កម្មវិធីស្បៀងអាហារពិភពលោក និងក្រសួងអប់រំ រៀបចំកម្មវិធីប្រកួតចម្អិនម្ហូប ដើម្បីអបអរការរួមចំណែករបស់ចុងភៅសាលា នៅកម្ពុជា
28 December 2022
ខេត្តកំពង់ឆ្នាំង និងពោធិ៍សាត់៖ ក្នុងខែនេះ កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) និងក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចគាំទ្ររបស់ KOICA បង្ហាញនូវការទទួលស្គាល់នូវតួនាទីដ៏សំខាន់របស់ចុងភៅសាលា ក្នុងការញ៉ាំងឱ្យកម្មវិធីអាហារតាមសាលារៀនអាចដំណើរការទៅបានដោយរលូន តាមរយៈកម្មវិធីប្រកួតចម្អិនម្ហូប។
លោកស្រី គ្លែរ កូណាន់ អ្នកតំណាងនិងជានាយិការបស់ WFP មានប្រសាសន៍ថា "កម្មវិធីអាហារតាមសាលារៀនមានឥទ្ធិពលយ៉ាងជាក់ច្បាស់លើសុខភាព ការលូតលាស់ និងភាពជោគជ័យរបស់សិស្សនៅក្នុងថ្នាក់រៀន។ កម្មវិធីប្រកួតចម្អិនម្ហូបតាមសាលាគឺជាវិធីដ៏រីករាយមួយក្នុងការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងនិងការលះបង់របស់ចុងភៅសាលាចំនួន ៣.០០០នាក់នៅក្នុងកម្មវិធីអាហារតាមសាលារៀននៅកម្ពុជា។ អាហារពេលព្រឹក ក្តៅៗ មានជីវជាតិ ដែលចម្អិនរៀងរាល់ព្រឹក បានធ្វើដំណើរដ៏វែងឆ្ងាយឆ្ពោះទៅអនាគតដ៏ត្រចះត្រចង់សម្រាប់កុមារកម្ពុជា។”
ឯកឧត្តមវេជ្ជបណ្ឌិត យង់ គន្ធារិទ្ធ អនុប្រធាននាយកដ្ឋានសុខភាពសិក្សា មានប្រសាសន៍ថា “វាក៏ជាឱកាសមួយផងដែរ សម្រាប់ចុងភៅក្នុងការស្វែងយល់ពីសារៈសំខាន់នៃអនាម័យផ្ទះបាយនិងការអនុវត្តដែលនាំមកនូវសុវត្ថិភាពចំណីអាហារ ចែករំលែកបទពិសោធន៍ធ្វើម្ហូប និងបង្កើនការយល់ដឹងរបស់ពួកគាត់អំពីតម្រូវការអាហារ និងមូលដ្ឋានគ្រឹះនៃអាហារូបត្ថម្ភនៅតាមសាលារៀន។”
នៅដើមឆ្នាំសិក្សា២០១៦-២០១៧ កម្មវិធីប្រកួតធ្វើម្ហូបនៅសាលាគឺជាការប្រកួតប្រជែងមួយដែលលើកកម្ពស់មុខម្ហូបសុខភាព ដែលមានរសជាតិឆ្ងាញ់សម្រាប់សិស្សានុសិស្ស និងជំរុញភាពច្នៃប្រឌិតនិងការចំណាយដែលមានប្រសិទ្ធិភាព។ ចុងភៅម្នាក់ៗទទួលបានប្រាក់ប្រាំដុល្លារសម្រាប់ទិញគ្រឿងផ្សំ។ ពួកគាត់ត្រូវប្រើប្រាស់គ្រឿងផ្សំយ៉ាងតិចបី ដែលផលិតនិងដាំដុះនៅក្នុងសហគមន៍ និងត្រូវតែអនុលោមតាមគោលការណ៍អាហារូបត្ថម្ភសម្រាប់កុមារ។ មុខម្ហូបត្រូវបានវាយតម្លៃដោយគណៈកម្មការមកពីនាយកដ្ឋានសុខភាពសិក្សា និងកម្មវិធីស្បៀងអាហារពិភពលោក ដោយដាក់ពិន្ទុលើគំនិតដើម រសជាតិ សណ្ឋាន និងរូបរាងរបស់មុខម្ហូប។ ការរៀបចំបង្ហាញមុខម្ហូបបានស្អាតល្អនឹងទទួលបានពិន្ទុបន្ថែម។ បេក្ខជនដែលទទួលបានជ័យលាភីចំនួន៣នាក់មកពីស្រុកនីមួយៗនឹងចូលរួមការប្រកួតវគ្គចុងក្រោយនៅថ្នាក់ខេត្ត ដែលគ្រឿងផ្សំនិងមុខម្ហូបត្រូវបានបង្ហាញភ្លាមៗក្នុងពេលការប្រកួតចម្អិន។ ចុងភៅជ័យលាភីចំនួនបីរូបនឹងត្រូវបានជ្រើសរើស ហើយនឹងទទួលបានរង្វាន់។
កាលពីសប្តាហ៍មុន បេក្ខជនដែលឈ្នះក្នុងការប្រកួតថ្នាក់ស្រុកសរុបចំនួន១៥ នាក់មកពីស្រុកចំនួន៥ ក្នុងខេត្តពោធិ៍សាត់ បានឈានចូលដល់ការប្រកួតវគ្គចុងក្រោយ។ ចំណែកនៅកំពង់ឆ្នាំង បេក្ខជនដែលឈ្នះចំនួន១៨រូបមកពីស្រុកចំនួន៦ ក៏បានចូលរួមក្នុងវគ្គចុងក្រោយដែរក្នុងសប្តាហ៍នេះផងដែរ។ ចុងភៅទទួលជ័យលាភីលេខ១ប្រចាំខេត្តនីមួយៗនឹងទទួលបានប្រាក់រង្វាន់ចំនួន១៥០ដុល្លារ លេខ២ បាន១២០ដុល្លារ និងលេខ៣ បាន១០០ដុល្លារ។ ចុងភៅជ័យលាភីទាំងអស់ក៏នឹងទទួលបានប្រាក់រង្វាន់សម្រាប់សាលារៀនរបស់គាត់ផងដែរចំនួន១០០ដុល្លារក្នុងមួយសាលា សម្រាប់ទិញសម្ភារៈផ្ទះបាយរបស់សាលា។
សព្វថ្ងៃនេះ មានចុងភៅសាលាជាង ៣.០០០នាក់ធ្វើការនៅក្នុងសាលាចំនួន១.១១៣ ក្រោមកម្មវិធីផ្ដល់ស្បៀងអាហារតាមសាលារៀន។ អាហារពេលព្រឹកដែលពួកគាត់ជាអ្នចម្អិន បានទទួលទានដោយកុមារនៅសាលាមត្តេយ្យនិងបឋមសិក្សាប្រហែល ៣០០.០០០នាក់នៅតាមទីជនបទនៅកម្ពុជា។
# # #
កម្មវិធីស្បៀងអាហារពិភពលោកនៃអង្គការសហប្រជាជាតិ គឺជាអង្គការមនុស្សធម៌ដ៏ធំជាងគេបំផុតនៅលើពិភពលោក ដែលជួយសង្គ្រោះជីវិតមនុស្សក្នុងគ្រាអាសន្ន និងប្រើជំនួយស្បៀងអាហារ ជាវិធីកសាងមាគ៌ាឆ្ពោះទៅកាន់សន្តិភាព ស្ថិរភាព និងវិបុលភាព សម្រាប់ប្រជាជនដែលបានឆ្លងកាត់ជម្លោះ គ្រោះមហន្តរាយ និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។