សេចក្តី​ប្រកាស​ព័ត៌មាន

CGCC គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម និងគម្រោង CAPFISH-Capture គាំទ្រថវិកាដោយសហភាពអឺរ៉ុប រួមគ្នាជំរុញកំណើនការវិនិយោគក្នុងអនុវិស័យជលផលតាមរយៈកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF)

26 February 2025

រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) បានប្រារព្ធនូវវឌ្ឍនភាពដ៏សំខាន់មួយក្នុងការពង្រឹងបរិយាប័ន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យជលផលក្រោយប្រមូលផលនៅកម្ពុជា។ ពិធីចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងគាំទ្រសហគ្រាសកែច្នៃផលផលិតផលជលផលចំនួន ១១ ត្រូវបានរៀបចំឡើងក្រោមកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF)។​

កម្មវិធី ISF គឺជាគំរូ​ហិរញ្ញវត្ថុថ្មីមួយរបស់គម្រោង CAPFISH-Capture ក្រោមការគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) អនុវត្តដោយអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម(UNIDO) និងរដ្ឋបាលជលផល (FiA) ហើយកម្មវិធីនេះត្រូវបានគ្រប់គ្រងនិងចាត់ចែងមូលនិធិដោយ CGCC។ កម្មវិធី ISF មានទម្រង់ជាហិរញ្ញវត្ថុបដិភាគ កៀរគរការវិនិយោគសរុបប្រមាណ ២,៥០លាន ដុល្លារអាមេរិក រួមមានកញ្ចប់មូលនិធិគម្រោងគាំទ្រជាសម្ភារបរិក្ខារចំនួន ១លាន ដុល្លារអាមេរិក (៤០% នៃការវិនិយោគសរុប) ប្រាក់កម្ចីអាជីវកម្មពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់ CGCC ជាមួយនឹងការធានាឥណទានពី CGCC  ចំនួន ១,២៥លានដុល្លារអាមេរិក (៥០%)  និងសហវិនិយោគផ្ទាល់ពីសហគ្រាសចំនួន ២៥០.០០០ ដុល្លារអាមេរិក (១០%)។

ចាប់តាំងពីការដាក់ឱ្យដំណើការនៅចុងឆ្នាំ២០២៤​ រហូតមកដល់បច្ចុប្បន្ននេះ កម្មវិធី ISF បាននិងកំពុងគាំទ្រសហគ្រាសជុំដំបូងចំនួន ១១ និងសហគ្រាសជាច្រើនទៀតស្ថិតក្នុងដំណើរការជ្រើសរើសនៃកម្មវិធី។ ជាមួយកញ្ចប់ហិរញ្ញប្បទានដំបូងរបស់គម្រោងចំនួន ៣២០.០០០ ដុល្លារអាមេរិក បានទាក់ទាញទុនវិនិយោគបន្ថែមជាប្រាក់កម្ចីមានការធានាចំនួន ៣៤០.០០០ដុល្លារអាមេរិក ពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់ CGCC ចំនួន ២ ស្ថាប័ន គឺធនាគារអេស៊ីលីដា និងធនាគារមេយប៊ែង រួមជាមួយសហវិនិយោគពីសហគ្រាសផ្ទាល់ចំនួន ៥៨០.០០០ ដុល្លារអាមេរិក។​

កម្មវិធី ISF ផ្តោតការគាំទ្រជាចម្បងដល់សហគ្រាសជលផលក្រោយប្រមូលផលដែលចង់បង្កើនប្រតិបត្តិការអាជីវកម្ម និងពង្រីក​     ទីផ្សារទាំងក្នុង និងក្រៅស្រុក។ កម្មវិធីផ្តល់ភាពអង់អាច និងការយកចិត្តទុកដាក់ដល់អាជីវកម្មដែលដឹកនាំដោយស្ត្រី ​ យុវជន និងជនមានពិការភាព។

តាមរយៈគំរូ​ហិរញ្ញវត្ថុថ្មីនៃកម្មវិធី ISF នេះ គម្រោង CAPFISH-Capture និង CGCC ប្តេជ្ញាចិត្តគាំទ្រសហគ្រាសស្ថិតក្នុងខ្សែច្រវាក់តម្លៃជលផលក្រោយប្រមូលផល ក្នុងការអនុវត្តសុវត្ថិភាពម្ហូបអាហារ និងស្តង់ដារទីផ្សារ។ កញ្ចប់គាំទ្របច្ចេកទេសដែលឆ្លើយតបពេញលេញទៅនឹងតម្រូវការជាក់លាក់របស់សហគ្រាស រួមមានការបង្កើតផែនការអាជីវកម្ម ការផ្សារភ្ជាប់ទីផ្សារ ការបំពេញបានតាមលក្ខខណ្ឌតម្រូវផ្នែកសុវត្ថិភាពម្ហូបអាហារ បរិស្ថាន និងសង្គមជាដើម។

សហគ្រាសជលផលក្រោយប្រមូលផលដែលមានចំណាប់អារម្មណ៍ សូមដាក់ពាក្យឥឡូវនេះ! ផ្អែកតាមថវិកាមានកំណត់ ដាក់ពាក្យស្នើសុំមុន មានឱកាសទទួលបានមុន។

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី ISF និងដំណើរការដាក់ពាក្យស្នើសុំ សូមចូលទៅកាន់៖ 

https://www.cgcc.com.kh/en/post-harvest-fishery-guarantee-scheme/

សារអេឡិចត្រូនិក៖ PFGS@cgcc.com.kh  | ទូរស័ព្ទទំនាក់ទំនង៖ ០២៣ ៩០០ ៩៧៤  

Samruol_UNDP

Samruol Im

UNIDO
មន្ត្រីទំនាក់ទំនង និងផ្សព្វផ្សាយ នៃគម្រោង CAPFISH-Capture

អង្គភាពរបស់អង្គការសហប្រជាជាតិដែលចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ

UNIDO
អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម

គោលដៅប្រកបដោយចីរភាពដែលគាំទ្រតាមរយៈគំនិតផ្តួចផ្តើមនេះ