សហគមន៍អេកូទេសចរណ៍តាំងយូ៖ ការរស់នៅប្រកបដោយចីរភាពសម្រាប់មនុស្ស និងភពផែនដី
សហគមន៍អេកូទេសចរណ៍តាំងយូ៖ ការរស់នៅប្រកបដោយចីរភាពសម្រាប់មនុស្ស និងភពផែនដី
មានទីតាំងស្ថិតនៅខេត្តព្រះវិហារនៃប្រទេសកម្ពុជា សហគមន៍ការពារធម្មជាតិតាំងយូ (TYCPA) គឺជាសហគមន៍ជនបទតូចមួយតែត្រូវបានគេស្គាល់សុះសាយដោយសារធនធានធម្មជាតិដ៏សម្បូរបែបនៃសហគមន៍នេះ។ សហគមន៍ការពារធម្មជាតិតាំងយូ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធផ្សាភ្ជាប់ទៅនឹងព្រៃ និងធម្មជាតិ ព្រោះសហគមន៍នេះពឹងអាស្រ័យលើព្រៃ និងធម្មជាតិ សម្រាប់ចិញ្ចឹមជីវិតជាច្រើនជំនាន់មកហើយ រួមទាំងរបរធ្វើស្រែចំការផងដែរ។
ក៏ប៉ុន្តែ ក្នុងរយៈពេល ពីរ បី ទសវត្សរ៍ចុងក្រោយនេះ សហគមន៍បានប្រឈមនឹងបញ្ហាក្នុងការអភិរក្សធនធានធម្មជាតិរបស់ខ្លួន ដោយសារការកាប់បំផ្លាញព្រៃឈើ ការកាប់ឈើខុសច្បាប់ និងការបរបាញ់សត្វព្រៃ ពីសំណាក់ប្រជាជនក្នុងសហគមន៍ខ្លួនឯងផ្ទាល់ និងអ្នកមកពីក្រៅសហគមន៍ផងដែរ។ ទោះបីជាមានបញ្ហាប្រឈមទាំងនេះក៏ដោយ សហគមន៍នៅតែប្តេជ្ញាចិត្តថែរក្សាព្រៃឈើ និងរបៀបរស់នៅរបស់ពួកគេ ដោយទទួលបានការគាំទ្រពីអាជ្ញាធរមូលដ្ឋាន ក្រសួងបរិស្ថាន និងអង្គការផ្សេងៗផងដែរ។ នៅឆ្នាំ ២០១៩ តំបន់ការពារសហគមន៍តាំងយូ (TYCPA) ត្រូវបានបង្កើតឡើងជាផ្លូវការជាមួយនឹងបេសកកម្មអភិរក្សធនធានធម្មជាតិ ក្នុងផ្ទៃ ១ ៤៤៩ ហិកតានៃតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង (PTNHP)។ ក្រោយមក បន្ទាប់ពីមានការគាំទ្រផ្សេងៗ សហគមន៍ ក៏បានបង្កើតជាសហគមន៍ទេសចរណ៍ផ្អែកលើធម្មជាតិ(CBET)។
«ក្នុងដំណាក់កាលដំបូងនៃការបង្កើតសហគមន៍ យើងមិនមានការគាំទ្រច្រើនពីសមាជិកក្នុងសហគមន៍នោះទេ ព្រោះសមាជិកមួយចំនួនបានធ្វើចំណាកស្រុកទៅធ្វើការនៅទីក្រុង ហើយគ្រួសារមួយចំនួនទៀតមិនចូលចិត្តគំនិតអភិរក្សនោះឡើយ ដោយសារពួកគេធ្លាប់តែពឹងផ្អែកខ្លាំងលើការកាប់បំផ្លាញព្រៃឈើ ឬការបរបាញ់សត្វព្រៃសម្រាប់ទ្រទ្រង់ជីវភាព» នេះជាការលើកឡើងរបស់លោក ចាន់ វ៉ាន់ណូ អាយុ ៥៩ ឆ្នាំ ជាប្រធានគណៈកម្មាធិការតំបន់ការពារសហគមន៍តាំងយូ (TYCPA)។
បន្ទាប់ពីតំបន់ការពារសហគមន៍តាំងយូ (TYCPA) ត្រូវបានបង្កើតឡើង សហគមន៍នេះបានទទួលការគាំទ្រជាបន្តបន្ទាប់ពីអង្គការ និងបុគ្គលផ្សេងៗ រួមទាំង អង្គការសមាគមអភិរក្សសត្វព្រៃនៅកម្ពុជា (WCS Cambodia) ជាពិសេសក្នុងការបង្កើនសមត្ថភាពរបស់ប្រជាសហគមន៍ក្នុងការប្តេជ្ញា និងការអភិវឌ្ឍឆ្ពោះទៅរកគោលដៅរបស់សហគមន៍។ នៅឆ្នាំ ២០២២ តំបន់ការពារសហគមន៍តាំងយូ (TYCPA) ត្រូវបានជ្រើសរើសក្នុងការទទួលបានជំនួយពីកម្មវិធី ជំនួយខ្នាតតូច (GEF Small Grants) របស់ UNDP ដើម្បីធ្វើការអភិវឌ្ឍជាសហគមន៍ទេសចរណ៍ផ្អែកលើធម្មជាតិក្នុងន័យលើកកម្ពស់ជីវភាពរបស់សមាជិកក្នុងសហគមន៍ និងប្រើប្រាស់ប្រាក់ចំណូលពីការផ្តល់សេវាទេសចរណ៍ធម្មជាតិដើម្បីអភិរក្សសហគមន៍ទេសចរណ៍ផ្អែកលើធម្មជាតិ។
ទោះបីជំនួយនេះមានទំហំតូច ប៉ុន្តែបានជួយដល់សហគមន៍យ៉ាងច្រើន។ ជំនួយនេះផ្តល់ឱ្យសហគមន៍នូវហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ជាពិសេសការសាងសង់ជណ្តើរឈើប្រវែង ៣៩៤ ម៉ែត្រ និងទទឹង ១.២ ម៉ែត្រ ព្រមទាំងកែលម្អផ្លូវឡើងភ្នំ បំពាក់ដោយថាមពលពន្លឺព្រះអាទិត្យសម្រាប់បំភ្លឺជាដើម។ ឈើសម្រាប់សាងសង់ទាំងនោះបានមកពី ដើមឈើដែលរលំ ឬងាប់ នៅក្នុងតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង។ លើសពីនេះ ជំនួយខ្នាតតូចនេះក៏បានគាំទ្រដល់ការកសាងសមត្ថភាពប្រជាសហគមន៍លើការគ្រប់គ្រងគម្រោង ការរាយការណ៍ និងសកម្មភាពនានាទាក់ទងនឹងការអភិរក្សព្រៃឈើ និងបានគាំទ្រផងដែរដល់គណៈកម្មាធិការសហគមន៍ក្នុងការធ្វើកិច្ចប្រជុំប្រចាំខែ និងប្រចាំត្រីមាសជាមួយសមាជិករបស់ខ្លួន។
«និយាយតាមត្រង់ទៅ ភ្ញៀវទេសចរណ៍ខ្មែរយើងដែលបានមកលេងទីនេះ មិនមែនជាអ្នកឡើងភ្នំដែលមានបទពិសោធន៍ច្រើននោះទេ ដូច្នេះហើយ ជណ្តើរឈើនេះពិតជាបានជួយសម្រាលការលំបាកច្រើនណាស់សម្រាប់ភ្ញៀវក្នុងស្រុក។ បើគ្មានជណ្តើរឈើនេះទេ កន្លែងខ្លះនៃផ្លូវឡើងភ្នំមានគ្រោះថ្នាក់ខ្លាំង។ តាមរយៈជណ្តើរឈើនេះ សមាជិកសហគមន៍យើងអាចឡើងដល់កំពូលភ្នំបានងាយស្រួលជាងមុន» នេះជាការលើកឡើងរបស់បងស្រី ថោង ផល្លី អនុប្រធានគណៈកម្មាធិការសហគមន៍។
សហគមន៍តាំងយូ មានសមាជិកគណៈកម្មាធិការចំនួន៩នាក់ ស្រី៣នាក់ និងប្រុស៦នាក់ ដែលពួកគាត់មានអាយុចម្រុះគ្នា មានទាំងចាស់ និងក្មេង។ សមាជិកម្នាក់ក្នុងគណកម្មាធិការ លោក ចាន់ សុច ជាបុរសមានរូបរាងស្គម ប៉ុន្តែគាត់អាចឡើងភ្នំបានយ៉ាងលឿនបើទោះបីជាគាត់ពាក់ស្បែកជើងផ្ទាត់របស់គាត់ក៏ដោយ។ លោក ចាន់ សុច អាយុ ២៥ ឆ្នាំ គាត់ឈប់រៀននៅថ្នាក់ទី១០។
«ជីវិតរបស់ខ្ញុំឥឡូវនេះ គឺដើម្បីសហគមន៍តាំងយូ ភ្នំ ធម្មជាតិ ព្រៃឈើ និងសត្វព្រៃ។ រាល់ពេលដែលខ្ញុំនាំភ្ញៀវទេសចរម្តងៗ ហើយយើងបានឃើញសត្វព្រៃ នោះខ្ញុំមានអារម្មណ៍រំភើបខ្លាំងណាស់» នេះជាការលើកឡើងរបស់ ចាន់ សុច ។
គាត់ចែករំលែកថា ចាប់តាំងពីសហគមន៍ត្រូវបានបង្កើតឡើងមក យុវជនដូចជាខ្លួនគាត់ផ្ទាល់ ជឿជាក់ថា ជីវិតរបស់ពួកគាត់កាន់តែមានអត្តន័យ នៅពេលពួកគេបានការគាំទ្រ ឬចូលរួមក្នុងសកម្មភាពនានាក្នុងសហគមន៍។ លោក ចាន់ សុច បន្ថែមថា «ក្រៅពីការរកប្រាក់ចំណូល យើងមានអារម្មណ៍ថាជីវិតរបស់យើងកាន់តែមានន័យ យើងមិនខ្ជះខ្ជាយពេលវេលា និងថវិកាលើអ្វីដែលមិនមានប្រយោជន៍សម្រាប់សហគមន៍ ឧទាហរណ៍ដូចជាការសេពសុរាជាដើម»។ គាត់ក៏សង្ឃឹមដែរថា នឹងមានភ្ញៀវទេសចរមកលេងតំបន់នេះកាន់តែច្រើន ដូច្នេះសមាជិកសហគមន៍របស់គាត់មិនចាំបាច់ធ្វើចំណាកស្រុកទៅកន្លែងផ្សេងៗដើម្បីកត្តាជីវភាពនោះទេ។
ចាប់ពីឆ្នាំ ២០១៩ រហូតមកដល់ពេលនេះ គ្រួសារទាំងអស់ក្នុង ភូមិសេដ្ឋកិច្ច ឃុំឈានមុខ នៃស្រុកត្បែងមានជ័យ បានចុះឈ្មោះជាសមាជិកក្នុងតំបន់ការពារសហគមន៍។ តាមរយៈប្រាក់ចំណូលរបស់សហគមន៍ រួមជាមួយនឹងមូលនិធិផ្សេងៗ ការគាំទ្រពីដៃគូ និងរដ្ឋាភិបាល ជាពិសេសក្រសួងបរិស្ថាន ឥឡូវនេះសហគមន៍តាំងយូ មានជណ្តើរឈើនៅតាមផ្លូវឡើងភ្នំ មានធុងសំរាមតាមដងផ្លូវឡើងភ្នំ ឡដុតសំរាមនៅលើភ្នំ បង្គន់អនាម័យនៅកន្លែងបោះតង់ និងទីតាំងសម្រាកផងដែរ។ លទ្ធផលដែលសហគមន៍ទទួលបាន គឺពិតជាលេចធ្លោ ដោយក្នុងឆ្នាំ ២០២២ ភ្ញៀវទេសចរប្រហែល ១០០០ នាក់បានធ្វើដំណើរទៅកាន់កំពូលភ្នំតាមសហគមន៍តាំងយូ ចាប់តាំងពីការអភិវឌ្ឍន៍ជណ្តើរ និងគ្រឿងបរិក្ខារផ្សេងៗទៀតមក ហើយក្នុងខែឧសភា ឆ្នាំ២០២៣ ភ្ញៀវទេសចរចំនួន ៤៤១ នាក់ត្រូវបានស្វាគមន៍មកកាន់តំបន់ទេសចរណ៍ធម្មជាតិមួយនេះ។ ប្រធានគណៈកម្មាធិការសហគមន៍ លោក វ៉ាន់ ណូ បានចែករំលែកបន្ថែមថា មានសកម្មភាពជាច្រើនទៀតដែលសហគមន៍ចង់ធ្វើ ដើម្បីជួយការពារធនធានធម្មជាតិ។ ទោះយ៉ាងណាក៏ដោយ ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងរបស់ពួកគាត់ សហគមន៍ និងមនុស្សជំនាន់ក្រោយត្រូវតែរក្សាការប្តេជ្ញាចិត្តដ៏មុតមាំនេះ និងត្រូវរក្សាការលះបង់ឥតឈប់ឈររបស់ពួកគាត់សម្រាប់សហគមន៍មួយនេះ។
ការប្តេជ្ញាចិត្តរបស់ សហគមន៍តាំងយូ TYCPA ក្នុងការអភិរក្សធនធានធម្មជាតិបានចូលរួមបញ្ឈប់ការកាប់បំផ្លាញព្រៃឈើ និងការបរបាញ់សត្វព្រៃ ខណៈដែលនៅតែអនុញ្ញាតឱ្យទទួលបានអនុផលព្រៃឈើនានា ដូចជាទឹកឃ្មុំ ផ្លែឈើព្រៃ និងបន្លែព្រៃជាដើម។ សហគមន៍នៅតែផ្តល់អាទិភាពលើការថែរក្សាធនធានធម្មជាតិ និងមានផែនការអភិវឌ្ឍន៍ប្រកបដោយចីរភាពបន្ថែមទៀត។ ភាពជោគជ័យរបស់សហគមន៍តាំងយូ ផ្តល់ការបំផុសគំនិតសម្រាប់សហគមន៍ផ្សេងទៀតក្នុងការការពារធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពរបស់ពួកគាត់។ តាមរយៈការទទួលយកទេសចរណ៍ធម្មជាតិប្រកបដោយចីរភាព គណៈកម្មាធិការក្នុងសហគមន៍តាំងយូ បានរកឃើញវិធីមួយដើម្បីរក្សាធនធានធម្មជាតិរបស់ពួកគាត់សម្រាប់មនុស្សជំនាន់ក្រោយ ក្នុងពេលជាមួយគ្នាក៏បានធ្វើការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ធផងដែរ។
ស្វែងយល់បន្ថែមអំពីកម្មវិធីជំនួយខ្នាតតូច
រូបថតនៃដំណើរទស្សនកិច្ចរបស់អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា ទៅកាន់ភ្នំត្បែងមានជ័យ រួមគ្នាជាមួយ លោកអភិបាលខេត្តព្រះវិហារ ឯកឧត្តម គឹម រិទ្ធី មន្ទីរបរិស្ថានខេត្ត ប្រធានប្រចាំប្រទេស និងក្រុមការងាររបស់អង្គការសមាគមអភិរក្សសត្វព្រៃនៅកម្ពុជា (WCS Cambodia) និង តំណាងសហគមន៍តាំងយូ