UNOPS បានសហការជាមួយក្រសួងសុខាភិបាលរៀបចំសិក្ខាសាលារយៈពេល ពីរថ្ងៃស្តីពីការចែករំលែកបទពិសោធន៍នៃការអនុវត្តល្អៗនៃកិច្ចលទ្ធកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ដល់មន្រ្តីសុខាភិបាល
09 September 2024
រាជធានីភ្នំពេញ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ - នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងប្រព័ន្ធថែទាំ សុខភាពរបស់ប្រទេសកម្ពុជា UNOPS និងក្រសួងសុខាភិបាលបានសហការរៀបចំក្ខាសាលាចែករំលែកបទ ពិសោធន៍លើការអនុវត្តល្អៗនៃកិច្ចលទ្ធកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ដល់មន្រ្តីសុខាភិបាលចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។
សិក្ខាសាលានេះមានគោលបំណងលើកកម្ពស់សមត្ថភាពមន្ត្រីក្រសួងសុខាភិបាលក្នុងការប្រាស្រ័យទាក់ទងប្រកប ដោយប្រសិទ្ធភាព និងការចូលរួមជាមួយអ្នកផ្គត់ផ្គង់ ជាពិសេសលើការបញ្ជារទិញទំនិញ និងឧបករណ៍វេជ្ជសាស្រ្តជា សាវន្ត ដែលត្រូវការថែទាំបន្ត និងការធានាក្រោយការតម្លើង។ អ្នកគ្រប់គ្រងគម្រោង UNOPS និងអ្នកជំនាញ លទ្ធកម្មបានចែករំលែកបទពិសោធន៍លើការអនុវត្តគម្រោងលទ្ធកម្មនៅក្នុងតំបន់ដល់អង្គសិក្ខាសាលា។ សិក្ខាសាលានេះមានអ្នកចូលរួមចំនួន ៨៥រូប តំណាងឱ្យនាយកដ្ឋានជំនាញក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិ មន្ទីរពេទ្យជាតិ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត។
ក្រសួងសុខាភិបាលបាននិងកំពុងចូលរួមយ៉ាងសកម្មជាមួយអ្នកផ្គត់ផ្គង់ក្នុងស្រុក និងអន្តរជាតិ ជាពិសេសក្នុងការ បញ្ជារទិញឧបករណ៍វេជ្ជសាស្ត្រទំនើបៗ ដែលទាមទារការគាំទ្ររយៈពេលវែង ដើម្បីរួមចំណែកក្នុងការធ្វើឱ្យប្រសើរ ឡើងនូវប្រព័ន្ធសុខាភិបាលរបស់កម្ពុជា។ នៅតាមបណ្តារាជធានី ខេត្ត មន្ទីរសុខាភិបាលបានប្ដេជ្ញាពង្រឹងសមត្ថភាព លទ្ធកម្ម និងហិរញ្ញវត្ថុ ដើម្បីបំពេញតាមស្តង់ដារប្រតិបត្តិ និងគោលការណ៍ណែនាំដែលកំណត់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្របតាមកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ។
ក្នុងជំនួបជាមួយលោកស្រី អេដា ក្រាយា នាយិកាគ្រប់គ្រងប្រចាំប្រទេសកម្ពុជា និងឡាវ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលស្គាល់ជំនាញរបស់ UNOPS លើកិច្ចលទ្ធកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងគម្រោងក្នុងវិស័យសុខាភិបាល និងបានស្នើឱ្យ UNOPS ផ្តល់នូវសិក្ខាសាលាចែករំលែក បទពិសោធន៍លើការអនុវត្តល្អៗនៃកិច្ចលទ្ធកម្មក្នុងគោលដៅបង្កើនការយល់ដឹងរបស់មន្ត្រីសុខាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិអំពីកិច្ចលទ្ធកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ រួមទាំងតម្រូវការហេដ្ឋារចនាសម្ព័ន្ធ ការធ្វើការសាកល្បង ប្រតិបត្តិការ និងការថែទាំ ក្នុងន័យបង្កើនការប្រកួតប្រជែងលើការដេញថ្លៃពីអ្នកផ្គត់ផ្គង់លើកិច្ចលទ្ធកម្មរបស់ក្រសួង សុខាភិបាល។
ក្នុងសុន្ទរកថាបើកកម្មវិធីនេះ លោកជំទាវឱសថការី វ៉ា ពុធនាថ រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា “ក្រសួងសុខាភិបាល បាននិងកំពុងសហការជាមួយអង្គការជាតិ និងអន្តរជាតិ និងស្ថាប័ននានារបស់អង្គការសហប្រជាជាតិ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសាកលក្នុងប្រទេសកម្ពុជា តាមរយៈការធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃការផ្តល់សេវាថែទាំសុខភាពជាមូលដ្ឋានដល់ប្រជាពលរដ្ឋគ្រប់រូប និងនៅគ្រប់ទីកន្លែង។ កិច្ចសហការជាមួយដៃគូទាំងអស់ ជាកិច្ចការដ៏មានសារៈសំខាន់សម្រាប់ធានាថាគ្មាន ពលរដ្ឋណាម្នាក់ ឬទីកន្លែងណាមួយត្រូវបានបោះបង់ចោល។ ហេតុដូច្នេះ ក្រសួងនឹងបន្តសហការជាមួយ គ្រប់ភាគីពាក់ព័ន្ធ ទាំងអស់ក្នុងវិស័យសុខាភិបាល ជាពិសេសជាមួយ UNOPS លើកកិច្ចការលទ្ធកម្ម និងសេវាកម្មដទៃទៀត។”
លោកស្រីអេដា ក្រាយា នាយិកាប្រចាំប្រទេស UNOPS មានប្រសាសន៍ថា “លទ្ធកម្មប្រកបដោយចីរភាព ជាកិច្ចការដ៍សំខាន់នៃអាណត្តិរបស់ UNOPS ។ យុទ្ធសាស្ត្រសុខភាពរបស់ UNOPS បានកំណត់យក កិច្ចលទ្ធកម្មក្នុងវិស័យសុខាភិបាលជាសេវាកម្មដ៍សំខាន់មួយដើម្បីរួមចំណែកបង្កើនប្រសិទ្ធភាព និងដំណើរការជាបន្តបន្ទាប់នៃប្រព័ន្ធសុខាភិបាល។ UNOPS មិនត្រឹមតែធ្វើលទ្ធកម្ម និងសង្វាក់ផលិតកម្មលើទំនិញ និងសម្ភារៈវេជ្ជសាស្រ្តប៉ុណ្ណោះទេ តែក៏អាចផ្តល់នូវជំនួយបច្ចេកទេស និងការផ្តល់នូវសេវាកម្មប្រឹក្សាយោបល់ដើម្បី ធ្វើឱ្យប្រសើរឡើងនូវកិច្ចលទ្ធកម្មសាធារណៈក្នុងវិស័យសុខាភិបាលផងដែរ។ UNOPS នៅតែប្តេជ្ញាចិត្តក្នុងការបន្ត កិច្ចសហការគាំទ្រក្រសួងសុខាភិបាលលើកិច្ចលទ្ធកម្ម និងហេដ្ឋារចនាសម្ព័ន្ធ និងផ្តល់ការកសាងសមត្ថភាពដល់ អ្នកជំនាញសុខាភិបាលនៅកម្ពុជា។”
ក្នុងអំឡុងពេលសិក្ខាសាលានេះ អ្នកជំនាញលទ្ធកម្មរបស់ UNOPS បានចែករំលែកនូវការអនុវត្តល្អៗ និងលំហាត់អនុវត្តន៍ក្នុងការគ្រប់គ្រងកិច្ចលទ្ធកម្ម និងសង្វាក់នៃការផ្គត់ផ្គង់។ នៅឆ្នាំ២០២៣ UNOPS បានធ្វើលទ្ធកម្មលើញទំនិញ និងសេវាកម្មក្នុងទំហំទឹកប្រាក់ចំនួន ១.៦ពាន់លានដុល្លារ ពីអ្នកផ្គត់ផ្គង់ជាង ៥,៧០០ នៅក្នុងបណ្តាប្រទេសចំនួន ១៨៤ នៅទូទាំងពិភពលោក។ នៅក្នុងប្រទេសកម្ពុជា លទ្ធកម្មរបស់ UNOPS បានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជាក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ ជំងឺអេដស៍ និងជំងឺរបេងចាប់តាំងពីឆ្នាំ២០១៤មក។
សិក្ខាសាលាចែករំលែកបទពិសោធន៍ល្អៗលើកិច្ចលទ្ធកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់របស់ UNOPS បានរួមចំណែកលើកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលក្នុងការសម្រួលការអនុវត្តកិច្ចលទ្ធកម្មរបស់ខ្លួន ដែលនាំឱ្យប្រសើរឡើងនូវប្រសិទ្ធភាព កាត់បន្ថយការចំណាយ និងបង្កើនការចូលរួមរបស់អ្នកផ្គត់ផ្គង់។ សិក្ខាសាលា នេះក៏បានបង្ហាញពីកិច្ចសហការជាយុទ្ធសាស្រ្ត និងភាពជាដៃគូយូរអង្វែងរវាង UNOPS និងក្រសួងសុខាភិបាល ដោយជំរុញកិច្ចសហការប្រកបដោយអត្ថន័យ ដើម្បីរួមចំណែកដល់ការកសាងអនាគតនៃប្រព័ន្ធសុខាភិបាល របស់កម្ពុជា។