លើកស្ទួយវិស័យជលផលកម្ពុជា៖ កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) របស់គម្រោង CAPFISH-Capture ផ្តល់កិច្ចគាំទ្រដល់សហគ្រាសជលផល ដើម្បីនិរន្តរភាពនិងទីផ្សារកាន់តែប្រសើរ
04 February 2025
រាជធានីភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥៖ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការលើកកម្ពស់និរន្តរភាពនិងភាពប្រកួតប្រជែងរបស់វិស័យជលផលនៅកម្ពុជា គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ក្នុងថ្ងៃនេះ បានប្រគល់កញ្ចប់គាំទ្រជាផ្លូវការដល់សហគ្រាសជលផលក្រោយប្រមូលផលចំនួន ២៣ តាមរយៈកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) និងកម្មវិធីគាំទ្រសហគ្រាសជលផលខ្នាតតូចនិងមធ្យម (VCIS) ដែលមានសហគ្រាសជាងពាក់កណ្តាលគ្រប់គ្រងដោយស្រ្តី។ កម្មវិធី ISF ត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ ២០២៤ ក្នុងគោលដៅគាំទ្រដល់សហគ្រាសជាង ១០០ ក្នុងការសម្រេចបាននូវកំណើនប្រកបដោយចីរភាពនិងគ្រប់គ្រងដោយសាជីវកម្មធានាឥណទានកម្ពុជា (CGCC)។
គម្រោង CAPFISH-Capture គឺជាផ្នែកមួយនៃកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាពនិងបរិយាប័ន្ន (CAPFish) របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU)។ គម្រោងនេះ អនុវត្តរួមគ្នាដោយ
រដ្ឋបាលជលផល (FiA) និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ដើម្បីលើកស្ទួយនិងកែលម្អ
ប្រតិបត្តិការរបស់សហគ្រាសជលផលក្នុងស្រុក។
បន្ថែមពីលើកម្មវិធី VCIS របស់គម្រោង CAPFISH-Capture ដែលបាននិងកំពុងតែដំណើរការក្នុងការផ្តល់ការគាំទ្រ ជាសម្ភារបរិក្ខារនិងជំនួយបច្ចេកទេសដល់សហគ្រាសនិងតួអង្គក្នុងខ្សែច្រវាក់តម្លៃ រួមទាំងអ្នកផ្គត់ផ្គង់ធាតុចូល កម្មវិធី ISF ផ្តល់ការគាំទ្រដល់ជាប្រាក់កម្ចីនិងជំនួយបច្ចេកទេសសមស្រប ដើម្បីបង្កើនប្រសិទិ្ធភាពប្រតិបត្តិការនិងការកែច្នៃផល ផលិតផល ជលផលជារួម។ យុទ្ធវិធីនេះ រួមចំណែកបង្កើនផលិតភាពរបស់សហគ្រាសនិងកែលម្អគុណភាពនិងសុវត្ថិភាពរបស់ផលិតផល។ លោក Gunther BEGER នាយកគ្រប់គ្រងអគ្គនាយកដ្ឋានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃអង្គការ UNIDO បានសង្កត់ធ្ងន់លើសារៈសំខាន់នៃគំនិតផ្តួចផ្តើមកម្មវិធី ISF ដោយមានប្រសាសន៍ថា «តាមរយៈកិច្ចសហការជាសារវ័ន្តជាមួយរាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ និងស្ថាប័នហិរញ្ញវត្ថុដៃគូ យើងអាចផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់សហគ្រាសជលផល។ កម្មវិធីនេះ មានគោលដៅផ្តល់តម្លៃបន្ថែមនិងបង្កើនបរិមាណផ្គត់ផ្គង់ផលិតផលជលផលដែលមានសុវត្ថិភាព ដើម្បីធ្វើឲ្យកាន់តែមានភាពប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ រួមទាំង សហភាពអឺរ៉ុប។»
លោក ប្រាយអិន ហ្វរណារី ប្រធានកិច្ចសហប្រតិបត្តិការនៃស្ថានប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានមានប្រសាសន៍លើកឡើងពីផលជះផ្នែកសង្គមនៃកម្មវិធី ISF នេះ ដោយកត់សម្គាល់ថា «ខ្ញុំជឿជាក់លើផលជះនៃសុវត្ថិភាពម្ហូបអាហារថាពិតជាកត្តាជំរុញដ៏សំខាន់មួយដល់កំណើនសេដ្ឋកិច្ច។ នៅពេលដែលសហគ្រាសអាចបំពេញបានតាមលក្ខខណ្ឌតម្រូវនៃស្តង់ដារសុវត្ថិភាពម្ហូបអាហារ រួមទាំអការអនុវត្តប្រព័ន្ធអង្កេតដាន សហគ្រាសទាំងនោះនឹងមិនត្រឹមតែអាចរីកចម្រើនក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងអាចពង្រីកទៅកាន់ទីផ្សារអន្តរជាតិផងដែរ បន្ថែមលើការបង្កើតការងារ ជាពិសេសសម្រាប់ស្ត្រី និងលើកកម្ពស់សុខភាពសាធារណៈ។»
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កោតសសើរគម្រោង CAPFISH-Capture និង សាជីវកម្ម CGCC ចំពោះវឌ្ឍនភាពដែលសម្រេចបានមកទល់ពេលនេះ ដោយមានប្រសាសន៍លើកឡើងថា៖ «កម្មវិធី ISF ស្តង់ដារសុវត្ថិភាពម្ហូបអាហារ និងប្រព័ន្ធអង្កេតដាន គឺជាគំនិតផ្ដួចផ្ដើមដ៏ល្អៗ ដែលនឹងរួមចំណែកបង្កើនផលិតផលសរុបក្នុងស្រុក (GDP) និងជំរុញឱ្យមានការផ្លាស់ប្តូរជាប្រព័ន្ធ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ (Pentagonal Strategy) របស់រាជរដ្ឋាភិបាលកម្ពុជា។ បទពិសោធជោគជ័យនៃគំនិតផ្តួចផ្តើមទាំងនេះ មិនត្រឹមតែអាចលើកកម្ពស់កំណើនសេដ្ឋកិច្ចនិងនិរន្តរភាពនៃ អនុវិស័យកសិកម្មនិងជលផលរបស់កម្ពុជាប៉ុណ្ណោះទេ តែវាក៏នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងអស់ផងដែរ។»
ដើម្បីផ្តល់ការគាំទ្របន្ថែមសម្រាប់សហគ្រាសក្នុងស្រុកដែលមានសក្តានុពលក្នុងស្រុកនាំចេញផលិតផល គម្រោង CAPFISH-Capture បានបង្កើតនិងដាក់ឱ្យដំណើរការប្រព័ន្ធអង្កេតដានឌីជីថល ដែលមានឈ្មោះថា CamTrace នៅក្នុងថ្ងៃនេះផងដែរ។ ប្រព័ន្ធ CamTrace អាចជួយឱ្យសហគ្រាសអាចនាំចេញផល ផលិតផលជលផលរបស់ខ្លួនទៅកាន់ទីផ្សារក្រៅស្រុក ខណៈដែលវាជួយឲ្យអ្នកបរិភោគអាចផ្ទៀងផ្ទាត់ព័ត៌មានពាក់ព័ន្ធទៅនឹងប្រភពដើមផលិតផលបាន។ បច្ចុប្បន្ន មានសហគ្រាសចំនួនប្រាំបីកំពុងប្រើប្រាស់ប្រព័ន្ធនេះ។ ការអនុវត្តប្រព័ន្ធនេះកាន់តែច្រើនពីសំណាក់សហគ្រាសដែលមានសក្តានុពលនាំចេញផ្សេងទៀត នឹងពន្លឿនលទ្ធភាពនៃការនាំចេញផល ផលិតផលជលផលមានគុណភាពនិងសុវត្ថិភាពបានកាន់តែលឿន។
តាមរយៈកម្មវិធី ISF នេះ គម្រោង CAPFISH-Capture បានបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់មួយទៀតរបស់ខ្លួនក្នុងការជំរុញការអភិវឌ្ឍវិស័យជលផលរបស់កម្ពុជា ដោយធានាថាសហគ្រាសក្នុងស្រុកមានការរីកចម្រើននិងភាពប្រកួតប្រជែងនៅក្នុងទីផ្សារសកល។ គំនិតផ្តួចផ្តើមនេះ បានរួមចំណែកពង្រឹងភាពធន់របស់សេដ្ឋកិច្ចជាតិនិងសុខភាពសាធារណៈ។
- ព័ត៌មានទូទៅរបស់គម្រោង៖ https://open.unido.org/projects/KH/projects/180039
- ព្រឹត្តិប័ត្រព័ត៌មានគម្រោង៖ http://newslettercapfish-postharvest.org/achieve
![Samruol_UNDP](/sites/default/files/styles/thumbnail/public/2021-01/0Z5A0137.jpg?h=d1f59fcb&itok=tfP2qZrH)