សេចក្តី​ប្រកាស​ព័ត៌មាន

កម្មវិធីគាំទ្រសហគ្រាសជលផលខ្នាតតូច និងមធ្យម (VCIS) រួមចំណែកលើកកម្ពស់ភាពប្រកួតប្រជែង និងការឈានចូលទីផ្សាររបស់សហគ្រាសជលផលខ្នាតតូច និងមធ្យម

30 April 2023

រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣​៖ តាមរយៈកម្មវិធីជម្រុញកំណើនវិស័យជលផលប្រកបដោយបរិយាប័ន្ន និងចីរភាព​ (CAPFISH)​ ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប (EU) រដ្ឋបាលជលផល (FiA) និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) បានផ្តល់ការគាំទ្រដល់សហគ្រាសជលផលក្នុងការអនុវត្តបច្ចេកវិទ្យាបៃតងបែបនវានុវត្តន៍ និងសម្ភារបរិក្ខារចាំបាច់ក្នុងការធ្វើឲ្យប្រសើរឡើងផ្នែកផលិតកម្ម ប្រតិបត្តិការអាជីវកម្ម និងអនុលោមភាពតាមស្តង់ដារសុវត្ថិភាពម្ហូបអាហារ កិច្ចគាំពារសង្គម និងបរិស្ថាន។

រូបថត៖ ©UNIDO Cambodia

ទូសម្ងួតពន្លឺព្រះអាទិត្យ ផ្ទាំងស្រូបថាមពលពន្លឺព្រះអាទិត្យ ជាគំរូបច្ចេកវិទ្យាបៃតងដែលត្រូវបានផ្តល់ជូនសហគ្រាសក្រោមកម្មវិធីគាំទ្រសហគ្រាសជលផលខ្នាតតូច និងមធ្យម (VCIS) បន្ថែមលើសម្ភារបរិក្ខារ​ផ្សេងទៀតដូចជា ម៉ាស៊ីនសម្អាតទឹក ម៉ាស៊ីនវេចខ្ចប់ ម៉ាស៊ីនសម្ងួតអគ្គិសនី ទូបង្កក ធុងទឹកកកក្លាស្សេ និងឧបករណ៍មួយចំនួនទៀត។ ​ពិធីនេះ ជាសក្ខីភាពបញ្ជាក់ការទទួលស្គាល់នូវអនុលោមភាពផ្នែកសុវត្ថិភាពម្ហូបអាហារថ្នាក់ជាតិ ដែលសហគ្រាសទាំងនេះអនុវត្តបាន។

ក្នុងពិធីប្រគល់សម្ភារ បរិក្ខារ និងកញ្ចប់វិនិយោគនៃកម្មវិធីគាំទ្រសហគ្រាសជលផលខ្នាតតូច និងមធ្យម ក៏មានការប្រគល់កញ្ចប់ជំនួយបច្ចេកទេសពីកម្មវិធី VCIS ដល់សហគ្រាសក្នុងការអនុវត្តគោលការណ៌សុវត្ថិភាពម្ហូបអាហារ ផែនការធុរកិច្ច និងទីផ្សារ ការភ្ជាប់ទីផ្សារ ផែនការគ្រប់គ្រងបរិស្ថាន និងសង្គមផងដែរ។ គម្រោងសំណើអាជីវកម្មរបស់សហគ្រាសទាំងនេះ ត្រូវបានអនុម័តដោយគណៈកម្មាធិការវិនិយោគពហុភាគី មានន័យថាអាចចាប់ផ្តើមអនុវត្តផែនការអាជីវកម្មទាំងនោះបាន ចាប់ពីពេលនេះ។

ពិធីប្រគល់នេះ ជាផ្នែកមួយនៃកម្មវិធីគាំទ្រសហគ្រាសជលផលខ្នាតតូច និងមធ្យម (VCIS)​ ដែលបានដំណើរការជាផ្លូវការចាប់តាំងពីខែសីហា ឆ្នាំ២០២១។​​ បច្ចុប្បន្ននេះ កម្មវិធីបានបន្តផ្តល់ជំនួយបច្ចេកទេស និងសម្ភារបរិក្ខា​ដល់សហគ្រាសជលផលចំនួន ២៨​ សហគ្រាស។

VCIS គឺជាកម្មវិធីសហវិនិយោគដើម្បីជំរុញ និងគាំទ្រសហគ្រាសជលផលនៅកម្ពុជាកែលម្អប្រតិបត្តិការអាជីវកម្ម និងអនុវត្តស្តង់ដារសុវត្ថិភាពម្ហូបអាហារ កិច្ចគាំពារសង្គម និងបរិស្ថាន។ សូមបញ្ជាក់ថា កម្មវិធីនេះ គឺជាអន្តរាគមន៍ដ៏សំខាន់មួយរបស់គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ដែលមានការចូលរួមផ្តល់ថវិកាគាំទ្រដោយសហភាពអឺរ៉ុប។ កម្មវិធីមានគោលដៅគាំទ្រដល់សហគ្រាសជលផលប្រមាណជា ២០០​ សហគ្រាស ដោយផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងកញ្ចប់វិនិយោគជាសម្ភារ បរិក្ខារ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង និងការបោះជំហានចូលទៅកាន់ទីផ្សារបានកាន់តែប្រសើរ។ កម្មវិធីបន្តគាំទ្រទៅដល់សហគ្រាសផ្សេងៗទៀតដែលមានចំណាប់អារម្មណ៍ និងមានការប្តេជ្ញាចិត្តខ្ពស់ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងនេះ។

តួអង្គនៅក្នុងខ្សែចង្វាក់តម្លៃជលផលនៅកម្ពុជា ភាគច្រើនគឺជាសហគ្រាសខ្នាតមីក្រូ និងខ្នាតតូច ស្ថិតនៅបែកខ្ញែក

ពុំមានការរៀបចំ និងចុះបញ្ជីត្រឹមត្រូវ ប្រឈមមុខនឹងបញ្ហាលំបាកមួយចំនួនដូចជា កង្វះខាតការគាំទ្រផ្នែកហិរញ្ញវត្ថុ បច្ចេកវិទ្យា ទីផ្សារ និងសេវាបច្ចេកទេសជាក់លាក់សម្រាប់អភិវឌ្ឍន៍អាជីវកម្មខ្លួន។ ផលិតផលជលផល និងកសិម្ហូបអាហារដែលសហគ្រាសទាំងនេះផលិតពុំទាន់ស្របតាមលក្ខខណ្ឌតម្រូវផ្នែកសុវត្ថិភាព អនាម័យ និងនិរន្តរភាពនៃបរិស្ថាននៅឡើយ ដែលធ្វើឲ្យពួកគេពិបាកប្រកួតប្រជែងជាមួយផលិតផលនាំចូល និងបោះជំហានទៅកាន់ទីផ្សារក្រៅស្រុក។​

ទោះជាបែបនេះក្តី លោក ហ្គូនធឺ បេកហ្គឺ នាយកគ្រប់គ្រង នៃអគ្គនាយកដ្ឋានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) នវានុវត្តន៍ និងបរិវត្តកម្មសេដ្ឋកិច្ច អង្គការ UNIDO មើលឃើញថានេះជាកាលានុវត្តភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជាទៅវិញ។ លោកបានលើកឡើងថា «តាមរយៈកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (CAPFISH) ដែលជាកម្មវិធីជលផលមួយដ៏ធំមួយ យើងយល់ថា​ បញ្ហានេះបានបើកចំហទ្វារកាលានុវត្តភាពលើកកម្ពស់ឧស្សាហកម្មបៃតង និងកសាងខ្សែច្រវាក់តម្លៃប្រកបដោយនិរន្តរភាព រួមចំណែកកាត់បន្ថយភាពក្រីក្រ បង្កើតការងារ និងផ្តល់លទ្ធភាពឱ្យវិស័យកសិម្ហូបអាហារដើរតួជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពនៅកម្ពុជា។»

លោកជំទាវ ខាមិន ម៉ូរ៉េណូ អគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានគូសបញ្ជាក់អំពីសារៈសំខាន់​​ «នៃការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចបៃតង បង្កើនភាពប្រកួតប្រជែងនិងភាពប្រទាក់ក្រឡាផ្នែកសេដ្ឋកិច្ច និងលើកកម្ពស់សមាហរណកម្មសហគ្រាសខ្នាតតូច និងមធ្យម​​ (SMEs) នៅកម្ពុជាចូលទៅក្នុងទីផ្សារអាស៊ាន និងអន្តរជាត។​ ដើម្បីសម្រេចគោលដៅនេះបាន ចំាបាច់ត្រូវមានភាពអនុលោមភាពតាមស្តង់ដារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាប្រព័ន្ធផ្តល់វិញ្ញបនបត្រទទួលស្គាល់​ ដើម្បីត្រៀមខ្លួនជាស្រេចក្នុងការឈានចូលទីផ្សារនានា​ រួមទាំងទីផ្សារសហភាពអឺរ៉ុបផងដែរ»។​

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) មានប្រសាសន៍អំពីសារៈសំខាន់នៃ

វិស័យជលផលកម្ពុជា ​កោតសរសើរ និងថ្លែងអំណរគុណដល់កម្មវិធី CAPFISH ដែលទទួលបានថវិកាគាំទ្រពីសហភាពអឺរ៉ុប ថាពិតជាបានរួមចំណែកជួយទៅដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍវិស័យនេះ។ ឯកឧត្តម បានបន្ថែមថា «កិច្ចគាំទ្ររបស់

កម្មវិធី CAPFISH គឺស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ម្ហូបអាហារដែលមានសុវត្ថិភាព និងចរាចរណ៍នៅលើទីផ្សារអន្តរជាតិ អភិវឌ្ឍន៍ខ្សែច្រវាក់តម្លៃផល ផលិតផលជលផល តាមរយៈការកែលម្អប្រតិបត្តិការ និង

ការកែច្នៃផល ផលិតផលជលផលក្រោយប្រមូលផល ដោយផ្តោតជាសំខាន់លើគុណភាព និងសុវត្ថិភាព​។ ការប្រារព្ធពិធីនា

ថ្ងៃនេះ ឆ្លុះបញ្ចាំងអំពីភាពជាដៃគូមិនអាចខ្វះបានរវាងស្ថាប័នរដ្ឋ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍​​ ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាបង្កើនភាពប្រកួតប្រជែងរបស់ផល ផលិតផលជលផលកម្ពុជា ឈានចូលទីផ្សារអន្តរជាតិ។»​

យើងមានជំនឿចិត្តយ៉ាងមុតម៉ាំថា ភាពជោគជ័យនៃកិច្ចអន្តរាគមន៍របស់កម្មវិធី VCIS អាចយកទៅអនុវត្តសម្រាប់ផលិតផលកសិកម្មផ្សេងទៀត មិនកំហិតត្រឹមតែផល ផលិតផលជលផលនោះទេ។ លោកជំទាវ ខាមេន ម៉ូរ៉េណូ បានបន្ថែមថា «ការណ៍នេះ ស្របទៅនឹងការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុបក្នុងការគាំទ្រដល់សេដ្ឋកិច្ចបៃតងនៅកម្ពុជា តាមរយៈការលើកកម្ពស់ វិស័យកសិកម្ម ព្រៃឈើ ម្ហូបអាហារ រួមទាំងឧស្សាហកម្មកែច្នៃកសិម្ហូបអាហារផងដែរ។»​

រូបថត៖ ©UNIDO Cambodia

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង​៖

  1. លោកបណ្ឌិត ឈួន ចំណាន ប្រធាននាយកដ្ឋានបច្ចេកវិទ្យាកែច្នៃ និងគុណភាព នៃរដ្ឋបាលជលផល៖ chhounchamnan@gmail.com  
  2. លោក អឹម សំរួល មន្ត្រីទំនាក់ទំនង និងផ្សព្វផ្សាយ នៃគម្រោង ​CAPFISH-Capture project៖ S.IM@unido.org
  3. លោកស្រី ប៉ុក ពូន មន្រ្តីព័ត៌មាន​ ប្រតិភូសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា៖ Pok.POUN@eeas.europa.eu
Samruol_UNDP

Samruol Im

UNIDO
មន្ត្រីទំនាក់ទំនង និងផ្សព្វផ្សាយ នៃគម្រោង CAPFISH-Capture

អង្គភាពរបស់អង្គការសហប្រជាជាតិដែលចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ

UNIDO
អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម

គោលដៅប្រកបដោយចីរភាពដែលគាំទ្រតាមរយៈគំនិតផ្តួចផ្តើមនេះ