និមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា (CQS)៖ ការទទួលស្គាល់ អនុលោមភាពផ្នែកសុវត្ថិភាពម្ហូបអាហាររបស់សហគ្រាសជលផលនៅកម្ពុជា
03 August 2023
រាជធានីភ្នំពេញ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣៖ តាមរយៈភាពជាដៃគូជាមួយ សហភាពអឺរ៉ុប (EU) និងអង្គការ UNIDO រដ្ឋបាលជលផល បានប្រកាសជាផ្លូវការអំពីការប្រគល់វិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា (CQS) ជូនដល់សហគ្រាសកែច្នៃផល ផលិតផលជលផល។ សហគ្រាសជ័យលាភីនាឱកាសនេះ បានបំពេញតាមលក្ខខណ្ឌតម្រូវរបស់និមិត្តសញ្ញាគុណភាព CQS ដែលជាគំនិតផ្តួចផ្តើមមួយរបស់គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture)។
CQS គឺជាប្រព័ន្ធវិញ្ញាបនប័ត្រសុវត្ថិភាពម្ហូបអាហារដំបូងគេបំផុតសម្រាប់វិស័យជលផលនៅកម្ពុជា ក្រោមការដឹកនាំ ផ្ទាល់របស់ រដ្ឋបាលជលផល តាមរយៈគម្រោងCAPFISH-Capture។ គម្រោងនេះមានការគាំទ្រថវិកាដោយ សហភាពអឺរ៉ុប និងអនុវត្តដោយអង្គការ UNIDO ។ ការធានាឲ្យបាននូវគុណភាព និងសុវត្ថិភាពនៃផល ផលិតផលជលផល គឺជាគោល ដៅចម្បងរបស់ប្រព័ន្ធវិញ្ញាបនបត្រ ដែលនឹងអាចរួមចំណែកអភិវឌ្ឍឧស្សាហកម្មជលផលកម្ពុជាប្រកបដោយបរិយាប័ន្ន និង ចីរភាព។
តួអង្គនៅក្នុងខ្សែច្រវ៉ាក់តម្លៃជលផលទាំងមូលដែលអាចចូលរួមដាក់ពាក្យស្នើសុំនិមិត្តសញ្ញា CQS រួមមាន៖ សហ គ្រាសកែច្នៃផល ផលិតផលជលផល ទូកនេសាទ និងផែត្រីជាដើម ប្រសិនបើអាចគោរពទៅតាមស្តង់ដារដែលបាន កំណត់។ សម្រាប់ជំហានដំបូង CQS គិតគូរលើសុវត្ថិភាពម្ហូបអាហារក្នុងគោលដៅកសាងទំនុកចិត្តពីអ្នកប្រើប្រាស់ និងកេរ្តិ៍ឈ្មោះផលិត ផលកម្ពុជា។
ស្របនឹងប្រធានបទ ស្តង់ដារម្ហូបអាហារ ជួយសង្រ្គោះជីវិត របស់ទិវាសុវត្ថិភាពម្ហូបអាហារពិភពលោកឆ្នាំ ២០២៣ ឯកឧត្តម ចាន់ សុផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា (ISC) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ (MISTI) បានសង្កត់ធ្ងន់ថា ប្រព័ន្ធវិញ្ញាបនបត្រ CQS ត្រូវបានបង្កើតឡើងដើម្បីបង្កើនភាពប្រកួតប្រជែងរបស់ផល ផលិតផលជលផលកម្ពុជា ការពារសុខភាពសាធារណៈ និងសម្រួលដល់ការធ្វើពាណិជ្ជកម្មជាលក្ខណៈអន្តរជាតិ។
សម្រាប់ជុំទី១ រដ្ឋបាលជលផល បានប្រគល់វិញ្ញាបនបត្រដល់សហគ្រាសចំនួន ៨ ដែលអនុវត្តបានយ៉ាងខ្ជាប់ខ្ជួនស្របតាមលក្ខខណ្ឌតម្រូវនៃ CQS រួមមាន៖ សហគ្រាសលាងឡេង សហគ្រាសផលិតទឹកត្រីនីអៀងណេង សិប្បកម្មសំណាងសុធា សហគ្រាសហូមថេសហ្វូត សហគ្រាសភ្នំពេជ្រប៊ុនឃា សហគ្រាសធឿនស្រីនី សិប្បកម្មកែច្នៃវង្សតារា និងសិប្បកម្ម
កែច្នៃហេងហ៊ត់ (សុខ ឃីម)។
ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានវាយតម្លៃខ្ពស់អំពីសមិទ្ធិផលនៃគម្រោង ដែលគាំទ្រថវិកាដោយ សហភាពអឺរ៉ុប ក្នុងការរួមចំណែកលើកកម្ពស់សុវត្ថិភាពម្ហូបអាហារនៅកម្ពុជា ដែលទន្ទឹម គ្នានោះពង្រីកកាលានុវត្តន៍ភាពសម្រាប់ការនាំចេញផល ផលិតផលជលផលកម្ពុជាទៅកាន់ទីផ្សារក្រៅស្រុក ដោយបានគូស បញ្ជាក់ថា «ការដាក់ចេញប្រព័ន្ធវិញ្ញាបនបត្រ CQS គឺជួយបំពេញបន្ថែមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើក កម្ពស់សុវត្ថិភាពម្ហូបអាហារសម្រាប់មនុស្សគ្រប់រូប និងពង្រីកទីផ្សារនាំចេញ។ ខ្ញុំមានសុទិដ្ឋិនិយមថា ផលិតផលជលផលដែល មានបិតភ្ជាប់ស្លាកសញ្ញា CQS នឹងមានវត្តមានកាន់តែច្រើននៅលើទីផ្សារក្នុងស្រុក និងផ្សារទំនើបក្នុងប្រទេស។»
«ដើម្បីធានាបានទំនុកចិត្ត និងសុចរិតភាពនៃប្រព័ន្ធវិញ្ញាបនបត្រ CQS រដ្ឋបាលជលផល និងអង្គការ UNIDO ដោយ មានជំនួយបច្ចេកទេសពីក្រុមហ៊ុនប្រឹក្សាយោបល់ Peterson Projects & Solutions បានរៀបចំបង្កើតបទបញ្ញត្តិ គោល ការណ៍ណែនាំបច្ចេកទេស និងឯកសារពាក់ព័ន្ធនានាប្រកបដោយតម្លាភាព និងគ្រប់ជ្រុងជ្រោយ។ សវនករដែលជាមន្រ្តីរបស់ រដ្ឋបាលជលផល និងស្ថាប័នរដ្ឋផ្សេងទៀតត្រូវបានបណ្តុះបណ្តាល និងមានគុណវុឌ្ឍិគ្រប់គ្រាន់សម្រាប់ធ្វើសវនកម្ម CQS។» នេះជាការលើកឡើងរបស់ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក រដ្ឋបាលជលផល។
ឯកឧត្តម បានបន្ថែមទៀតថា «បន្ថែមពីលើការគាំទ្រនាពេលបច្ចុប្បន្ន សហគ្រាសដែលមានសក្តានុពលខ្ពស់ក្នុងការ នាំចេញផល ផលិតផលជលផលរបស់ខ្លួនទៅកាន់ទីផ្សារសហភាពអឺរ៉ុប នឹងត្រូវបានជ្រើសរើស និងគាំទ្របន្ថែមតាមរយៈការ រៀបចំបង្កើតឱ្យមានប្រព័ន្ធអង្កេតដាន និងឯកសារពាក់ព័ន្ធនឹងស្តង់ដារសុវត្ថិភាពម្ហូបអាហារដើម្បីត្រៀមលក្ខណៈសម្រាប់ការ ចុះពិនិត្យ និងវាយតម្លៃផ្ទៀងផ្ទាត់ពីអគ្គនាយកដ្ឋានសុខភាព និងសុវត្ថិភាពម្ហូបអាហាររបស់ សហភាពអឺរ៉ុប (DG SANTE) នា ដើមឆ្នាំ២០២៤។»
លោក Bryan FORNARI ប្រធានផ្នែកកិច្ចសហប្រតិបត្តិការ ប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា តាមរយៈការបំពេញការងារ និងសហការជាមួយស្ថាប័នរដ្ឋ និងវិស័យឯកជន យើងអាចរួមចំណែកផ្តល់ធានាឲ្យមាននូវផលិតផលមានគុណភាពស្របតាមស្តង់ដារ មានសុវត្ថិភាព បើកចំហឱកាសក្នុងការធ្វើធុរកិច្ចបានកាន់តែប្រសើរ ជាពិសេសផ្តល់ការងារសមរម្យនៅក្នុងអាជីវកម្មម្ហូបអាហារ។ «កិច្ចខិតខំប្រឹងប្រែងទាំងនេះ ជួយការពារអ្នកបរិភោគពីហានិភ័យផ្នែកសុខភាពផ្សេងៗ។ កម្មវិធីជំរុញកំណើនជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (CAPFISH) ក្រោមថវិកាគាំទ្ររបស់ សហភាពអឺរ៉ុប នៅតែបន្តធ្វើការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ដើម្បីធ្វើឲ្យប្រសើរឡើងនូវអនុលោមភាពសុវត្ថិភាពម្ហូបអាហារ។ កិច្ចការណ៍នេះ នឹងជួយឱ្យផល ផលិតផលជលផលកម្ពុជាអាចបោះជំហានជាបណ្តើរៗចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុប និងទីផ្សារអន្តរជាតិផ្សេងទៀត។ យើងពិតជាមានសេចក្តីរីករាយជាពន្លឹក ចំពោះសមិទិ្ធផលដ៏ប្រត្យក្សក្នុងឱកាសនេះ នោះគឺការអភិវឌ្ឍនិមិត្តសញ្ញាទទួលស្គាល់គុណភាពកម្ពុជា CQS។»
ប្រព័ន្ធវិញ្ញាបនបត្រ CQS ជាការបោះជំហានទៅមុខដ៏សំខាន់មួយរបស់កម្ពុជាក្នុងការប្រែក្លាយខ្លួនទៅជាជើងឯកក្នុងការអនុលោមតាមលក្ខខណ្ឌតម្រូវនៃសុវត្ថិភាពម្ហូបអាហារ និងការងារនេសាទប្រកបដោយនិរន្តរភាព ដែលវានឹងផ្តល់អត្ថ ប្រយោជន៍បន្តដល់អ្នកប្រើប្រាស់ក្នុងស្រុក និងពាណិជ្ជកម្ម ជាលក្ខណៈអន្តរជាតិ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
- បណ្ឌិត ឈួន ចំណាន ប្រធាននាយកដ្ឋានបច្ចេកវិទ្យាកែច្នៃ និងគុណភាព (DFPTQ) នៃរដ្ឋបាលជលផល៖chhounchamnan@gmail.com
- លោក អឹម សំរួល មន្ត្រីទំនាក់ទំនងថ្នាក់ជាតិ គម្រោង CAPFISH-Capture៖ S.IM@unido.org
- នាយកដ្ឋានព័ត៌មាននៃប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា៖delegation-cambodia-ppi@eeas.europa.eu
សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោង៖ https://open.unido.org/projects/KH/projects/180039
ព្រឹត្តិបត្តគម្រោង៖ http://newslettercapfish-postharvest.org/achieve