សេចក្តី​ប្រកាស​ព័ត៌មាន

សេចក្តីប្រកាសព័ត៌មានរួម កម្ពុជាអបអរការបោះជំហានទៅមុខក្នុងការជំរុញការអភិវឌ្ឍស្តង់ដារម្ហូបអាហារ នៅគ្រប់ដំណាក់កាលនៃខ្សែច្រវ៉ាក់ម្ហូបអាហារ

16 August 2023

រាជធានីភ្នំពេញថ្ងៃទី១៦ ខែសីហា​ ឆ្នាំ២០២៣៖ ភាគីពាក់ព័ន្ធចំនួនជិត៣០០នាក់ ដែលធ្វើការក្នុងវិស័យ​កសិកម្ម ស្បៀងអាហារ និងអាហារូបត្ថម្ភបានជួបជុំគ្នានៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ នៅទីក្រុងភ្នំពេញ ដើម្បីប្រារព្ធទិវាសុវត្ថិភាពម្ហូបអាហារពិភពលោកនៅកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ការយកចិត្តទុកដាក់ និងជំរុញសកម្មភាពនានា ដើម្បីធានាបាននូវសុវត្ថិភាពម្ហូបអាហារនៅកម្ពុជា។

ក្រុមអ្នករៀបចំគោលនយោបាយ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល អ្នកជំនាញ វិស័យឯកជន អ្នកស្រាវជ្រាវ សាស្ត្រាចារ្យ និស្សិត កសិករ និងក្រុមយុវជនបានអំពាវនាវដល់ប្រជាជនគ្រប់រូប នៅគ្រប់ទីកន្លែង រួមគ្នាជួយធានាឱ្យបានសុវត្ថិភាពម្ហូបអាហារសម្រាប់គ្រប់គ្នា។ នេះជាលើកទី២ ដែលកម្ពុជាបានប្រារព្ធពិធីអបអរទិវាសុវត្ថិភាពម្ហូបអាហារពិភពលោក។ ចំពោះការអបអរព្រឹត្តិការណ៍ស្តីពីទិវាសុវត្ថិភាពម្ហូបអាហារពិភពលោកនៅកម្ពុជាឆ្នាំនេះ នឹងត្រូវដឹកនាំនិងសម្របសម្រួលដោយក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្រោមប្រធានបទជាសកល ស្តង់ដារម្ហូបអាហារជួយសង្គ្រោះជីវិត

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា៖

“ជំងឺដែលបណ្តាលមកពីម្ហូបអាហារ គឺជាបញ្ហាប្រឈមសុខភាពសាធារណៈនៅទូទាំងតំបន់ រួមទាំងកម្ពុជាផងដែរ។ យើងបានប្ដេជ្ញាលើកកម្ពស់របបអាហារសុខភាពសម្រាប់ទាំងអស់គ្នា តាមអភិក្រមពហុវិស័យ (multisector approach) ដើម្បីធ្វើឱ្យមានរបបអាហារសុខភាពនិងអាហារសុវត្ថិភាព ងាយស្រួលអាចរកបាន មានតម្លៃសមរម្យ និងឆ្លើយតបចំពោះបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់។ ប៉ុន្តែកិច្ចនេះ ក៏ត្រូវការកិច្ចសហការពីអ្នកពាក់ព័ន្ធទាំងឡាយឱ្យចូលរួមដោយស្មោះស្ម័គ្រទើបអាចទទួលបានជោគជ័យក្នុងការអនុវត្តសុវត្ថិភាពម្ហូបអាហារ។ អ្នកពាក់ព័ន្ធទាំងនោះ មានរួមទាំងវិស័យឯកជន អ្នកប្រើប្រាស់ និងស្ថាប័នរាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ “ ។

ជំងឺបណ្តាលមកពីម្ហូបអាហារ នៅតែជាបញ្ហាប្រឈមសុខភាពសាធារណៈធ្ងន់ធ្ងរនៅកម្ពុជានៅឡើយ។ នៅចន្លោះឆ្នាំ២០១០-២០១៥ ជាងពាក់កណ្តាលនៃការផ្ទុះឡើងនៃជំងឺដែលបានរាយការណ៍មក​ គឺបណ្តាល មកពីការពុលអាហារ ឬរោគរាគរូស។ លើសពីនេះទៅទៀត នៅចន្លោះឆ្នាំ២០១៤-២០១៩ ការផ្ទុះជំងឺឆ្លងបង្កដោយម្ហូបអាហារចំនួន១៣៤ករណី ត្រូវបានរកឃើញថាកើតឡើងដោយសារកង្វះការប្រតិបត្តិអនាម័យ​ខ្ជាប់ខ្ជួនជាពិសេសអំឡុងពេលរៀបចំទុកដាក់អាហារ ការគ្រប់គ្រងកម្រិតសីតុណ្ហភាពម្ហូបអាហារមិនបានត្រឹមត្រូវ

ការឆ្លងរាលដាលពីមួយទៅមួយ និងការប្រើប្រាស់គ្រឿងផ្សំម្ហូបអាហារ និងប្រភពទឹកមិនស្អាត។

វេជ្ជបណ្ឌិតណាហ្គីស្សា ខូជេវ៉ា តំណាងស្តីទី​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជាមានប្រសាន៍ថា៖ “សុវត្ថិភាពម្ហូបអាហារចាំបាច់ណាស់ដើម្បីធានាបាននូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។ លុះត្រាតែអាហារមានសុវត្ថិភាព ទើបអាចបំពេញតម្រូវការអាហារូបត្ថម្ភបាន និង​ជួយ​មនុស្ស​ពេញវ័យរស់នៅប្រកបដោយសុខុមាលភាព និងជីវិតកាន់តែប្រសើរ ព្រមទាំងជួយ​កុមារ​​លូត​លាស់ និង​អភិវឌ្ឍរាង្គកាយ”។ “ប្រៀបធៀបទៅនឹងកម្រិតសាកលនៅតំបន់អាស៊ីអាគ្នេយ៍មានកំណើនជំងឺប្រភេទនេះ និងមានអត្រាអ្នកបាត់បង់ជីវិតដោយសារជំងឺបង្កដោយម្ហូបអាហារនេះយ៉ាងច្រើន។ ការបោះជំហានទៅមុខប្រកបដោយភាពវិជ្ជមានរបស់រាជរដ្ឋាភិបាលកម្ពុជាបានជួយ​ពង្រឹង​សុវត្ថិភាព​ម្ហូបអាហារនិង​ជួយ​ការពារ​សុខភាព​​ប្រជាជន​កម្ពុជា​គ្រប់គ្នា​រហូត​មក​ដល់ពេល​បច្ចុប្បន្ន​នេះ” ។

ដោយមើលឃើញពីសារៈសំខាន់នៃការចូលរួម និងកិច្ចសហប្រតិបត្តិការគ្នាទៅលើស្តង់ដារម្ហូបអាហារ និងកិច្ចគាំពារដល់សុខភាពអ្នកប្រើប្រាស់ លោក អ៊ុំ កុសល ឧបការីតំណាងអង្គការស្បៀង និងកសិកម្មនៃ សហប្រជាជាតិ (FAO) ប្រចាំប្រទេសកម្ពុជា បានគូសបញ្ជាក់ថាៈ “សុវត្ថិភាពម្ហូបអាហារ គឺជាទំនួលខុសត្រូវចម្បងរបស់ភាគីទាំងអស់ ដែលធ្វើការក្នុងខ្សែច្រវ៉ាក់អាហារ គិតចាប់ពីអ្នកផលិត អ្នកកែច្នៃ ស្ថាប័ន​​គ្រប់គ្រង​ម្ហូបអាហារ ម្ចាស់អាជិវកម្មរហូតដល់អ្នកប្រើប្រាស់។ ការជួបជុំនាថ្ងៃនេះ គឺជាសញ្ញានៃការទទួលស្គាល់ចំពោះអត្ថប្រយោជន៍ភាពជាដៃគូ និងស្មារតីនៃកិច្ចសហប្រតិបត្តិការកាន់តែស្អិតរមួតក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់តាមខ្សែច្រវ៉ាក់តម្លៃ ចាប់តាំងពីការផលិតនៅកសិដ្ឋានរហូតដល់អាហារនៅលើតុ ហើយនៅពេលនិយាយពីសុវត្ថិភាពម្ហូបអាហារ គឺត្រូវគិតពីបរិយាកាសម្ហូបអាហារ ព្រមទាំងជម្រើសរបស់អ្នកប្រើប្រាស់”។

ស្របតាមខ្សែច្រវ៉ាក់តម្លៃនៃសុវត្ថិភាពម្ហូបអាហារ កិច្ចពិភាក្សាក្នុងព្រឹត្តិការណ៍រំលឹកខួបនេះនឹងគ្របដណ្តប់លើប្រធានបទជាច្រើន រួមមាន៖ស្តង់ដារម្ហូបអាហារក្នុងដំណើរការផលិតកម្ម ស្ដង់ដារម្ហូបអាហារសម្រាប់អ្នកលក់តាមដងផ្លូវនិងអ្នកលក់នៅតាមតូប ការការពារសុខភាពអ្នកប្រើប្រាស់និងធានាការអនុវត្តដោយស្មើភាពក្នុងវិស័យពាណិជ្ជកម្មម្ហូបអាហារ ស្តង់ដារម្ហូបអាហារនិងការដាក់ស្លាកសញ្ញាសម្គាល់ ស្តង់ដារ​ម្ហូប​​អាហារនៅសាលារៀននិងដំណើរឆ្ពោះទៅរកការអនុលោមភាពជាសាកលក្នុងចំណោមវិស័យផ្សេងៗទៀត។ ប្រធានបទជាច្រើននឹងលើកឡើងពីសារៈសំខាន់នៃភាពជាដៃគូរវាងតួអង្គពាក់ពន្ឋ័ជាមួយវិស័យផ្សេងៗ និងផលប៉ះពាល់នៃស្តង់ដារសុវត្ថិភាពម្ហូបអាហារចំពោះអ្នកប្រើប្រាស់ សុខភាពសាធារណៈ សេដ្ឋកិច្ចនិងសង្គមផងដែរ។

លោក សុខ ណារិន តំណាងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) បានមានប្រសាសន៍ដោយឆ្លុះបញ្ចាំងចំពោះគំនិតផ្តួចផ្តើមក្នុងការពង្រឹងស្តង់ដារវិស័យម្ហូបអាហារថា៖ “ឧស្សាហកម្មកែច្នៃម្ហូបអាហាររបស់កម្ពុជាមានសក្តានុពលសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច។ រដ្ឋាភិបាល​បានខិតខំ​ពង្រឹង​សុវត្ថិភាព​និង​ស្តង់ដារម្ហូបអាហារ ស្របពេលដែលប្រទេស​នេះ ​កំពុងបោះជំហានចូលទៅក្នុង​ទីផ្សារ​ពិភពលោក។ បច្ចុប្បន្នយើងកំពុងជួយចងក្រងក្របខ័ណ្ឌច្បាប់ និងប្រព័ន្ធត្រួតពិនិត្យម្ហូបអាហារជាច្រើន តាមរយៈការកសាងសមត្ថភាព ដើម្បីធានាបាននូវស្តង់ដារម្ហូបអាហារកាន់តែប្រសើរនិងឆ្លើយតបទៅនឹងតម្រូវការសុខភាពសាធារណៈ។ តាមរយៈ ការផ្តល់មូលនិធិរបស់សហភាពអឺរ៉ុប (EU) យើងកំពុងអនុវត្តប្រព័ន្ធសុវត្ថិភាពម្ហូបអាហារក្នុងវិស័យជលផល ដោយធ្វើយ៉ាងណាឱ្យមានភាពស៊ីសង្វាក់គ្នាជាមួយលក្ខខ័ណ្ឌតម្រូវនានារបស់សហភាពអឺរ៉ុប ព្រមទាំងអាចយកទៅប្រើក្នុងវិស័យផ្សេងទៀតផងដែរ។  

ការប្រារព្ធពិធីនេះ បានផ្តល់នូវឱកាស ដើម្បីពិនិត្យមើលវឌ្ឍនភាពសមិទ្ធិផលដែលសម្រេចបានក្នុងការជំរុញការអភិវឌ្ឍស្តង់ដារម្ហូបអាហារ ព្រមទាំងផ្តល់យុទ្ធសាស្ត្រអាទិភាពរួមឆ្ពោះទៅមុខ ដូចដែលបានព្រមព្រៀងគ្នា។​ សមិទ្ធិផលទាំងនោះមានដូចជា ការអនុម័តច្បាប់សុវត្ថិភាពម្ហូបអាហារ ដែលត្រូវបានឡាយព្រះហស្តលេខាដោយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាកាលពីឆ្នាំ២០២២ ព្រមទាំងច្បាប់ និងគោលនយោបាយផ្សេងទៀតដូចជាច្បាប់ស្តីពីស្តង់ដារកម្ពុជា ច្បាប់ស្តីពីការការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពនៃផលិតផល និងសេវាកម្ម។ នៅមានកិច្ចការជាច្រើនទៀត ដែលត្រូវអនុវត្ត ដើម្បីធានាឱ្យបាននូវអាហារដែលមានសុវត្ថិភាព និងប្រកបដោយសារជាតិចិញ្ចឹមសម្រាប់ទាំងអស់គ្នា។

លោកស្រី គ្លែ ខូណង់ នាយិកាកម្មវិធីស្បៀងអាហារពិភពលោក(WFP) បានមានប្រសាន៍ថា "យើងជឿថាការទទួលបានអាហារដែលមានសុវត្ថិភាព និងសារជាតិចិញ្ចឹមគ្រប់គ្រាន់ គឺជាសិទ្ធិមូលដ្ឋានរបស់មនុស្សម្នាក់ៗ។ តាមរយៈការធ្វើការលើសុវត្ថិភាពម្ហូបអាហារក្នុងបរិបទនៃកម្មវិធីផ្តល់អាហារតាមសាលារៀន​ ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ យើងមិនត្រឹមតែផ្តល់អាហារដល់កុមារដែលខ្វះខាតម្ហូបអាហារប៉ុណ្ណោះទេ

ប៉ុន្តែថែមទាំងធានាថា ម្ហូបអាហារដែលពួកគេបរិភោគមានសុវត្ថិភាព និងប្រកបដោយផាសុខភាពផងដែរ” ។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំរួមគ្នាដោយក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងក្រសួងស្ថាប័នផ្សេងៗទៀតដូចជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  ក្រសួងសុខាភិបាល  ក្រសួងពាណិជ្ជកម្ម  ក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៏ និងដៃគូអភិវឌ្ឍន៍នានា រួមមាន៖ អង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ (FAO) អង្គការសុខភាពពិភពលោក (WHO) អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ វិស័យឧស្សាហកម្ម (UNIDO) កម្មវិធីស្បៀងអាហារពិភពលោក (WFP) អង្គការអាហារូបត្ថម្ភអន្តរជាតិ (NI)

អង្គការអាយឌីអ៊ី (iDE)  អង្គការទស្សនៈពិភពលោកអន្តរជាតិ (WVI)  អង្គការជំនួយអភិវឌ្ឍន៍អាត់វេនទីស្ទកម្ពុជា (ADRA) និងអង្គការហេឡេនឃេល័រ (HKI)។

ព្រឹត្តិការណ៍ដ៏សំខាន់នេះ ក៏មានការចូលរួមចំណែកឧបត្ថម្ភពីសំណាក់អង្គការ និងទីភ្នាក់ងារជាច្រើន រួមមានសហភាពអឺរ៉ុប (EU) ទីភ្នាក់ងារជំនួយរបស់ចក្រភពអង់គ្លេស (UKAID) មូលនិធិ Fleming Fund ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ទីភ្នាក់ងារណូវែលហ្សេឡង់សម្រាប់ការអភិវឌ្ឍអន្តរជាតិ (NZAID) ក្រសួងចំណីអាហារ និងសុវត្ថិភាពឱសថនៃសាធារណរដ្ឋកូរ៉េ  និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។

 

 

សម្រាប់ព័ត៌មានបន្ថែម​ សូមទាក់ទង៖

  • ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ លេខទូរសព្ទ៖ +៨៥៥ ១២ ៤៥១ ១១១
  • លោកជំទាវ អ៊ឹម រចនា អនុរដ្ធលេខាធិការក្រសួងកសិកម្ម រុក្ខាម្រមាញ់ និងនេសាទ  លេខទូរសព្ទ៖ +៨៥៥ ៧៧៨២៤ ៤៦៦
  • ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម លេខទូរសព្ទ៖ +៨៥៥ ១២​៥៦៨ ​៣៥៦
  • ឯកឧត្តម ចាន់ សុផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត  បច្ចេកវិទ្យានិងនវានុវត្តន៍ លេខទូរសព្ទ៖ +៨៥៥ ៩២​ ១៤៤ ​៤៣១
  • លោកឱសថការី អាំង ហុកស្រ៊ុន ប្រធានការិយាល័យសុវត្ថិភាពចំណីអាហារ នៃក្រសួងសុខាភិបាល លេខទូរសព្ទ៖ +៨៥៥ ៨៥​ ៥៣៨​ ​០៦៦
  • អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ៖ លោកស្រី ថូវេឡា មុនថាលី អ្នកជំនាញផ្នែកទំនាក់ទំនង លេខទូរសព្ទ៖ +៨៥៥ ៧៧ ៦១៣ ០៨០ អ៊ីមែល៖ Towela.Munthali@fao.org
  • អង្គការសុខភាពពិភពលោកនៃសហប្រជាជាតិ (WHO)៖  លីហ្សា ម៉ារៀ ស្មីត មន្ត្រីបច្ចេកទេស ផ្នែកទំនាក់ទំនង និងសម្របសម្រួលសុខភាព   លេខទូរសព្ទ៖ +៨៥៥ ១២ ៩១៩ ១៨០ អ៊ីមែល៖ smythl@who.int

អង្គភាពរបស់អង្គការសហប្រជាជាតិដែលចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ

FAO
អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ
UNIDO
អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម
WFP
កម្មវិធីស្បៀងអាហារពិភពលោកសហប្រជាជាតិ
WHO
អង្គការសុខភាពពិភពលោក

គោលដៅប្រកបដោយចីរភាពដែលគាំទ្រតាមរយៈគំនិតផ្តួចផ្តើមនេះ