អ៊ី សុផល បានចាំថា “ផ្ទះរបស់យើងត្រូវបានជន់លិច” ដោយបង្ហាញថាទឹកនោះបានលិចដល់ត្រឹមជង្គង់របស់គាត់។
សុផល និងប្រពន្ធរបស់គាត់ឈ្មោះ សោភ័ណ្ឌ បើករបរតូចមួយលក់នំបញ្ចុកនៅផ្ទះរបស់ពួកគេដែលស្ថិតនៅជាប់មាត់ទន្លេ ហើយដោយសារតែគ្រោះទឹកជំនន់ ពួកគេរងការប៉ះពាល់យ៉ាងខ្លាំង។ «យើងធ្វើនំបញ្ចុកលក់មិនបាន ហើយចង់ធ្វើដំណើរទៅណាមកណាដើម្បីរកប្រាក់ចំណូលក៏មិនបានដែរ។ យើងមានការព្រួយបារម្ភខ្លាំងណាស់ យើងមិនដឹងត្រូវធ្វើយ៉ាងណាទេដើម្បីចិញ្ចឹមកូនតូចៗរបស់យើង ហើយខ្លាចក្រែងពួកគេឈឺ។»
សុផល ជាឪពុកម្នាក់ដែលមានកូន ៤ នាក់ រស់នៅក្នុងខេត្តពោធិ៍សាត់ រំលឹកពីបទពិសោធន៍របស់គាត់ដែលបានឆ្លងកាត់នៅក្នុងពេលមានគ្រោះទឹកជំនន់ភ្លាមៗ ដែលបានប៉ះពាល់ដល់ប្រជាជនកម្ពុជាជិត ៨០០ ០០០ នាក់ក្នុងខែតុលា ឆ្នាំ២០២០។ ដូចគ្នានឹងជំងឺរាតត្បាតដែលកំពុងកើតមាននេះដែរ គ្រោះទឹកជំនន់ទាំងនេះបានប៉ះពាល់ដល់ប្រជាជនជាច្រើន ជាពិសេសប្រជាជនក្រីក្រ ហើយសម្រាប់គ្រួសារទាំងឡាយដូចជាគ្រួសាររបស់សុផលដែរ គ្រោះតក់ស្លុតទាំងពីរនេះរឹតតែបន្ថែមបន្ទុកទៅលើការលំបាកក្នុងបញ្ហាជីវភាព និងសុខភាពគ្រួសាររបស់គាត់។
ចំណូលរបស់គ្រួសារសុផលរងការប៉ះពាល់យ៉ាងខ្លាំង។ គ្រួសារនេះជាធម្មតារកប្រាក់ចំណូលបានភាគច្រើនដោយសារការលក់នំបញ្ចុកសម្រាប់ពិធីមង្គលការ និងពិធីបុណ្យធំៗផ្សេងទៀតនៅក្នុងមូលដ្ឋាន ដែលធ្វើឱ្យពួកគេងាយរងគ្រោះយ៉ាងខ្លាំង។ សុផលបានរំលឹកថា «ដោយសារជំងឺកូវីដ-១៩ ព្រឹត្តិការណ៍ធំៗដូចជា ពិធីមង្គលការ និងពិធីធំៗ មិនត្រូវបានអនុញ្ញាតឱ្យធ្វើនោះទេ។ ចំនួននៃការកុម្ម៉ង់បានធ្លាក់ចុះយ៉ាងឆាប់រហ័ស» និងបានប៉ាន់ប្រមាណថាពួកគេបានបាត់បង់ប្រាក់ចំណូលអស់ពីរភាគបី ហើយនៅពេលដែលភ្លៀងធ្លាក់ខ្លាំង កម្រិតទឹកទន្លេបានឡើងដល់ត្រឹមជង្គង់លិចដល់ផ្ទះរបស់គាត់អស់ពេញមួយខែ ធ្វើឱ្យពួកគាត់មិនអាចធ្វើនំបញ្ចុកលក់បាន ឬរកចំណូលបានទាល់តែសោះ។
ប្តីប្រពន្ធមួយគូនេះត្រូវបង្ខំចិត្តបិទអាជីវកម្មរបស់ពួកគេ ហើយប្រឈមនឹងការលំបាកយ៉ាងខ្លាំងក្នុងការរកម្ហូបអាហារដើម្បីចិញ្ចឹមកូនទាំងបួនជារៀងរាល់ថ្ងៃ។ សុផលក៏បានងាកទៅនេសាទវិញ ប៉ុន្តែកម្រចាប់ត្រីបានគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់គ្រួសារណាស់។ ទឹកជំនន់ដែលបានលិចចូលទៅដល់ក្នុងផ្ទះបានធ្វើឱ្យប្តីប្រពន្ធទាំងពីរនេះចេះតែភ័យខ្លាចថាកូនរបស់ពួកគេអាចនឹងកើតជំងឺគ្រុនចាញ់ឬជំងឺឆ្លងតាមទឹកផ្សេងទៀត ហើយបើដូច្នោះមែន ពួកគេដឹងថាពួកគេរឹតតែលំបាកក្នុងការចំណាយលើថ្លៃធ្វើដំណើរ ទៅព្យាបាលជំងឺ។
កម្មវិធីនេះគឺសម្រាប់ជួយទៅដល់គ្រួសារងាយរងគ្រោះដូចជាគ្រួសាររបស់ សុផល ដែលរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ការឧបត្ថម្ភជាច្រើនដល់ជនងាយរងគ្រោះដែលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតនេះ តាមរយៈការឧបត្ថម្ភសាច់ប្រាក់ចំពោះការប៉ះពាល់ពីជំងឺកូវីដ-១៩ ចាប់តាំងពីដើមឆ្នាំ២០២០ មក។ បន្ទាប់ពីកើតមានគ្រោះទឹកជំនន់ កម្មវិធីស្បៀងអាហារពិភពលោក (WFP) ក៏បានចាប់ផ្តើមឧបត្ថម្ភសាច់ប្រាក់បន្ថែមផងដែរ ទៅដល់ ៤០ ០០០ គ្រួសារដែលបានរងផលប៉ះពាល់ដោយសារជំងឺរាតត្បាត និងគ្រោះទឹកជំនន់ ដោយដឹងថាពួកគេបានជួបបញ្ហាអសន្តិសុខផ្នែកសេដ្ឋកិច្ច និងអសន្តិសុខស្បៀង។ កម្មវិធីនេះទទួលបានការគាំទ្រពីអង្គការ Deutsche Gesellschaft fuer Internationale Zusammenarbeit (GIZ) តាងនាមឱ្យក្រសួងសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (BMZ) នៃសហព័ន្ធអាល្លឺម៉ង់ ដែលបានប្តេជ្ញាផ្តល់ថវិកាចំនួន ៦ លានដុល្លារអាមេរិក។ គោលបំណងនៃកម្មវិធីនេះគឺដើម្បីជួយប៉ះប៉ូវការខាតបង់ ជួយឱ្យគ្រួសារដែលរងការប៉ះពាល់ មានអាហារូបត្ថម្ភអប្បបរមាតាមតម្រូវការ និងកាត់បន្ថយផលប៉ះពាល់នៃគ្រោះមហន្តរាយទាំងឡាយ ដែលបានបង្កការលំបាកសម្រាប់មនុស្សរាប់លាននាក់ដែលរស់នៅក្នុងតំបន់ដែលងាយរងគ្រោះដោយទឹកជំនន់នៃប្រទេសកម្ពុជា។
សុផល បានរំលឹកថា «ដំបូងខ្ញុំបានឮអំពីកម្មវិធីផ្តល់សាច់ប្រាក់តាមរយៈមេភូមិរបស់យើង។ ខ្ញុំមានអារម្មណ៍សប្បាយចិត្តព្រោះវាបានមកដល់ចំពេលដែលខ្ញុំត្រូវការវាខ្លាំងបំផុត”។ សុផល បានបន្តថា “បើគ្មានប្រាក់នេះទេ ខ្ញុំប្រាកដជាត្រូវជំពាក់បំណុលសាច់ញាតិ និងអ្នកជិតខាងរបស់ខ្ញុំមិនខាន ដើម្បីយកប្រាក់មកផ្គត់ផ្គង់គ្រួសាររបស់ពួកយើង ព្រោះយើងគ្មានជម្រើសទេ»។
ប្តីប្រពន្ធមួយគូនេះ មិនត្រឹមតែយកប្រាក់នេះទៅទិញម្ហូបអាហារប៉ុណ្ណោះទេ ពួកគេថែមទាំងយកវាទៅបើកមុខរបរគ្រួសារឡើងវិញ និងធ្វើឱ្យវាមានភាពធន់ជាងមុនចំពោះបញ្ហានៅថ្ងៃអនាគត ដែលរួមបញ្ចូលទាំងការជួសជុលម៉ូតូរបស់ពួកគេដែលរងការខូចខាតផងដែរ។ បើគ្មានម៉ូតូនោះទេ ពួកគេមិនអាចបើកមុខរបររបស់ពួកគេឡើងវិញបានទេ ព្រោះនៅពេលជួសជុលម៉ូតូរួច ពួកគាត់អាចលក់នំបញ្ចុក និងផ្គត់ផ្គង់ជីវភាពគ្រួសារឱ្យបានសមរម្យជាងមុន។
ពេលនេះ សុផល និងសោភ័ណ្ឌមានក្តីសង្ឃឹមសម្រាប់ថ្ងៃអនាគតច្រើនជាងពេលមុន។ មុខរបររបស់ពួកគេបានដំណើរការឡើងវិញហើយ ហើយការកើនឡើងនៃចំនួនប្រជាជនដែលបានចាក់វ៉ាក់សាំងនៅក្នុងប្រទេសកម្ពុជា ធ្វើឱ្យពួកគេសង្ឃឹមថា ពិធីមង្គលការ និងព្រឹត្តិការណ៍ផ្សេងទៀតនឹងអាចធ្វើទៅបានជាធម្មតាឡើងវិញ ដែលនឹងធ្វើឱ្យគ្រួសាររបស់ពួកគេមានឱកាសរកប្រាក់ចំណូលឡើងវិញបាន។ “នៅថ្ងៃអនាគត ពួកយើងសង្ឃឹមថានឹងអាចមានផ្ទះមួយសមរម្យសម្រាប់កូនៗរបស់ពួកយើង”។