«តោះចូលរួមសកម្មភាពដើម្បី SDGs»៖ កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា
25 October 2024
រាជធានីភ្នំពេញ — នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពន្លឿនការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) នៅប្រទេសកម្ពុជា អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា និងក្រុមហ៊ុន អ៊ីអន ម៉ល ខេមបូឌា កំពុងតែសហការរៀបចំព្រឹត្តិការណ៍ «តោះចូលរួមសកម្មភាពដើម្បី SDGs ឆ្នាំ ២០២៤»។ ប្រារព្ធឡើងរយៈពេលបីថ្ងៃ ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅផ្សារទំនើបអ៊ីអនម៉ល សែនសុខ ស៊ីធី ព្រឹត្តិការណ៍នេះនឹងប្រមែលប្រមូលភាគីពាក់ព័ន្ធសំខាន់ៗ ដូចជារដ្ឋាភិបាល ធុរកិច្ច ក្រុមយុវជន និងសាធារណជន ដើម្បីជំរុញវឌ្ឍនភាពរួមគ្នារបស់ប្រទេសកម្ពុជាឆ្ពោះទៅអនាគតប្រកបដោយចីរភាព។
ព្រឹត្តិការណ៍រយៈពេលបីថ្ងៃមួយនេះ នឹងបង្ហាញនូវសកម្មភាពជាបន្តបន្ទាប់ដែលត្រូវបានរៀបចំឡើង ដើម្បីបង្កើនការយល់ដឹង សម្របសម្រួលភាពជាដៃគូ និងបង្ហាញពីដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដែលសមស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ការលើកកម្ពស់តួនាទីរបស់បុគ្គលម្នាក់ៗក្នុងការរួមចំណែកដល់ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ការលើកកម្ពស់ការអនុវត្តប្រកបដោយចីរភាព ការលើកទឹកចិត្តដល់ការចូលរួមរបស់យុវជន និងជំរុញកិច្ចសហការក្នុងចំណោមភាគីពាក់ព័ន្ធដែលបានប្តេជ្ញាចិត្តចំពោះគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព គឺជាគោលបំណងសំខាន់ នៃព្រឹត្តិការណ៍នេះ។
សារធារណៈជន អាចចូលរួមក្នុងសកម្មភាពផ្សេងៗ នៃព្រឹត្តិការណ៍មួយនេះ ដែលមានដូចជា សុន្ទរកថាគន្លឹះដោយអ្នកជំនាញអភិវឌ្ឍន៍ប្រកបដោយចីរភាព ស្តង់ពិព័រណ៍ដែលបង្ហាញពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងគំនិតផ្តួចផ្តើមប្រកបដោយចីរភាពនានា ការពិភាក្សាលើប្រធានបទសំខាន់ៗដូចជាសកម្មភាពអាកាសធាតុ និងសមភាពយេនឌ័រ ការសម្តែង និងការប្រគុំតន្រ្តីវប្បធម៌ ព្រមទាំងឱកាសជួបសំណេះសំណាលជាមួយដៃគូពាក់ព័ន្ធនានាផងដែរ។
«ដំណើររបស់ប្រទេសកម្ពុជាឆ្ពោះទៅរករបៀបវារៈឆ្នាំ ២០៣០ ទាមទារឱ្យគ្រប់វិស័យនៃសង្គមធ្វើការរួមគ្នា។ «តោះចូលរួមសកម្មភាពដើម្បី SDGs ឆ្នាំ ២០២៤» ផ្តល់ឱកាសដ៏សំខាន់មួយសម្រាប់មនុស្សគ្រប់គ្នានៅក្នុងសហគមន៍ ក្នុងការចូលរួមសហការកាន់តែស៊ីជម្រៅ ចែករំលែកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងជំរុញស្មារតីនៃការទទួលខុសត្រូវរួមក្នុងការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ អង្គការសហប្រជាជាតិមានមោទនភាពក្នុងការចាប់ដៃគូជាមួយ AEON MALL Cambodia ដោយប្រមូលផ្តុំនូវអាជីវកម្ម សហគមន៍ និងអ្នកធ្វើសេចក្តីសម្រេចចិត្ត ដើម្បីពន្លឿនការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា» ប្រសាសន៍របស់ លោក ចូ សូយ័រអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា។
លោក អេនដូ ហ្វូមិហ៊ីកុ អគ្គនាយក ក្រុមហ៊ុន អ៊ីអន ម៉ល ខេមបូឌា បានបន្ថែមថា «នៅ ក្រុមហ៊ុន អ៊ីអន ម៉ល ខេមបូឌា យើងជឿជាក់លើថាមពលនៃកិច្ចសហការរបស់សហគមន៍ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។ តាមរយៈការសហការធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍«តោះចូលរួមសកម្មភាពដើម្បី SDGs ឆ្នាំ ២០២៤» យើងមានគោលបំណងផ្តល់នូវវេទិកាមួយដែលអាជីវកម្ម សហគមន៍ និងមនុស្សវ័យក្មេងអាចបង្កើតផលប៉ះពាល់ជាវិជ្ជមានដល់សង្គមបាន។ ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការលើកកម្ពស់ការយល់ដឹងប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្ហាញអំពីការប្រែក្លាយគំនិតទៅជាសកម្មភាពដែលរួមចំណែកដល់អនាគតប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា ស្របតាមបេសកកម្មរបស់ក្រុមហ៊ុនយើង នោះគឺ បំពេញជីវិតប្រចាំថ្ងៃនៅកម្ពុជាជាមួយនឹងលទ្ធភាពថ្មីៗ ។»
ព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍៖
- កាលបរិច្ឆេទ៖ ថ្ងៃទី ១ ដល់ទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២៤
- ទីតាំង៖ ផ្សារទំនើបអ៊ីអនម៉ល សែនសុខ ស៊ីធី ជាន់ផ្ទាល់ដី ច្រកចូល 5B
- ម៉ោង៖ ៩:00 ព្រឹក ដល់ ៩:00 យប់
កម្មវិធីសំខាន់ៗ៖
- ស្តង់ពិព័រណ៍៖ ទីភ្នាក់ងារអង្គការសហប្រជាជាតិ រួមមាន UNDP UNFPA និង UN Women ព្រមទាំងអាជីវកម្មនានា នឹងបង្ហាញផលិតផល ដែលប្រកបដោយចីរភាព និងគំនិតផ្តួចផ្តើមទាក់ទងនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលផ្តល់ឱកាសសម្រាប់អ្នកចូលរួម ស្វែងយល់បន្ថែមអំពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការអនុវត្តប្រកបដោយភាពច្នៃប្រឌិត។
- កិច្ចពិភាក្សា៖ ដឹកនាំដោយអ្នកជំនាញលើសកម្មភាពអាកាសធាតុ (SDG 13) និងសមភាពយេនឌ័រ (SDG 5) នឹងផ្តោតលើបញ្ហាប្រឈម និងឱកាស។
- ការសម្តែង និងការប្រគុំតន្រ្តីវប្បធម៌៖ ការសម្តែងរបស់សិល្បករខ្មែរ និងជប៉ុន ដើម្បីជំរុញឱ្យមានសាមគ្គីភាព និងការសហការគ្នាតាមរយៈតន្ត្រី និងវប្បធម៌។
###
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
- អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា៖ កញ្ញា កែវ ស្រីស្រស់ មន្រ្តីទំនាក់ទំនង និងស្វែងរកការគាំទ្រ នៃការិយាល័យអ្នកសម្របសម្រួលអង្គការសហប្រជាជាតិនៅកម្ពុជាតាមរយៈ sreysros.keo@un.org និង ទូរសព្ទ (+855) 11 88 57 66
- ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា)៖ ផ្នែកផែនការសាជីវកម្ម តាមរយៈទូរសព្ទ (+855) 10 511 014