ការយល់ឃើញមិនត្រឹមត្រូវ ចំពោះ ស្ត្រីពលករចំណាកស្រុក នៅតែ បន្តកើតមាន យ៉ាងទូលំទូលាយ នៅក្នុងប្រទេសកម្ពុជា។ ការយល់ឃើញទាំងនេះ ជារឿយៗ កើតចេញពីផ្នត់គំនិតយេនឌ័រ ដែលចាក់ឫសយ៉ាងជ្រៅ ហើយអាចនាំឱ្យមានការមាក់ងាយ ការរើសអើង និងក្នុងករណីខ្លះ ឈានទៅដល់ អំពើហិង្សា។ នៅក្នុងការស្ទង់មតិឆ្នាំ២០២៣ ដោយ UN Women ប្រចាំប្រទេស កម្ពុជា ជាមួយនិស្សិតសាកលវិទ្យាល័យជាបុរសចំនួន១៦៨ នាក់ នៅរាជធានីភ្នំពេញ អ្នកឆ្លើយតបចំនួន ៥០ ភាគរយ បាននិយាយថា ពួកគេចាត់ទុកការបំពានលើរាងកាយទៅលើស្ត្រីជាពលករចំណាកស្រុក ថាជារឿងធម្មតា។
ជាការឆ្លើយតប UN Women ប្រចាំប្រទេស កម្ពុជា ក្រោមគម្រោង PROTECT ដែលទទួលបានការគាំទ្រថវិកា ដោយ សហភាពអឺរ៉ុប បានបង្កើត គំនិតផ្តួចផ្តើមនៃការ រៀបរាប់សាច់រឿង ដែល បង្កើតឱកាសឱ្យ ស្ត្រីពលករ
ចំណាកស្រុក និង ក្រុម បុរស បាន ជួបគ្នា ដើម្បី ឆ្លុះបញ្ចាំង លើការយល់ឃើញអំពីការធ្វើចំណាកស្រុក តួនាទីយេនឌ័រ និងអំពើហិង្សា។
ជាផ្នែកមួយនៃ គំនិតផ្តួចផ្តើម នេះ និស្សិតសាកលវិទ្យាល័យជាបុរស នៅក្នុងរាជធានីភ្នំពេញ បានចូលរួមជាមួយស្ត្រីពលករចំណាកស្រុកមកពីសហគមន៍ជនបទ ដើម្បីរួមគ្នាផលិត ភាពយន្ត ឯកសារខ្លី ដោយផ្អែកលើបទពិសោធន៍ជីវិតពិតរបស់ពលករ ។ ភាពយន្តខ្លី ទាំងនេះ ត្រូវបានថតនៅខែឧសភា ឆ្នាំ២០២៥ ហើយត្រូវបានបញ្ចប់ក្នុងអំឡុងត្រីមាសទីមួយនៃឆ្នាំនេះ។
កិច្ចសហការនេះ បានបង្ហាញឱ្យនិស្សិតមើលឃើញពីទស្សនៈផ្សេងៗ ដែលពួកគេប្រហែលជាមិនធ្លាប់បានជួបប្រទះពីមុនមក។ ក្រុម ស្ត្រី ពលករចំណាកស្រុក បាននិយាយ ណែនាំពីរឿង រ៉ាវ របស់ពួកគេ និងចែករំលែកបទពិសោធន៍ ជា ពាក្យសម្តីផ្ទាល់របស់ពួកគេ។
សមាជិកសហគមន៍ និងជាអតីតពលករចំណាកស្រុក ដែលបានចូលរួមក្នុងគម្រោងនេះកញ្ញា សួន ស្រីមុំ បាននិយាយថា " ភាពយន្ត ទាំងនេះ បាន បង្ហាញពីការលំបាកដែលស្ត្រីជាពលករចំណាកស្រុកជួបប្រទះ និងអ្វីដែលពួកយើងត្រូវការ ពិតប្រាកដ ជាជាងការ ស្តី បន្ទោសមកលើ ដំណើរនៃការ ចំណាកស្រុករបស់យើង។ ភាគច្រើនស្ត្រីពលករចំណាកស្រុកតែងតែទទួលបានការបន្ទោសថា មកពីមិនមានឯកសារត្រឹមត្រូវ ប៉ុន្តែ ភាពយន្ត ទាំងនេះ បង្ហាញពីការពិតជាជាងការស្តីបន្ទោស។ ខ្ញុំគិតថាការផ្លាស់ប្តូរ ជាវិជ្ជមាន គឺចាប់ផ្តើមពីពេលនេះទៅ។"
ខ្សែភាពយន្តខ្លីទាំងនេះ ត្រូវបានចាក់បញ្ចាំងជាលើកដំបូងនៅថ្ងៃទី២៨ ខែមីនា នៅរាជធានីភ្នំពេញ ដើម្បីអបអរសាទរខែ នៃទិវា អន្តរជាតិ នារី ។ បន្ទាប់ពីការចាក់បញ្ចាំង ក៏មានការពិភាក្សា ដោយមានការចូលរួមពីសមាជិក
បណ្តាញមិត្តអប់រំមិត្តនៃស្ត្រីពលករចំណាកស្រុក និស្សិតបុរស និងតំណាងមកពីក្រសួងកិច្ចការនារី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការសង្គមស៊ីវិលជាដៃគូអនុវត្ត ផងដែរ ។
ចំណងជើង៖ Mean Ponlork, 24, a student from PSE Film School, engaged with women migrant workers to co-create short documentary films reflecting their lived experiences.
រូបថត៖ © UN Women/Sophorn Lim
មាន ពន្លក អាយុ២៤ ឆ្នាំ មកពីសាលាភាពយន្ត PSE នៅរាជធានីភ្នំពេញ ជានិស្សិតម្នាក់ក្នុងចំណោមនិស្សិតដែលបានជំនះនូវការយល់ឃើញរបស់ខ្លួន។
ពន្លក បានលើកឡើងថា៖ "ខ្ញុំពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះផ្នត់គំនិត សន្មតដែលរើសអើង មួយចំនួន របស់ បុរសវ័យក្មេង អំពីតួនាទីយេនឌ័រ និងការយល់ដឹងនៅមានកម្រិតអំពីសិទ្ធិស្ត្រី។ តាមរយៈវីដេអូទាំងនេះ ខ្ញុំសង្ឃឹមថានឹងអាចជំរុញទឹកចិត្ត បុរសវ័យក្មេង ឱ្យឆ្លុះបញ្ចាំងលើសពីផ្នត់គំនិតទាំងនោះ ហើយមើលឃើញពីភាពក្លាហាន និងភាព ធន់ របស់ស្ត្រីពលករចំណាកស្រុក វិញ ។" ពន្លក បានបន្ថែមថា៖ "អ្វីដែលខ្ញុំបានរៀនសូត្រ គឺ បុរសវ័យក្មេង មានតួនាទីយ៉ាងសំខាន់ ក្នុងការផ្លាស់ប្តូរផ្នត់គំនិត ដើម្បីជួយគាំទ្រ និងការពារស្ត្រី។ យើងត្រូវការការអប់រំបន្ថែម ច្រើន ទៀតលើបញ្ហានេះ។"
យុវជន វម សុថា ជានិស្សិតម្នាក់ទៀត ដែលបានចូលរួមក្នុងគម្រោងនេះដែរ បានលើកឡើងថា៖ "ខ្ញុំចង់ប្រើប្រាស់ជំនាញបង្កើតមាតិកា និងផលិតភាពយន្តរបស់ខ្ញុំ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហាសង្គម ជាពិសេសបញ្ហាដែលទាក់ទងនឹងយេនឌ័រ និងសិទ្ធិស្ត្រី។ ការរៀនសូត្រពីពួកគាត់ផ្ទាល់ គឺជាបទពិសោធន៍ដ៏មានតម្លៃបំផុត ព្រោះវាធ្វើឱ្យវីដេអូរបស់យើងកាន់តែ បង្ហាញពីភាព ពិតប្រាកដ និងឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែង។"
ប្រទេសកម្ពុជា គឺជាប្រទេស ដែល បញ្ជូនពលករដ៏ច្រើនមួយ។ ប្រជាជនជាច្រើននៅតាមតំបន់ជនបទ ដែលអាចរកប្រាក់ចំណូលតិចតួច បានធ្វើចំណាកស្រុកទៅកាន់ប្រទេសជិតខាង ហើយមួយផ្នែកធំគឺជាស្ត្រី។
ពលករជាស្ត្រីទាំងនោះ ប្រឈមមុខនឹងហានិភ័យជាច្រើនដូចជា ការទទួលបានព័ត៌មាន និងសេវាច្បាស់លាស់នៅមានកម្រិត ការកេងប្រវ័ញ្ច និងអំពើហិង្សា ទាក់ទងនឹង យេនឌ័រ ការជ្រើសរើសពលករដោយមិនមានសុវត្ថិភាព និងប្រឈមនឹងបញ្ហាពេលវិលត្រឡប់ដូចជា បញ្ហាបំណុល និងការលំបាកក្នុងការមករស់នៅ ក្នុង សហគមន៍វិញ។
លោកស្រី ឃុន សុភា អ្នកសម្របសម្រួលកម្មវិធីប្រចាំប្រទេសកម្ពុជារបស់ UN Women បាន លើកឡើង ថា៖ "ការបង្កើតឲ្យមានជំនួបរវាងស្ត្រីពលករចំណាកស្រុក និងយុវជនដើម្បីពិភាក្សាគ្នា គឺជាវិធីសាស្ត្រមួយក្នុងចំណោមវិធីសាស្ត្រជាច្រើន ដែលយើងកំពុងអនុវត្ត ដើម្បីផ្លាស់ប្តូរការយល់ឃើញ និងផ្តល់ការគាំទ្រដល់ភាពជាអ្នកដឹកនាំរបស់ស្ត្រី។"