UNODC សម្ពោធយុទ្ធនាការផ្សព្វផ្សាយព័ត៌មានសាធារណៈដើម្បីបង្កើនការយល់ដឹងអំពីផលវិបាកនៃអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅក្នុងរាជធានីភ្នំពេញ
24 May 2022
![](/sites/default/files/styles/featured_image/public/2022-05/DSC07772.jpg?itok=NFMRFjC-)
ភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២២ – អំពើហិង្សាក្នុងគ្រួសារ ឬអំពើហិង្សាពីដៃគូស្និទ្ធស្នាល រួមមានអំពើហិង្សាលើរាងកាយ ផ្លូវភេទ ឬផ្លូវចិត្ត គឺជាអំពើហិង្សាដែលកើតឡើងញឹកញយបំផុតទៅលើស្ត្រីនៅក្នុងប្រទេសកម្ពុជា។ ស្ត្រីម្នាក់ក្នុងចំណោមប្រាំនាក់ ដែលមានអាយុចន្លោះពី ១៥ ទៅ ៤៩ ឆ្នាំធ្លាប់បានរងគ្រោះដោយអំពើហិង្សាលើរាងកាយ។ យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាឆ្នាំ ២០២០ អត្រានៃឧប្បត្តិហេតុនេះ បានកើនឡើងក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ-១៩។
បើទោះបីជា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រក៏ដោយ ក៏នៅមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ ដូចជាការពង្រឹងសមត្ថភាព និងជំនាញ ដល់មន្ត្រីនរគបាល ក្នុងការបង្ការ ទប់ស្កាត់ និងឆ្លើយតបចំពោះជនរងគ្រោះដោយសារអំពើហិង្សាទាក់ទងនឹងយេនឌ័រ ។
ដើម្បីចូលរួមដោះស្រាយឧបសគ្គចំបងមួយចំនួន ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ក្រោមការគាំទ្ររបស់ការិយាល័យកិច្ចការបរទេសនៃសហព័ន្ធអាល្លឺម៉ង់ បានបើកយុទ្ធនាការផ្សព្វផ្សាយព័ត៌មានសាធារណៈ ដែលនឹងដំណើរការក្នុងរយៈពេល ៦ខែ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងរវាងសហគមន៍ និងមន្ត្រីនគរបាល ព្រមទាំងជូនដំណឹងដល់សាធារណៈជនអំពីសេវាកម្មគាំទ្រនានាដែលមានស្រាប់ ដើម្បីដោះស្រាយឧក្រិដ្ឋកម្មនៃអំពើហិង្សាទាក់ទងនឹងយេនឌ័រ។
លោក Felipe De La Torre អ្នកសម្របសម្រួលប្រចាំតំបន់អាស៊ីអាគ្នេហ៍ និងប៉ាស៊ីហ្វិក នៃ UNODC បានមាន ប្រសាសន៍ថា៖ «UNODC មានសេចក្តីសោមនស្សរីករាយណាស់ដែលបានចូលរួមចំណែកដល់ផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី (NAPVAW) ២០១៩-២០២៣ តាមរយៈយុទ្ធនាការផ្សព្វផ្សាយព័ត៌មានសាធារណៈនេះ។ យើងមានគោលបំណងបញ្រ្ជាបចំណេះដឹង អំពីផលប៉ះពាល់នៃអំពើហិង្សាទាក់ទងនឹងយេនឌ័រកើតឡើងនៅក្នុងទីក្រុងភ្នំពេញ និងដើម្បីឱ្យប្រជាជនបានយល់ដឹងអំពីសេវាកម្មដែលមានសម្រាប់ជនរងគ្រោះ។ អំពើហិង្សាទាក់ទងនឹងយេនឌ័រ មិនត្រឹមតែប៉ះពាល់ដល់ជនរងគ្រោះប៉ុណ្ណោះទេ ប៉ុន្តែវាក៏ធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងសង្គមរបស់សហគមន៍ផងដែរ។»
លោកបានបន្ថែមថា យុទ្ធនាការនេះ គឺជាផ្នែកមួយនៃសកម្មភាពទាក់ទាញការគាំទ្រមតិ និងបង្កើនការយល់ដឹងនៃគម្រោងរបស់ UNODC ដែលផ្តោតលើវិធីសាស្រ្តនគរបាលសហគមន៍ក្នុងការកាត់បន្ថយអំពើហិង្សាទាក់ទងនឹងយេនឌ័រ នៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ក្នុងរាជធានីភ្នំពេញដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយ នគរបាលជាតិកម្ពុជា គម្រោងនេះផ្តោតទៅលើការកសាងសមត្ថភាពមន្ត្រីនគរបាលជួរមុខទាំងបុរស និងស្ត្រីដោយផ្តោតលើការពង្រឹងជំនាញកំណត់អត្តសញ្ញាណ ជំនាញរាយការណ៍ និងសរសេររបាយការណ៍អំពីឧប្បត្តិហេតុនៃអំពើហិង្សាទាក់ទងនឹងយេនឌ័រ។
ក្រោមកិច្ចសហការជាមួយមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ និងការិយាល័យសង្គមកិច្ច និងសុខុមាលភាពខណ្ឌ សហគមន៍ចំនួនប្រាំមួយ ស្ថិតនៅក្នុងខណ្ឌចំនួនបីនៅក្នុងរាជធានីភ្នំពេញរួមមាន៖ ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ ត្រូវបានរកឃើញថាជាសហគមន៍កំពុងប្រឈមហានិភ័យខ្ពស់នឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ យុទ្ធនាការផ្សព្វផ្សាយព័ត៌មានសាធារណៈនេះ ផ្តោតលើក្រុមគោលដៅជាច្រើន ជាពិសេសស្ត្រីដែលមានអាយុចន្លោះពី ១៥ ទៅ ៤៩ ឆ្នាំ។ យុទ្ធនាការនេះនឹងបានទៅដល់សាធារណៈជនតាមរយៈការផ្សព្វផ្សាយសារផ្សេងៗ តាមប្រព័ន្ធអនឡាញ និងការបោះពុម្ភ។ ក្នុងនោះ ក៏មានសារចែករំលែកដោយបុគ្គលសាធាណៈមកពីវិស័យផ្សេងៗគ្នាផងដែរ។
ជាមួយនឹងការប្រើប្រាស់ hashtag #ឈប់ទ្រាំនឹងអំពើហិង្សា និងសារគន្លឹះ "មានអាជ្ញាធរនិងអ្នកជំនាញចាំជួយអ្នកជានិច្ច" យុទ្ធនាការនេះមានគោលបំណង លើកទឹកចិត្តដល់ជនរងគ្រោះ និងសាក្សី ត្រូវហ៊ានជំនះគំនាបវប្បធម៌ និងសង្គមពាក់ព័ន្ធនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ ហើយត្រូវហ៊ាននិយាយ តាមរយៈការបណ្តុះមតិ និងអារម្មណ៍វិជ្ជមានចំពោះការស្វែងរកជំនួយនៅពេលចាំបាច់។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និង លោកស្រី ស ស៊ីណែត អគ្គនាយិការរងនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គមនៃក្រសួងកិច្ចការនារី ដែលទទួលស្គាល់ថាជាជើងឯកប្រយុទ្ធប្រឆាំង នឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ បានមានប្រសាសន៍ក្នុងពិធីសម្ពោធនេះ ដោយសង្កត់ធ្ងន់លើ សារៈសំខាន់នៃការគ្របដណ្តប់ទៅលើសហគមន៍ដែលងាយរងគ្រោះបំផុត។
ថ្លែងក្នុងសន្ទរកថាបិទកម្មវិធី Dr Angelika Stauder លេខាទី១ និងជាអនុប្រធានផ្នែកសហប្រតិបត្តិការនៃស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា៖ «មន្រ្តីនគរបាលតែម្នាក់ឯង មិនអាចដោះស្រាយអំពើហិង្សាលើស្ត្រី និងក្មេងស្រីបានទេ។ នេះជាបញ្ហាសង្គម ដែលទាមទារឱ្យមានការឆ្លើយតបពីសង្គមទាំងមូល។ ប៉ុន្តែកម្លាំងនគរបាល គឺមានអំណាច និងការទទួលខុសត្រូវជាពិសេស នោះគឺជាការ ការពារជនរងគ្រោះពីហានិភ័យបន្ថែមទៀត ការតាមចាប់ជនល្មើស និងការទប់ស្កាត់ឧក្រិដ្ឋកម្មនានា។ ខ្ញុំសង្ឃឹមថា យុទ្ធនាការផ្សព្វផ្សាយព័ត៌មានសាធារណៈនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការដឹកនាំជនរងគ្រោះឆ្ពោះទៅរក និងប្រើប្រាស់សេវាផ្តល់ដោយនគរបាល និងសេវាធានាសុវត្ថិភាពដែលមានស្រាប់ដទៃទៀត»