កម្ពុជាចូលរួមភាពជាដៃគូជាសាកលដើម្បីពង្រឹងការប្តេជ្ញាចិត្តឆ្ពោះទៅរកការផ្លាស់ប្តូរសេដ្ឋកិច្ចបៃតងប្រកបដោយបរិយាប័ន្ន
12 May 2023
ភ្នំពេញ ថ្ងៃទី១២ ឧសភា ឆ្នាំ២០២៣ – រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថានបានដាក់ឱ្យដំណើរការជាផ្លូវការគម្រោងភាពជាដៃគូសម្រាប់សកម្មភាពសេដ្ឋកិច្ចបៃតង (PAGE) នៅកម្ពុជា ដើម្បីពង្រឹងការប្តេជ្ញា ចិត្តរបស់ខ្លួនក្នុងការរក្សាកំណើនសេដ្ឋកិច្ចរបស់ប្រទេសដោយដើរលើគន្លងប្រកបដោយចីរភាព និងបរិយាប័ន្ន។
PAGE គឺជាកម្មវិធីរួមគ្នារបស់ទីភ្នាក់ងារចំនួន ០៥ របស់អង្គការសហប្រជាជាតិ(UN) ដែលត្រូវបានទទួលស្គាល់កាន់តែខ្លាំងថា ជាគំរូសម្រាប់ផ្តល់ការគាំទ្រដែលមានការសម្របសម្រួលច្បាស់លាស់ពីអង្គការសហប្រជាជាតិដល់ប្រទេសនានា ដើម្បីសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) និងគោលដៅនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ចំណុចពិសេសរបស់ PAGE គឺផ្តោតលើផ្នែកសំខាន់ នៃគោលនយោបាយសេដ្ឋកិច្ច ដែលមានសក្តានុពលដើម្បីផ្លាស់ប្តូរសេដ្ឋកិច្ចទាំងមូលឱ្យទៅតាមគន្លងមួយប្រកបដោយចីរភាពជាងមុន។
គម្រោងភាពជាដៃគូនេះ ទទួលបានការគាំទ្រពីសហភាពអឺរ៉ុប (EU) ស្វីស អាល្លឺម៉ង់ ស៊ុយអែត ហ្វាំងឡង់ ន័រវេស និងកូរ៉េ និងមានរយៈពេលប្រាំឆ្នាំ ដែលរួមបញ្ចូលដំណាក់កាលចាប់ផ្តើម ១ឆ្នាំ ដែលនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០២៣។ PAGE បានសហការជាមួយវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ក្នុងការសិក្សាលើវិសាលភាពគម្រោង (scoping study) ដើម្បីធានាថាការគាំទ្ររបស់ខ្លួននៅក្នុងប្រទេសកម្ពុជាមានភាពស្របគ្នាយ៉ាងពេញលេញជាមួយនឹងយុទ្ធសាស្រ្ត និងកម្មវិធីដែលមានស្រាប់។ ការសិក្សានេះគឺដើម្បីកំណត់ពីឱកាស និងជម្រើសសម្រាប់កំណែទម្រង់គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងតាមវិស័យ រួមទាំងវិស័យដែលសក្តានុពលខ្ពស់ដូចជា វិស័យកាត់ដេរ ទេសចរណ៍ កសិកម្ម និងហិរញ្ញវត្ថុ ដែលអាចធ្វើឲ្យមានការផ្លាស់ប្តូរសេដ្ឋកិច្ចបៃតង។
ជាតំណាងឯកឧត្ដមរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ឯកឧត្ដមបណ្ឌិតជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា កម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្លាស់ប្តូរការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន គោលការណ៍សេដ្ឋកិច្ចបៃតង ដែលជាមធ្យោបាយមួយ ក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងតុល្យភាពសេដ្ឋកិច្ច សង្គម និងបរិស្ថាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាមួយនឹងការប្តេជ្ញាចិត្តដ៏មុតមាំរបស់ខ្លួន កម្ពុជាបានដាក់ចេញគោលនយោបាយជាតិស្តីពី ការអភិវឌ្ឍបៃតង និងផែនការយុទ្ធសាស្រ្តជាតិស្តីពី ការអភិវឌ្ឍបៃតង ឆ្នាំ២០១៣-២០៣០ ជាពិសេសក្រមបរិស្ថាន និងធនធានធម្មជាតិ ហើយបានដាក់បញ្ជូនយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយ អព្យាក្រឹតកាបូន នៅកម្ពុជា(LTS4CN) ទៅកាន់អនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ (UNFCCC) ។ អាស្រ័យហេតុនេះ ការចូលរួមភាពជាដៃគូជាសាកលនេះ នឹងជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា ក្នុងការកៀរគរការគាំទ្របន្ថែមទៀតលើផ្នែកចំណេះដឹង និងហិរញ្ញវត្ថុទំនើប ដើម្បីពន្លឿនបរិវត្តកម្មសេដ្ឋកិច្ចបៃតងប្រកបដោយបរិយាប័ន្ន។
លោក Asad Naqvi ប្រធានលេខាធិការដ្ឋាន PAGE បាននិយាយលម្អិតអំពីភាពខ្លាំងនៃកម្មវិធី PAGE ដែលនាំមកនូវចំណេះជំនាញរួមមានផ្នែកកំណើនសេដ្ឋកិច្ច ការងារ ការប្រកួតប្រជែងឧស្សាហកម្ម ការធ្វើផែនការអភិវឌ្ឍន៍ជាតិ និងហិរញ្ញវត្ថុ និងការកសាងសមត្ថភាព។ ទាំងនេះគឺជាធាតុផ្សំសំខាន់ៗដែលត្រូវការសម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ច និងហិរញ្ញវត្ថុទាំងមូល។ លោក Asad បានបន្តថា "ការផ្លាស់ប្តូរសេដ្ឋកិច្ចមិនមែនជាការងារងាយស្រួលទេដែលអាចសម្រេចបានដោយស្ថាប័នតែមួយ"។ លោកបានបន្តទៀតថា “យើងមានមោទនភាពចំពោះកម្មវិធីរបស់ប្រទេសកម្ពុជា ព្រោះវាបានកៀរគរក្រសួងពាក់ព័ន្ធ វិស័យឯកជន សង្គមស៊ីវិល ស្ថាប័នអប់រំ និងស្ថាប័នស្រាវជ្រាវជាច្រើន ដែលជាតួអង្គសំខាន់សម្រាប់ការផ្លាស់ប្តូរ”។
ថ្លែងក្នុងនាមទីភ្នាក់ងារទាំង៥របស់អង្គការសហប្រជាជាតិដែលគាំទ្រការអនុវត្ត PAGE កម្ពុជា លោក សុខ ណារិន តំណាងប្រចាំប្រទេសរបស់អង្គការ UNIDO បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរួមរបស់អង្គការសហប្រជាជាតិក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាក់ព័ន្ធនានា ដើម្បីធានាថា PAGE កម្ពុជា នឹងចូលរួមចំណែកក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ចបៃតង ប្រកបដោយបរិយាប័ន្ននៅកម្ពុជា។ ការអនុវត្តកម្មវិធី PAGE ដើរស្របគ្នាយ៉ាងពេញលេញ ហើយក៏ចូលរួមចំណែកដល់ការសម្រេចបាននូវគោលបំណងរួម នៃក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ (UNSDCF) ២០២៤-២០២៨។
កម្មវិធីនេះមានអ្នកចូលរួមសរុបចំនួន ១០០នាក់ មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាវិស័យឯកជន សង្គមស៊ីវិល ស្ថាប័នអប់រំ ស្ថាប័នស្រាវជ្រាវជាតិ និងដៃគូអភិវឌ្ឍន៍។ កម្មវិធីនេះបានបញ្ចប់នៅម៉ោង១៧:០០ល្ងាច។
ចំណាំ÷
ភាពជាដៃគូសម្រាប់សកម្មភាពសេដ្ឋកិច្ចបៃតង (PAGE) គឺជាភាពជាដៃគូសកលដែលផ្តួចផ្តើមដោយទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ចំនួន៥រួមមាន÷ អង្គការUNEP អង្គការILO អង្គការUNDP អង្គការUNIDO និងអង្គការ UNITAR សម្រាប់ជាការឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើង នៃសកម្មភាពសម្របសម្រួល ដើម្បីដោះស្រាយបញ្ហាដែលប្រឈមនឹងការអភិវឌ្ឍប្រកបដោយចីរភាព និងបញ្ហាដែលធ្វើឲ្យមានការប្រែប្រួលអាកាសធាតុដោយយ៉ោងទៅតាមសន្និសីទស្តីពី ការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (Rio+20) នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល ដែលបានធ្វើឡើងនាឆ្នាំ២០១២។ PAGE ត្រូវបានគាំទ្រដោយការរួមចំណែកដ៏សប្បុរសរបស់ដៃគូអនុវត្តរបស់ខ្លួន។ ការគាំទ្រ ហិរញ្ញប្បទាន និងការរួមចំណែក ទាំងអស់គឺមានសារៈសំខាន់ក្នុងការធ្វើឱ្យប្រទេសនានា មានឱកាសអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ពួកគេ ឲ្យក្លាយជាកត្តា ជំរុញនៃនិរន្តរភាព។ ដៃគូគាំទ្ររបស់ PAGE រួមមានដូចជាសហភាពអឺរ៉ុប ស្វីស អាល្លឺម៉ង់ ស៊ុយអែត ហ្វាំងឡង់ ន័រវែស និងកូរ៉េ។ ស្វែងរកព័ត៌មានលំអិតបន្ថែមអំពី PAGE នៅ÷ https://www.un-page.org/ ។
The PAGE project in Cambodia is coordinated by UNITAR. The coordinating Government institution is the Department of Green Economy.
PAGE Cambodia Focal Point:
Ms. Rachana Kong
National Project Coordinator
Email: rachana.kong@unitar.org
Phone: +855 12 644 649
UNITAR Focal Point:
Ms. Amrei Horstbrink
Senior Specialist,
Green Development and Climate Change Programme
Email: amrei.horstbrink@unitar.org