សេចក្តី​ប្រកាស​ព័ត៌មាន

វេទិកាដៃគូ ស្តីពីជំនាញ និងអនាគតនៃការងារ

17 February 2022

រាជធានីភ្នំពេញ ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២៖ ការកសាងប្រព័ន្ធអភិវឌ្ឍន៍ជំនាញ និងការរៀនសូត្រពេញមួយជីវិតប្រកបដោយប្រសិទ្ធភាព ទាមទារឱ្យមានការដាក់ចេញ ចក្ខុវិស័យរយៈពេលវែង និងផែនការសកម្មភាពឱ្យបានច្បាស់លាស់ ដោយត្រូវពិចារណាពីតម្រូវការ និងអាទិភាពរបស់កម្ពុជា។

រូបថត៖ ©UNinCambodia/RathaSoy/2022

ដើម្បីកៀរគរការគាំទ្រ និងការចូលរួមពីតួអង្គពាក់ព័ន្ធនានា សំដៅសម្រេចចក្ខុវិស័យនេះ អង្គការអន្តរជាតិខាងការងារ (ILO) សហការជាមួយនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (MLVT) បានរៀបចំវេទិកាដៃគូស្តីពីជំនាញ និងអនាគតនៃការងារ រយៈពេលកន្លះថ្ងៃ ពីម៉ោង ២.00 ដល់ម៉ោង ៥.៣0 នាទីរសៀល​ នៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងមកនេះ។

នៅក្នុងវេទិកានេះ ILO បានសហការជាមួយនឹងតួអង្គពាក់ព័ន្ធជាច្រើន ដើម្បីសម្រេចគោលដៅរួម នោះគឺការបន្តលើកកម្ពស់ការអភិវឌ្ឍជំនាញ និងការរៀនសូត្រពេញមួយជីវិតសម្រាប់ទាំងអស់គ្នា ដែលរួមគ្នានឹងរួមចំណែកដល់ការសម្រេចគោលដៅអភិវឌ្ឍន៍ ដោយចីរភាព។

វេទិកានេះផ្តោតការយកចិត្តទុកដាក់លើនវានុវត្តន៍ក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដោយមានការផ្តោតការយកចិត្តទុកដាក់ជាពិសេសលើឌីជីថលូបនីយកម្ម ការកាត់បន្ថយកាបូន និងបម្រែបម្រួលលក្ខណៈ  ប្រជាសាស្ត្រ។ នេះជាវេទិកាសម្រាប់ឱ្យ អង្គការ ILO និងដៃគូអភិវឌ្ឍន៍ដែលមានចិត្តដូចគ្នា ចូលរួមពិភាក្សាគ្នា និងរួមកម្លាំងគ្នា ជុំវិញ៖

  • ចក្ខុវិស័យច្បាស់លាស់អំពីការផ្លាស់ប្តូររយៈពេលវែង ដែលត្រូវសម្រេច តាមរយៈអន្តរាគមន៍នៅថ្នាក់ជាតិ និងអន្តរាគមន៍នានា ដែលត្រូវមាន ដើម្បីឈានទៅសម្រេចចក្ខុវិស័យនេះ។
  • ផលជះមកលើអ្នកទទួលផល តាមរយៈការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល និងដៃគូសង្គម ក្នុងការធ្វើទំនើបកម្ម និងកែទម្រង់ប្រព័ន្ធ TVET សំដៅបង្កើនប្រសិទ្ធភាព ភាពឆ្លើយតប និងគុណភាព។
  • រៀបចំសនិទានភាព ដើម្បីកៀរគរការគាំទ្រដល់ការអភិវឌ្ឍជំនាញ ជាពិសេស ការធ្វើឌីជីថលនីយកម្មប្រព័ន្ធ TVET ក្នុងដំណាក់កាលស្តារឡើងវិញពីជំងឺកូវីដ ១៩ និងត្រៀមលក្ខណៈសម្រាប់យុគសម័យឌីជីថល។
  • មធ្យោបាយឆ្ពោះទៅមុខសម្រាប់កសាងភាពជាដៃគូថ្មី ជុំវិញជំនាញនិងការរៀនសូត្រពេញមួយជីវិតសម្រាប់ទាំងអស់គ្នា នៅកម្ពុជា។

ក្នុងការកសាងភាពជាដៃគូ ដែលមានការចូលរួមពីតួអង្គពាក់ព័ន្ធចម្រុះបែបនេះ វេទិកានេះបានរិះរកវិធីបង្កើនការវិនិយោគលើ  កម្មវិធីអភិវឌ្ឍន៍ជំនាញ និងរៀនសូត្រពេញមួយជីវិតនៅក្នុងប្រទេស។

ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា៖

«យើងដឹងថា ការវិនិយោគនៅថ្ងៃនេះ លើការអភិវឌ្ឍជំនាញ និងមុខរបរការងាររបស់យុវជន មានន័យថាជាការវិនិយោគលើបច្ចុប្បន្នកាល និងអនាគតកាលនៃសង្គមរបស់យើង។ ហើយការវិនិយោគបែបនេះចាំបាច់ត្រូវផ្តោតលើគុណភាព និងបរិមាណការងារ។ មូលដ្ឋានគ្រឹះសម្រាប់បង្កើនជំនាញអាចរកការងារធ្វើបាន ការរៀនសូត្រពេញមួយជីវិត និងបរិវត្តកម្មទៅរកសេដ្ឋកិច្ចឌីជីថល និងបៃតង គឺកត្តាចាំបាច់ ដើម្បីគាំទ្រដល់អនាគតការងារក្នុងគ្រប់វិស័យទាំងអស់ ជាពិសេស ដើម្បីលុបបំបាត់ឧបសគ្គសេដ្ឋកិច្ច ដែលនឹងនាំមកនូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពរយៈពេលវែងនៅកម្ពុជា។»

លោកស្រី Pauline Tamesis ប្រធានអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា បញ្ជាក់ថា៖

«តាមរយៈការប្រើប្រាស់ថ្នាលបច្ចេកវិទ្យាឌីជីថល និងថ្នាលបច្ចេកវិទ្យាចម្រុះ ព្រមទាំងនវានុវត្តន៍ឌីជីថល អង្គការសហប្រជាជាតិបន្តគាំទ្រដល់ការរៀន និងបង្រៀន ដោយបានធ្វើឱ្យឱកាសទាំងនេះកាន់តែងាយស្រួល ចំពោះពលករទេសន្តរប្រវេសក៍ជាស្ត្រីវ័យក្មេងដែលបានធ្វើមាតុភូមិនិវត្តន៍មកវិញ ពលករដែលមានជំនាញទាប និងយុវជននៅតំបន់ជនបទ និងងាយរងគ្រោះ ដោយពួកគេបានទទួលជំនាញដែលកំពុងមានតម្រូវការ និងបានទទួលវិញ្ញាបនបត្របញ្ជាក់។»

លោក Graeme Buckley នាយកអង្គការ ILO ប្រចាំប្រទេសកម្ពុជា ថៃ និងឡាវ មានប្រសាសន៍ថា៖

«ការធ្វើឌីជីថលូបនីយកម្ម និងការកាត់បន្ថយកាបូន នាំមកនូវឱកាស និងបញ្ហាប្រឈមថ្មីៗ។ ការរីកចម្រើននៃសេដ្ឋកិច្ច ឌីជីថល ផ្តល់នូវឱកាសធំធេង ដើម្បីឈានទៅសម្រេចឱ្យបាននូវការងារសមរម្យ។ ការកាត់បន្ថយកាបូនក្នុងសកម្មភាពសេដ្ឋកិច្ចមានន័យថា ការងារមួយចំនួនត្រូវបាត់បង់ ប៉ុន្តែក៏ផ្តល់ឱកាសការងារបៃតងថ្មីៗផងដែរ។»

សង្ខេប៖

អ្វីខ្លះ៖ វេទិកាដៃគូដែលមានការចូលរួមផ្ទាល់នៅនឹងកន្លែង និងតាមប្រព័ន្ធអនឡាញ

នៅកន្លែងណា៖ សណ្ឋាគារ Raffles Le Royal Hotel ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា

នៅពេលណា៖ ម៉ោង ២.00-៥.៣0 នាទីរសៀល ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២២

សម្រាប់នរណា៖ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន រដ្ឋាភិបាល អង្គការមិនរកប្រាក់ចំណេញ។

         អង្គការអន្តរជាតិខាងការងារ (ILO) នៅកម្ពុជា ធ្វើការងារដើម្បីលើកកម្ពស់វិស័យសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា រួមជាមួយនឹងសមាជិកត្រីភាគីរបស់ខ្លួន និងបានបំពេញតួនាទីដ៏សំខាន់ ក្នុងការស្តារជីវភាពរស់នៅ ការបង្កើតការងារប្រកបដោយចីរភាព ការស្ថាបនាឡើងវិញហេដ្ឋារចនាសម្ព័ន្ធនានា និងការពង្រឹងស្ថាប័នប្រជាធិបតេយ្យ។ ដើម្បីជួយឱ្យយុវជនចូលមកក្នុងទីផ្សារការងារ និងគាំទ្រដល់ការឆ្លើយតបចំពោះស្ថានភាពសង្គមសេដ្ឋកិច្ចរបស់រដ្ឋាភិបាល ដែលបណ្តាលមកពីជំងឺកូវីដ ១៩ ILO កំពុងគាំទ្រដល់បរិវត្តកម្ម ឌីជីថលនៃប្រព័ន្ធ TVET នៅកម្ពុជា។ គ្រឹះស្ថាន TVET រដ្ឋ និងឯកជននៅកម្ពុជាជាច្រើនបានទទួលការកសាងសមត្ថភាព ក្នុងការរចនា និងប្រើប្រាស់កញ្ចប់រៀន និងរង្វាយតម្លៃបែបចម្រុះ ដែលនឹងផ្តល់លទ្ធភាពឱ្យយុវជនប្រមាណ ៣.000 នាក់ទទួលបានជំនាញដែលកំពុងមានតម្រូវការ និងទទួលបានវិញ្ញាបនបត្របញ្ជាក់។

 

Sophorn Tun

ILO
អ្នកសម្របសម្រួលប្រចាំប្រទេស

អង្គភាពរបស់អង្គការសហប្រជាជាតិដែលចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ

ILO
អង្គការអន្តរជាតិសខាងការងារ

គោលដៅប្រកបដោយចីរភាពដែលគាំទ្រតាមរយៈគំនិតផ្តួចផ្តើមនេះ