សេចក្តី​ប្រកាស​ព័ត៌មាន

ឯកសារព័ត៌មានទី ១៦៖ ការប្រែប្រួលអាកាសធាតុ

13 December 2021

ខណៈពេលដែលពិភពលោកបានមកជួបជុំគ្នា ក្នុងសន្និសីទអាកាសធាតុសកល ដែលហៅកាត់ថា COP26  ដើម្បីស្វែងរកដំណោះស្រាយចំពោះវិបត្តិអាកាសធាតុ យើងសូមធ្វើការឆ្លុះបញ្ចាំងពីភាពចាំបាច់ ដែលត្រូវធ្វើសកម្មភាពនៅកម្ពុជា។

            ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ កម្ពុជាបានសម្រេចជោគជ័យយ៉ាងច្រើនក្នុងការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។ ប៉ុន្តែ ការកើនឡើងនូវសម្ពាធមកលើប្រព័ន្ធអេកូឡូស៊ីរបស់កម្ពុជា ដែលមានទំនាក់ទំនងជាមួយនឹងការប្រែប្រួលអាកាសធាតុ និងបញ្ហាបរិស្ថានដ៏ស្មុគស្មាញ រាប់បញ្ចូលទាំងបញ្ហាឆ្លងដែន ដែលមានទំនាក់ទំនងជាមួយនឹងទន្លេមេគង្គផងដែរនោះ គឺជាអ្វីដែលចាំបាច់ត្រូវយកមកធ្វើការពិចារណាក្នុងគំរូនៃការអភិវឌ្ឍរបស់ខ្លួន ហើយប្រសិនបើកម្ពុជាចង់សម្រេចគោលដៅអភិវឌ្ឍន៍ដោយចីរភាព (SDGs)។

            ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ប៉ាន់ប្រមាណថា ផលប៉ះពាល់ដែលបង្កឡើងដោយសារការប្រែប្រួលអាកាសធាតុ អាចធ្វើឱ្យ ផ..ស រំពឹងទុករបស់កម្ពុជាថយចុះជិត ១0% ត្រឹមឆ្នាំ ២០៥០ បើទោះជាកំណើនសីតុណ្ហភាពត្រូវបានរក្សាឱ្យស្ថិតនៅក្នុងរង្វង់ ២ អង្សាសេ តាមគោលដៅដែលបានគ្រោងទុកក៏ដោយ។    កម្ពុជាទទួលបានចំណាត់ថ្នាក់ក្នុងចំណោមប្រទេសដែលងាយរងផលប៉ះពាល់ជាងគេ ដោយសារការប្រែប្រួលអាកាសធាតុ ខណៈពេលដែលប្រជាជនមួយភាគធំពឹងអាស្រ័យលើរបរកសិកម្មសម្រាប់ចិញ្ចឹមជីវិត និងកំពុងរស់នៅតំបន់ដែលងាយទទួលរងទឹកជំនន់[1]។ របបទឹកភ្លៀងកំពុងមានការប្រែប្រួល និងរឹតតែមិនអាចព្យាករដឹងមុនបាន ដែលនាំឱ្យមានព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរកាន់តែច្រើនឡើង ដូចជា ព្យុះត្រូពិច គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ជាដើម។

            បញ្ហាទាំងនេះនឹងបង្កផលប៉ះពាល់យ៉ាងធំធេងមកលើសហគមន៍ និងនាំឱ្យមានការខាតបង់ផ្នែកសេដ្ឋកិច្ច ការជាប់បំណុល ការកើនឡើងនូវវិសមភាព អសន្តិសុខស្បៀង និងការបាត់បង់អាយុជីវិត ដោយវិស័យកសិកម្ម ហេដ្ឋារចនា     សម្ព័ន្ធ ព្រៃឈើ និងសុខភាពមនុស្ស គឺជាវិស័យដែលរងផលប៉ះពាល់ជាងគេ។ ក្រុមដែលងាយរងផលប៉ះពាល់ជាងគេ គឺ កុមារ ស្រ្តី ជនមានពិការភាព ចាស់ជរា និងក្រុមដែលមានឱកាសតិចតួចនៅក្នុងសង្គម ដូចជា សហគមន៍ជនទេសន្តរ      ប្រវេសន៍ជាដើម នឹងរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ។

         ពេលនេះ គឺជាពេលដែលត្រូវធ្វើការផ្លាស់ប្តូរផ្នត់គំនិត ដើម្បីគាំទ្រដល់កំណើនសង្គមសេដ្ឋកិច្ច ដែលកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងការប្រែប្រួលអាកាសធាតុឱ្យនៅតិចជាអប្បរមា ជាមួយនឹងការយកចិត្តទុកដាក់លើក្រុមដែលងាយរងគ្រោះជាងគេ។ អង្គការសហប្រជាជាតិពេញចិត្តជាមួយនឹងការកើនឡើងនូវចំណាប់អារម្មណ៍ក្នុងប្រទេសកម្ពុជា និងការប្តេជ្ញាចិត្តពីសំណាក់រដ្ឋាភិបាល សង្គមស៊ីវិល វិស័យឯកជន និងយុវជន ក្នុងការចាត់ទុកការគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិប្រកបដោយចីរភាព និងកំណើនបៃតង ជាអាទិភាពសម្រាប់ការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច របស់ប្រទេសនេះ។

            អង្គការសហប្រជាជាតិនៅកម្ពុជាកំពុងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ដោយចីរភាពទី ១៣  «ដែលផ្តោតលើសកម្មភាពអាកាសធាតុ» និងចាត់វិធានការបន្ទាន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាផលប៉ះពាល់ដែលបង្កឡើងដោយសារការប្រែប្រួលអាកាសធាតុ។ អង្គការសហប្រជាជាតិកំពុងជួយ ពន្លឿនកិច្ចខិតខំប្រឹងប្រែងក្នុងវិស័យធំៗចំនួន ៤៖

ការលើកកម្ពស់អភិបាលកិច្ច និងគោលនយោបាយ៖ អង្គការសហប្រជាជាតិបានបង្កើនសមត្ថភាពស្ថាប័ន និងធ្វើឱ្យកាន់តែប្រសើរនូវការសម្របសម្រួលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈការផ្តល់នូវការគាំទ្របច្ចេកទេសដល់ស្ថាប័ននានា ដូចជា ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្នុងការប្រើប្រាស់ឧបករណ៍បញ្ជ្រាបការប្រែប្រួលអាកាសធាតុប្រកបដោយប្រសិទ្ធភាពទៅក្នុងគោលនយោបាយ ក្របខ័ណ្ឌគតិយុត្ត កម្មវិធី និងថវិកា។ ជាលទ្ធផល បច្ចុប្បន្ននេះបរិយាកាសអភិបាលកិច្ចលើបញ្ហាប្រែប្រួលអាកាសធាតុកាន់តែមានភាពអំណោយផល និងកាន់តែមានការសម្របសម្រួលប្រសើរជាងមុន។ អង្គការសហប្រជាជាតិបានគាំទ្រដល់ការរៀបចំរបាយការណ៍បច្ចុប្បន្នភាពអំពីការរួមចំណែករបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ កាលពីឆ្នាំ ២០២០ ហើយបច្ចុប្បន្ននេះ កំពុងជួយរៀបចំយុទ្ធសាស្ត្ររយៈពេលវែងស្តីពីអព្យាក្រឹតភាពកាបូនរបស់កម្ពុជា។ អង្គការសហប្រជាជាតិបាន និងកំពុងជួយដល់ក្រសួងរ៉ែនិងថាមពល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ​ក្នុងការរៀបចំគោលនយោបាយថាមពលកកើតឡើងវិញ និងប្រសិទ្ធភាពថាមពល ដែលរួមចំណែកដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការសម្រេចគោលដៅអគ្គិសនីភាវូបនីយកម្មជាសកល ជាមួយនឹងការផ្គត់ផ្គង់អគ្គិសនីដែលអាចជឿទុកចិត្តបាន និងមានតម្លៃសមរម្យ  ដើម្បីមិនទុកអ្នកណាម្នាក់ចោល។ ការគំាទ្រទាំងនេះផ្តល់ជាមូលដ្ឋានសម្រាប់ការស្តារប្រទេសឡើងវិញ ឱ្យកាន់តែមានភាពបៃតង និងច្បាមយកឱកាសនៃការរំខានដោយសារការរាតត្បាតជាសកល ដើម្បីកសាងឡើងវិញឱ្យកាន់តែប្រសើរជាងមុន។ អង្គការសហប្រជាជាតិក៏គាំទ្រដល់ការរៀបចំកិច្ចពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីប្រព័ន្ធស្បៀង ជាមួយនឹងសង្គមស៊ីវិល និងយុវជន ជាការត្រៀមសម្រាប់កិច្ចប្រជុំកំពូលស្តីពីប្រព័ន្ធស្បៀង ដើម្បីរិះរកដំណោះស្រាយ សម្រាប់កសាងនូវប្រព័ន្ធស្បៀងដែលកាន់តែមានភាពធន់ និងបរិយាបន្ន ដែលជាផ្នែកមួយដ៏សំខាន់នៃសកម្មភាពអាកាសធាតុ។

 

.   ការពង្រឹងប្រព័ន្ធ និងសមត្ថភាព ដើម្បីកសាងភាពធន់ និងទប់ទល់នឹងមុខសញ្ញាគ្រោះថ្នាក់ ពាក់ព័ន្ធនឹងអាកាសធាតុ។ ដោយសារភាពមិនប្រាកដប្រជារឹតតែខ្ពស់ និងការលេចឡើងនូវមុខសញ្ញាគ្រោះថ្នាក់ថ្មីៗ ពាក់ព័ន្ធនឹងអាកាសធាតុ ដែលរឹតតែធ្ងន់ធ្ងរជាងមុន អង្គការសហប្រជាជាតិក៏បានគាំទ្រដល់ការរៀបចំអភិក្រមគ្រប់គ្រងហានិភ័យរួមមួយ ដើម្បីជួយឱ្យកម្ពុជាកាន់តែអាចត្រៀមខ្លួន និងកាត់បន្ថយហានិភ័យ ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ និងបញ្ហាអាកាសធាតុធ្ងន់ធ្ងរ។ ឧទាហរណ៍ ប្រជាជនចំនួន ២១៩ 000 នាក់ នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយសារគ្រោះមហន្តរាយបានទទួលសារជូនដំណឹងជាមុន ក្នុងពេលដែលមានទឹកជំនន់ធ្ងន់ធ្ងរ កាលពីឆ្នាំ ២០២០ និង ២០២១ តាមរយៈប្រព័ន្ធជូនដំណឹងជាមុន EWS1294 ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ទូទាំង​ប្រទេស។ បច្ចុប្បន្ន កំពុងមានការអនុវត្តសាកល្បងប្រព័ន្ធ ដែលត្រូវបានកែសម្រួលឱ្យស្របតាមស្ថានភាពក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់ការជូនដំណឹងឱ្យកាន់តែសុក្រឹតនៅតំបន់ប្រជុំជន ដោយមានការគាំទ្រពីអង្គការសហប្រជាជាតិ។ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិ វេទិកាឆ្លើយតបមនុស្សធម៌ដែលដឹកនាំរួមគ្នាដោយទីភ្នាក់ងារសហប្រជាជាតិ រួមជាមួយនឹងអង្គការសង្គមស៊ីវិល ជួយធានាឱ្យមានការសម្របសម្រួលសកម្មភាពត្រៀមបង្ការ និងឆ្លើយតបចំពោះមុខសញ្ញាគ្រោះថ្នាក់ ដែលពាក់ព័ន្ធអាកាសធាតុ ឱ្យបានកាន់តែប្រសើរ។ អង្គការសហប្រជាជាតិបានបង្កើនភាពធន់​ តាមរយៈសេវាគំាពារសង្គមដែលឆ្លើយតបចំពោះវិបត្តិ និងការផ្តល់សម្ភារឧបត្ថម្ភមិនមែនស្បៀង ដែលផ្តល់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ១៧0 000 នាក់ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ រាប់បញ្ចូលទាំងអស់ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ និងអ្នកដែលបាត់បង់ទីលំនៅ នៅតាមទីតាំងដែលតម្រូវឱ្យមានការជម្លៀសប្រជាពលរដ្ឋចេញ កាលពីឆ្នាំ ២០២០ និង ២០២១។ លើសពីនេះ ការអប់រំ ការកសាងសមត្ថភាពបច្ចេកទេស និងការធានាការចូលរួមរបស់សហគមន៍ បានរួមចំណែកដល់ការពង្រឹងភាពធន់របស់សហគមន៍ ហើយដោយឡែក នៅក្នុងវិស័យទឹកស្អាត និងអនាម័យ និងការអប់រំ អង្គការសហប្រជាជាតិកំពុងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស ដល់ការរៀបចំកម្មវិធី ដែលយកព័ត៌មានអំពីហានិភ័យអាកាសធាតុ មកធ្វើជាគោល ដើម្បីពង្រឹងភាពធន់ នៅក្នុងវិស័យទាំងនេះ។

 

អន្តរាគមន៍ដែលបញ្ចូលការអភិរក្សបរិស្ថាន រួមជាមួយនឹងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចប្រកបដោយចីរភាព៖ អង្គការសហប្រជាជាតិកំពុងធ្វើការងារជាមួយនឹងសហគមន៍ និងអាជ្ញាធរថ្នាក់ក្រោមជាតិ ដើម្បីប្រែក្លាយគោលនយោ បាយ ឱ្យទៅជាការអនុវត្ត តាមរយៈការផ្តល់នូវឧបករណ៍ពិសេស និងឱកាសថ្មីៗបន្ថែមទៀត ដល់ក្រុមដែលងាយរងគ្រោះ ជាពិសេស ស្ត្រី សំដៅលើកកម្ពស់ជាជីវភាពរស់នៅរបស់ពួកគេ ហើយក្នុងពេលជាមួយគ្នា ជំរុញឱ្យមានការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព។ ការអភិរក្សធម្មជាតិមានសារៈសំខាន់ក្នុងការឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុ និងការកសាងសង្គម ក៏ដូចជាសហគមន៍ឱ្យមានភាពធន់។ តាមរយៈអន្តរាគមន៍សាកល្បងដែលមានគោលដៅច្បាស់លាស់ក្នុងខេត្តចំនួន ៤ កសិករខ្នាតតូចបានទទួលការណែនាំអំពីបច្ចេកទេសថ្មីៗ សម្រាប់ដំាដំណាំ ស្តារដីធ្លីរបស់ពួកគេឡើងវិញ និងគ្រប់គ្រងធនធានទឹក សំដៅបង្កើនផលិតកម្ម និងផលចំណេញ ហើយទន្ទឹមគ្នា​ លើកកម្ពស់សមត្ថភាពបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។ អ្នកផលិតជាស្ត្រី និងក្រុមសន្សំប្រាក់ត្រូវបានបង្កើតឡើង ដែលធ្វើឱ្យស្ត្រីកាន់តែមានភាពអង់អាចនៅតាមសហគមន៍មូលដ្ឋាន។ កាលពីឆ្នាំ ២០២០ ដីទំហំ ៥00 ហិកតា ដែលស្ថិតនៅក្នុងតំបន់សម្បទានដីសេដ្ឋកិច្ច និងស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន ត្រូវបានប្រគល់ត្រឡប់ទៅឱ្យសហគមន៍ជនជាតិដើមភាគតិចវិញ ដែលក្នុងនោះមានទាំងព្រៃស័ក្តិសិទ្ធិ ព្រៃអារក្ស ទីកប់សព និងដីបម្រុងផងដែរ។ កាលពីឆ្នាំ ២០២១ ប្រជាពលរដ្ឋជាង ២ ៦00 គ្រួសារបានទទួលផលពីយន្តការហិរញ្ញប្បទានប្រកបដោយចីរភាពសម្រាប់អនុវត្តសកម្មភាពព្រៃឈើ និងសកម្មភាពសេដ្ឋកិច្ចដែលមានភាពឆ្លាតវៃទៅតាមកត្តាអាកាសធាតុលើផ្ទៃដី ២៤ 000 ហិកតា ដែលជាសហគមន៍ព្រៃឈើ និង សហគមន៍នេសាទ និងតំបន់ការពារចំនួន១៥ ៥00 ហិកតា

 

.   ហិរញ្ញប្បទានប្រកបដោយភាពនវានុវត្តន៍៖ អង្គការសហប្រជាជាតិកំពុងគាំទ្រដល់រដ្ឋាភិបាលក្នុងការជំរុញ និងទាក់ទាញដំណោះស្រាយ និងឧបករណ៍ហិរញ្ញប្បទានដែលមានភាពនវានុវត្តន៍ ដែលបំពេញតួនាទីជាស្ពាន ដើម្បីកសាង សហគមន៍មូលដ្ឋាន ដែលមានភាពធន់ទៅនឹងអាកាសធាតុ និងធានាចីរភាពសេដ្ឋកិច្ច និងមុខរបរចិញ្ចឹមជីវិតរបស់ពួកគេ។ ទិន្នន័យ និងការវិភាគលើហិរញ្ញប្បទានសាធារណៈដែលបានពីប្រភពខាងក្រៅ និងពីប្រភពក្នុងស្រុក ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ត្រូវបានរដ្ឋាភិបាលផលិតចេញជារៀងរាល់ឆ្នាំ ​ដែលមានការគាំទ្រពីអង្គការសហប្រជាជាតិ។ បច្ចុប្បន្ននេះ អង្គការសហប្រជាជាតិកំពុងវិភាគលើលទ្ធភាពបង្កើតមូលបត្របៃតង ដែលជាផ្នែកមួយនៃ       យុទ្ធសាស្ត្រហិរញ្ញប្បទានសម្រាប់សម្រេចគោលដៅអភិវឌ្ឍន៍ដោយចីរភាព និងបានធ្វើការវាយតម្លៃលើយន្តការហិរញ្ញប្បទានចម្រុះ សម្រាប់វិស័យទឹកស្អាត និងអនាម័យ ការភ្ជាប់ការផ្គត់ផ្គង់ទឹកតាមបំពុង និងការគ្រប់គ្រងសំណល់រឹង។ អង្គការសហប្រជាជាតិកំពុងគាំទ្រដល់រដ្ឋាភិបាលក្នុងការកសាងក្របខ័ណ្ឌគតិយុត្តដែលមានលក្ខណៈអំណោយផល ដើម្បីទាក់ទាញឥណទានកាបូនដែលមានគុណភាពខ្ពស់ ដូចជាក្របខ័ណ្ឌសម្រាប់វិស័យព្រៃឈើ ក្រោមយន្តការរេដ+ ជាដើម។ រួមគ្នាជាមួយនឹងរដ្ឋាភិបាល អង្គការសហប្រជាជាតិនឹងកំពុងសម្របសម្រួលឱ្យវិស័យឯកជន បានចូលរួមឆ្លើយតប​ចំពោះបញ្ហាប្រែប្រួលអាកាសធាតុ តាមរយៈការស្វែងរកមតិគាំទ្រ ការកសាងការយល់ដឹង ការរៀបចំកិច្ចពិគ្រោះយោបល់ និងការរៀបចំស្តង់ដារ និងវេទិកា ដើម្បីលើកកម្ពស់គុណតម្លៃ និងការប្តេជ្ញាចិត្តរួមគ្នា។ អង្គការ     សហប្រជាជាតិនឹងដាក់ឱ្យអនុវត្តនូវគំនិតផ្តួចផ្តើមភាពជាដៃគូរវាងរដ្ឋ និងឯកជន ថ្មីមួយនៅក្នុងប្រទេសនេះ រួមជាមួយនឹងដៃគូអភិវឌ្ឍន៍ដទៃទៀត។ ចំណាយសរុបសម្រាប់គម្រោងនេះ មានប្រមាណជា ១,៥ លានដុល្លារ។

            ជាលើកទី ១ នៅក្នុងខែតុលានេះ ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានទទួលស្គាល់ថា ការមានបរិស្ថានដែលស្អាត ទ្រទ្រង់សុខភាពឱ្យល្អមាំមួន និងមានចីរភាព គឺជាសិទ្ធិមនុស្ស។ ការទទួលស្គាល់នេះគឺជាមូលដ្ឋានសម្រាប់ជំរុញឱ្យមានការដាក់ចេញនូវគោលនយោបាយ សេដ្ឋកិច្ច សង្គម និងបរិស្ថាន ដែលនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន ដើម្បីបុព្វហេតុការពារមនុស្ស និងធម្មជាតិ។ ដើម្បីឱ្យមានកិច្ចខិតខំប្រឹងប្រែង ដែលនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន និងកសាងនូវគំរូអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលមានចីរភាព និងឆ្លាតវៃចំពោះអាកាសធាតុ គេចាំបាច់ត្រូវ​ផ្សារភ្ជាប់ទំនាក់ទំនង រវាងយុទ្ធសាស្ត្របន្ស៊ាំ និងយុទ្ធសាស្ត្រកាត់បន្ថយជាមួយគ្នា និងកែសម្រួលយុទ្ធសាស្ត្រទាំងនេះវឱ្យស្របតាមបរិបទជាក់ស្តែង ព្រមទាំងផ្តោតគោលដៅលើក្រុមដែលងាយរងគ្រោះជាងគេ រាប់បញ្ចូលទាំងកុមារផង និងជំរុញការចូលរួមពីពួកគេ។

 

            ការយកចិត្តទុកដាក់ចំពោះសេដ្ឋកិច្ចបៃតង នៅកម្រិតសកលលោក គួបផ្សំនឹងការប្តេជ្ញាចិត្ត ចំពោះគោលដៅ​  អព្យាក្រឹតភាពអាកាសធាតុ ពីសំណាក់ប្រទេស និងសារជីវកម្មធំៗ ផ្តល់នូវកាលានុវត្តភាព ដើម្បីឱ្យកម្ពុជាអាចទាកទាញការ វិនិយោគលើបច្ចេកវិទ្យាបៃតង ដែលមានសក្តានុពលយ៉ាងធំធេង សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារថ្មីៗ។ ដូច្នេះ ការធ្វើឱ្យសេដ្ឋកិច្ច និងសង្គមកម្ពុជាកាន់តែមានភាពធន់ទៅនឹងវិបត្តិអាកាសធាតុ គឺជាអាទិភាពបន្ទាន់មួយ។ នេះទាមទារឱ្យមានការប្រើប្រាស់អភិក្រមចម្រុះ ដូចជា វិធានការគតិយុត្តដែលបង្កលក្ខណៈអំណោយផល ដំណោះស្រាយ      វិស្វកម្ម និងវិទ្យាសាស្ត្រ ហិរញ្ញប្បទាននវានុវត្តន៍ ឧបករណ៍គ្រប់គ្រងហានិភ័យ នវានុវត្តន៍ផ្នែកសង្គមនិងធុរកិច្ច និងការចូលរួមរបស់យុវជន។ អង្គការសហប្រជាជាតិបានត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រដល់កម្ពុជា ក្នុងការអភិវឌ្ឍន៍អភិក្រមចម្រុះទាំងនេះ ដើម្បីឆ្លើយតបចំពោះផល​ប៉ះពាល់ដែលបង្កឡើងដោយសារអាកាសធាតុ ជាពិសេសសម្រាប់ក្រុមដែលងាយរងគ្រោះជាងគេ ក៏ដូចជាគាំទ្រដល់សិទ្ធិរបស់ពលរដ្ឋកម្ពុជាក្នុងការទទួលបាននូវបរិស្ថានដែលល្អ សម្រាប់សុខភាពរបស់ពួកគេ។

 

###

ឯកសារព័ត៌មានស្តីពីការឆ្លើយតបចំពោះជំងឺកូវីដ ១៩ របស់អង្គការសហប្រជាជាតិនៅកម្ពុជា គឺជាឯកសារផ្លូវការរបស់    អង្គការសហប្រជាជាតិ ដែលមានគោលបំណងផ្សព្វផ្សាយជូនប្រព័ន្ធផ្សព្វផ្សាយ និងដៃគូដទៃទៀត។ ឯកសារទាំងនេះត្រូវបានរៀ​បចំដោយការិយាល័យប្រធានអង្គការសហប្រជាជាតិប្រចំាប្រទេសកម្ពុជា តំណាងឲ្យក្រុមការងារទីភ្នាក់ងារអង្គការសហប្រជាជាតិ (UNCT)។

[1]    របាយការណ៍សកលរបស់យូនីសេហ្វ ស្តីពីសន្ទស្សន៍ហានិភ័យអាកាសធាតុរបស់កុមារដាក់ចំណាត់ថ្នាក់កម្ពុជានៅលេខរៀងទី ៤៦ ក្នុងចំណោមប្រទេសនានាទូទាំងសកលលោក

Sreysros Keo_Photo Profile

Sreysros Keo

RCO
មន្រ្តីទំនាក់ទំនង និងស្វែងរកការគាំទ្រ

អង្គភាពរបស់អង្គការសហប្រជាជាតិដែលចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ

FAO
អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ
UN-OHCHR
បេសកកម្មរបស់ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទិ្ធមនុស្ស
UNODC
មូលនិធិអភិវឌ្ឍន៍មូលធនសហប្រជាជាតិ
យូអិនឌីភី
កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ
UNEP
កម្មវិធីបរិស្ថានសហប្រជាជាតិ
UNESCO
អង្គការអប់រំ វិទ្យាសាស្រ្ត និង វប្បធម៌ នៃសហប្រជាជាតិ
អង្គការយូនីសេហ្វ
មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ
WFP
កម្មវិធីស្បៀងអាហារពិភពលោកសហប្រជាជាតិ

គោលដៅប្រកបដោយចីរភាពដែលគាំទ្រតាមរយៈគំនិតផ្តួចផ្តើមនេះ