អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ធ្វើពិធីប្រគល់សម្ភារៈ ដើម្បីពង្រឹងសមត្ថភាពរាយការណ៍ប្រកបដោយតម្លាភាពអំពីផែនការរួមចំណែករបស់ជាតិ (NDC)

Story from FAO Cambodia
អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បានធ្វើពិធីប្រគល់សម្ភារៈ (ប្រព័ន្ធគ្រប់គ្រងទិន្នន័យ និងស្ថានីយ៍ទិន្នន័យមូលដ្ឋានសម្រាប់គ្រប់គ្រងតំបន់ការពារធម្មជាតិ) ជូនដល់អគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិនៃក្រសួងបរិស្ថាន ប្រទេសកម្ពុជា។ សម្ភារៈទាំងនេះនឹងជួយរួមចំណែកពង្រឹងសមត្ថភាពរាយការណ៍ប្រកបដោយតម្លាភាពអំពីផែនការរួមចំណែករបស់ជាតិ (NDC)។ កម្ពុជាបានដាក់ស្នើផែនការរួមចំណែករបស់ជាតិ (NDC) របស់ខ្លួន ទៅក្នុងអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ(UNFCCC) កាលពីឆ្នាំ២០១៥ ដោយបានបញ្ជាក់ច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីកាត់បន្ថយការសាយភាយឧស្ម័នផ្ទះកញ្ចក់ និងការបន្ស៊ាំទៅនឹងបំរែបំរួលអាកាសធាតុ និងដើម្បីឱ្យស្របទៅនឹងគោលដៅរយៈពេលវែងនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ដំណើរការ ការរៀបចំ និងការពង្រឹងប្រព័ន្ធពិនិត្យតាមដានទាំងនេះគឺជាកត្តារួមចំណែកដ៏សំខាន់ ដើម្បីធានាថារាល់សកម្មភាពទាំងអស់ពិតជាត្រូវបានអនុវត្តដោយភាគីកម្ពុជា ដោយអនុឡោមតាមគោលការណ៍នៃការរាយការណ៍ផែនការរួមចំណែករបស់ជាតិ (NDC) នៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ(UNFCCC)។ សម្ភារៈទាំងអស់នេះនឹងជួយដល់ការពង្រឹងសមត្ថភាពតាមដាន ធ្វើរបាយការណ៍ និងផ្ទៀងផ្ទាត់ទិន្នន័យពីប្រព័ន្ធព័ត៌មានដែលមានស្រាប់ ព្រមទាំងជួយកម្ពុជាបោះជំហានទៅរកប្រព័ន្ធតាមដាន និងរាយការណ៍អំពីតំបន់អភិរក្ស វិស័យកសិកម្ម ព្រៃឈើ និងការប្រើប្រាស់ដីកាន់តែប្រសើរ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏នឹងជួយបង្កើនតម្លាភាពផែនការរួមចំណែករបស់ជាតិ(NDC) ដោយផ្អែកតាមលក្ខខណ្ឌតម្រូវរបស់អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ(UNFCCC)។
កម្ពុជាជួបប្រទះឧបសគ្គជាច្រើនក្នុងការធានាឱ្យបានការរាយការណ៍ប្រកបដោយប្រសិទ្ធិភាព ដើម្បីឱ្យស្របទៅតាមលក្ខខណ្ឌផ្លូវច្បាប់របស់អនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC)។ ឧបសគ្គទាំងនោះរួមមាន កង្វះទិន្នន័យសកម្មភាព កង្វះព័ត៌មានស្តីពីកត្តាសាយភាពឧស្ម័ន និងយន្តការចែករំលែកទិន្នន័យយកមកធ្វើរបាយការណ៍នៅមានកម្រិតនៅឡើយ។ សម្ភារៈទាំងនេះនឹងជួយដោះស្រាយបញ្ហារាំងស្ទះនានា និងជួយពង្រឹងសមត្ថភាពស្ថាប័ន ព្រមទាំងយន្តការគាំទ្រប្រកបដោយប្រសិទ្ធិភាពសម្រាប់ការប្រមូលចងក្រងទិន្នន័យ និងចែករំលែកទិន្នន័យទាំងនោះទៅតាមស្ថាប័នក្រសួងពាក់ព័ន្ធ ដែលវានឹងជួយបង្កើនប្រសិទ្ធិផល និងប្រសិទ្ធិភាពនៃការរាយការណ៍ទាន់ពេលវេលាដល់ដំណើរការអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ(UNFCCC) និងជាពិសេសតម្រូវការ របាយការណ៍សម្រាប់ពង្រឹងក្របខ័ណ្ឌតម្លាភាពនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ។
ប្រព័ន្ធគ្រប់គ្រងព័ត៌មាន និងតាមដានរបាយការណ៍ ដើរតួនាទីយ៉ាងសំខាន់ក្នុងការធានានូវតម្លាភាពនៃការរាយការណ៍សកម្មភាពអាកាសធាតុនៅក្នុងវិស័យកសិកម្ម និងការប្រើប្រាស់ដី ដើម្បីដោះស្រាយផលប៉ះពាល់ ដែលបង្កដោយការប្រែប្រួលអាកាសធាតុ និងកត្តាជំរុញនានា។ ការពង្រឹងសមត្ថភាពនេះនឹងបំពេញតាមតម្រូវការ សំខាន់ៗរបស់អគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ទាំងលើទិន្នន័យស្ថិតិ និងភូមិសាស្ត្រ ព្រមទាំងនឹងរួមចំណែកដល់ការសាកល្បងនៃប្រព័ន្ធគ្រប់គ្រងលំហូរព័ត៌មានជាក់ស្តែង។
ជំហានបន្ទាប់ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ នឹងបន្តកិច្ចសហប្រតិបត្តិការពង្រឹងសមត្ថភាពទាំងនៅកម្រិតស្ថាប័ន និងជាមួយរដ្ឋាភិបាលទាំងមូល។ ការកែលម្អប្រព័ន្ធវាស់វែង ការរាយការណ៍ និងការផ្ទៀងផ្ទាត់ ការត្រួតពិនិត្យ និងការវាយតម្លៃ និងជម្រើសនៃការចំណាយដែលបានស្នើឡើង គឺជាសកម្មភាពដែលនឹងត្រូវអនុវត្តដើម្បីពង្រឹងលក្ខខណ្ឌសម្រាប់ការអនុវត្តសកម្មភាពផែនការរួមចំណែករបស់ជាតិ(NDC)។ ក្នុងន័យនេះសកម្មភាពតាមដាននឹងត្រូវរួមបញ្ចូល ប៉ុន្តែមិនត្រូវបានកំណត់ចំពោះការសម្របសម្រួលនៃការបង្កើតប្រព័ន្ធគ្រប់គ្រងព័ត៌មាន និងការកសាងសមត្ថភាពសម្រាប់អ្នកគ្រប់គ្រងប្រព័ន្ធ និងការគាំទ្រដើម្បីធានាចំពោះគុណភាពទិន្នន័យ ព្រមទាំងការធ្វើតេស្ត និងការដាក់បញ្ចូលប្រព័ន្ធគ្រប់គ្រងលំហូរព័ត៌មានជាក់ស្តែងនោះទេ។ ចំពោះការគាំទ្រអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ គឺទទួលបានហិរញ្ញប្បទានពីមូលនីធិបរិស្ថាន សកល តាមរយៈគម្រោងពង្រឹងសមត្ថភាពក្នុងវិស័យកសិកម្ម និងការប្រើប្រាស់ដី ដើម្បីបង្កើនតម្លាភាពក្នុងការអនុវត្ត និងការត្រួតពិនិត្យការរួមចំណែកជាតិរបស់កម្ពុជា ដែលស្ថិតនៅក្នុងកម្មវិធីសហប្រតិបត្តិការអង្គការសហប្រជាជាតិស្តីពីការកាត់បន្ថយការបំភាយឧស្ម័នពីការកាប់បំផ្លាញព្រៃឈើ និងការរេចរឹលព្រៃឈើនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ (UN-REDD Programme) តាមរយៈគំនិតផ្តួចផ្តើមសម្រាប់ការលើកកម្ពស់ពាណិជ្ជកម្មព្រៃឈើប្រកបដោយនិរន្តរភាពក្នុងតំបន់មេគង្គក្រោម និងដោយផ្អែកតាមគំនិតផ្តួចផ្តើមអាកាសធាតុអន្តរជាតិរបស់រដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ តាមរយៈកម្មវិធីគាំទ្រការពង្រីកមហិច្ឆតាអាកាសធាតុលើការប្រើប្រាស់ដី និងកសិកម្មនៃការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (NDC) និងផែនការជាតិបន្ស៊ាំនឹងអាកាសធាតុ(NAP)។ តាមរយៈអន្តរាគមន៍ទាំងនេះ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិកំពុងរួមចំណែកដល់ការសម្រេចឱ្យបានទាំងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងគោលដៅសកលរបស់កម្ពុជា ជាពិសេសគោលដៅទី១៣ ដែលផ្តោតទៅលើសកម្មភាពអាកាសធាតុ និងគោលដៅទី១៥ ដែលស្តីពីជីវិតលើដី។ ឧបករណ៍ទាំងនេះនេះត្រូវបានប្រគល់ និងទទួលជាផ្លូវការនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២៣។ |