ស្ត្រីដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ផលិតកម្មបៃតងនៅកម្ពុជា
ក្នុងនាមជាស្ត្រីដែលបម្រើការក្នុងវិស័យឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា អ្នកស្រី បញ្ញារិទ្ធ ជាអ្នកមើលការខុសត្រូវផ្នែកសុខភាព សុវត្ថិភាព និងបរិស្ថាននៃក្រុមហ៊ុន Wan He Da Manufacturing Company Limited ក្នុងប្រទេសកម្ពុជា។ គាត់បានធ្វើការនៅក្នុងវិស័យនេះអស់រយៈពេល ៧ ឆ្នាំមកហើយ។ អ្នកស្រី បញ្ញារិទ្ធ បានចូលរួមក្នុងវគ្គបណ្តុះបណ្តាល TEST Project ដែលរៀបចំរួមគ្នាដោយអង្គការ UNIDO និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) ដែលមានឈ្មោះថាគម្រោង «អភិវឌ្ឍន៍កាបូនទាបសម្រាប់ផលិតភាព និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុតាមរយៈការផ្ទេរវិធីសាស្រ្តបច្ចេកវិទ្យាបរិស្ថានមេត្រី (TEST)» ដែលមានបំណងលើកទឹកចិត្តដល់បណ្តារោងចក្រក្នុងប្រទេសកម្ពុជា ឱ្យប្រើប្រាស់បច្ចេកវិទ្យាបរិស្ថានមេត្រី ដើម្បីបង្កើនផលិតកម្មរបស់ពួកគេ ហើយស្របពេលជាមួយគ្នានោះដែរ កាត់បន្ថយការបញ្ចេញកាបូនទៅក្នុងបរិស្ថាន។
ចំណងជើង៖ Ms. Panharith Hang presented the progress update of recommended measure to UNIDO delegates
រូបថត៖ ©UNIDO-TEST Project/2022
មុននឹងចូលរួមក្នុងគម្រោង TEST គាត់បានសង្កេតឃើញថា រោងចក្រដែលគាត់កំពុងធ្វើការឱ្យនោះបានជួបប្រទះបញ្ហាជាច្រើនដូចជា ការប្រើប្រាស់ថាមពល និងទឹកមានកម្រិតខ្ពស់ និងមានប្រសិទ្ធភាពក្នុងកម្រិតមធ្យម ទាក់ទងនឹងការគ្រប់គ្រងសម្ភារ និងកាកសំណល់។ ជាលទ្ធផល រោងចក្រចំណាយថ្លៃដើមខ្ពស់នៅក្នុងខ្សែចង្វាក់ផលិតកម្ម ហើយបានប៉ះពាល់ដល់បរិស្ថាន តិចឬក៏ច្រើន។
អ្នកស្រី បញ្ញារិទ្ធ បន្ថែមថា នៅពេលដែលរោងចក្របានចូលរួមក្នុងគម្រោង «អភិវឌ្ឍន៍កាបូនទាបសម្រាប់ផលិតភាព និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុតាមរយៈការផ្ទេរវិធីសាស្រ្តបច្ចេកវិទ្យាបរិស្ថានមេត្រី (TEST)” ក្នុងឆ្នាំ២០១៩ ជាគម្រោងសំខាន់មួយក្នុងចំណោមគម្រោងសំខាន់ៗដទៃទៀតក្រោមក្របខណ្ឌនៃកម្មវិធីដើម្បីភាពជាដៃគូប្រចាំប្រទេស (PCP) របស់អង្គការ UNIDO ដែលនៅក្នុងនោះអ្នកស្រីត្រូវបានចាត់តាំងឱ្យធ្វើជាជនបង្គោលរបស់រោងចក្រ ដើម្បីទទួលបានការគាំទ្រផ្នែកបច្ចេកទេស និងការកសាងសមត្ថភាពពីក្រុមការងារនៃអង្គការ UNIDO និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) លើការវាយតម្លៃវិធីសាស្រ្ត TEST ព្រមទាំងប្រសិទ្ធភាពធនធាន និងផលិតកម្មស្អាតជាងមុន (RECP) ដើម្បីបង្កើតក្រុមការងារ TEST នៅរោងចក្រ ដើម្បីអនុវត្តវិធានការនានាតាមលទ្ធផលរកឃើញ និងដើម្បីទទួលបានវគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធគ្រប់គ្រងបរិស្ថាន (EMS) និងគណនេយ្យគ្រប់គ្រងបរិស្ថាន (EMA)។ ចាប់តាំងពីពេលនោះមក អ្នកស្រីបានគាំទ្រ និងកែលម្អផែនទីបង្ហាញផ្លូវបរិស្ថានសម្រាប់ដំណើរការផលិតកម្មរបស់រោងចក្រកាន់តែប្រសើរឡើង។ “បន្ទាប់ពីទទួលបានចំណេះដឹងពីវគ្គបណ្តុះបណ្តាល និងការវាយតម្លៃជាបន្តបន្ទាប់នៅក្នុងគម្រោង TEST រួចមក ក្រុមការងាររបស់ខ្ញុំ និងខ្ញុំអាចធ្វើឱ្យការអនុវត្តផ្នែកបរិស្ថានរបស់យើងមានភាពប្រសើរឡើង ដោយបំពេញបានតាមតម្រូវការរបស់អតិថិជន ដូចជាបង្កើនពិន្ទុ HIGG ពី ៣៧% ក្នុងឆ្នាំ២០១៨ ដល់ ៦០% ក្នុងឆ្នាំ២០២១ »។
លើសពីនេះ ក្នុងនាមជាអ្នកអនុវត្តវិធានការ អ្នកស្រី បញ្ញារិទ្ធ បានចូលរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងនូវការអនុវត្តផ្នែកបរិស្ថាន តាមរយៈការលើកកម្ពស់ការអនុវត្តបៃតង ឬបែបអភិរក្ស ដោយផ្លាស់ប្តូរអាកប្បកិរិយារបស់អ្នកប្រើប្រាស់ រួមទាំងប្តូរការប្រើប្រាស់ម៉ាស៊ីនត្រជាក់ពីសីតុណ្ហភាព ១៨ °C ឬ ២០ °C មកនៅសីតុណ្ហភាព ២៥ °C វិញ ការអនុវត្តការថែទាំផ្ទះឱ្យបានល្អតាមរយៈការប្រើប្រាស់ថាមពល និងទឹកយ៉ាងមានប្រសិទ្ធភាព ក៏ដូចជាការគ្រប់គ្រង និងកែច្នៃកាកសំណល់ឱ្យបានត្រឹមត្រូវ។ គាត់ក៏បានអនុវត្តបច្ចេកវិទ្យាបៃតង និងមានប្រសិទ្ធភាពផងដែរ ដូចជាការប្រើប្រាស់អំពូល LED ជំនួសឱ្យអំពូលម៉ែត្រ ការថែរក្សាឡចំហាយឱ្យបានត្រឹមត្រូវ ការបង្ការការលេចធ្លាយខ្យល់ ការប្រើប្រាស់ប្រព័ន្ធដំណើរការដែលមានប្រសិទ្ធភាពសម្រាប់ម៉ាស៊ីនកុមប្រេស័រ ហើយថែមទាំងពិចារណាលើការវិនិយោគលើថាមពលពន្លឺព្រះអាទិត្យ PV នៅរោងចក្រផងដែរ។
គាត់បានប្រាប់ទៅអ្នកសម្ភាសន៍ថា «ក្នុងនាមជាស្ត្រីដែលធ្វើការក្នុងវិស័យបរិស្ថាន ការងារជាច្រើនទាមទារឱ្យមានការរួមចំណែកយ៉ាងច្រើនរបស់ខ្ញុំទាក់ទងនឹងលិខិតស្នាមផ្សេងៗដូចជា ការប្រមូល វិភាគ រាយការណ៍ និងបង្ហាញទិន្នន័យ ក៏ដូចជាការសម្របសម្រួល និងគ្រប់គ្រងការងារជាមួយក្រុមការងារបច្ចេកទេសក្នុងការអនុវត្តផែនការសកម្មភាព ឬវិធានការ RECP។ នៅពេលខ្ញុំបំពេញការងារ ពេលខ្លះខ្ញុំជួបបញ្ហាប្រឈមលើផ្នែកបច្ចេកទេស ដូចជាខ្វះជំនាញ និងចំណេះដឹង ឬប្រឈមនឹងបញ្ហាក្នុងការជ្រើសរើសវិធានការតបតដែលត្រឹមត្រូវលើបញ្ហាទាំងនោះ»។
ដើម្បីដោះស្រាយបញ្ហាប្រឈមខាងលើ អ្នកស្រី បញ្ញារិទ្ធ និងក្រុមការងារបានធ្វើការពិភាក្សាជាក្រុម ការប្រឹក្សាផ្នែកបច្ចេកទេស ឬបង្កើនសមត្ថភាព និងជំនាញរបស់បុគ្គលិក តាមរយៈកម្មវិធីកសាងសមត្ថភាព។ ការដោះស្រាយបញ្ហាប្រឈមក៏ជួយឱ្យរោងចក្រសម្រេចបាននូវគោលដៅបៃតងរបស់ខ្លួនផងដែរ ចាប់តាំងពីរោងចក្រ Wan He Da រៀបចំខ្លួនសម្រាប់ស្តង់ដារការងារខ្ពស់ជាងនេះ។ អ្វីដែលសំខាន់ គាត់បានបន្ថែមថា «ពេលខ្លះ ខ្ញុំអាចរកឃើញវិធីសាស្រ្តបែបច្នៃប្រឌិតដើម្បីអនុវត្តវិធានការបៃតងទាំងនោះទៀតផង»។
អ្នកស្រីបានចែករំលែកក្នុងពេលសម្ភាសន៍នោះថា «និយាយដោយសង្ខេប ដោយសារខ្ញុំបានចូលរួមយ៉ាងយកចិត្តទុកដាក់នៅក្នុងរោងចក្រ និងគម្រោងនេះ ខ្ញុំអាចមើលឃើញថាអាជីវកម្មរបស់រោងចក្រកំពុងរីកចម្រើនជាបណ្តើរៗ។ អតិថិជននៅក្រៅប្រទេសដូចជា សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ជាដើម ពេញចិត្តនឹងដំណើរការអនុវត្តការងាររបស់យើងដោយសារតែការកើនឡើងនៃការបញ្ជាទិញផលិតផល ទោះបីជាមានការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ក៏ដោយ ដែលជាហេតុធ្វើឱ្យមានការបង្កើតការងារកាន់តែច្រើនថែមទៀតដល់បុគ្គលិក-និយោជិតនៅក្នុងស្រុក»។
ជាចុងក្រោយ អ្នកស្រីបានបង្ហាញទស្សនៈផ្ទាល់ខ្លួនថា ការការពារបរិស្ថានគឺជាការទទួលខុសត្រូវរបស់បុគ្គលគ្រប់រូប ដោយមិនមានការរើសអើងយេនឌ័រទេ។ គាត់បានបន្ថែមថា «តាមបទពិសោធន៍របស់ខ្ញុំផ្ទាល់ ខ្ញុំគិតថាការងារបរិស្ថានគឺមិនមែនសម្រាប់តែបុរសទេ វាក៏ជាការងាររបស់ស្ត្រីដែរ ហើយវារួមចំណែកដល់ការអភិវឌ្ឍខ្លួន ស្ថាប័ន និងសហគមន៍។ ក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ជំនាញបៃតងពិតជាមានសារៈសំខាន់ និងពាក់ព័ន្ធនៅក្នុងការគាំទ្រដល់វិស័យកម្មន្តសាលនៅកម្ពុជា»។
រីករាយទិវាសិទ្ធនារីអន្តរជាតិ!