សេចក្តី​ប្រកាស​ព័ត៌មាន

កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) ត្រូវបានដាក់ឱ្យដំណើរការដោយ អង្គការ UNIDO រដ្ឋបាលជលផល និងសាជីវកម្មធានាឥណទានកម្ពុជា ដើម្បីជំរុញកំណើនក្នុងវិស័យជលផលក្រោយប្រមូលផលនៅកម្ពុជា

30 May 2024

រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤៖ តាមរយៈកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព៖ គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) គាំទ្រថវិកាដោយ សហភាពអឺរ៉ុប (EU)  សាជីវកម្មធានាឥណទានកម្ពុជា (CGCC)  រដ្ឋបាលជលផល (FiA) និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) រួមគ្នាសម្ពោធដាក់ឲ្យដំណើរការកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) ដែលមានគោលដៅជំរុញកំណើន ក្នុងវិស័យជលផលក្រោយប្រមូលផលនៅកម្ពុជា។ ISF គឺជាកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគចម្រុះ គាំទ្រថវិកាដោយ EU។

ជាមួយបេតិកភណ្ឌវប្បធម៌ និងធនធានជលផលដ៏សម្បូរបែប កម្ពុជាមានសក្តានុពលខ្ពស់ក្នុងការប្រកួតប្រជែង ផល​ ផលិតផលជលផលក្នុង ទីផ្សារសកលលោក ។ ទោះជាបែបនេះក្តី អនុវិស័យជលផលនេះពើបប្រទះនូវបញ្ហាប្រឈមជាច្រើន ដែលបានរារាំងដល់ការទទួលបាននូវជំនឿទុកចិត្តពីអ្នកបរិភោគ និងការប្រកួតប្រជែងជាលក្ខណៈសកល ដូចជា បច្ចេកវិទ្យាកែច្នៃនៅមានកម្រិត កង្វះគុណតម្លៃបន្ថែម និងបញ្ហាពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារជាដើម។

ផ្អែកតាមបទពិសោធន៍ជោគជ័យនៃការអនុវត្តកម្មវិធីគាំទ្រសហគ្រាសជលផលខ្នាតតូច និងមធ្យម (VCIS-FTS) គម្រោង CAPFISH-Capture បានរៀបចំបង្កើតកម្មវិធី ISF ដើម្បីគាំទ្រដល់សហគ្រាសជលផលក្រោយ ប្រមូលផល អ្នកផ្គត់ផ្គង់ធាតុចូល និងដៃគូអាជីវកម្មក្នុងខ្សែច្រវាក់ក់តម្លៃជលផល ជម្នះនូវបញ្ហាប្រឈមទាំងនេះ ក៏ដូចជាបង្កើនផលិតភាពផលិតកម្ម ទទួលបាននូវផលិតផលមានគុណភាព និងសុវត្ថិភាពខ្ពស់។ កម្មវិធី ISF​ នេះ មានការចូលរួមធនធានផ្ទាល់ពីសហគ្រាស កម្ចីអាជីវកម្មដែលមានការធានាពីគ្រឹះស្ថានហិរញ្ញវត្ថុ និងទុនឧបត្ថម្ភពីគម្រោង។ បន្ថែមពីលើសហគ្រាសទាំង ៥០ ដែលត្រូវបានគាំទ្រដោយកម្មវិធី VCIS-FTS នាពេលបច្ចុប្បន្ន កម្មវិធីថ្មីនេះផ្តោតលើសហគ្រាសគោលដៅចំនួនជាង ១០០ ផ្សេងទៀត​ ដែលមានគុណវុឌ្ឍិគ្រប់គ្រាន់នៅក្នុងខ្សែច្រវាក់ក់តម្លៃជលផល។​

CGCC មានតួនាទីជាអង្គភាពគ្រប់គ្រង ISF ដោយធ្វើការជាមួយធនាគារពាណិជ្ជ និងគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា។ ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) និងជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ CGCC មានប្រសាសន៍ថា «ISF ពិតជាមានសារៈសំខាន់ និងអត្ថប្រយោជន៍យ៉ាងខ្លាំងចំពោះវិស័យជលផលនៅកម្ពុជា។ តាមរយៈគម្រោងនេះ ប្រតិបត្តិករពាក់ព័ន្ធ ក្នុងវិស័យជលផលក្រោយប្រមូលផល នឹងមានលទ្ធភាពទទួលបាននូវការគាំទ្រជំនួយបច្ចេកទេស ការសាងសមត្ថភាព និងជំនួយហិរញ្ញប្បទាន ដែលរួមមាន ជំនួយឥតសំណង និងឥណទានដែលមានការធានា ក្នុងលក្ខខណ្ឌអនុគ្រោះជាច្រើន។ គម្រោង ISF នឹងចូលរួមជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ការអភិវឌ្ឍវិស័យកសិកម្ម ដែលជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា តាមរយៈការធ្វើទំនើបកម្ម ការបង្កើនផលិតភាពនៃវិស័យកសិកម្ម ជាមួយការរក្សាបាននូវគុណភាពនៃផលិតផលកសិកម្ម និងកសាងបាននូវភាពធន់នៃវិស័យនេះ ដើម្បីធានាបាននូវសន្តិសុខ និងសុវត្ថិភាពស្បៀង ក៏ដូចជាការបង្កើនបាននូវតម្លៃបន្ថែមកាន់តែខ្ពស់ និងភាពប្រកួតប្រជែង ទាំងតម្លៃ និងគុណភាព។ គំនិតផ្តួចផ្តើមនឹងចូលរួមលើកតម្កើងនូវកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាឱ្យបានប្រសើរទ្បើង។»​

ផ្អែកលើតួនាទីរបស់ ISF ក្នុងការលើកកម្ពស់ភាពប្រកួតប្រជែងរបស់វិស័យជលផលក្រោយប្រមូលផលនៅកម្ពុជា លោក ដឺជេនេ តេហ្សេរ៉ា នាយកផ្នែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងកសិពាណិជ្ជកម្មរបស់អង្គការ UNIDO លើកឡើងថា «អង្គការ UNIDO ពិតជាមានមោទនភាពក្នុងការដាក់ចេញនូវកម្មវិធី ISF សម្រាប់បម្រើឱ្យវិស័យនេះ។ តាមរយៈបទពិសោធន៍ដ៏រឹងមាំរបស់ UNIDO លើការអភិវឌ្ឍខ្សែច្រវាក់តម្លៃ និងហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ យើងមានជំនឿយ៉ាងមុតមាំថាគម្រូកម្មវិធី​ ISF នេះ ពិតជាអាចរួមចំណែកបង្កើនគុណតម្លៃ និងបរិមាណនៃ ផល ផលិតផលជលផលដែលប្រកបដោយគុណភាព និងសុវត្ថិភាព ជួយឱ្យសហគ្រាសកែច្នៃផល ផលិតផលជលផលទទួលបានជោគជ័យនៅក្នុងទីផ្សារសកល។ តាមរយៈការវិនិយោគលើការបង្កើតថ្មី និងការកសាងសមត្ថភាព​ ​ គឺជាការត្រួសត្រាយ និងកសាងផ្លូវដ៏ត្រឹមត្រូវជួយឱ្យវិស័យជលផលកម្ពុជាលេចធ្លោរលើឆាកអន្តរជាតិ​ ផ្តល់នូវឧត្តមភាព ជំនឿទុកចិត្ត និងវិបុលភាពសម្រាប់សហគមន៍ និងប្រជាជនកម្ពុជាទាំងមូល។»​

ឯកឧត្តម អ៊ីហ្គ័រ ទ្រីសមែន ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា​ កោតសរសើរចំពោះការដាក់ឱ្យដំណើរការ ទាន់ពេលវេលានៃកម្មវិធី ISF ដោយគូសបញ្ជាក់អំពីផលជះដ៏មានសក្តានុពល លើវិស័យជលផលរបស់កម្ពុជា។ «សង្គតិភាពនឹងលក្ខខណ្ឌតម្រូវទីផ្សារអន្តរជាតិ រួមទាំងសហភាពអឺរ៉ុប កម្មវិធី ISF មិនត្រឹមតែរួមចំណែកលើកកម្ពស់ភាពប្រកួតប្រជែង និងនិរន្តរភាពប៉ុណ្ណោះទេ ថែមទាំងទ្រទ្រង់ឆ្អឹងខ្នងសេដ្ឋកិច្ច ការពារសុខភាពសាធារណៈ និងបង្កើតការងារក្នុងស្រុកក្នុងវិស័យនេះ។ ខ្ញុំមានសុទិដ្ឋិនិយមថា ជោគជ័យក្នុងការអនុវត្តកម្មវិធី ISF ក្នុងវិស័យជលផលនេះ​អាច យកទៅអនុវត្តឡើងវិញសម្រាប់អនុវិស័យកសិកម្មផ្សេងទៀត ដែលជាកាតាលីករជំរុញឱ្យមានការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ និងការវិនិយោគបន្ថែមទៀតក្នុងវិស័យកសិកម្មកម្ពុជា លើគ្រប់ផ្នែក» នេះបើតាមការបញ្ជាក់បន្ថែមរបស់ ឯកឧត្តម។»​

ដោយបានវាយតម្លៃខ្ពស់នូវកិច្ចគាំទ្រប្រកបដោយប្រសិទិ្ធភាពរបស់សហភាពអឺរ៉ុប និងអង្គការ UNIDO លើការជំរុញ សុវត្ថិភាពម្ហូបអាហារ និងអភិវឌ្ឍន៍វិស័យជលផលប្រកបដោយចីរភាព ឯកឧត្តម ឌិត​ ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ជាថ្មីម្តងទៀតអំពីជំហរ និងការប្តេជ្ញាចិត្តអភិវឌ្ឍន៍វិស័យ ជលផលកម្ពុជាឲ្យជោគជ័យបន្ថែមទៀត។

ដូចមានគូសបញ្ជាក់នៅក្នុងសសរស្តម្ភទី២ នៃយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាស្តីពី៖ ពិពិធភាព សេដ្ឋកិច្ច និងបង្កើនភាពប្រកួតប្រជែង ឯកឧត្តម ឌិត ទីណា បានបញ្ជាក់ថា៖ «កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ គឺជាគំនិតផ្ដួចផ្ដើមមួយដ៏ល្អ សម្រាប់គាំទ្រដល់កិច្ចសហការរវាងរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងអង្គការ UNIDO និងវិស័យឯកជន ដើម្បីជំរុញកំណើនក្នុងវិស័យជលផលក្រោយប្រមូលផលនៅកម្ពុជា។ ខ្ញុំសង្ឃឹមថា កម្មវិធីនេះនឹងជួយលើកកម្ពស់ការកែច្នៃផលិតផលជលផលក្រោយប្រមូលផល ឱ្យកាន់តែមានស្តង់ដារនិងគុណភាពខ្ពស់ តាមរយៈគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ព្រមទាំងផ្ដល់ផលចំណេញផ្នែកសេដ្ឋកិច្ចដល់ប្រជានេសាទ និងសហគ្រាសកែច្នៃផងដែរ។»

Samruol_UNDP

Samruol Im

UNIDO
មន្ត្រីទំនាក់ទំនង និងផ្សព្វផ្សាយ នៃគម្រោង CAPFISH-Capture

អង្គភាពរបស់អង្គការសហប្រជាជាតិដែលចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ

UNIDO
អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម

គោលដៅប្រកបដោយចីរភាពដែលគាំទ្រតាមរយៈគំនិតផ្តួចផ្តើមនេះ