កម្មវិធីស្បៀងអាហារពិភពលោកបណ្តុះបណ្តាលរោងម៉ាស៊ីនកិនស្រូវអំពីការបញ្ចូលមីក្រូសារជាតិទៅក្នុងអង្ករ
23 May 2022
ភ្នំពេញ ថ្ងៃទី២៣-២៤ ខែឧសភា ឆ្នាំ២០២២៖ កម្មវិធីស្បៀងអាហារពិភពលោកនៃអង្គការសហប្រជាជាតិ (WFP) សហការជាមួយក្រុមហ៊ុនហ្គ្រីនត្រេដ និងសហព័ន្ធស្រូវអង្ករកម្ពុជា រៀបចំវគ្គបណ្តុះបណ្តាលបច្ចេកទេសរយៈពេល២ថ្ងៃ ស្តីអំពីការបញ្ចូលមីក្រូសារជាតិក្នុងអង្ករ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍សមត្ថភាពផ្នែកបញ្ចូលមីក្រូសារជាតិនៅក្នុងប្រទេស។
ប្រធានគ្រប់គ្រងផ្នែកផលិតកម្មមកពីរោងម៉ាស៊ីនកិនស្រូវចំនួន១៥ ចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ ដែលបង្ហាញនូវការអនុវត្តជាក់ស្ដែងអំពីដំណើរការផ្សំ ការតម្លើងនិងរបៀបប្រើឧបករណ៍ និង ការត្រួតពិនិត្យនិងធានាគុណភាព។
ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ មានប្រសាសន៍ថា «វគ្គបណ្តុះបណ្តាលនេះគឺជាការបោះជំហានទៅមុខ ក្នុងការគាំទ្ររបៀបវារៈជាតិស្តីពីការបញ្ចូលមីក្រូសារជាតិទៅក្នុងចំណីអាហារ និងឆ្លើយតបទៅនឹងអនុសាសន៍ដែលទទួលបានពីកិច្ចសន្ទនាស្ដីពីប្រព័ន្ធស្បៀងឆ្នាំ២០២១ អំពីការធ្វើពាណិជ្ជកម្មអាហារដែលបញ្ចូលមីក្រូសារជាតិ។»
ការបញ្ចូលមីក្រូសារជាតិគឺជាការបន្ថែមនូវមីក្រូសារជាតិសំខាន់ៗទៅក្នុងអាហារ ដូចជាអង្ករ ដើម្បីបង្កើនតម្លៃអាហារូបត្ថម្ភប្រកបដោយសុវត្ថិភាព និងសន្សំសំចៃ។ នៅកម្ពុជា ការបញ្ចូលមីក្រូសារជាតិទៅក្នុងអំបិល ទឹកត្រី និងទឹកស៊ីអ៊ីវ ដោយប្រើជាតិអ៊ីយ៉ូដ និង/ឬហ្វូឡាត ត្រូវបានអនុវត្តអស់រយៈពេលជាច្រើនឆ្នាំហើយ ប៉ុន្តែការបញ្ចូលមីក្រូសារជាតិទៅក្នុងអង្ករនៅជារឿងថ្មីនៅឡើយ។ កម្មវិធីស្បៀងអាហារពិភពលោកបានចាប់ផ្ដើមគាំទ្រលើការការបញ្ចូលមីក្រូសារជាតិក្នុងអង្ករជាលើកដំបូងនៅក្នុងកម្មវិធីជាតិផ្តល់ស្បៀងអាហារតាមសាលារៀន។
ឯកឧត្តម សុខ ស៊ីឡូ បានបញ្ជាក់បន្ថែមថា «ខ្ញុំជឿថា នេះគឺជាជំហានចម្បងមួយក្នុងការដោះស្រាយបញ្ហាអាហារូបត្ថម្ភក្នុងប្រទេស ដែលប្រជាជនភាគច្រើនទទួលទានបាយក្នុងបរិមាណច្រើន ជារៀងរាល់ថ្ងៃ។» កម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលទទួលទានបាយច្រើនបំផុតនៅក្នុងតំបន់។
បាយគឺជាប្រភពថាមពលដ៏ល្អ ក៏ប៉ុន្តែវាខ្វះនូវមីក្រូសារជាតិសំខាន់ៗដូចជា វីតាមីនអា ជាតិដែក និងកាល់ស្យូម ដែលមាននៅក្នុងអាហារផ្សេងទៀតដូចជាប្រភេទផ្លែឈើ និងបន្លែ ជាដើម។ ជាលទ្ធផល ប្រជាជនកម្ពុជាភាគច្រើនរងផលប៉ះពាល់ដោយបញ្ហាកង្វះមីក្រូសារជាតិ ដែលអាចប៉ះពាល់ដល់សុខភាព ផលិតភាពការងារ និងសមត្ថភាពរៀនសូត្រ។
ការសិក្សាអំពីផលវិបាកផ្នែកសេដ្ឋកិច្ចដោយសារបញ្ហាអាហារូបត្ថម្ភនៅកម្ពុជា បានរកឃើញថា ការចំណាយទៅលើបញ្ហា
កង្វះអាហារូបត្ថម្ភមានបរិមាណពី ២៥០ ទៅ ៤០០លានដុល្លារក្នុងមួយឆ្នាំ ដែលក្នុងនោះជាង ១៣៤លានដុល្លារបានខាតបង់ដោយសារបញ្ហាកង្វះមីក្រូសារជាតិ។
ឯកឧត្តម ម៉ម បូរ៉ាត ប្រធាននាយកដ្ឋានលើកកម្ពស់អាហារូបត្ថម្ភ នៃក្រសួងផែនការ មានប្រសាសន៍ថា «ការបន្ថែមវីតាមីន ឬសារធាតុរ៉ែទៅក្នុងអង្ករប្រកបដោយសុវត្ថិភាព បង្កើនគុណភាពអាហារូបត្ថម្ភរបស់អង្ករ និងអាចជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការទប់ទល់ជាមួយនឹងបញ្ហាកង្វះមីក្រូសារជាតិរបស់ប្រជាពលរដ្ឋក្រីក្រ ដោយមិនចាំបាច់ផ្លាស់ប្តូរទម្លាប់និងរសជាតិអាហាររបស់ពួកគាត់។» តាមរយៈការដកស្រង់ការសិក្សាឆ្នាំ២០១៧ របស់កម្មវិធីស្បៀងអាហារពិភពលោក មួយភាគប្រាំនៃក្រុមគ្រួសារនៅកម្ពុជាខ្វះខាតលទ្ធភាពទិញរបបអាហារដែលមានជីវជាតិគ្រប់គ្រាន់ ក្នុងតម្លៃទាបបំផុត។
ចាប់តាំងពីឆ្នាំ២០១០ កម្មវិធីស្បៀងអាហារពិភពលោកគឺជាដៃគូឈានមុខរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចការបញ្ចូលមីក្រូសារជាតិទៅក្នុងអង្ករ។ ការសិក្សានៅក្នុងដំណាក់កាលដំបូងបានបង្ហាញថា អង្ករដែលមានបញ្ចូលមីក្រូសារជាតិទទួលបានការចូលចិត្តខ្លាំងពីសំណាក់គ្រូបង្រៀន ឪពុកម្តាយ និងកុមារជាសិស្ស នៅទូទាំងប្រទេស។ ក្រោយមក ការសិក្សាមួយដែលធ្វើឡើងជាមួយសិស្សជាង ៩.០០០នាក់ បានបញ្ជាក់ពីផលវិជ្ជមាននៃអង្ករមីក្រូសារជាតិ ក្នុងការលើកកម្ពស់សុខភាព និងសមត្ថភាពក្នុងការគិតរបស់កុមារនៅតាមទីជនបទ។
ជាលទ្ធផល រាជរដ្ឋាភិបាលបានអនុម័តយល់ព្រមលើការប្រើប្រាស់អង្ករមីក្រូសារជាតិ នៅក្នុងកម្មវិធីផ្ដល់ស្បៀងអាហារតាមសាលារៀនក្នុងឆ្នាំ២០១៦។ បីឆ្នាំបន្ទាប់មក កម្មវិធីស្បៀងអាហារពិភពលោកនិងក្រុមហ៊ុនហ្គ្រីនត្រេដបានលាយអង្ករមីក្រូសារជាតិជាលើកដំបូងនៅក្នុងប្រទេស ដែលបង្ហាញនូវជោគជ័យមួយ ក៏ដូចជាការត្រួសត្រាយផ្លូវសម្រាប់កិច្ចការបច្ចុប្បន្ន ដែលគាំទ្រដល់រោងម៉ាស៊ីនកិនស្រូវក្នុងស្រុក ដើម្បីអនុវត្តកិច្ចការលាយបញ្ចូលអង្កមីក្រូសារជាតិនេះ។
លោកស្រី គ្លែរ កូណាន់ តំណាង និងជានាយកប្រចាំប្រទេសនៃកម្មវិធីស្បៀងអាហារពិភពលោកមានប្រសាសន៍ថា “យើងសូមអបអរសាទរដល់រាជរដ្ឋាភិបាលចំពោះភាពជាដៃគូ និងការគាំទ្រដល់ការច្នៃប្រឌិតនេះ។ ឥឡូវនេះយើងកំពុងស្ថិតក្នុងដំណាក់កាលមួយដែលយើងអាចពង្រីក ដើម្បីធានាការផ្គត់ផ្គង់អង្ករមីក្រូសារជាតិ ដោយនិរន្តរភាពនៅក្នុងប្រទេស។ យើងក៏សូមថ្លែងអំណរគុណដល់ USDA និង DSM សម្រាប់ការរួមចំណែកដ៏សប្បុរស ដើម្បីឱ្យកិច្ចការនេះអាចអនុវត្តទៅបាន។”
«ការជំរុញការប្រើប្រាស់អង្ករមីក្រូសារជាតិ អាចជួយឱ្យយើងធានាថា ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសជនក្រីក្រនិងជនងាយរងគ្រោះ មានលទ្ធភាពទិញអាហារដែលមានជីវជាតិ និងអាចជម្នះលើបញ្ហាអាហារូបត្ថម្ភនៅទូទាំងប្រទេស ជាពិសេសក្នុងចំណោមស្ត្រី កុមារ និងស្ត្រីបំបៅដោះកូន។»
