគីជាដើម។
ការតាំងចិត្តរៀនសូត្រ និងអភិវឌ្ឍជំនាញបន្ថែម ជួយឱ្យអ្នកស្រី ប៊ុន វ៉ាង និងក្រុមទទួលបានការគាំទ្រ ទាំងបច្ចេកទេស និងហិរញ្ញវត្ថុពីស្ថាប័នជាច្រើន ជាក់ស្តែងពីគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) លើការគ្រប់គ្រងអាជីវកម្ម ការធ្វីទីផ្សារតាមបែបឌីជីថល និងសុវត្ថិភាពម្ហូបអាហារ។
អ្នកស្រីបានលើកឡើងថា «ស្រ្តីយើងភាគច្រើនជាប់រវល់ការងារផ្ទះសម្បែង ប៉ុន្តែចាំបាច់ណាស់ដែលយើងត្រូវចេះ លៃលកពេលវេលារៀនសូត្រជំនាញ និងចំណេះដឹងថ្មីៗ ក៏ដូចជាបច្ចេកវិទ្យាននា ដើម្បីអាចឱ្យអាជីវកម្មរីកចម្រើន និងដើរទៅមុខ។»
ក្រោមការគាំទ្រថវិការបស់ សហភាពអឺរ៉ុប (EU) គម្រោងត្រូវបានអនុវត្តរួមគ្នាដោយ អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) និងរដ្ឋបាលជលផល (FiA) ។ គម្រោងបានផ្តល់ទូសម្ងួតពន្លឺព្រះអាទិត្យដល់ក្រុម ដើម្បីហាលសម្ងួតបង្គាក្រៀមឱ្យបានកាន់តែប្រសើរ ដែលវាជួយឱ្យអាជីវកម្មរីកចម្រើន។
គម្រោង CAPFISH-Capture ផ្តោតការគិតគូរ និងអនុវត្តយ៉ាងសកម្មដើម្បីលើកកម្ពស់សមភាពយេនឌ័រ ដោយដាក់បញ្ចូលបញ្ហានេះទៅក្នុងគ្រប់សកម្មភាពរបស់គម្រោង និងផ្តល់ភាពអង់អាចទៅដល់ស្រ្តីនៅក្នុងខ្សែច្រវាក់តម្លៃជលផល ក្រោយប្រមូលផលទាំងមូល។
ផលជះដែលយើងកត់សម្គាល់ឃើញនៅក្នុងក្រុមស្រ្តីកែច្នៃពាមក្រសោបមានវិសាលភាពលើសពីតម្លៃសេដ្ឋកិច្ច។ ដោយបានបង្កើតការងារសម្រាប់សហគមន៍ចំនួន ០៧ គ្រួសារ វាបានចូលរួមជួយលើកកម្ពស់ទំនុកចិត្តរបស់សហគមន៍ និងរួមចំណែកកាត់បន្ថយអំពើហឹង្សាក្នុងគ្រួសារ។ ខណៈដែលស្រ្តីជាសមាជិកក្រុម មានជម្រើសហិរញ្ញវត្ថុកាន់តែប្រសើរជាង មុនតាមរយៈសកម្មភាពក្រុមសន្សំ វាធ្វើឲ្យជីវភាពរស់នៅមានភាពប្រសើរជាងមុន កុមារី កុមារាក្នុងសហគមន៍បានសិក្សារៀនសូត្រ។ ការពង្រឹងអំណាចរួមរបស់សក្រុមស្ត្រីធ្វើការងាររួមគ្នាជាបណ្តាញ និងការពឹងអាស្រ័យគ្នាទៅវិញទៅមក គឺជា អានុភាពនៃកម្លាំងផ្លាស់ប្តូរមួយ ឆ្លើយតបទៅនឹងវិសមភាពយេនឌ័រ និងផ្តល់អត្ថប្រយោជន៍ដល់តួអង្គក្នុងខ្សែច្រវាក់តម្លៃ ទាំងមូល។ អ្នកស្រី ប៊ុន វ៉ាង ទទួលស្គាល់ថា ដំណើរនៅតែបន្តទៅមុខវែងឆ្ងាយទៀត ថ្វីបើក្រុមពើបប្រទះនឹងការលំបាក ជាច្រើនដូចជា នៅពេលខ្លះមានកង្វះខាតការផ្គត់ផ្គង់បង្គារស្រស់ និងវត្ថុធាតុដើមផ្សេងៗទៀត ដោយសារកត្តាអាកាសធាតុ មិនអំណោយផល តែអ្នកស្រីនៅតែមានសុទិដ្ឋិនិយម ដោយមានជំនឿឥតងាករ៉េលើសាមគ្គីភាព និងភាពរឹងម៉ាំរបស់ក្រុមខ្លួន។
លោកស្រីបន្ថែមថា «ក្នុងនាមជាស្រ្តី យើងត្រូវមានអាជីវកម្មដែលជាប្រភពចំណូលផ្ទាល់ខ្លួន ដើម្បីកសាងឯករាជ្យភាព និងតួនាទីសម្រេចចិត្តនៅក្នុងគ្រួសារ។»