សរសេរដោយ៖ ផាទ្រីស្យា អ៊ុងពីន នាយិកាUNAIDS ប្រចាំប្រទេសកម្ពុជា ឡាវ និងម៉ាឡេស៊ី និង ផាទ្រីក មើហ្វី ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា
ថ្ងៃ ១ ធ្នូ គឺជាខួបលើកទី ៣៥ នៃទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ដែលជាឱកាសមួយដើម្បីឆ្លុះបញ្ចាំងពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់របស់ប្រទេសកម្ពុជា ក្នុងការឆ្លើយតបនឹងមេរោគអេដស៍/ជំងឺអេដស៍ ជាពិសេសក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ហើយនិងទទួលស្គាល់ការងារដែលនៅសេសសល់ដើម្បីបញ្ចប់ជំងឺនេះដែលជាការគំរាមកំហែងដល់សុខភាពសាធារណៈ។ យើងក៏ចងចាំ និងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងជាវីរភាពរបស់អ្នកដែលនៅជួរមុខនៃការឆ្លើយតបនឹងមេរោគអេដស៍ ជាពិសេស តួនាទីប្រកបដោយការផ្លាស់ប្តូរ ដែលអង្គការដឹកនាំដោយសហគមន៍ ដើរតួនាទី ។
ក្រុមការងារសហគមន៍ត្រូវបានដឹកនាំដោយប្រជាជនយ៉ាងពិតប្រាកដ។ ជួបជាមួយអ្នកស្រី វន វី ជាស្ត្រីខ្មែរមានភាពអំនត់ម្នាក់ ដែលមានក្តីសុបិនចង់ក្លាយជាគ្រូបង្រៀន ហើយបានពង្រីកតួនាទីរបស់ខ្លួនក្លាយជាអ្នកដឹកនាំក្នុងកិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងមេរោគអេដស៍/ជំងឺអេដស៍ក្នុងប្រទេស។
ដោយមានការជម្រុញលើកទឹកចិត្តពីអង្គការសុខភាពក្នុងស្រុក ដែលចុះផ្សព្វផ្សាយនៅកន្លែងការងាររបស់ខ្លួន អ្នកស្រី វី ក៏មានបំណងចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយ ដោយអាចចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់គាត់ក្នុងការរស់នៅជាមួយមេរោគអេដស៍ ដើម្បីជួយអប់រំដល់ស្ត្រីបម្រើការតាមគ្រឹះស្ថាន កម្សាន្តដទៃទៀតអំពីការបង្ការមេរោគអេដស៍។ បើទោះបីជាជីវភាពក្រីក្រ និងមានបញ្ហាផ្នែកសុខភាពក៏ដោយ ក៏អ្នកស្រីបានតស៊ូរហូតក្លាយជាអ្នកដឹកនាំក្នុងវេទិការួមគ្នារបស់បណ្តាញអ្នករស់នៅជាមួយមេរោគអេដស៍ និងប្រជាជនងាយរងគ្រោះដោយមេរោគអេដស៍ (DFoNPAM) ក្នុងខេត្តបាត់ដំបង។ វេទិកានេះភ្ជាប់បុគ្គលដែលរស់នៅជាមួយមេរោគអេដស៍ និងប្រជាជនងាយរងគ្រោះដោយមេរោគអេដស៍ មានដូចជា ស្ត្រីបម្រើការតាមគ្រឹះស្ថានកម្សាន្ត បុរសរួមភេទជាមួយបុរស និងស្ត្រីបំប្លែងភេទ ដែលពួកគេទាំងនេះតែងតែប្រឈមនឹងការរើសអើង និងឧបសគ្គក្នុងការទទួលបានការថែទាំសុខភាព។
តួនាទីរបស់អ្នកស្រី វី មានវិសាលភាពធំ ហើយបច្ចុប្បន្នអ្នកស្រីក៏បង្កើតបរិយាកាសសុវត្ថិភាពមួយ ដែលអាចឱ្យប្រជាជនក្នុងសហគមន៍អាចពិភាក្សាដោយបើកចំហអំពីជីវិត កង្វល់ និងសុខភាពរបស់ពួកគេដោយគ្មានការភ័យខ្លាច។ អ្នកស្រីក៏ធ្វើការអប់រំប្រជាជនក្នុងសហគមន៍អំពីការធ្វើតេស្តមេរោគអេដស៍ ការបង្ការ និងការព្យាបាល ខណៈដែលអ្នកស្រីជួយដល់ការលុបបំបាត់ភាពភ័យខ្លាច និងការមាក់ងាយខ្លួនឯង ដោយធ្វើការតស៊ូមតិសម្រាប់ការថែទាំសុខភាព និងការគាំពារសង្គមឱ្យកាន់តែប្រសើរឡើងសម្រាប់សហគមន៍ជនបទ។ នៅក្នុងប្រទេសកម្ពុជា មានប្រជាជនជិត ៧៦.០០០ នាក់ កំពុងរស់នៅជាមួយមេរោគអេដស៍ ហើយប្រជាជនដែលប្រឈមមុខនឹងការឆ្លងមេរោគអេដស៍ ប្រឈមនឹងការភ័ណ្ឌច្រឡំ ការមាក់ងាយ និងការរើសអើង ដែលធ្វើឱ្យពួកគេមិនសូវទទួលបានព័ត៌មានអំពីរបៀបបង្ការមេរោគអេដស៍/ជំងឺអេដស៍ ឬក៏ស្វែងរកការធ្វើតេស្តរកមេរោគអេដស៍ ជាហេតុនាំឱ្យមានការពន្យារពេលក្នុងការចាប់ផ្តើមការព្យាបាលសង្គ្រោះជីវិត។ ការតស៊ូមតិរបស់អ្នកស្រី វី មានឥទ្ធិពលលើចំណុចសំខាន់នៃបញ្ហាទាំងនេះ ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការគាំទ្រ ជាពិសេសសម្រាប់ប្រជាជនគន្លឹះ។
ប្រទេសកម្ពុជាមានវឌ្ឍនភាពច្រើនក្នុងការឆ្លើយតបនឹងមេរោគអេដស៍ ដោយសារគំនិតផ្តួចផ្តើមដែលដឹកនាំដោយសហគមន៍ ដូចជាករណីអ្នកស្រី វី និងដោយមានការជម្រុញគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងដៃគូនានា ដូចជា UNAIDS មូលនិធិសកល (the Global Fund) និងផែនការសង្គ្រោះបន្ទាន់របស់ប្រធានាធិបតីសហរដ្ឋអាមេរិកសម្រាប់ការឆ្លើយតបនឹងជំងឺអេដស៍ (PEPFAR) ។ សហគមន៍ និងអង្គការសង្គមស៊ីវិល ដូចជា DFoNPAM បានដើរតួយ៉ាងសំខាន់ក្នុងការពិភាក្សាហេតុផលលើច្បាប់ដែលដាក់ទោសទណ្ឌ លុបបំបាត់ការមាក់ងាយ និងការតស៊ូមតិសម្រាប់គោលនយោបាយ និងសេវាកម្មដែលធ្វើឱ្យលទ្ធភាពទទួលបានសេវាមេរោគអេដស៍ប្រសើរឡើង ខណៈដែលលើកកម្ពស់សិទ្ធិមនុស្ស។
កិច្ចខិតខំប្រឹងប្រែងកៀរគរសហគមន៍ បានផ្ដល់សិទ្ធិអំណាចដល់ប្រជាជនកម្ពុជារាប់ពាន់នាក់ ដើម្បីបង្កើនការយល់ដឹងអំពីការបង្ការមេរោគអេដស៍ និងកៀរគរប្រជាជនជាច្រើននាក់ដើម្បីធ្វើតេស្ត និងព្យាបាលមេរោគអេដស៍។ ការកើនឡើងនៃការធ្វើតេស្តរកមេរោគអេដស៍ដោយខ្លួនឯង – ការធ្វើតេស្តចំនួន ៦.៥៩៨ ដែលធ្វើឡើងក្នុងរយៈពេលបីខែកន្លងមកនេះ បើប្រៀបធៀបទៅនឹង ១.២៤១ ក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២២ – ឆ្លុះបញ្ចាំងពីការចូលរួមដ៏រឹងមាំពីមិត្តភក្តិ និងសហគមន៍។ ចាប់តាំងពីឆ្នាំ ២០១៩ ការអប់រំផ្សព្វផ្សាយសហគមន៍បានជួយដល់បុគ្គលជាង ១៣.០០០ នាក់ ដែលជាប្រជាជនគន្លឹះ ចាប់ផ្តើមប្រើប្រាស់ឱសថបង្ការការឆ្លងមេរោគអេដស៍មុនពេលប្រព្រឹត្តប្រឈម (PrEP) ដែលជាជំហានសំខាន់មួយក្នុងការទប់ស្កាត់ការឆ្លងមេរោគអេដស៍ថ្មី។
ទោះបីជាមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ការបញ្ចប់មេរោគអេដស៍/ជំងឺអេដស៍ ដែលជាការគំរាមកំហែងដល់សុខភាពសាធារណៈនៅកម្ពុជា ទាមទារការប្តេជ្ញាចិត្តប្រកបដោយចីរភាព។ ខណៈដែល ប្រមាណ ៨៦ ភាគរយ នៃអ្នករស់នៅជាមួយមេរោគអេដស៍ក្នុងប្រទេសកម្ពុជាដឹងពីស្ថានភាពរបស់ពួកគេ និងអាចទទួលបានការព្យាបាល ក៏ប៉ុន្តែនៅមានអ្នករស់នៅជាមួយមេរោគអេដស៍ជាច្រើននាក់ទៀតមិនទាន់ដឹងស្ថានភាពរបស់ខ្លួន។ ការបន្តភ័ណ្ឌច្រឡំ បទដ្ឋានសង្គម ដែលដាក់ទោសទណ្ឌ និងវិសមភាពយេនឌ័រ ជំរុញឱ្យមានការមាក់ងាយ និងការរើសអើង និងបង្កឱ្យមានការឆ្លងមេរោគអេដស៍ថ្មី។ ការបញ្ចប់បញ្ហានេះ តម្រូវឱ្យមានការបន្ថែមការឆ្លើយតបថ្នាក់ជាតិនៅគ្រប់កម្រិត ដើម្បីជួប និងផ្តល់សេវាបញ្ជៀបព័ត៌មានពីការបង្ការមេរោគអេដស៍ និងផ្ដល់សេវាដែលសមស្រប និងថ្លៃថ្នូរ ដល់ប្រជាជនងាយរងគ្រោះនឹងការឆ្លងមេរោគអេដស៍។
ថ្ងៃនេះ ក្នុងទិវាពិភពលោកប្រឆាំងនឹងជំងឺអេដស៍ សូមយើងចងចាំសាច់រឿងរបស់អ្នកស្រី វី ក៏ដូចជាក្រុមការងារដឹកនាំសហគមន៍ដ៏អង់អាចដទៃទៀត។ ហើយក៏កុំបំភ្លេចក្រុមប្រជាជនគន្លឹះ ដែលយើងត្រូវជួប និងផ្តល់សេវា។ អាជ្ញាធររដ្ឋាភិបាល ដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិល ត្រូវបន្តផ្ដល់អំណាច និងគាំទ្រដល់ភាពជាអ្នកដឹកនាំរបស់សហគមន៍ ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ថ្នាក់ជាតិ។ កម្ពុជាសម្រេចបានយ៉ាងច្រើននៅក្នុងកិច្ចខិតខំប្រឹងប្រែងជាប្រវត្តិសាស្ត្រជាតិ ហើយឥឡូវនេះ កម្ពុជាក៏មានសក្តានុពលក្នុងការក្លាយជាអ្នកដឹកនាំនៅអាស៊ី និងជុំវិញពិភពលោក តាមរយៈនវានុវត្តន៍លើការគាំទ្រការឆ្លើយតប ដែលដឹកនាំដោយសហគមន៍។ ក្នុងនាមជាដៃគូដ៏យូរអង្វែង ដែលផ្ដោតសំខាន់លើប្រជាជនកម្ពុជា យើងនៅតែប្តេជ្ញាចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងជាសាកល និងជាប្រវត្តិសាស្ត្រនេះ ដើម្បីបញ្ចប់មេរោគអេដស៍/ជំងឺអេដស៍៕