កិច្ចសហការរវាងគម្រោង CAPFISH-Capture និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីលើកកម្ពស់សមត្ថភាពធ្វើតេស្តរបស់មន្ទីរពិសោធន៍នៅកម្ពុជា
04 November 2024
រាជធានីភ្នំពេញ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤៖ រដ្ឋបាលជលផល អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មានសេចក្តីរីករាយសូមជម្រាបជូនសាធារណៈជនមេត្តាជ្រាបថា តាមរយៈការផ្តល់ជំនួយបច្ចេកទេសរបស់គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) បានជំរុញឱ្យមន្ទីរពិសោធន៍បរិស្ថាននិងសុវត្ថិភាពចំណីអាហារ របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ទទួលបានជោគជ័យពីការវាយតម្លៃទទួលស្គាល់ប្រព័ន្ធគ្រប់គ្រងគុណភាព មន្ទីរពិសោធន៍ (ISO/IEC 17025/2017) ដើម្បីពង្រីកវិសាលភាពលើសេវាកម្មរបស់ខ្លួន ។ ការវាយតម្លៃទទួលស្គាល់ប្រព័ន្ធគ្រប់គ្រងគុណភាពជាអន្តរជាតិនៃមន្ទីរពិសោធន៍នេះ ពិតជាមានសារៈសំខាន់បំផុតក្នុងការធានាឱ្យសេវាកម្មដែលផ្តល់ដោយមន្ទីរពិសោធន៍របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា អាចទទួលបានការជឿជាក់និងមានសុក្រិតភាពសម្រាប់លទ្ធផលវិភាគផ្នែកគុណភាពនិង សុវត្ថិភាពនៃម្ហូបអាហារក្នុងវិស័យជលផលនិងវិស័យឧស្សាហកម្មម្ហូបអាហារផ្សេងទៀតក្នុងព្រះរាជាណាចក្រកម្ពុជា។
គម្រោង CAPFISH-Capture ផ្តោតលើការអភិវឌ្ឍផ្នែកជលផលក្រោយប្រមូលផល ក្រោមការគាំទ្រថវិកាពី សហភាពអឺរ៉ុប (EU) អនុវត្តរួមគ្នាដោយ រដ្ឋបាលជលផល (FiA) និងអង្គការ UNIDO ដែលក្នុងនោះ ការលើកកម្ពស់សមត្ថភាពការធ្វើតេស្តរបស់មន្ទីរពិសោធន៍ផ្តោតលើសុវត្ថិភាពម្ហូបអាហារគឺជាសកម្មភាពដ៍សំខាន់មួយរបស់គម្រោង ដើម្បីធានាគុណភាពនិងសុវត្ថិភាព លើផល ផលិតផលជលផលក្នុងព្រះរាជាណាចក្រកម្ពុជា ។
តាមរយៈជំនួយបច្ចេកទេសពីគម្រោង CAPFISH-Capture មន្ទីរពិសោធន៍បរិស្ថាននិងសុវត្ថិភាពចំណីអាហាររបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ទទួលបានស្តង់ដារ ISO/IEC 17025/2017 ក្នុងខែកញ្ញា ឆ្នាំ២០២២ ពីស្ថាប័នផ្តល់សេវាកម្មវាយតម្លៃទទួលស្គាល់ប្រព័ន្ធគ្រប់គ្រងគុណភាពជាអន្តរជាតិ (IAS) លើសមត្ថភាពធ្វើតេស្តប៉ារ៉ាម៉ែត្រមីក្រូជីវសាស្រ្តនៃម្ហូបអាហារ។ នាពេលថ្មីៗនេះ ដោយមានជំនួយបន្ថែមពីគម្រោង វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក៏បានពង្រីកវិសាលភាពនិងសមត្ថភាពធ្វើតេស្តរបស់ខ្លួនលើប៉ារ៉ាម៉ែត្រមីក្រូជីវសាស្រ្តនៃម្ហូបអាហារនិងទឹកចំនួន ៩ ប៉ារ៉ាម៉ែត្របន្ថែមទៀត ក្រោយពីត្រូវបានវាយតម្លៃទទួលស្គាល់ជាអន្តរជាតិដោយ IAS។ ដូចនេះ អតិថិជនក្នុងវិស័យកែច្នៃម្ហូបអាហារដែលបំណងចង់វិភាគសំណាកម្ហូបអាហារនិងទឹក អាចមកទទួលយកសេវាកម្មធ្វើវិភាគប្រកបដោយទំនុកចិត្តនិងទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។
«កិច្ចខិតខំប្រឹងប្រែងនិងការអភិវឌ្ឍខាងលើនេះបានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់យើងក្នុងការបង្កើនសមត្ថភាពមន្ទីរពិសោធន៍ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្តល់ប្រយោជន៍សម្រាប់ជំរុញការធ្វើពាណិជ្ជកម្មផល ផលិតផលជលផលនិង ផលិតផលកសិកម្មផ្សេងទៀត ដើម្បីជួយឱ្យសហគ្រាសផ្នែកម្ហូបអាហារ អាចសន្សំសំចៃពេលវេលានិងកាត់បន្ថយការចំណាយ លើការបញ្ជូនផលនិងផលិតផលរបស់ខ្លួនទៅធ្វើតេស្តនៅមន្ទីរពិសោធន៍របស់ប្រទេសជិតខាងបានយ៉ាងច្រើនផងដែរ។» តាមការលើកឡើងរបស់ លោក សុខ ណារិន តំណាងប្រចាំព្រះរាជាណាចក្រកម្ពុជារបស់អង្គការ UNIDO។
លោកសាស្ត្រាចាររ្យ André SPIEGEL នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានថ្លែងអំណរគុណចំពោះកិច្ចសហការល្អជាមួយគម្រោង CAPFISH-Capture ដោយបានលើកឡើងថា «ការវាយតម្លៃទទួលស្គាល់ប្រព័ន្ធគ្រប់គ្រងគុណភាពមន្ទីរពិសោធន៍ ដោយ IAS បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្នុងការលើកកម្ពស់គុណភាពសេវាកម្មធ្វើតេស្ត ជាពិសេសលើកិច្ចការពាក់ព័ន្ធនឹងគុណភាពនិងសុវត្ថិភាពម្ហូបអាហារ។ លទ្ធផលដែលសម្រេចបាននេះ បង្កើនសមត្ថភាពរបស់យើងក្នុងការគាំទ្រសុខភាពសាធារណៈតាមរយៈការពង្រឹងសុវត្ថិភាពម្ហូបអាហារនិងជួយឱ្យវិស័យជលផលនិងវិស័យឧស្សាហកម្មម្ហូបអាហាររបស់កម្ពុជាអាចឆ្លើយតបទៅនឹងបទដ្ឋានជាតិនិងអន្តរជាតិ ដែលចុងក្រោយផ្តល់អត្ថប្រយោជន៍ដល់ម្ចាស់អាជីវកម្មនិងអ្នកបរិភោគ។» ឆ្លៀតឱកាសនេះ លោកសូមថ្លែងអំណរគុណដល់គម្រោងដែលបានបន្តកិច្ចគាំទ្រផ្នែកបច្ចេកទេសដល់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាក្នុងគោលដៅសម្រេចឱ្យបាននូវការទទួលស្គាល់គុណភាពជាអន្តរជាតិនៃប្រព័ន្ធគ្រប់គ្រងមន្ទីរពិសោធន៍សម្រាប់ការផ្តល់សេវាកម្មធ្វើតេស្តផ្នែកគីមីសាស្រ្តនាពេលដ៏ខ្លីខាងមុខបន្ថែមទៀត។
ដើម្បីចូលរួមអបអរសាទរជាមួយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា លើសមិទ្ធផលដ៏មានសារៈសំខាន់ខាងលើ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានសម្តែងនូវសុទិដ្ឋិនិយមថា «តាមរយៈការពង្រីកវិសាលភាពលើសេវាកម្មធ្វើតេស្តរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជានឹងអាចជំរុញកិច្ចសហការបានកាន់តែល្អប្រសើរឡើងថែមទៀត ជាពិសេសសម្រេចបាននូវគោលបំណងរួមគឺលើកកម្ពស់គុណភាពនិងសុវត្ថិភាពនៃផល ផលិតផលជលផលកម្ពុជាចាប់តាំងពីការប្រមូលផលរហូតដល់តុអាហារ។»សូមបញ្ជាក់ផងដែរថា ការអនុវត្តកន្លងមក រដ្ឋបាលជលផលតែងតែបញ្ជូនសំណាកនៃផល ផលិតផលជលផលទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័កម្ពុជា ដើម្បីទទួលបានលទ្ធផលវិភាគតាមស្តង់ដារដែលអាចជឿជាក់និងទុកចិត្តបាននិងទទួលស្គាល់ដោយអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសបំពេញនូវលក្ខខណ្ឌតម្រូវរបស់ប្រទេសនាំចូល។
«ការពង្រីកវិសាលភាពទទួលស្គាល់ប្រព័ន្ធគ្រប់គ្រងគុណភាពមន្ទីរពិសោធន៍របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺជាជំហានវិជ្ជមានមួយទៀត ដែលនឹងគាំទ្រដល់ប្រព័ន្ធត្រួតពិនិត្យផ្លូវការនិងអនុលោមភាពស្របតាមលក្ខខណ្ឌតម្រូវរបស់ទីផ្សារដែល សហគ្រាសផ្នែកម្ហូបអាហារពីវិស័យឯកជនត្រូវអនុលោមតាម។ ម៉្យាងវិញទៀត តាមរយៈកម្មវិធី CAPFISH-Capture សហភាពអឺរ៉ុប ពិតជាមានមោទនភាពក្នុងការគាំទ្រដល់ការពង្រីកវិសាលភាពសេវាកម្មធ្វើតេស្តរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាដែលមានការទទួលស្គាល់ប្រព័ន្ធគ្រប់គ្រងមន្ទីរពិសោធន៍ជាលក្ខណៈអន្តរជាតិ។» តាមការបញ្ជាក់បន្ថែមរបស់ ឯកឧត្តម អ៊ីហ្គ័រ ទ្រីសមែន ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា។
ចុងបញ្ចប់ –
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
- បណ្ឌិត ស្រេង ណាវីន ប្រធានផ្នែកមន្ទីរពិសោធន៍បរិស្ថាននិងសុវត្ថិភាពចំណីអាហារ នៃ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា៖ snavin@pasteur-kh.org
- បណ្ឌិត ឈួន ចំណាន ប្រធាននាយកដ្ឋានបច្ចេកវិទ្យាកែច្នៃនិងគុណភាព (DFPTQ) រដ្ឋបាលជលផល៖ chhounchamnan@gmail.com
- ផ្នែកផ្សព្វផ្សាយនិងទំនាក់ទំនងសាធារណៈ ប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា៖
delegation-cambodia-ppi@eeas.europa.eu - លោក អឹម សំរួល ជំនាញការថ្នាក់ជាតិផ្នែកទំនាក់ទំនងនិងផ្សព្វផ្សាយនៃគម្រោង CAPFISH-Capture៖S.IM@unido.org
សម្រាប់ព័ត៌មានបន្ថែមពីគម្រោង៖ https://open.unido.org/projects/KH/projects/180039
ព្រឹត្តិប័ត្រគម្រោង៖ http://newslettercapfish-postharvest.org/achieve