កម្មវិធីស្បៀងអាហារពិភពលោក និងរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមយុទ្ធនាការផ្លាស់ប្តូរឥរិយាបថ ដើម្បីលើកកម្ពស់អាហារូបត្ថម្ភរបស់កុមារក្នុងវ័យសិក្សា
13 September 2022
ភ្នំពេញ៖ កម្មវិធីស្បៀងអាហារពិភពលោកនៃអង្គការសហប្រជាជាតិ (WFP) សហការជាមួយនាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា (MoEYS) នឹងចាប់ផ្ដើមបើកយុទ្ធនាការទំនាក់ទំនងដើម្បីផ្លាស់ប្តូរឥរិយាបទសង្គមទាក់ទងនឹងរបបអាហាររបស់កុមារក្នុងវ័យសិក្សានៅកម្ពុជា។
ផែនការយុទ្ធនាការលើកកម្ពស់អាហារូបត្ថម្ភក្នុងសាលារៀននេះត្រូវបានបង្កើតឡើងដោយ WFP និង MoEYS នៅក្នុងសិក្ខាសាលាមួយកាលពីចុងសប្តាហ៍មុនដែលមានការចូលរួមពីទីភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការសង្គមស៊ីវិល ក្រសួងសុខាភិបាល និងការិយាល័យអប់រំខេត្ត កំពង់ឆ្នាំង កំពង់ធំ និងសៀមរាប។
លោកស្រី គ្លែរ កូណាន់ តំណាង និងនាយកប្រចាំប្រទេសរបស់ WFP មានប្រសាសន៍ថា “មានកត្តាជាច្រើនដែលរួមចំណែកឱ្យកុមារក្នុងវ័យសិក្សាមានអាហាររូបត្ថម្ភមិនល្អ ហើយឥរិយាបថរបស់ពួកគេនិងអ្នកថែទាំពួកគេគឺជាកត្តាកំណត់មួយក្នុងចំណោមកត្តាកំណត់ទាំងឡាយ ។ យុទ្ធនាការប្រកបដោយប្រសិទ្ធភាព ដែលអប់រំកុមារអំពីសារៈសំខាន់នៃរបបអាហារមានជីវជាតិ និងមានតុល្យភាព នឹងក្លាយជាចំណុចសំខាន់មួយដែលរួមចំណែកដល់ការអភិវឌ្ឍន៍សុខភាពរយៈពេលវែងរបស់ពួកគាត់”។
“បន្ថែមទៅលើការចូលរួមដ៏យូរអង្វែងកន្លងមករបស់យើងនៅក្នុងកម្មវិធីផ្ដល់ស្បៀងអាហារតាមសាលារៀន ឥឡូវនេះយើងកំពុងសហការជាមួយនាយកដ្ឋានសុខភាពសិក្សា និងដៃគូនានា ដើម្បីបង្កើតយុទ្ធនាការដែលលើកទឹកចិត្តឱ្យមានការបង្កើនការបរិភោគផ្លែឈើ បន្លែ និងប្រូតេអ៊ីន។”
នៅកម្ពុជា សិស្សសាលាទទួលរងនូវបញ្ហាអាហារូបត្ថម្ភផ្សេងៗដូចជា កង្វះមីក្រូសារជាតិកម្រិតខ្ពស់ អត្រាលើសទម្ងន់និងធាត់ជ្រុល និងកង្វះអាហារូបត្ថម្ភយូរអង្វែង។ ការកើនឡើងយ៉ាងឆាប់រហ័សនូវប្រជាប្រិយភាពរបស់អាហារកែច្នៃក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើគុណភាពរបបអាហារ។ ទន្ទឹមនឹងនេះ របបអាហារចម្រុះនៅតែមានកម្រិតទាប។ ការទទួលទានបាយ សាច់ និងត្រីមានបរិមាណខ្ពស់ ចំណែកការទទួលទានផ្លែឈើ បន្លែ និងប្រភេទប្រូតេអ៊ីនផ្សេងទៀតដូចជាទឹកដោះគោ ឬស៊ុត នៅមានកំរិតទាបខ្លាំងជាងកំរិតដែលណែនាំដោយគោលការណ៍អន្តរជាតិនៅឡើយ។
ឯកឧត្តម វេជ្ជបណ្ឌិត ឆាយ គឹមសុធាវី ប្រធាននាយកដ្ឋានសុខភាពសិក្សា មានប្រសាសន៍ថា “ករណីនេះគឺជាក្ដីបារម្ភណ៍យ៉ាងខ្លាំង ពីព្រោះថា ទោះបីជាមានវឌ្ឍនភាពខ្លះៗក្នុងការកាត់បន្ថយអត្រានៃភាពស្គមស្គាំង ក្រេសក្រិន និងខ្វះទម្ងន់ក៏ដោយ កង្វះអាហារូបត្ថម្ភនៅតែជាបញ្ហាដែលបន្តកើតមាននៅក្នុងកម្រិតគ្រួសារ។”
WFP សហការជាមួយរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងផ្តល់ស្បៀងអាហារតាមសាលារៀនដល់សិស្សសាលាបឋមសិក្សា និងមត្តេយ្យសិក្សាតាំងពីឆ្នាំ១៩៩៩ ដោយបានរួមចំណែកលើកកម្ពស់លទ្ធផលផ្នែកអាហារូបត្ថម្ភ ក៏ដូចជាវត្តមាន ការផ្តោតអារម្មណ៍ និងការរៀនសូត្ររបស់សិស្ស។ ទោះជាយ៉ាងណាក៏ដោយ ការផ្ដល់ស្បៀងអាហារតាមសាលារៀនគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះនៃរបបអាហាររបស់កុមារ វាមិនអាចសំដៅដោះស្រាយបញ្ហាទទួលទានអាហារនៅផ្ទះ ឬឥរិយាបថទទួលទាននំចំណីដែលមិនល្អនោះទេ។ ដូច្នេះ សាលារៀននៅតែជាវេទិកាមួយដែលផ្ដល់លទ្ធភាពនិងឱកាសក្នុងការលើកកម្ពស់របបអាហាររបស់កុមារ ឱ្យកាន់តែទូលំទូលាយ។
យុទ្ធនាការនេះនឹងជួយជំរុញដល់គោលដៅរបស់គោលនយោបាយជាតិស្តីពីសុខភាពសិក្សាឆ្នាំ២០១៩ ផែនការសកម្មភាពជាតិស្តីពីសុខភាពក្នុងវ័យសិក្សា និងគោលការណ៍ណែនាំស្ដីអំពីបទដ្ឋានលើកកម្ពស់សុខភាពសិក្សា ដែលទាំងអស់នេះមានរួមបញ្ចូលនូវអាទិភាពជាយុទ្ធសាស្រ្តសម្រាប់លើកកម្ពស់ការកែលម្អឥរិយាបថទទួលទានអាហារ និងឥរិយាបថសុខភាពរបស់សិស្សសាលា និងអាណាព្យាបាល។
# # #
កម្មវិធីស្បៀងអាហារពិភពលោកនៃអង្គការសហប្រជាជាតិ គឺជាអង្គការមនុស្សធម៌ដ៏ធំជាងគេបំផុតនៅលើពិភពលោក ដែលជួយសង្គ្រោះជីវិតមនុស្សក្នុងគ្រាអាសន្ន និងប្រើជំនួយស្បៀងអាហារ ជាវិធីកសាងមាគ៌ាឆ្ពោះទៅកាន់សន្តិភាព ស្ថិរភាព និងវិបុលភាព សម្រាប់ប្រជាជនដែលបានឆ្លងកាត់ជម្លោះ គ្រោះមហន្តរាយ និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។
