គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) រៀបចំកម្មវិធីចម្អិនម្ហូបធ្វើពីត្រីខ្មែរ
04 February 2025
រាជធានីភ្នំពេញ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ក្រោមកិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប (EU) បានរៀបចំ ពិធីបង្ហាញការចម្អិនម្ហូបរបស់គម្រោង CAPFISH-Capture៖ ភោជនាហារធ្វើពីត្រីខ្មែរ នៅល្ងាចថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥។ ព្រឹត្តិការណ៍នេះប្រារព្ធឡើងក្រោមប្រធានបទ «បរិភោគត្រីក្នុងស្រុក៖ ជាអាហារសុខភាពដើម្បីអភិវឌ្ឍន៍សហគមន៍» ក្នុងគោលដៅផ្សព្វផ្សាយអំពីសិល្បៈដ៏សម្បូរបែបក្នុងការចម្អិនម្ហូបដោយប្រើប្រាស់ត្រីក្នុងស្រុកនិងលើកកម្ពស់ការអភិវឌ្ឍវិស័យជលផលប្រកបដោយចីរភាព។
ពិធីបង្ហាញការចម្អិនម្ហូបធ្វើពីត្រីខ្មែរនេះ បានឆ្លុះបញ្ចាំងអំពីតម្លៃមិនអាចកាត់ថ្លៃបាននៃការផ្សារភ្ជាប់គ្នារវាងធនធានជលផលនិងជីវភាពរស់នៅរបស់ប្រជាជនខ្មែរតាំងពីបុរាណកាល និងបានបង្កើតឱកាសអាជីវកម្មសម្រាប់សហគ្រាសជលផលខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ជាពិសេសសហគ្រាសគ្រប់គ្រងដោយស្រ្តីនិងយុវវ័យ។
កម្មវិធីនេះបានផ្តល់ឱកាសឱ្យសហគមន៍មូលដ្ឋាន សហគ្រាសកែច្នៃជលផល តំណាងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ បានជួបពិភាក្សានិងប្រឹងប្រែងរួមគ្នាដើម្បីលើកកម្ពស់និងផ្សព្វផ្សាយអំពីការចម្អិនមុខម្ហូបផ្សេងៗពីត្រីឱ្យបានទូលំទូលាយនិងជំរុញឲ្យកាន់តែមានតម្រូវការបរិភោគផលិតផលជលផលប្រកបដោយនិរន្តរភាព ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជនក្នុងពេលបច្ចុប្បន្ននិងមនុស្សជំនាន់ក្រោយៗជាបន្តទៀត។ វិស័យជលផល បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀងដោយហេតុថា ប្រូតេអ៊ីននៃរបបអាហារសម្រាប់គ្រួសារខ្មែរ ៧៦% ទទួលបានមកពីត្រី បន្ថែមលើការបង្កើតការងាប្រមាណជា ២ លាននៅទូទាំងប្រទេស។
គ្រួសារខ្មែរទូទៅ នៅតែបន្តពេញនិយមទទួលទានមុខម្ហូបបែបប្រពៃណីខ្មែរដូចជា ប្រហុកខ្ទិះ ត្រីងៀត ផ្អក និងត្រីឆ្អើរជាដើម។ ប៉ុន្តែដោយមើលឃើញពីនិន្នាការសកលបានកំពុងជះឥទ្ធិពលមកលើទម្លាប់នៃការបរិភោគនិងចំណង់ចំណូលចិត្តរបស់យុវវ័យនាពេលបច្ចុប្បន្នឲ្យងាកមកទទួលទានមុខម្ហូបបែបបរទេស កម្មវិធីរបស់យើងបានអញ្ជើញចុងភៅមកពីវិទ្យាស្ថានម្ហូបអាហារកម្ពុជា (ACAC) ដើម្បីចម្អិនម្ហូបប្រកបដោយភាពច្នៃប្រឌិតនូវមុខម្ហូបបែបសម័យមផ្សេងៗដូចជា ស៊ូស៊ី និងសាស៊ីមីធ្វើពីត្រីខ្មែរជាដើម ក្នុងគោលដៅបង្ហាញពីភាពសម្បូរបែបនៃផលិតផលជលផលកម្ពុជានិងសារៈសំខាន់នៃការប្រើប្រាស់ធនធានប្រកបដោយនិរន្តរភាព។
លោក Gunther BEGER នាយកគ្រប់គ្រងអគ្គនាយកដ្ឋានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃអង្គការ UNIDO បានមានប្រសាសន៍ថា៖ «កិច្ចសហការរបស់យើងជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងភាគីពាក់ព័ន្ធ មានសារៈសំខាន់ណាស់សម្រាប់បណ្តុះគំនិតច្នៃប្រឌិត ដើម្បីឲ្យធានាមានភាពរស់រវើកនិងភាពប្រកួតប្រជែងរបស់វិស័យជលផល។ កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង ពិតជានឹងរួមចំណែកជំរុញឲ្យមានការផ្លាស់ប្តូរនិងធានានូវអនាគតដ៏ស្រស់ផូរផង់សម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។»
លោក ឃួន អេវីរ៉ាត លេខាទី១ - អនុប្រធានផ្នែកសហប្រតិបត្តិការនៃស្ថានប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖ «ព្រឹត្តិការណ៍នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុបក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យជលផលរបស់កម្ពុជាប្រកបដោយចីរភាព តាមរយៈការជួយឱ្យសហគមន៍មូលដ្ឋានរីកចម្រើននិងការពារធនធានធម្មជាតិក្នុងពេលដំណាលគ្នា។ ការលើកស្ទួយមុខម្ហូបធ្វើពីត្រីខ្មែរ មិនត្រឹមតែបង្កើតវប្បធ៌មនៃការទទួលបានអាហារមានសុវត្ថិភាពដើម្បីសុខភាពប៉ុណ្ណោះទេ ប៉ុន្តែក៏រួមចំណែកជំរុញផ្នែកទេសចរណ៍និងពន្លឿនកំណើនសេដ្ឋកិច្ចផងដែរ»។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបានគូសបញ្ជាក់ថា៖ «ចម្លាក់មច្ឆជាតិនៅលើថែវនៃប្រាសាទអង្គរវត្តនិងប្រាសាទបាយ័ន ឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់អំពីភាពសម្បូរនៃធនធានជលផលនៅកម្ពុជា តាំងពីបុរាណកាលមកទល់បច្ចុប្បន្ន។ ដើម្បីធានានិរន្ដរភាពនៃធនធានជលផល រក្សាបាននូវសន្តិសុខស្បៀងសម្រាប់ប្រជាជនកម្ពុជា ទាំងពេលនេះនិងនាពេលអនាគត ក្រសួង សហការជាមួយអង្គការដៃគូ សូមគាំទ្រនិងលើកទឹកចិត្តដល់ក្រុមហ៊ុនព្រមទាំងសហគ្រាសនានា រួមគ្នាអនុវត្តផលិតកម្មនិងការប្រើប្រាស់ធនធានជលផលប្រកបដោយនិរន្ដរភាព និងឈានទៅលើកកម្ពស់មុខមាត់ផលិតផលខ្មែរនិងការអភិរក្សបេតិកភណ្ឌវប្បធម៌របស់យើង។»
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅតែរក្សាជំហរនិងការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនងដ៏រឹងមាំជាមួយភាគីពាក់ព័ន្ធ ដើម្បីធានាបានវិបុលភាពនិងនិរន្តរភាពរបស់វិស័យជលផលកម្ពុជា។ ក្រសួងស្វាគមន៍រាល់គំនិតផ្តួចផ្តើមថ្មីៗដែលគាំទ្រដល់វិស័យដ៏សំខាន់នេះ បន្ថែមលើវឌ្ឍនភាពដែលយើងទទួលបានមកទល់ពេលនេះតាមរយៈភាពជាដៃគូ។
- ព័ត៌មានទូទៅរបស់គម្រោង៖ https://open.unido.org/projects/KH/projects/180039
- ព្រឹត្តិប័ត្រព័ត៌មានគម្រោង៖ http://newslettercapfish-postharvest.org/achieve
![Samruol_UNDP](/sites/default/files/styles/thumbnail/public/2021-01/0Z5A0137.jpg?h=d1f59fcb&itok=tfP2qZrH)