ពូ អ៊ុំ ណាង ដែលមានអាយុ ៦២ ឆ្នាំ បានធ្វើជាចុងភៅសម្រាប់កម្មវិធីផ្តល់អាហារដល់សាលារៀនក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ/ក្រសួងអប់រំ យុវជន និងកីឡា នៅសាលាបឋមសិក្សាត្រពាំ
ការផ្អាកសាលារៀននៅពាក់កណ្តាលខែមីនា បានរំខានដល់ការងារដែលគាត់ស្រឡាញ់ដោយមិននឹកស្មានដល់។ ទោះបីជាគាត់មិនចាំបាច់ក្រោកពីព្រលឹមដើម្បីរៀបចំអាហារពេលព្រឹកសម្រាប់ក្មេងៗទៀតក៏ដោយ គាត់មានអារម្មណ៍ថាហាក់ដូចជាខ្វះអ្វីម្យ៉ាង។
«សាលារៀនស្ងាត់ខ្លាំងណាស់ បើធៀបនឹងពេលមុន។ ខ្ញុំនឹកសំឡេងក្មេងៗដែលលេងនៅក្នុងបរិវេណសាលារៀន។ ខ្ញុំនឹកការចម្អិនម្ហូប និងការរៀបចំបន្លែបង្ការ» ពូ ណាង និយាយបែបនេះពេលគាត់កំពុងបង្ហាញពីសម្ភារផ្ទះបាយ និងសួនច្បារសាលារៀនរបស់គាត់
ចាប់តាំងពីបិទសាលារៀនមក ពូ ណាង ក៏បាត់បង់ផ្នែកមួយនៃការចិញ្ចឹមជីវិតរបស់គាត់ដែរ។ ការផ្តល់អង្ករពី ៣០ ទៅ ៤០ គីឡូក្រាមក្នុងមួយខែដែលបានមកពីសហគមន៍ជាការលើកទឹកចិត្តជាប្រចាំសម្រាប់គាត់ដើម្បីប៉ះប៉ូវលើការចំណាយពេលស្ម័គ្រចិត្តរបស់គាត់ និងប្រាក់បៀវត្សរ៍របស់គាត់ចំនួន ១០,២៥ ដុល្លារក្នុងមួយខែពីក្រុមប្រឹក្សាឃុំនោះ ក៏គាត់លែងទទួលបានដែរ។
បន្ទាប់ពីផ្តល់របបអាហារសម្រាប់យកទៅផ្ទះជាលើកដំបូងដល់សិស្សអាហារូបករណ៍ និងគ្រួសាររបស់ពួកគេក្នុងខែមីនា អង្គការសហប្រជាជាតិ/ក្រសួងអប់រំ យុវជន និងកីឡា បានដឹងថា ពួកគេបានធ្វេសប្រហែសក្នុងការឧបត្ថម្ភដល់ចុងភៅប្រចាំសាលារៀន។ ទោះបីជាពួកគេមិនមែនជាអ្នកទទួលផលផ្ទាល់ក៏ដោយ ប៉ុន្តែពួកគេគឺជាឆ្អឹងខ្នងនៃកម្មវិធីអាហារនៅសាលារៀន ហើយជារឿយៗពួកគេមានជីវភាពក្រីក្រ។ ការចែកចាយនៅខែមិថុនាត្រូវបានកែលម្អដើម្បីបញ្ចូលចុងភៅប្រចាំសាលាទាំងអស់ចំនួន ២ ១០៩ នាក់មកពីសាលាបឋមសិក្សាចំនួន ១ ១១៣ កន្លែងនៅក្នុងខេត្តចំនួន ១០ ដែលចូលរួមក្នុងកម្មវិធីអាហារនៅសាលារៀន។
ដោយសារគាត់កាន់បណ្ណចុះបញ្ជីជនក្រីក្រ លោកពូ ណាង និងក្រុមគ្រួសាររបស់គាត់ ទទួលបានរបបអង្ករ ៣០ គីឡូក្រាម និងប្រេងឆា ២ លីត្រ ដើម្បីជួយសម្រួលដល់ការរកប្រាក់ចិញ្ចឹមជីវិតនៅពេលគ្មានចំណូលផ្សេងទៀត។
«ខ្ញុំចង់អរគុណម្ចាស់ជំនួយដែលបានគិតគូរដល់ពួកយើងដែរ។ ក្រៅពីធ្វើម្ហូបសម្រាប់សាលា ខ្ញុំក៏ធ្វើម្ហូបសម្រាប់ពិធីបុណ្យពុទ្ធសាសនា និងពិធីមង្គលការផងដែរ។ ការផ្ទុះឡើងនៃកូវីដ-១៩ ធ្វើឱ្យមនុស្សជាច្រើនមិនអាចរៀបការ ឬរៀបចំពិធីបុណ្យផ្សេងៗបាន។ បញ្ហាទាំងអស់នេះបានប៉ះពាល់ដល់ខ្ញុំ ហើយរបបអាហារទាំងនេះនឹងអាចជួយដល់គ្រួសាររបស់ខ្ញុំបានមួយរយៈពេលដែរ» លោកពូ ណាង បាននិយាយដូច្នេះ ពេលគាត់កំពុងចង្អុលទៅអង្ករពីរថង់ និងដបប្រេងឆាដែលគាត់បានទទួល។
លោកពូបានបន្តថា «ខ្ញុំមិនចង់បានអ្វីក្រៅពីចង់ឃើញសាលាបើកឡើងវិញ និងបន្តធ្វើម្ហូបសម្រាប់ក្មេងៗទេ»។ លោកពូ ណាង ត្រៀមខ្លួនត្រឡប់ទៅសាលាវិញ ហើយបន្តការរួមចំណែករបស់គាត់ក្នុងការធ្វើម្ហូបអាហារសម្រាប់សាលារៀនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។